សង្គម​ស៊ីវិល​បារម្ភ​ថា ការ​ចាប់ខ្លួន​អតីតមន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ព្រះសីហនុ​ជា​រឿង​នយោបាយ

ដោយ សេក បណ្ឌិត
2019-02-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឆាយ រ័ត្ន អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​នេះ​ឃាត់​ខ្លួន​នៅ​តំបន់​ក្បាល​ឆាយ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០១៩។
លោក ឆាយ រ័ត្ន អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​នេះ​ឃាត់​ខ្លួន​នៅ​តំបន់​ក្បាល​ឆាយ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ សហភាព​ការងារ​កម្ពុជា

មន្ត្រី​សង្គម​ស៊ីវិល និង​ភរិយា​អតីតមន្ត្រី​បក្ស​ប្រឆាំង ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ករណី​ជម្លោះដីធ្លី​ព្រួយបារម្ភ អំពី​អតីត​មន្ត្រី​ដែល​រង​ការចោទប្រកាន់ នឹង​ពិបាក​ទទួល​បាន​យុត្តិធម៌ បើ​សិន​មានការ​លាប​ពណ៌​ថា ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ ការ​លើកឡើង​បែបនេះ ខណៈ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ខេត្ត​ព្រះសីហនុ រង​ការ​ចោទ​ប្រកាន់​ជា​បន្តបន្ទាប់​ករណី​ជម្លោះដីធ្លី​នៅ​តំបន់​ក្បាល​ឆាយ​ក្នុង​ខេត្ត​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​សង្កេត​ឃើញ​ថា អ្នក​មាន​ជម្លោះដីធ្លី នៅ​តំបន់​ក្បាលឆាយ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ខេត្ត​ព្រះសីហនុ ចោទប្រកាន់ និង​ចាប់ខ្លួន ច្រើនតែ​អតីតមន្ត្រី​បក្ស​ប្រឆាំង។ ប៉ុន្តែ​អ្នក​ផ្សេងទៀត​ដែល​គេ​មើល​ឃើញ​ថា មាន​និន្នាការ ឬ​គាំទ្រ​គណបក្ស​កាន់អំណាច មិន​រង​ការ​ចោទ​នោះ​ទេ ហើយ​ថែមទាំង​ទទួល​បាន​ដី​នៅ​តំបន់​នោះ​ថែមទៀត​ផង។

អ្នក​សម្របសម្រួល​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក (Adhoc) នៅ​ក្រុងព្រះសីហនុ លោកស្រី ជៀប សុធារី ដែល​តាមដាន​ដំណើរ​រឿង​នេះ​ឱ្យ​អាស៊ីសេរី​ដឹង​ថា បើ​ទោះ​អតីតមន្ត្រី​បក្ស​ប្រឆាំង​មាន​ដី​ក្នុង​តំបន់​ជម្លោះ​នេះ​មែន ប៉ុន្តែ​ពួកគេ​មិនមែន​ជា​អ្នកដឹកនាំ​ដែល​បង្ក​​ជម្លោះ​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប នេះ​ឱ្យ​ដឹង​ទៀត​ថា មកដល់ពេលនេះ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ចោទប្រកាន់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ពីរ​រូប​មក​ហើយ​ដាក់​ពន្ធនាគារ​ដោយ​គ្មាន​អង្គហេតុ​គ្រប់គ្រាន់៖ «ព្រួយ​បារម្ភ​ដែរ​ខ្ញុំ​ឆ្ងល់​ថា​គាត់​មិនមែន​មេខ្លោង​កាប់​រាន​ទេ​នៅ​ហ្នឹង​មាន​គេ​ដឹង​ថា មាន​មេខ្យល់​ម្នាក់​គាត់​ជា​អ្នក​កាប់​រាន»

លោកស្រី ជៀប សុធារី ប្រាប់​ថា លោក ឆាយ រដ្ឋ ដែល​ទើប​ត្រូវ​តុលាការ​ចោទប្រកាន់​កាល​ពី​ពេល​ថ្មីៗ​នេះ ជា​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ទី​២ ដែល​រង​ការ​ចោទ​ក្នុង​ជម្លោះដីធ្លី​នេះ។ លោកស្រី ជៀប សុធារី រម្លឹក​ថា កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ តុលាការ​ខេត្ត​ព្រះសីហនុ​បាន​ចោទប្រកាន់​ចៅសង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ចេត្តនី លើ​ករណី​រាន​ដី​នៅ​ក្បាលឆាយ។ លោកស្រី​បន្ត​ថា លោក អ៊ុក ចេត្តនី ជា​ចៅសង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​លេខ​១ ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៖ «អ៊ីចឹង​ត្រឡប់​មកវិញ​បើ​ចែក​ដី​ឱ្យ​ពលរដ្ឋ​គឺ​ឱ្យ​ទាំងអស់​គ្នា​ទៅ​កុំ​ឱ្យ​មាន​ទំនាស់​ទៀត»

ចំណែក លោក ឆាយ រដ្ឋ អតីត​ចៅ​សង្កាត់រង​ទី​២ គណបក្ស សម រង្ស៊ី កាលពី​ឆ្នាំ​២០១២ និង បាន​ជាប់ពន្ធនាគារ​ម្ដង​រួច​មក​ហើយ​ក្នុង​ករណី​ជម្លោះដីធ្លី​នៅ​តំបន់​ក្បាលឆាយ។ ការ​ចោទ​ប្រកាន់​នោះ​ធ្វើ​ឱ្យ​លោក​បាត់​បង​ឱកាស ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០១៧។

ភរិយា​របស់​លោក ឆាយ រដ្ឋ លោកស្រី សំ សារ៉ាត់ ឱ្យ​ដឹង​ថា តុលាការ​ខេត្ត​ព្រះសីហនុ​ធ្លាប់​បាន ចោទប្រកាន់​ស្វាមី​លោកស្រី​ម្តង​រួច​មក​ហើយ​កាលពី​ឆ្នាំ​២០១៧ ពី​បទ​ញុះញង់ កាលណោះ តុលាការ​សម្រេច​ឱ្យ​ស្វាមី​លោកស្រី​ជាប់ពន្ធនាគារ​រយៈ​៨​ខែ ហើយ​ស្វាមី​លោកស្រី​ទើប​អនុវត្ត ទោស​រួចរាល់​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ចំណែក​ការ​ចាប់ខ្លួន​និង​ចោទប្រកាន់​ស្វាមី​លោកស្រី ជា​លើក​ទី​២​នេះ ធ្វើ​ឱ្យ​លោកស្រី​ព្រួយបារម្ភ​ថា​ការចោទប្រកាន់​នេះ​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​និន្នាការ​នយោបាយ៖ «ហេតុផល​ដែល​បង​គិត​គឺ​គាត់ (អភិបាលរង​ខេត្ត) អាច​នឹង​គិត​ថា យើង​ជា​បក្ស​ប្រឆាំង​ព្រោះថា​យើង​អត់​មាន​កំហុស​អី​ទេ»

លោកស្រី សំ សារ៉ាត់ បន្ត​ថា កាល​ពី​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​ស្វាមី​លោកស្រី អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន បាន​ស្រែក​ថា​ស្វាមី​លោកស្រី​ជា​មន្ត្រី​បក្ស​ប្រឆាំង បើ​ទោះ​ស្វាមី​លោក​គ្មាន​មុខ​នាទី​អ្វី​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី​។ លោកស្រី​ស្នើ​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ​អនុវត្ត​ច្បាប់​ដោយ​ឯករាជ្យ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ស្វាមី​លោកស្រី​៖ «បញ្ហា​ហ្នឹង​បង​គិត​ជាប្រចាំ​ហើយ​អូន ខ្ញុំ​នៅចាំ​ពាក្យសំដី​ដែល​គាត់​និយាយ​គាត់​ប្រើ​ភាសា​រថា អញ​រក​មុខ​អ្ហែង​យូរហើយ​បក្ស​ប្រឆាំង»

រហូត​មក​ដល់​ពេលនេះ​ទាំង​មេធាវី​អតីតមន្ត្រី​បក្ស​ប្រឆាំង និង​មេធាវី​សកម្មជន​សិទ្ធិ​ការងារ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ ដើម្បី​ឱ្យ​កូន​ក្តី​របស់​ពួកគេ​បាន​នៅ​ក្រៅ​ឃុំ បណ្ដោះអាសន្ន​ប៉ុន្តែ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយតប​ពី​តុលាការ​នៅឡើយ​ទេ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ឱ្យ​អាស៊ីសេរី​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​របាយការណ៍​ស្ដីពី​ការរំលោភ​សិទ្ធិ​មនុស្ស ដែល​កើតឡើង​ពី​ជម្លោះដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ទៅ​សហភាព​អឺរ៉ុប​និង​អង្គការ​សហ ប្រជាជាតិ​ទទួល​ផ្នែក​សិទ្ធិមនុស្ស ដោយ​ស្នើ​ទៅ​ស្ថាប័ន​អន្តរជាតិ​កំពូលៗ​ទាំងពីរ​នេះ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​របប​ក្រុងភ្នំពេញ​ដែល​កំពុង​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «ការ​បាញ់​ដ៏​សាហាវ​ណាស់​ទៅលើ​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បង្ហាញ​ថា របប​លោក ហ៊ុន សែន គ្មាន​ខ្វល់​ទេ​អំពី​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ»

ការ​ចាប់ខ្លួន និង​ចោទប្រកាន់​អតីតមន្ត្រី​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិ​ការងារ​នៅ​ខេត្ត​ព្រះសីហនុ​នៅ​នេះ កើតឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន ព្រមាន​ថា លោក​នឹង​កម្ទេច​បក្ស​ប្រឆាំង​បន្ថែម​ទៀត បើ​សហគមន៍​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​របប​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល