ពលរដ្ឋខេត្តកំពង់ឆ្នាំងទាមទារឲ្យតុលាការផ្ដល់វត្ថុតាងប្រគល់ឲ្យពួកគាត់វិញ ដើម្បីជាភស្តុតាងដោះបន្ទុកពីរឿងក្ដី
2022.05.02
ពលរដ្ឋដែលមានវិវាទដីធ្លីនៅឃុំតាជេស ស្រុកកំពង់ត្រឡាច និងនៅឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ៣នាក់ ទាមទារឲ្យតុលាការខេត្តនេះ ផ្ដល់វត្ថុតាងដែលតុលាការបានចាប់យកប្រគល់ឲ្យពួកគាត់វិញ។ ការទាមទារនេះ គឺធ្វើឡើងបន្ទាប់ពីតុលាការដោះលែងអ្នកភូមិ២នាក់ និងបន្តឃុំខ្លួនពលរដ្ឋម្នាក់ពីបទធ្វើឲ្យខូចខាតដោយចេតនា និងបទសមគំនិតធ្វើឲ្យខូចខាតដោយចេតនា កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅ។ សង្គមស៊ីវិលថា មន្ត្រីតុលាការបន្តផ្អិបទុកទ្រព្យរបស់ពលរដ្ឋបែបនេះគឺជាអនុវត្តមិនត្រឹមត្រូវ។
ពលរដ្ឋយល់ថា វត្ថុតាងជាទ្រព្យសម្បត្តិរបស់ពួកគាត់ រួមមាន ទូរស័ព្ទដៃ និងម៉ូតូដែលតុលាការបានរក្សាទុកនោះ គឺជាភស្តុតាងសំខាន់មួយសម្រាប់ដោះបន្ទុកអ្នកភូមិឲ្យរួចពីការឃុំឃាំង និងការចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌ។
តំណាងសហគមន៍ឡពាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងលោក ស្ងួន ញឿន ថ្លែងនៅថ្ងៃទី៣០ ខែមេសា ថា កាលពីថ្ងៃទី៣០ ខែមិនា ពោលគឺមួយខែគត់ ដែលមេធាវីរបស់លោកបានដាក់ពាក្យស្នើសុំវត្ថុតាងទាំងនេះពីតុលាការមកធ្វើជាភស្តុតាងដោះបន្ទុកក្នុងសំណុំរឿងព្រហ្មទណ្ឌ ដើម្បីទទួលបានយុត្តិធម៌ និងយកមកប្រកបរបរចិញ្ចឹមជីវិតឡើងវិញ។
ប៉ុន្តែលោកថា តុលាការខេត្តកំពង់ឆ្នាំង មិនបានអើពើនិងឆ្លើយតបសំណើនេះទេ៖ «ទូរស័ព្ទទាំងអស់ហ្នឹង គឺជាភស្តុតាងសំខាន់ណាស់ សម្រាប់ដោះបន្ទុករបស់ពួកខ្ញុំ ទីមួយគឺរូបភាពដែលខ្ញុំថតជាវីឌីអូ ថាតើជាប៉ុស្តិ៍ ថាតើនៅទីនោះមានចំបើង៣គោយន្តមែនឬអត់? បើមិនជឿតើមកដល់ពេលនេះ តើលោកចៅក្រម គួរតែឲ្យទូរស័ព្ទមកខ្ញុំដើម្បីខ្ញុំយករូបភាពដែលខ្ញុំថតទាំងប៉ុន្មានហ្នឹងយកទៅបង្ហាញ។ តែលោកចៅក្រម និងព្រះរាជអាជ្ញាមិនព្រមឲ្យទូរស័ព្ទ បើកមើលទៅខ្លាចតែពួកលោកលុបអស់ទេ ខ្ញុំថតទាំងអស់ហ្នឹងសំខាន់ណាស់។ នេះជាបំណងរបស់តុលាការដែលចង់ដាក់ទោសកំហុសលើប្រជាពលរដ្ឋ ដែលគាត់តវ៉ារងគ្រោះដីធ្លី តុលាការកំពុងលាក់បាំងការពិត លាក់បាំងភស្តុតាង»។
កាលពីថ្ងៃទី៣០ ខែមិនា លោកមេធាវី ជូង ជូងី បានដាក់ពាក្យសុំឲ្យប្រធានតុលាការខេត្តកំពង់ឆ្នាំងលោក គឹម រ័ត្នណារិន ប្រគល់ទូរស័ព្ទដៃ៣គ្រឿង និងម៉ូតូមួយគ្រឿង ជូនពលរដ្ឋវិញ ដោយសំអាងថា ទ្រព្យសម្បត្តិរបស់ពលរដ្ឋមិនជាប់ពាក់ព័ន្ធនឹងបទល្មើសឡើយ។ ម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ និងទូរស័ព្ទដៃ២គ្រឿងជារបស់លោក ស្ងួន ញឿន និងប្រពន្ធគឺលោកស្រី អ៊ុំ សុភី ហើយទូរស័ព្ទមួយគ្រឿងទៀត ជារបស់លោកស្រី ទួន សេង ពលរដ្ឋនៅឃុំកោះថ្កូវ ស្រុកជលគិរី ដែលបច្ចុប្បន្នកំពុងឃុំខ្លួនក្នុងពន្ធនាគារខេត្ត។ សមត្ថកិច្ចអធិការដ្ឋានស្រុកជលគីរី បានប្រគល់របស់ទាំងនោះ ឲ្យតុលាការរក្សាទុកតាំងពីថ្ងៃទី៣១ ខែមករា។
ជុំវិញការទាមទារវត្ថុតាងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទង ចៅក្រមស៊ើបសួរលោក សម តារា និងអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំងលោក ឡុង ស៊ីថា បានទេកាលពីថ្ងៃទី៣០ ខែមេសា។
កាលពីថ្ងៃទី២៩ ខែមករា អាជ្ញាធរស្រុកជលគិរី បានឃាត់ខ្លួនពលរដ្ឋទាំង ៣នាក់ ក្រោយប៉ះពាក្យសំដីជាមួយអាជ្ញាធរឃុំកោះថ្កូវ ព្រោះអាជ្ញាធរបានចោទពួកគាត់ថា ថតរូបភាព និងវីដេអូអំពីជម្លោះដីធ្លីនៅទីតាំងនោះ ដើម្បីបង្ហោះក្នុងហ្វេសប៊ុក បំផ្លើសការពិត និងគ្មានការអនុញ្ញាតពីអាជ្ញាធរជាមុន។ ហើយនៅថ្ងៃទី១ ខែកុម្ភៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំងលោក សម តារា សម្រេចឃុំខ្លួនលោកស្រី ទួន សេង ដាក់ពន្ធនាគារបណ្ដោះអាសន្ន ដើម្បីបន្តស៊ើបអង្កេតករណីវិវាទដីធ្លីនៅភូមិម៉ុលលើ ក្នុងឃុំកោះថ្កូវ ស្រុកជលគិរី។ ចំណែកតំណាងសហគមន៍ឡពាងពីរនាក់ គឺលោកស្រី អ៊ុំ សុភី និងលោក ស្ងួន ញឿន ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់សមត្ថកិច្ចមូលដ្ឋាន ដោយត្រូវបង្ហាញខ្លួនមុខសមត្ថកិច្ច នៅពេលមានការកោះហៅ។
តុលាការចោទប្រកាន់លោកស្រី ទួន សេង ពីបទធ្វើឲ្យខូចខាតដោយចេតនា និងតំណាងសហគមន៍ឡពាងពីរនាក់ពីបទសមគំនិតធ្វើឲ្យខូចខាតដោយចេតនា ក្រោយពីតុលាការទទួលរបាយការណ៍របស់សមត្ថកិច្ចនិងបណ្ដឹងរបស់ពលរដ្ឋមានជម្លោះដីធ្លីម្ខាងទៀត ថាពួកគាត់ ដុតចំបើងគេអស់បីគោយន្ត។
លោក ស្ងួន ញឿន ដែលជាអ្នកថតក្នុងហេតុការណ៍នោះអះអាងថា លោកស្រី ទួន សេង គ្រាន់តែដុតសំរាម និងច្រាំងចំបើងក្នុងដីធ្លីរបស់គាត់ម៉ោង ៤ទាបភ្លឺ នៅថ្ងៃទី២៩ ខែមករា ប៉ុន្តែសមត្ថកិច្ច មេភូមិ មេឃុំ ចោទប្រកាន់លោកស្រី ហើយរូបលោករួមទាំងប្រពន្ធលោកថា ទៅដុតចំបើងពលរដ្ឋក្បែរនោះ អស់បីគោយន្តតាមការចោទប្រកាន់ពីភាគីម្ខាងទៅវិញ៖ «បើសិនជាចៅក្រម ព្រះរាជអាជ្ញាហ្នឹង គាត់ស្មោះត្រង់គាត់ត្រឹមត្រូវ គួរតែគាត់យកភស្តុតាងហ្នឹង មកបង្ហាញ ថានៅកន្លែងហ្នឹងមានចំបើងមែនអត់ បង្ហាញមក កុំឲ្យចោទគេ អាងតែខ្លួនឯងជាតុលាការ អាងតែខ្លួនឯងជាអ្នកចេះច្បាប់ អាងតែចោទគេទៅដាក់បន្ទុកគេទៅ ហើយអ្នករងគ្រោះនៅតែរងគ្រោះ»។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តកំពង់ឆ្នាំង លោក ស៊ំ ចាន់គា យល់ថា ការអនុវត្តរបស់មន្ត្រីតុលាការបែបនេះខុសនីតិវិធីច្បាប់ ដែលពលរដ្ឋនិងមេធាវីមានសិទ្ធិដាក់បណ្ដឹងអន្តរាគមន៍បន្ត៖«រឿងនេះបើសិនជាដាក់រយៈពេលមួយខែហើយ តុលាការនៅតែមិនឆ្លើយមានធាវី ក៏ដូចជាសាមីខ្លួនមានសិទ្ធិប្ដឹងចៅក្រមកាន់ហ្នឹងទៅក្រសួងយុត្តិធម៌ ឬទៅឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងទៅនាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីឲ្យគេពិនិត្យមើល តើហេតុអ្វីបានជាចៅក្រមរូបហ្នឹងលោកធ្វើផ្ទុយពីច្បាប់ ឬរំលោភច្បាប់បែបហ្នឹង។ បើវត្ថុតាងហ្នឹងវាជំពាក់ទាក់ទិននឹងរឿងហេតុហ្នឹង ចៅក្រមស៊ើបសួរហ្នឹង លោកចេញលិខិតជូនដំណឹងទៅសាមីខ្លួន ឬមេធាវីគេទៅ។ បើសិនជាធ្វើតាមទំនើងចិត្តចឹងវាអស់ហើយ ភាពយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា នៅពេលដែលតុលាការមួយ ដែលជាមន្ត្រីរកយុត្តិធម៌ ហើយបែរជារំលោភច្បាប់ទៅវិញ អាហ្នឹងយុត្តិធម៌នៅកម្ពុជាកាន់តែតិចទៅៗហើយ»។
ពលរដ្ឋអះអាងថា ពួកគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ហើយរឿងដែលកើតឡើងនេះ គឺជារៀបចំប្រឌិតឡើងដោយអាជ្ញាធរភូមិឃុំកោះថ្កូវ ដើម្បីបំបាក់ស្មារតីពលរដ្ឋ ឲ្យឈប់ប្ដឹងតវ៉ាទាមទារដំណោះស្រាយរឿងដីធ្លីតទៅទៀត។
អង្គការសង្គមស៊ីវិលដែលតាមរឿងនេះ ស្នើតុលាការខេត្តកំពង់ឆ្នាំង ទម្លាក់ការចោទប្រកាន់ទៅលើពលរដ្ឋ ៣នាក់ និងដោះលែងលោកស្រី ទួន សេង ឲ្យមានសេរីភាពឡើងវិញ ហើយជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហាដីធ្លីនេះ តាមយន្តការក្រៅប្រព័ន្ធតុលាការវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។