ពលរដ្ឋ​សហគមន៍​ផ្លូវ​ដែក​៨​សហគមន៍​បំបែក​គ្នា​ក្រោយ​ពី​ជួប​អាជ្ញាធរ​រាជធានី​ភ្នំពេញ

ដោយ ឡេង ម៉ាលី
2017.07.17
ពលរដ្ឋ​ផ្លូវ​ដែក ២០១៧ ៨៥៥ សកម្មភាព​ពលរដ្ឋ​រស់​នៅ​សង្ខាង​ផ្លូវ​ដែក ជួបជុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​សួរ​ដំណឹង​ពី​ការ​អភិវឌ្ឍ​ផ្លូវ​ដែក នៅ​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Uon Chhin

ប្រជាពលរដ្ឋ​សហគមន៍​ផ្លូវ​ដែក​ដែល​រស់នៅ​សងខាង​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ ៧០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា។ ការ​ប្រមូល​ផ្ដុំ​គ្នា​នេះ គឺ​ចង់​ដឹង​អំពី​គម្រោង​អភិវឌ្ឍន៍​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​នាំ​ឲ្យ​ប៉ះពាល់​ពួក​គាត់។

តំណាង​ពលរដ្ឋ ១១​នាក់​នៃ​ប្រជាពលរដ្ឋ​មក​ពី ៨​សហគមន៍ ដែល​រស់នៅ​សងខាង​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ជួប​ពិភាក្សា​ខ្លី​អំពី​សំណើ​សុំ​ដែល​ចង់​បាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ដែល​គាត់​កំពុង​រស់នៅ​សព្វថ្ងៃ។

អ្នក​សហគមន៍​ភូមិ​២៣ ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ លោកស្រី នី សន្ដោស ថ្លែង​ក្រោយ​ជំនួប​រយៈពេល​ខ្លី​នោះ​ថា អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បាន​ប្រាប់​ឲ្យ​ពួក​សហគមន៍​លោកស្រី​ស្ងៀមស្ងាត់​សិន ព្រោះ​មិន​ទាន់​ប៉ះពាល់​ទេ៖ «ការ​អភិវឌ្ឍ​ហ្នឹង គឺ​គាត់​និយាយ​ថា គាត់​នឹង​ធ្វើ​ឲ្យ​ដូច​ស្ទឹងមានជ័យ​ដែរ គឺ​យើង​ត្រូវ​ការ​ជជែក​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​ត្រូវ​គ្នា​ហើយ បាន​មាន​ការ​អភិវឌ្ឍ។ ក៏​ប៉ុន្តែ​ពួក​ខ្ញុំ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ ដោយសារ​នៅ​តំបន់​នាង​ខ្ញុំ​ហ្នឹង គឺ​មាន​ខាង​សុរិយោដី​អី​គាត់​ចុះ​ទៅ​វាស់វែង​ហើយ។ អ៊ីចឹង​អ្នក​ដែល​ក្រោម ១០​ម៉ែត្រ​ហ្នឹង គាត់​អាច​ធ្វើ​ប្លង់​កម្មសិទ្ធិ​អី​បាន​ហើយ។ តែ​សម្រាប់​ពួក​ខ្ញុំ​ប៉ះពាល់​រយៈ​ចម្ងាយ​ពី ១០​ម៉ែត្រ​ហ្នឹង អត់​អាច​ធ្វើ​បាន​ទេ។ អ៊ីចឹង​វា​នៅ​តែ​ជា​ការ​ព្រួយបារម្ភ​របស់​ពួក​ខ្ញុំ​អ៊ីចឹង»

ដោយឡែក​អ្នក​សហគមន៍​ភូមិ​១៦ ម្នាក់​ទៀត គឺ​លោកស្រី ទិត សៀប ហៅ​ស្រី​ស មាន​ប្រសាសន៍​ថា សហគមន៍​លោកស្រី​ខុស​ពី​សហគមន៍​ភូមិ​២៣ ដែល​ចង់​ឲ្យ​អភិវឌ្ឍ​ផ្លូវ​ទំហំ ១៤​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​រថភ្លើង​ចាស់។ ខាង​លោកស្រី​ចង់​ឲ្យ​អភិវឌ្ឍ​តែ ៨​ម៉ែត្រ​កន្លះ​ពី​អ័ក្ស​ផ្លូវ​រថភ្លើង​ទេ ព្រោះ​ដី​តូច ហើយ​ខ្លាច​បាត់បង់​ផ្ទះ៖ «អភិបាល​ក្រុង​រង គាត់​បាន​លើក​ពី​គម្រោង​ពី ១០​ម៉ែត្រ​កន្លះ ១៥​ម៉ែត្រ ទៅ ៣០​ម៉ែត្រ​ហ្នឹង​ដែរ។ អ៊ីចឹង​ខ្ញុំ​ក៏​បាន​លើក​ពី​បញ្ហា​ខ្ញុំ ខ្ញុំ​ថា​ខាង​សហគមន៍​ខ្ញុំ​ក៏​មាន​ប្លង់​ឲ្យ​ពូ​សិក្សា​ដែរ។ អ៊ីចឹង​លោក​ពូ​យក​ប្លង់​ខ្ញុំ​ទៅ​សិក្សា​ទៅ ប្លង់​ខ្ញុំ​ត្រឹម​តែ ៨​ម៉ែត្រ​កន្លះ​ទេ ដោយសារ​មាន​ផ្លូវ​រទេះ​ភ្លើង ៣​ម៉ែត្រ ហើយ​ផ្លូវ​ឡាន​ទៅ​មក ៦​ម៉ែត្រ និង​ផ្លូវ​ដើរ ១​ម៉ែត្រ (ចិញ្ចើម​ផ្លូវ ១​ម៉ែត្រ)។ អ៊ីចឹង​ខ្ញុំ​សិក្សា​ពី​ភូមិ ២ ទៅ​ដល់​អភិវឌ្ឍន៍​ថ្មី»

ពលរដ្ឋ​ទាំងនេះ​តែង​តែ​ព្យាយាម​ជួប​អភិបាល​រាជធានី​ភ្នំពេញ​តាំង​ពី​ជំនាន់​លោក ប៉ា សុជាតិវង្ស ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ផ្ទះ​ពី​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង។ ពួក​គាត់​បារម្ភ​ព្រោះ​តែ​ទទួល​ដំណឹង​ថា គម្រោង​អភិវឌ្ឍន៍​នេះ​មាន​ទំហំ​ពី ១០​ម៉ែត្រ​ទៅ ៣០​ម៉ែត្រ។

ញត្តិ​របស់​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដែល​ដាក់​ជូន​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ឧសភា មាន​បំណង​ស្នើសុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ ៣​ចំណុច គឺ​ទី​១ ធ្វើ​ផ្លូវ​ត្រឹម ១៤​ម៉ែត្រ ដោយ​មាន​ទ្រូង​ផ្លូវ ៦​ម៉ែត្រ និង​មាន​ចិញ្ចើម​ផ្លូវ ១​ម៉ែត្រ​សងខាង​ផ្លូវ​រថភ្លើង។ ទី​២ ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី និង​ទី​៣ ស្នើសុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ អភិវឌ្ឍ​នៅ​នឹង​កន្លែង​ដោយ​គ្មាន​ការ​បណ្ដេញ។

អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា មិន​អាច​មាន​ប្រសាសន៍​អំពី​បញ្ហា​នេះ​បាន​ទេ ព្រោះ​លោក​ជាប់​រវល់​រៀបចំ​ពិធី​អបអរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​បេតិកភណ្ឌ​ពិភពលោក​នៅ​ឯ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​ទី​១៧ កក្កដា។

ពលរដ្ឋ​សហគមន៍​ផ្លូវ​ដែក​ថ្លែង​ថា សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​ការ​ស្នើសុំ​របស់​ពលរដ្ឋ​ហើយ ប៉ុន្តែ​មិន​អាច​សន្យា​អ្វី​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។