ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ស្នើសុំ​ទៅ​របប​ក្រុង​ភ្នំពេញ​ដោះ​ស្រាយ​ដីធ្លី​ដល់​ពួក​គេ​ឲ្យ​បាន​ល្អ​ដូច​ការ​ផ្លាស់​ទី​ពលរដ្ឋ​វៀតណាម

ដោយ សន ចាន់រដ្ឋា
2018.12.11
វៀតណាម កំពង់ឆ្នាំង ៦២០ ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម ចាម និង​ខ្មែរ នៅ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៥។
RFA

ពលរដ្ឋមានបញ្ហាដីធ្លី និង​សង្គ​ស៊ីវិល រិះគន់​ថា អាជ្ញា​ធរ​នៃ​របប​ក្រុង​ភ្នំពេញ​ជុំវិញ​ការ​ស្វែង​រក​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ថា ការ​ជួយ​ពលរដ្ឋ​ខ្លួន​ឯង មិន​បាន​ល្អ​ត្រឹម​ត្រូវ​តាម​ច្បាប់ ដូច​ដែល​របប​នេះ កំពុង​ដោះ​ស្រាយ​រឿង​ផ្លាស់​ទី អាណិក​ជន​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​សាប​នោះ​ទេ។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​ព្រមាន​ថា ការ​ប្រៀបធៀប​របប​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរ និង​ការ​ផ្លាស់​ទីលំនៅ​ពី​ផ្ទះ​បណ្ដែត​ទឹក​របស់​អនិកជន​វៀតណាម​ពី​ទឹក​មក​ដី​គោក គឺ​ជា​គំនិត​ទុច្ចរិត។

ទោះ​ជា​អាណិកជន​វៀតណាម ដែល​កំពុង​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប ក្នុង​ខេត្ត​កំពង់​ឆ្នាំង មិន​បាន​ចាក​ចេញ​ពី​ទន្លេ​មក​រស់​នៅ​លើ​ដី​តាម​រៀបចំ​របស់​អាជ្ញា​កម្ពុជា ប៉ុន្តែ​ពួក​គេ​មិន​បាន​ប្រឈម​ការ​បណ្តេញ​ចេញ​ដោយ​ហិង្សា ដូច​អាជ្ញាធរ​កម្ពុជា​បាន​អនុវត្ត​មក​លើ​ពល​រដ្ឋ​របស់​ខ្លួន​នា​ពេល​កន្លង​មក​នោះ​ទេ។ ការ​ដោះ​ស្រាយ​ដោយ​មធ្យោបាយ ទន់ភ្លន់ និង​ការ​គោរព​ច្បាប់ គោរព​សិទ្ធិ​មនុស្ស​របស់​សមត្ថកិច្ច​កម្ពុជា​បែប​នេះ​ហើយ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​បញ្ហា​ដីធ្លី​ចង់​ឃើញ​អាជ្ញាធរ​របស់​ខ្លួន​ផ្តល់​ដំណោះ​ស្រាយ​ដូច​គ្នា ទៅ​នឹង​ការ​ដោះ​ស្រាយ​ឲ្យ​អាណិកជន​វៀតណាម​ទាំង​នោះ​ដែរ។

ពលរដ្ឋមានបញ្ហាដីធ្លីតំបន់​បុរីកីឡា លោក​ស្រី ស ស៊ន និយាយ​ថា វិបត្តិ​ដីធ្លី​ដែល​លោក​ស្រី​កំពុង​ជួប​ប្រទះ​ជា​ច្រើន​ឆ្នាំ​មក​នេះ​អាជ្ញាធរ​កម្ពុជា​មិន​បាន​យក​ចិត្ត​ផ្តល់​ដំណោះ​ស្រាយ​សមរម្យ​នោះ​ទេ។

លោកស្រី​បន្ត​ថា ចំពោះ​លោក​ស្រី​ជា​ពលរដ្ឋ​ខ្មែរ ហាក់​គ្មាន​សំណាង​ដូច​ជនជាតិ​វៀតណាម ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ផ្តល់​ជម្រក​សមរម្យ​ពី​លើ​ទឹក​មក​ដី​គោក​នោះ​ទេ៖ «ពួក​មីង​ដឹង​ទាំង​អស់​គ្នា​ដឹង​ថា ការ​ដោះ​ស្រាយ​ឲ្យ​វៀតណាម​ហ្នឹង មាន​សំណង​សមរម្យ ហើយ​គេ​មិន​ទទូល​ទៀត។ ប៉ុន្តែ​សម្រាប់​ពួក​មីង​អត់​ដោះ​ស្រាយ​អ៊ីចឹង​ទេ គេ​និយាយ​យ៉ាង​ខ្លី​ថា បើ​យើង​យក​មិន​យក​គេ​ចាត់​វិធានការ»

ពលរដ្ឋតំបន់បឹងកក់ កញ្ញា សុង ស្រីលាភ ដែល​ធ្លាប់​រង​គ្រោះ​ព្រោះ​វិបត្តិ​ដីធ្លី​ដែរ​នោះ ប្រាប់​អាស៊ី​សេរី​ថា កញ្ញា​មិន​ដែល​ឃើញ​អាជ្ញាធរ​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ផ្តល់​សំណោះ​ស្រាយ​ដីធ្លី​លើ​ពលរដ្ឋ​របស់​ខ្លួន ដូច​ដែល​របប​នេះ​បាន​ដោះ​ស្រាយ​ដល់​ជនជាតិ​វៀតណាម​នោះ​ទេ។ កញ្ញា​រំលឹក​ថា របៀប​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​អាជ្ញាធរ​មក​លើ​កញ្ញា​កន្លង​មក គឺ​ជា​ការ​គៀប​សង្កត់ គំរាម​កំហែង និង​ចាប់​ដាក់​គុក​ជាដើម៖ «យើង​ឃើញ​ហើយ​ថា គម្លាត​នៃ​ការ​ដោះ​ស្រាយ​លើ​ជនជាតិ​ដទៃ និង​យើង​ហ្នឹង ខុស​គ្នា​របៀប​ណា ប្រៀប​ដូច​គេ​មាន​ភួយ​រោម​សត្វ​ដ៏​កក់ក្តៅ​ពី​ឪពុក​យើង​យក​ដណ្តប់​ឲ្យ។ ប៉ុន្តែ សម្រាប់​ពួក​គេ គឺ​មាន​ផ្ទះ​ភួយ​មាន​គ្រែ​ដេក​ហើយ ប៉ុន្តែ​អាណាព្យាបាល​របស់​យើង​មក​ដក​ពី​យើង»

ការលើកឡើងរបស់​ពលរដ្ឋ​បែប​នេះ ខណៈ​របប​ក្រុង​ភ្នំពេញ​កំពុង​ពន្លឿន ផែនការ​ផ្លាស់​ទី​ពី​ផ្ទះ​បណ្ដែត​ទឹក​របស់​អាណិកជន​វៀតណាម​ ដែល​កំពុង​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ឲ្យ​ពួក​គេ​មក​តាំង​លំនៅ​លើ​ដី​គោក​វិញ។ របប​នេះ​ថែម​ទាំង​អះអាង​ថា នឹង​រៀបចំ​ឲ្យ​មាន​ហេដ្ឋរចនាសម័្ពន រួមមាន៖ ផ្លូវ ទឹក ភ្លើង សាលារៀន ឬ​មន្ទីរ​ពេទ្យ​ជា​ដើម ដល់​ជនជាតិ​វៀតណាម​ទាំង​នោះ។

អ្នកនាំពាក្យរបបក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ថា អាជ្ញា​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​ដីធ្លី គឺ​តាម​ច្បាប់ និង​គ្មាន​ការ​រើសអើង​នោះ​ទេ។ លោក​ថែម​ទាំង​ចោទ​ប្រកាន់​ថា ការ​ប្រៀបធៀប​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​នឹង​ការ​ផ្លាស់​ទី​ជនជាតិ​វៀតណាម​ពី​ទឹក​មក​ដី​គោគ​នោះ គឺ​ជា​គំនិត​ទុច្ចរិត​ថែម​ទៀត​ផង៖ «ពលរដ្ឋ​ដែល​បញ្ហា​ដីធ្លី​ទៅ​តុលាការ​ទៅ ទៅ​អង្គភាព​ដោះ​ស្រាយ​ដីធ្លី​ទៅ កុំ​យក​រឿង​ពីរ​ហ្នឹង​បូក​បញ្ចូល​គ្នា»

ប៉ុន្តែ អ្នកនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា​ផ្តល់​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី​ដល់​ពលរដ្ឋ​ខ្លួន​ជា​ចំណុច​អាទិភាព​ជាង​ជន​បរទស។ មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​អាជ្ញាធរ​កម្ពុជា​កន្លង​មក​មិន​មក​លើ​ពលរដ្ឋ​របស់​ខ្លួន​បាន​គោរព​តាម​ច្បាប់ ដែល​មាន​ស្រាប់​នោះ​ទេ ដែល​ទង្វើ​នេះ​ខុស​ពី​អ្វី ដែល​អាជ្ញាធរ​បាន​ធ្វើ​ចំពោះ​ពលរដ្ឋ​វៀតណាម​រស់​នៅ​កម្ពុជា៖ «ឃើញ​ថា ហាក់​ដូច​ជា​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​ខ្វះ​ការ​យក​ចិត្ត​ទុក​ទៅ​លើ​សិទ្ធិពលរដ្ឋ​របស់​ខ្លួន​ជាង​សិទ្ធិ​ជន​បរទេស ដែល​មក​រស់នៅ​លើ​ទឹក​ដី​របស់​យើង»

របាយការណ៍​អាជ្ញាធរ​ខែត្រ​កំពង់ឆ្នាំង​បង្ហាញ​ថា មាន​ជន​អន្តោប្រវេសន៍​វៀតណាម រស់នៅ​លើ​ទឹក​ចំនួន ២.៣៩៧គ្រួសារ ក្នុង​នោះ​មាន​ផ្ទះ​បណ្ដែត​ទឹក​ជាង ១​ពាន់​ខ្នង។

សមាគម​វៀតណាមធ្លាប់​បាន​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ពន្យារ​ពេល​ផ្លាស់​ទី​ពលរដ្ឋ​វៀតណាម​ពី​ផ្ទៃ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ឲ្យ​មក​រស់នៅ​លើគោក​វិញ ដោយ​លើក​ហេតុផល​ថា ទីតាំង​ថ្មី​នោះ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ទឹក​ភ្លើង និង​មន្ទីរ​ពេទ្យ​ជាដើម។

ប៉ុន្តែ ក្រសួង​មហាផ្ទៃ​បដិសេធ​សំណើ​នេះ។ ស្រប​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​កំពុង​បញ្ជូន​ជនជាតិ​វៀតណាម​ឡើង​គោក នាយករដ្ឋមន្ត្រី​វៀតណាម​បាន​បង្គាប់​ប្រមុខ​ការទូត​កម្ពុជា​ដោះ​ស្រាយ​ឲ្យ​​ដិត​ដល់​រឿង​វៀតណាម​រស់​លើ​បឹង​ទន្លេ​សាប​នេះ។ ចំណែក​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស លោក ប្រាក់ សុខុន បាន​ធានា​អះអាង​ប្រាប់​ទៅ​នាយករដ្ឋមន្ត្រី​វៀតណាម​វិញ​ថា អាជ្ញាធរ​ខេត្ត​របស់​កម្ពុជា មាន​គម្រោង​សាងសង់​លំនៅឋាន​ថ្មី សម្រាប់​ផ្ដល់​ដល់​អាណិក​ជន​​វៀតណាម ដែល​នឹង​ត្រូវ​រើ​ទីលំនៅ​ទៅ​នៅ​ទី​គោក​វិញ​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។