អ្នកស្រី ទេព វន្នី ស្នើ​រដ្ឋាភិបាល​បញ្ចប់​ការ​ប្ដឹងផ្ដល់​ពលរដ្ឋ​និង​ដោះលែង​អ្នកស្រី

ដោយ យន់ សាមៀន
2017-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧។
អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

សហគមន៍​បឹងកក់ នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​ធ្នូ បាន​នាំគ្នា​ទៅ​សួរ​សុខទុក្ខ​អ្នកស្រី ទេព វន្នី នៅ​ឯ​ពន្ធនាគារ​ព្រៃស។ ក្រុម​សហគមន៍​បាន​អះអាង​ថា អ្នកស្រី ទេព វន្នី មាន​សុខភាព​ល្អ​ប្រសើរ និង​អារម្មណ៍​ធូរ​ស្រាល​ច្រើន​ដោយ​បាន​ទទួល​ដំណឹង​ថា អ្នក​បឹងកក់ ២២​គ្រួសារ​បន្ថែម​ទៀត​ទើប​បាន​ទទួល​ប្លង់​កម្មសិទ្ធិ​ថ្មីៗ ហើយ​អ្នកស្រី​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​បញ្ចប់​ជម្លោះ​នៅ​តំបន់​បឹងកក់ ឲ្យ​បាន​ឆាប់។

សហគមន៍​បឹងកក់ កញ្ញា សុង ស្រីលាភ ដែល​បាន​ទៅ​សួរ​សុខទុក្ខ​អ្នកស្រី ទេព វន្នី នៅ​ឯ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​៣០ ធ្នូ ថ្លែង​ថា សហគមន៍​បាន​ទៅ​សួរ​សុខទុក្ខ​អ្នកស្រី ទេព វន្នី ក្នុង​គោលបំណង​លើក​ទឹក​ចិត្ត និង​ផ្ដល់​កម្លាំង​ចិត្ត រួម​ទាំង​យក​អាហារ​ឲ្យ​អ្នកស្រី​ទទួល​ទាន។ កញ្ញា​ថា អ្នកស្រី ទេព វន្នី បាន​ផ្ដែផ្ដាំ​ថា សុំ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​ការ​ប្ដឹងផ្ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​តាម​ប្រព័ន្ធ​តុលាការ និង​សុំ​ឲ្យ​ដោះលែង​អ្នកស្រី​ឲ្យ​មាន​សេរីភាព​វិញ។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស អ្នកស្រី ទេព វន្នី ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣។ ប៉ុន្តែ​អ្នកស្រី​បាន​បដិសេធ​នៅ​មុខ​តុលាការ​ថា អ្នកស្រី​មិន​បាន​ដឹកនាំ​សហគមន៍​ប្រើ​អំពើ​ហិង្សា​នោះ​ទេ។

កញ្ញា​ សុង ស្រីលាភ បន្ត​ថា អ្នកស្រី​មាន​សុខភាព​ល្អ​ជា​ធម្មតា។ ប៉ុន្តែ​អ្នកស្រី ទេព វន្នី បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​មេត្តា​ដោះលែង​អ្នកស្រី​ឲ្យ​មាន​សេរីភាព​វិញ។ អ្នកស្រី​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ឈរ​លើ​គោលការណ៍​ដោះស្រាយ​បញ្ចប់​ជម្លោះ​តំបន់​បឹងកក់ ហើយ​សហគមន៍​នឹង​មិន​ភ្លេច​អ្នកស្រី​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដែរ៖ «ជា​ពិសេស​ដើម្បី​ឲ្យ​ចប់​សព្វគ្រប់​នោះ​គឺ​ការ​បញ្ចប់​ប្រព័ន្ធ​តុលាការ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ជាមួយ​ប្រព័ន្ធ​តុលាការ​រហូត​ដល់​រាល់​ថ្ងៃ ជា​ពិសេស​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព ការ​ជាប់​ទោស​អត់​មាន​យុត្តិធម៌ ហើយ​ការ​ដែល​យក​សំណុំរឿង​ដែល​ដាក់​បន្ទុក​គាត់​នោះ​គឺ​ជា​សំណុំ​រឿង​ដែល​ផ្ទុយ​ស្រលះ​នៃ​រឿង​ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ​នោះ​ខ្លាំង​មែន​ទែន ជាក់ស្ដែង​ថ្ងៃ​នោះ​ពលរដ្ឋ​ទេ​ជា​អ្នក​រងគ្រោះ។ គាត់​សង្ឃឹម​ថា រាជរដ្ឋាភិបាល​ឈរ​ក្នុង​ការ​ដោះស្រាយ និង​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព​ជួបជុំ​កូន​គាត់​វិញ»

មេធាវី​ការពារ​ក្ដី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ទាស់​ទៅ​នឹង​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទៅ​តុលាការ​កំពូល ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​តុលាការ​កំពូល មិន​ទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​នៅ​ឡើយ​ទេ។

សហគមន៍​បឹងកក់​ម្នាក់​ទៀត គឺ​លោក ចាន់ ពុទ្ធិស័ក្ដិ ដែល​បាន​ទៅ​សួរ​សុខទុក្ខ​អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា លោក​បាន​ពាំនាំ​នូវ​ដំណឹង​ល្អ​ប្រាប់​អ្នកស្រី​ឲ្យ​សប្បាយ​ចិត្ត ព្រោះ​សាលា​រាជធានី​បាន​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដល់​ពួកគាត់​បន្ថែម​ទៀត ហើយ​នេះ​ក៏​ជា​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​លះបង់​របស់​អ្នកស្រី ទេព វន្នី មក​ដល់​ថ្ងៃ​នេះ៖ «អ្នកស្រី ទេព វន្នី ជា​ក្រុម​ការងារ​ដែល​យើង​ធ្វើ​ការ​ជាមួយ​គ្នា​កន្លង​មក គឺ​ដើម្បី​បុព្វហេតុ​សិទ្ធិ​ដីធ្លី​ជូន​ប្រជា​សហគមន៍។ អ្វី​ដែល​យើង​តវ៉ា​កន្លង​មក​គឺ​យើង​ចង់​បាន​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ។ គាត់​ថា គាត់​អរ គាត់​សប្បាយ​ចិត្ត យើង​អត់​មាន​អី​ទេ មាន​តែ​អ្នកស្រី ផាន់ ឈុនរ៉េត និង​ប្រជា​សហគមន៍​ប៉ុន្មាន​គ្រួសារ​ទៀត​ហ្នឹង​ចប់​ហើយ និង​សេរីភាព​សម្រាប់​អ្នកស្រី ដូច្នេះ​សហគមន៍​បឹងកក់ មិន​មាន​អ្វី​តវ៉ា​ទៀត​ទេ​បើ​មាន​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​គ្រប់​គ្នា​អស់​ហើយ រួម​នឹង​សេរីភាព​សម្រាប់​អ្នកស្រី​ទៀត ហើយ​ពួក​យើង​ក៏​មាន​គំនិត​ដូច​គ្នា​អ៊ីចឹង​ដែរ»

កាល​ពី​ថ្ងៃ​ទី​២៧ ធ្នូ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​រាប់​ឆ្នាំ​នៅ​តំបន់​បឹងកក់ ចំនួន ២២​គ្រួសារ ក្រោយ​ពួកគេ​ចេញ​តវ៉ា​ជាច្រើន​ឆ្នាំ។ ប៉ុន្តែ​សហគមន៍​បញ្ជាក់​ថា នៅ​សល់​ពលរដ្ឋ​ជិត ២០​គ្រួសារ​ទៀត​ដែល​មិន​ទាន់​ទទួល​បាន​ការ​ដោះស្រាយ និង​ទទួល​ប្លង់ ប៉ុន្តែ​តួលេខ​ពី​សាលា​រាជធានី​ប្រាប់​ពលរដ្ឋ​ថា នៅ​សល់​តែ ៧​គ្រួសារ​ទៀត​ប៉ុណ្ណោះ។ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ ដែល​ទើប​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ ហៅ​លទ្ធផល​នេះ​ថា ជា​ការ​ប្រឹងប្រែង តស៊ូ ទាមទារ​ដី​របស់​ពួកគេ​មកវិញ។ អ្នក​បឹងកក់​អះអាង​ថា ដី​នោះ​មិន​មែន​សាលាក្រុង​ផ្ដល់​ឲ្យ​នោះ​ទេ តាម​ពិត​ដី​មាន​ជម្លោះ​ជា​ដី​របស់​ពួកគេ​តាំង​ពី​ដើម​មក ប៉ុន្តែ​ក្រុមហ៊ុន​បាន​ទៅ​រំលោភបំពាន​ដី​របស់​ពួកគាត់​ក្រោម​លេស​ថា អភិវឌ្ឍន៍។

សហគមន៍​អះអាង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​អ្នក​បឹងកក់ ទាំង ២២​គ្រួសារ ដែល​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​រួច​ហើយ ឈប់​ដើរ​តវ៉ា​ត​ទៅ​ទៀត។ ប៉ុន្តែ​ពលរដ្ឋ​បឹងកក់ ប្ដេជ្ញា​ថា ពួកគាត់​នៅ​បន្ត​គាំទ្រ​អ្នក​តវ៉ា​ដែល​មិន​ទាន់​បាន​ប្លង់​ដទៃ​ទៀត និង​ទាមទារ​ឲ្យ​ដោះលែង​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី រហូត​ទទួល​បាន​សេរីភាព​ និង​បញ្ចប់​ជម្លោះ​តំបន់​បឹងកក់។

បណ្ដាញ​ភាព​ជា​មេ​ដឹកនាំ​ស្ត្រី​សាកល​នៃ​អង្គការ​វ៉ាយថល វ៉យស៊ីស (Vital Voices) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន កាល​ពី​ខែ​សីហា សន្យា​ថា នឹង​បន្ត​ឃ្លាំមើល​ករណី​អ្នកស្រី ទេព វន្នី និង​សហគមន៍​បឹងកក់ យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត។ អង្គការVital Voices ប្ដេជ្ញា​ថា ពួកគេ​នឹង​នៅ​តែ​បន្ត​ពាំនាំ​រឿងរ៉ាវ​របស់​អ្នកស្រី ហើយ​និង​រឿងរ៉ាវ​នៃ​ពលរដ្ឋ​ក្នុង​សហគមន៍​អ្នកស្រី ទៅ​ប្រាប់​ពិភពលោក និង​មនុស្ស​គ្រប់​គ្នា​ឲ្យ​បាន​ដឹង​ឮ​ពី​សេចក្ដី​ក្លាហាន​របស់​អ្នកស្រី ទេព វន្នី។ អ្នកស្រី ទេព វន្នី ត្រូវ​បាន​អង្គការ Vital Voices ប្រគល់​ពាន​រង្វាន់​ភាព​ជា​អ្នកដឹកនាំ​សាកល​ឆ្នាំ​២០១៣ និង​ផ្ដល់​កិត្តិយស​ឲ្យ​ធ្វើ​ជា​សមាជិក​បណ្ដាញ​ភាព​ជា​អ្នកដឹកនាំ​សាកល​របស់​អង្គការ​នេះ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល