ប្រជាសហគមន៍ខែត្រស្ទឹងត្រែងចោទមេឃុំឃុបឃិតជាមួយឈ្មួញរុករានដីព្រៃ
2015.08.22
សហគមន៍ជនជាតិដើមភាគតិចកួយ ខែត្រស្ទឹងត្រែង បារម្ភពីការកាប់រានដីព្រៃឈើដើម្បីយកដីធ្វើជាដីកម្មសិទ្ធិឯកជន ដោយពុំមានការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ច។ សកម្មភាពកាប់រានដីព្រៃកើតឡើងនៅឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ហើយអ្នកចូលទៅកាប់រាននោះភាគច្រើនជាពលរដ្ឋចំណាកស្រុកអស់រាប់រយហិកតារ។ ក្រុមប្រជាសហគមន៍ចាត់ទុកសកម្មភាពកាប់រានដីព្រៃទាំងនោះអាចជាប់ពាក់ព័ន្ធនឹងមេឃុំអន្លង់ភេផង។
សហគមន៍ជនជាតិដើមភាគតិចកួយ ឃុំអន្លង់ភេ អះអាងថា ដីចម្ការវិលជុំ ដីព្រៃអាស្រ័យផលសម្រាប់សហគមន៍ ដីព្រៃស្រោង និងដីព្រៃអភិរក្សជនជាតិដើមភាគតិច ឋិតនៅភូមិសាស្ត្រព្រៃឡង់ ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង នឹងក្លាយទីជាវាលជាបណ្តើរៗ និងគ្រប់គ្រងដោយបុគ្គលឯកជននៅពេលបច្ចុប្បន្ន។
សកម្មភាពកាប់ទន្ទ្រានដីព្រៃជាប្រព័ន្ធ ធ្វើឡើងដោយពលរដ្ឋចំណាកស្រុក ភាគច្រើនមកពីខែត្រកំពង់ចាម។ អ្នកភូមិកត់សម្គាល់ថា សកម្មភាពកាប់ទន្ទ្រានដីព្រៃទាំងនោះ គឺជាមុខរបរអាជីពរបស់ពលរដ្ឋចំណាកស្រុកជាអ្នកមានប្រាក់ជួលកម្មករកាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ ឬត្រង់ស៊ឺន័រ និងសម្ភារៈមួយចំនួនទៀតតាំងពីឆ្នាំ២០១៤ អស់ប្រហែលជាង ២០០ហិកតារ ពុំឃើញមានមន្ត្រីជំនាញចុះទប់ស្កាត់នៅឡើយទេ។
តំណាងសហគមន៍ជនជាតិដើមភាគតិចថ្លែងសុំមិនបញ្ចេញឈ្មោះរៀបរាប់នៅថ្ងៃទី២១ ខែសីហា ថា ដីព្រៃស្រោងកំពុងប្រឈមហានិភ័យធ្ងន់ធ្ងរ ព្រោះតែសកម្មភាពកាប់ដើម្បីយកដីដោយអ្នកចំណូលថ្មី។ លោកអះអាងថា មន្ត្រីអាជ្ញាធរមូលដ្ឋានគឺជាអ្នកសម្របសម្រួលឲ្យសកម្មភាពកាប់ទន្ទ្រានដីព្រៃអាចដំណើរការ។ បន្ថែមពីលើនេះ អ្នកចំណូលថ្មីបានសម្រុកកាប់ទន្ទ្រានយ៉ាងអនាធិបតេយ្យចាប់ពី ១០ហិកតារឡើងដល់ជិត ១០០ហិកតារក្នុង ១គ្រួសារ ហើយក៏លក់បន្តឲ្យអ្នកចំណូលថ្មីដូចគ្នា បន្ទាប់មកក៏ដាំដំណាំដូចជា ដំឡូងមី ស្វាយចន្ទី និងដើមស្វាយជាដើម។
លោកបារម្ភថា បើអាជ្ញាធរនិងមន្ត្រីជំនាញនៅតែបណ្ដែតបណ្ដោយ និងឃុបឃិត សម្របសម្រួលឲ្យសកម្មភាពនេះដំណើរការបន្តទៀតនោះ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់មុខរបរជនជាតិដើមភាគតិចកួយ ដែលអាស្រ័យផលនឹងធនធានធម្មជាតិ៖ «ជាការពិត បើសិនជាមិនបានទទួលលាភសក្ការៈទេ អ្នកចំណូលថ្មីក៏គេគ្មានឱកាសដែរ មានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំភូមិឃុំបានគេហ៊ាន»។
សហគមន៍ជនជាតិដើមភាគតិចកួយ កត់សម្គាល់ថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើហាក់មិនយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសព្រៃឈើជាប្រព័ន្ធនៅមូលដ្ឋានដើម្បីចាប់ជនប្រព្រឹត្តអនុវត្តតាមច្បាប់ឡើយ។
ទាក់ទិនការចោទប្រកាន់នេះ មេឃុំអន្លង់ភេ លោក អឿន ខែង បដិសេធការចោទប្រកាន់របស់ពលរដ្ឋ ដោយលើកហេតុផលថា ត្រឹមអាជ្ញាធរឃុំ មិនអាចទប់ស្កាត់សកម្មភាពពលរដ្ឋចំណាកស្រុកដែលសម្រុកមករស់នៅ និងកាប់រានដីព្រៃដោយលូចលាក់ជាច្រើនគ្រួសារបាននោះទេ។ តែយ៉ាងនេះក្តី លោកទទួលស្គាល់ថា ពិតជាមានការកាប់រានដីព្រៃដោយពលរដ្ឋចំណាកស្រុកពិតមែន តែលោកក៏ធ្លាប់បានរាយការណ៍ទៅមន្ត្រីជំនាញ និងនគរបាលឲ្យចុះបង្ក្រាបជានិច្ចកាល ក៏ប៉ុន្តែលោកពុំបានបញ្ជាក់លម្អិតពីលទ្ធផលដែលបង្ក្រាបបាននោះទេ។
តែយ៉ាងណាក៏ដោយ លោកថា អាជ្ញាធរឃុំកំពុងប្រជុំរកដំណោះស្រាយ ដើម្បីទប់ស្កាតសកម្មភាពកាប់ទន្ទ្រានដីព្រៃរបស់អ្នកចំណូលថ្មី៖ «បើអ្នកចំណូលថ្មីច្រើនតែមកបំពាន អត់មានគោរពអាជ្ញាធរភូមិ ឃុំទេ គាត់ចង់បានអីគាត់ធ្វើបានទទឹងទិស។ ខ្ញុំអត់ថាអីដែរ អ្វីដែលស្របច្បាប់ ប៉ុន្តែគាត់អត់ផ្លាស់ទីលំនៅ ហើយគាត់មកលួចឆក់ៗ គាត់លួចលក់ដីគាត់ទៅបាត់ ហើយធ្វើឲ្យអាជ្ញាធរពិបាកដោះស្រាយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយករណីនេះពីនាយផ្នែកស្ដីទីរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បានទេនៅថ្ងៃទី២១ ខែសីហា ដោយទូរស័ព្ទហៅចូលពុំមានអ្នកទទួល។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន ឬក៏មន្ត្រីជំនាញ ត្រូវដកហូតដីដែលឈ្មួញកាប់បានទាំងនោះមកជាសម្បត្តិរដ្ឋវិញ បើរកឃើញថា នៅតំបន់នោះត្រូវបានកាប់រានដីព្រៃដើម្បីយកដីធ្វើជាដីកម្មសិទ្ធិឯកជន។
លោក ហូ សំអុល ពុំមានជំនឿថា អាជ្ញាធរឃុំ ឬក៏មន្ត្រីជំនាញមិនអាចទប់ស្កាត់បទល្មើសកាប់រានដីព្រៃឈើក្នុងដែនគ្រប់គ្រងរបស់ខ្លួននោះទេ ហេតុនេះទំនងជាការឃុបឃិតវាងឈ្មួញ និងអាជ្ញាធរដើម្បីទទួលបានផលប្រយោជន៍ខាងក្រៅ។
លោកអំពាវនាវឲ្យក្រសួងកសិកម្មចុះស៊ើបអង្កេតពីហេតុផលនាំឲ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនៅស្រុកថាឡាបរិវ៉ាត់៖ «កុំចាំតែយកលុយនៅលើថ្នល់ គឺត្រូវចុះទៅដល់មូលដ្ឋានមើល វាកាប់បំផ្លាញប៉ុណ្ណា? ត្រូវដកហូតជាសម្បត្តិរដ្ឋវិញ ត្រូវបិទប្រកាសយ៉ាងម៉េច? មិនដឹងថា របស់នរណា? នរណាដឹងថារបស់រដ្ឋ ដូច្នេះវ៉ៃស្លាកជារបស់រដ្ឋវិញទៅ»។
សមាគមអាដហុក ឲ្យដឹងថា សកម្មភាពកាប់ព្រៃទន្ទ្រានយកដីកម្មសិទ្ធិឯកជន និងលក់បន្តមិនមែនត្រឹមតែកើតឡើងនៅឃុំអន្លង់ភេ ប៉ុណ្ណោះទេ គឺគ្រប់ឃុំទាំងអស់ក្នុងស្រុកថាឡាបរិវ៉ាត់។ ចំណែកឃុំដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារតែកាប់រានដីព្រៃនោះ គឺឃុំកាំងចាម ឃុំអន្លង់ជ្រៃ និងឃុំឆ្វាំង ស្រុកថាឡាបរិវ៉ាត់៕