មូលហេតុ​ជំរុញ​ឲ្យ​សកម្មជន​ដីធ្លី​នៅ​បឹងកក់​តវ៉ា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ

ដោយ សុ ជីវី
2014.11.24
អ្នក​បឹងកក់តវ៉ា​​ទឹក​លិច​អង្ករ ៦២០ អ្នក​បឹងកក់​នាំ​គ្នា​តវ៉ា​ដោយ​នាំ​យក​អង្ករ ដែល​លិច​ទឹក​មក​បាច​សាច មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២៩ ខែ​កញ្ញា ឆ្នាំ ២០១៤។
RFA/Uon Chhin

ស្ត្រី​ជា​សកម្មជន​ការពារ​ដីធ្លី​ចំនួន ១០​នាក់ កំពុង​ជាប់​ឃុំ​នៅ​មណ្ឌល​កែប្រែ​ទី​១ ឬ​ព្រៃ​ស បន្ទាប់​ពី​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​អោយ​ពួក​គេ​ជាប់​ទោស ១​ឆ្នាំ​ម្នាក់ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២​លាន​រៀល។ ពួក​គេ​មាន​ទោស​ដោយសារ​បិទ​ផ្លូវ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ពេល​ទៅ​តវ៉ា​រឿង​ទឹក​លិច​ភូមិ។

ករណី​នេះ ក្រុម​អ្នក​ភូមិ​អំពាវនាវ​អោយ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​រក​យុត្តិធម៌​អោយ​ពួក​គេ និង​ត្រូវ​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំ​ដោយ​ពុំ​មាន​លក្ខខណ្ឌ។

សម្រែក​អំពាវនាវ​របស់​អ្នក​មាន​ជម្លោះ​ដីធ្លី ដើម្បី​អោយ​ដោះ​លែង​សកម្មជន​របស់​ពួក​គេ​ពី​ពន្ធនាគារ ចាប់​ផ្ដើម​លាន់​ឮ​សាជាថ្មី​ទៀត នៅ​ក្រោយ​សកម្មជន​ពួក​គេ​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ៖ «សំឡេង»។

ពួក​គេ​បាន​ដាក់​ញត្តិ​ទៅ​តាម​ស្ថានទូត​បណ្ដា​ប្រទេស​ដែល​មាន​ឥទ្ធិពល​ប្រចាំ​នៅ​កម្ពុជា។ ស្រប​គ្នា​នេះ ក៏​បាន​ដាក់​បណ្ដឹង​ទៅ​គណៈកម្មការ​រដ្ឋសភា អោយ​ជួយ​រក​យុត្តិធម៌ ដោយ​ស្នើ​អោយ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​អភិបាល​រាជធានី​ភ្នំពេញ មក​សាកសួរ។ បើ​ទោះ​ជា​មិន​ទាន់​ទទួល​លទ្ធផល ក៏​ពួក​គេ​រំពឹង​ថា បញ្ហា​នេះ​ត្រូវ​ដោះស្រាយ ហើយ​តំណាង​ពួក​គេ​នឹង​ទទួល​បាន​យុត្តិធម៌។

ក្រុម​អ្នក​ភូមិ​ដែល​មាន​បញ្ហា​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​អ្នក​ភូមិ​បឹងកក់ ហៅ​ចំណាត់​ការ​របស់​តុលាការ និង​អាជ្ញាធរ​ក្រុង​ថា ជា​ការ​ដាក់​សម្ពាធ​អោយ​ពួក​គាត់​ឈប់​តវ៉ា និង​បង្ខំ​អោយ​ពួក​គេ​លក់​ដី ហើយ​ចាក​ចេញ​ពី​តំបន់​បឹងកក់។ អ្វី​ដែល​ពួក​គេ​អះអាង​ថា​ជា​ដើម​ចម នៃ​ការ​ឈាន​ទៅ​ចាប់​សកម្មជន​ដាក់​ពន្ធនាគារ​នៅ​ពេល​នេះ គឺ​បញ្ហា​ទឹក​ជន់​លិច​ភូមិ​ក្នុង​តំបន់​បឹងកក់ ដែល​អាជ្ញាធរ​ហាក់​ពុំ​បាន​រក​មធ្យោបាយ​ដោះស្រាយ​អោយ​បាន​ត្រឹមត្រូវ៖ «សំឡេង»។

អ្នក​ភូមិ​បឹងកក់ បាន​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ពីរ​លើក បន្ទាប់​ពី​មាន​ទឹក​ជន់​លិច​ភូមិ​កាល​ពី​ចុង​ខែ​កញ្ញា។ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដោយ​យក​អង្ករ និង​សម្ភារៈ​មួយ​ចំនួន​ដែល​ខូចខាត​ដោយសារ​ត្រូវ​ទឹក​លិច ទៅ​ខាង​មុខ​អគារ​សាលា​រាជធានី​ភ្នំពេញ។ ភ្លាមៗ​នោះ គ្រឿងចក្រ​ប្រភេទ​អេស្កាវ៉ាទ័រ​ចំនួន ៤​គ្រឿង បាន​កាយ​បង្ហូរ​ទឹក​នៅ​តំបន់​បឹងកក់។ អ្នក​ភូមិ​បាន​ទៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​ម្ដង​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ដោយសារ​រឿង​ទឹក​លិច​ភូមិ​ដដែល​នោះ។ ពួក​គេ​បាន​យក​គ្រែ​ឈើ​ដែល​ហើម​ប៉ោង​ខូច​ដោយសារ​ត្រូវ​ទឹក​លិច ទៅ​ជាមួយ​ក្នុង​ពេល​តវ៉ា និង​បាន​បិទ​ផ្លូវ​ព្រះមុនីវង្ស​ដែរ។ ពួក​គេ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​សាលា​រាជធានី​ភ្នំពេញ ថា​បាន​អភិវឌ្ឍ​ក្រុង​ដោយ​ពុំ​បាន​គិត​ពី​ផល​ប៉ះពាល់។

តំណាង​អ្នក​ភូមិ លោក ចាន់ ពុទ្ធិស័ក មាន​ប្រសាសន៍​ថា ប្រសិន​បើ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច​ភូមិ​បាន​ទាន់​ពេល​វេលា ម្ល៉េះ​អ្នក​ភូមិ​មិន​លើក​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​ក្រុង​ឡើយ៖ «សំឡេង»។

នៅ​ក្រោយ​ពេល​អ្នក ១០​នាក់​ត្រូវ​ចាប់​ខ្លួន ទឹក​ស្អុយ​បាន​ស្រក​វិញ​មែន ប៉ុន្តែ​ក្តី​បារម្ភ​ពី​ការ​ជន់​លិច​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។ អ្នក​ភូមិ​ខ្លះ​មិន​ទាន់​ដាក់​ទូទឹកកក ពូក ខ្នើយ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ចុះ​ពី​លើ​ធ្នើរ​នៅ​ឡើយ។ ស្រប​គ្នា​នេះ អ្នក​ភូមិ​ជាច្រើន​បាន​នាំ​គ្នា​ទិញ​ដី​ចាក់​ក្នុង​ផ្ទះ​លើក​អោយ​ខ្ពស់។

អ្នក​លក់​គ្រឿងទេស​នៅ​ក្នុង​ភូមិ​២០ ថ្លែង​ថា លោកស្រី​បាន​ទិញ​អាចម៍​ដី​ក្នុង​តម្លៃ ១០​ម៉ឺន​រៀល ដើម្បី​បំពេញ​ផ្ទះ​តូច​របស់​គាត់​អោយ​ខ្ពស់​បន្តិច៖ «សំឡេង»។

នៅ​តាម​ផ្លូវ​ដើរ​នៅ​ក្នុង​ភូមិ​២៣ ទឹក​សំអុយ​នៅ​ក្នុង​លូ​បាន​ភាយ​ចេញ​ពី​លូ​ដែល​នៅ​កណ្ដាល​ផ្លូវ​នោះ​មិន​ឈប់ ហើយ​ហូរ​ចេញ​ទៅ​រក​កន្លែង​ទាបៗ​ក្នុង​ភូមិ៖ «សំឡេង​ទឹក​ហូរ​តាម​ផ្លូវ»។

នៅ​ក្នុង​ភូមិ​២៣ នេះ​ហើយ ដែល​ទឹក​បាន​ឡើង​ដល់​ត្រឹម​ចង្កេះ​នៅ​ក្រោយ​ធ្លាក់​ភ្លៀង មុន​ពេល​អ្នក​ភូមិ​បាន​ចេញ​តវ៉ា​អោយ​អាជ្ញាធរ​ជួយ​រំដោះ​ទឹក កាល​ពី​ខែ​កញ្ញា។

អ្នក​ភូមិ​ម្នាក់​ដែល​ខាង​មុខ​ផ្ទះ​គាត់​ទឹក​ស្អុយ​ឋិត​នៅ​ត្រឹម​កំភួន​ជើង និង​ភាយ​ក្លិន​ស្អុយ​ចូល​ដល់​ក្នុង​ផ្ទះ លោកស្រី​បាន​រំឭក​ថា ទឹក​លិច​ផ្ទះ​មាន​ការ​លំបាក​ច្រើន ពិសេស​ចំពោះ​កូន​តូចៗ៖ «សំឡេង»។

អ្នក​ភូមិ​ម្នាក់​ទៀត លោកស្រី ឈឺន ចាន់ថន គិត​ថា បញ្ហា​កើត​ចេញ​ពី​ការ​អភិវឌ្ឍ​ដែល​មិន​បាន​ប៉ាន់​ប្រមាណ​ពី​ផល​ប៉ះពាល់៖ «សំឡេង»។

ក្រុម​អ្នក​ភូមិ​ចាត់​ទុក​ការ​ចាប់​ខ្លួន​តំណាង​ពួក​គេ ថា​ជា​រឿង​អយុត្តិធម៌ ពោល គឺ​សាលា​ក្រុង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​ប៉ះពាល់​ដែល​កើត​មាន​ចំពោះ​អ្នក​ភូមិ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​តំណាង​សហគមន៍ គឺ​ដោយសារ​ពួក​គាត់​រំលោភ​ច្បាប់៖ «សំឡេង»។

ចំពោះ​បញ្ហា​ទឹក​ជន់​លិច​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប បាន​ដាក់​លិខិត​តាម​រយៈ​ប្រធាន​សភា នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ដោយ​ស្នើ​អោយ​អភិបាល​រាជធានី​ភ្នំពេញ សាងសង់​ប្រព័ន្ធ​លូ​ដើម្បី​បញ្ចៀស​ការ​ជន់​លិច។

ករណី​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ គឺ​ពុំ​ព្រងើយ​កន្តើយ​ឡើយ៖ «សំឡេង»។

ទោះ​យ៉ាង​ណា អ្នក​ភូមិ​រំឭក​ថា ប្រព័ន្ធ​លូ​ក្នុង​តំបន់​បឹងកក់ ដែល​កែ​សម្រួល​កាល​ពី​ឆ្នាំ​២០១០ តែង​តែ​ត្រូវ​កកស្ទះ​ដោយ​ខ្សាច់ ដែល​ចាំបាច់​ត្រូវ​ប្រើ​គ្រឿងចក្រ​កាយ​ដី​ខ្សាច់​ទាំង​នោះ​ចេញ ទើប​ទឹក​អាច​ហូរ​បាន។ អ្នក​ភូមិ​បាន​គិត​ដោយ​ងាយៗ​ថា ពី​មុន​ទឹក​ហូរ​ចូល​ទៅ​ក្នុង​បឹងកក់ ប៉ុន្តែ​នៅ​ពេល​លុប​បឹង គឺ​ទឹក​បន្ត​ឋិត​នៅ​ក្នុង​ភូមិ ដែល​មាន​ន័យ​ថា ក្នុង​ភូមិ​ទំនង​កំពុង​ប្រែ​ក្លាយ​ជា​បឹង​ជំនួស​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។