ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ខេត្ត​ត្បូងឃ្មុំ​បារម្ភ​អំពី​ការ​បំផ្លាញ​ដំណាំ​របស់​ពួកគាត់ជា​ថ្មី​ទៀត

ដោយ​ សូត សុខប្រាថ្នា
2017-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ត្បូងឃ្មុំ
ផែនទី​ខេត្ត​ត្បូងឃ្មុំ
Photo: RFA

ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ព្រៃ​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នៅ​តែ​បារម្ភ​ចំពោះ​សកម្មភាព​បំផ្លិចបំផ្លាញ​ដំណាំ​ពី​សំណាក់​ភាគី​ក្រុម​អ្នក​ការពារ​ដី​ឱ្យ​អ្នក​មាន​ប្រាក់ និង​មាន​អំណាច។ ក្តី​បារម្ភ​នេះ ក្រោយ​ពេល​វិបត្តិ​ដី​ព្រៃ​សហគមន៍​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន ហើយ​ក្រុម​ជនល្មើស​តែង​បង្ក​ការ​រំខាន និង​គំរាមកំហែង​ដល់​ពលរដ្ឋ​ជា​បន្តបន្ទាប់។

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​ដី​ព្រៃ​សហគមន៍​ក្នុង​ឃុំ​ត្រពាំងព្រីង ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​វិបត្តិ​ដីធ្លី និង​ជួយ​ស្វែង​រក​ជនល្មើស​ដែល​បំផ្លាញ​ផល​ដំណាំ​របស់​ពួកគាត់​កន្លង​មក។

ការ​ស្នើ​នេះ ក្រោយ​ពេល​ក្រុម​អ្នក​ការពារ​ដី​ឱ្យ​អ្នក​មាន​ប្រាក់​ចេះ​តែ​មក​គំរាមកំហែង​ពួកគាត់ និង​បំផ្លាញ​ផល​ដំណាំ​ពលរដ្ឋ​ជា​បន្តបន្ទាប់។

ពលរដ្ឋ​នៅ​ឃុំ​សេដា មាន​ដី​ជម្លោះ​នៅ​ឃុំ​ត្រពាំងព្រីង អ្នកស្រី ភោគ វុធ ឱ្យ​ដឹង​ថា មេការ ឬ​អ្នក​ថែរក្សា​ដី​ឱ្យ​ឈ្មោះ លី ហួត ម្នាក់ គឺ​លោក សាំង ផុន ចេះតែ​គំរាម​កំហែង​គ្រួសារ​អ្នកស្រី និង​គំរាម​មិន​ឱ្យ​ដាំ​ដំណាំ​លើ​ដី​ទំហំ​ជាង ២​ហិកតារ ដោយ​អះអាង​ថា ជា​ដី​របស់​ខ្លួន។ អ្នកស្រី​បន្ត​ថា លោក សាំ ផុន និង​កូន​របស់​ពួកគេ​បាន​បំផ្លាញ​ដំណាំ​ចេក​របស់​អ្នកស្រី​ជិត ១០០​ដើម និង​បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្អូន​អ្នកស្រី​កាល​ពី​ខែ​កុម្ភៈ ថែម​ទៀត។ លោកស្រី​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២៩ និង​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា លោក សាំង ផុន និង​កូនៗ ក៏​បាន​ទៅ​គំរាម​អ្នកស្រី​មិន​ឱ្យ​ដាំ​ដំឡូង​នៅ​លើ​ដី​របស់​ខ្លួន​ឡើយ ហើយ​កន្លង​មក​ពួកគាត់​បាន​ប្ដឹង​ទៅ​អាជ្ញាធរ ប៉ុន្តែ​គ្មាន​ប្រយោជន៍​ទេ៖ «ឱ្យ​លោកគ្រូ​ជួយ ព្រោះ​អាជ្ញាធរ​ដូច​ព្រងើយកន្តើយ​ណាស់»

​ប្រភព​ដដែល​អះអាង​ថា ដី​ដែល​គ្រួសារ​អ្នកស្រី​កំពុង​បង្កបង្កើនផល​បច្ចុប្បន្ន គឺ​ពួកគាត់​បាន​កាន់កាប់ ៣ ឬ ៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​វា​ជា​ដី​ព្រៃ​សហគមន៍​ពី​ដើម​មក។ អ្នកស្រី​ថា ពេល​ណា​សហគមន៍​ត្រូវ​ការ​យក​វិញ​ពួកគាត់​នឹង​ប្រគល់​ឱ្យ ប៉ុន្តែ​ប្រសិនបើ​ប្រគល់​ឱ្យ​ឈ្មួញ ឬ​អ្នក​មាន​ប្រាក់ គឺ​អ្នក​ភូមិ​មិន​ព្រម​ឡើយ។

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង ម្នាក់ លោក យាង វ៉ាន់ថា មាន​ប្រសាសន៍​ថា ពួកគាត់​មួយ​ចំនួន​ដែល​មាន​ជម្លោះ​ដី​ជាមួយ​អធិការ​រង​ស្រុក​តំបែរ គឺ​លោក ប៉េង ផេងគី កាន់តែ​ព្រួយបារម្ភ​ថា នឹង​អាច​មាន​ករណី​បំផ្លាញ​ដំណាំ​ពួកគាត់​បន្ត​ទៀត។ ក្ដី​បារម្ភ​នេះ ព្រោះ​សំណុំរឿង​បំផ្លាញ​ដំណាំ​របស់​ពួកគាត់ រួម​មាន​ការ​បំផ្លាញ​ដំឡូងមី​ជាង ៥​ហិកតារ និង​បំផ្លាញ​ស្វាយចន្ទី ជាង ៥០០​ដើម កាល​ពី​ឆ្នាំ​២០១៦ អាជ្ញាធរ និង​តុលាការ​នៅ​មិន​ទាន់​រក​ឃើញ​ក្រុម​ជនល្មើស​ទេ បើ​ទោះ​បី​ជា​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​រួច​ទៅ​ហើយ​ក្ដី៖ «ខ្ញុំ​ចាំតែ​មើល​ដែរ ព្រួយ​បារម្ភ​ដែរ ព្រោះ​ខ្លាច​គេ​ដក​ទៀត។ ដាំ​អី​ទៅ​​ដកៗ»

​ដី​ព្រៃ​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង មាន​ទំហំ​ជាង ៥​ពាន់​ហិកតារ ត្រូវ​បាន​បុគ្គល​មាន​ប្រាក់ និង​មាន​អំណាច​បំផ្លាញ​តាំង​ពី​ឆ្នាំ​២០១២ ក្រោម​រូបភាព​ផ្សេងៗ ដូចជា​ឱ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​លក់​ដី​ឱ្យ​ខ្លួន ឬ​ឱ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​ទន្ទ្រាន​ដី​ទាំង​នោះ ក្រោយ​មក​លក់​ដី​ឱ្យ​ពួកគេ ដោយ​មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មួយ​ចំនួន។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ដីធ្លី លោក ហាក់ សុខមករា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ថា សំណុំរឿង​ដី​ព្រៃ​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង អាជ្ញាធរ​នឹង​ដោះស្រាយ​នៅ​ពេល​ខាង​មុខ បន្ទាប់ពី​ដោះស្រាយ​បញ្ចប់​ទំនាស់​ដី​សហគមន៍​តំបន់​ផ្សង​ទៀត​នៅ​ឃុំ​មួយ​នេះ ជាមួយ​ក្រុមហ៊ុន​ចិន ជា​មុន​សិន។ លោក​បន្ត​ថា ជុំវិញ​ក្តី​បារម្ភ​របស់​ពលរដ្ឋ​ពាក់ព័ន្ធ​ការ​បំផ្លាញ​ដំណាំ ការ​គំរាមកំហែង និង​ការ​ប្រើ​អំពើ​ហិង្សា លោក​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទេ ប៉ុន្តែ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​ក្រោយ​ពេល​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​ថ្នាក់​ស្រុក៖ «ខ្ញុំ​មាន​វិធានការ​គឺ​ទាល់​តែ​ខ្ញុំ​ទទួល​បាន​របាយការណ៍ ក៏​ដូចជា​ការ​សម្របសម្រួល​ពី​ស្រុក​សិន»

​វិបត្តិ​ដី​ព្រៃ​សហគមន៍​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន ហើយ​មនុស្ស​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​បំផ្លាញ​ព្រៃ​សហគមន៍​អស់​រាប់ពាន់​ហិកតារ មិន​ត្រូវ​បាន​អាជ្ញាធរ​ស្រាវជ្រាវ និង​ចាប់​ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ព្រៃឈើ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា បទល្មើស​ជុំវិញ​សំណុំរឿង​ដីធ្លី​នៅ​តែ​កើត​ឡើង​ឥត​ឈប់ឈរ គឺ​ដោយសារ​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ជនរងគ្រោះ៖ «ប៉ុន្តែ​ភាគ​ច្រើន​វា​កើត​ឡើង​អំពី​មេការ​ជាមួយ​ប្រជាពលរដ្ឋ។ វា​កើត​ឡើង​អំពី​ឧកញ៉ា​អ្នក​មាន​ម្ចាស់​ដី​ជាមួយ​ពលរដ្ឋ វា​កើត​ឡើង​អំពី​ក្រុមហ៊ុន​ចិន ជាមួយ​ពលរដ្ឋ។ បើសិនជា​ទង្វើ​នោះ​ពលរដ្ឋ​ជា​អ្នក​រង​គ្រោះ ប្តឹង​ទៅ​អាជ្ញាធរ​គេ​មិន​ធ្វើ​ទេ»

​លោក​បន្ថែម​ថា សេវា​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​មាន​ការ​រើសអើង គឺ​មិន​អាច​ធ្វើ​ឱ្យ​បទល្មើស​បញ្ចប់​បាន​ទេ។ ជាង​នេះ​ទៀត លោក​កត់សម្គាល់​ថា អាជ្ញាធរ​ហាក់​មិន​មាន​ឆន្ទៈ​ដោះស្រាយ​សំណុំ​រឿង​ដី​ព្រៃ​សហគមន៍​មួយ​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល