អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​បុរីកីឡា​បារម្ភ​ខ្លាច​អាជ្ញាធរ​​ប្រើ​កម្លាំង​បង្ក្រាប​នៅ​ថ្ងៃ​អាទិត្យ

ដោយ វ៉ែន សុមេធ
2017-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​បុរីកីឡា​អង្គុយ​តវ៉ា​មុខ​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧។
អ្នក​បុរីកីឡា​អង្គុយ​តវ៉ា​មុខ​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បុរីកីឡា ឲ្យ​ដឹង​ថា អាជ្ញាធរ​មិន​ទាន់​ប្រើ​កម្លាំង ឬ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះសម្បែង​របស់​ពួកគេ​ទេ នៅ​ថ្ងៃ​ផុត​ឱសានវាទ​ថ្ងៃ​ដំបូង​នេះ។ ពួកគាត់​បារម្ភ​ថា នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ធ្នូ កម្លាំង​អាជ្ញាធរ​នឹង​ប្រើ​កងកម្លាំង​អាវុធ និង​គ្រឿងចក្រ​មក​ឈូស​ឆាយ​ផ្ទះ​របស់​ពួកគាត់​ជា​ថ្មី ដោយសារ​ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​ដែល​ពលរដ្ឋ និង​អ្នក​សារព័ត៌មាន​សម្រាក ហើយ​អាជ្ញាធរ​អាច​ឆ្លៀត​ឱកាស​ពេល​នោះ។

​ក្រុម​ស្ត្រី​ដែល​មាន​ជម្លោះដីធ្លី​ទាំង ១១​គ្រួសារ បាន​ទៅ​ទាមទារ​សុំ​ជួប​អ្នកស្រី ស៊ុយ សុផាន ជា​ថ្មី​ម្ដង​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ នៅ​មុខ​ភូមិគ្រឹះ​ម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ទទូច​ឲ្យ​អ្នកស្រី ស៊ុយ សុផាន ចេញ​មុខ​រក​ដំណោះស្រាយ​ដោយ​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​យក​សំណង​ដ៏​តិចតួច​ពី​តំបន់​បុរីកីឡា នោះ។

តំណាង​សហគមន៍​បុរីកីឡា អ្នកស្រី ង៉ូវ ណារី ឲ្យ​ដឹង​ថា ការ​ទាមទារ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ក្រុម​សហគមន៍​បាន​ត្រៀម​ចាន ឆ្នាំង វែក អុស មុង​ភួយ កន្ទេល​ជាដើម ដើម្បី​នាំគ្នា​ទៅ​ដេក​រង់ចាំ​ជួប​អ្នកស្រី ស៊ុយ សុផាន នៅ​មុខ​ភូមិគ្រឹះ​របស់​គាត់ ប៉ុន្តែ​នៅ​ពេល​តវ៉ា អ្នក​យាម​ភូមិគ្រឹះ​អ្នកស្រី​បាន​ចេញ​មក​ប្រាប់​ក្រុម​អ្នក​តវ៉ា​ថា អ្នកស្រី ស៊ុយ សុផាន ណែនាំ​ឲ្យ​ក្រុម​អ្នក​តវ៉ា​ទៅ​រក​ដំណោះស្រាយ​នៅ​សាលាក្រុង​ភ្នំពេញ ចុះ ហើយ​អ្នកស្រី ស៊ុយ សុផាន នឹង​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ជាមួយ​សាលាក្រុង។ អ្នកស្រី ង៉ូវ ណារី អះអាង​ថា មន្ត្រី​ជាន់​ខ្ពស់​សាលាក្រុង​ភ្នំពេញ​ម្នាក់ ឈ្មោះ ជាង ដែល​អភិបាល​រង លោក មាន ចាន់យ៉ាដា ចាត់​ឲ្យ​មក​សម្របសម្រួល​ជាមួយ​អ្នក​បុរីកីឡា ប្រាប់​ថា ក្រុមហ៊ុន​គ្មាន​សិទ្ធិ​បញ្ជា​អាជ្ញាធរ​ឲ្យ​ដោះស្រាយ​របៀប​ណា​នោះ​ទេ៖ «»។

អ្នកស្រី ង៉ូវ ណារី បន្ត​ថា ពួកគាត់​ទាំង ១១​គ្រួសារ ដែល​មិន​ព្រម​ទទួល​ ក​សំណង​ដ៏​តិចតួច​នេះ បារម្ភ​ពី​សុវត្ថិភាព​ផ្ទះសម្បែង​ខ្លាំង​ណាស់​ក្រោយ​ពេល​ដែល​អាជ្ញាធរ​ចេញ​មុខ​គំរាម​ប្រើ​គ្រប់​វិធានការ​ដើម្បី​យក​ផ្ទះ​របស់​ពួកគាត់។ ប៉ុន្តែ​បើ​ទោះ​ជា​យ៉ាង​ណា អ្នកស្រី​អះអាង​ថា ប្រសិនបើ​បាត់បង់​ផ្ទះ ពួកគាត់​ក៏​មិន​អាច​រស់​នៅ​បាន​ដែរ ដូច្នេះ​ពួកគាត់​នឹង​នៅ​តស៊ូ​ជាមួយ​អាជ្ញាធរ និង​គ្រឿងចក្រ​ដើម្បី​ការពារ​ផ្ទះ​របស់​ពួកគេ។ បន្ថែម​ពី​នេះ ពួកគាត់​នឹង​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​នានា ដើម្បី​សុំ​អន្តរាគមន៍​ដែរ។

​អភិបាលរង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា  បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​កំណត់​ត្រឹម​ថ្ងៃ​ទី​២២ ខែ​ធ្នូ តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​មិនទាន់​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​ផានអ៊ីម៉ិច ត្រូវ​ទៅ​ទទួល​យក​សំណង​ជា​កំហិត។ លោក​ព្រមាន​ថា ផុត​ពី​​ថ្ងៃ​ទី​២២ ខែ​ធ្នូ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល និង​ប្រើប្រាស់​យន្តការ​តុលាការ​ដោយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់​ផលប្រយោជន៍ និង​ថែមទាំង​បញ្ឈប់​រាល់​ការ​ដោះស្រាយ​សំណង ដោយសារ​អាជ្ញាធរ​ក្រុងភ្នំពេញ ចាត់​ទុក​ថា ពលរដ្ឋ​ទាំង​នោះ​បាន​បោះបង់​សិទ្ធិ​ក្នុង​ការ​ទទួល​យក​សំណង​គោលនយោបាយ​របស់​ខ្លួន។​

សាលាក្រុង​ភ្នំពេញ ផ្ដល់​សំណង​ដល់​ពលរដ្ឋ​ទាំង ១១​គ្រួសារ ដែល​កំហិត​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​ផ្ទះ​ទៅ​រស់​នៅ​ឯ​ភូមិ​អណ្ដូង ខណ្ឌ​សែនសុខ ជាយ​រាជធានី​ភ្នំពេញ និង​លុយ ៣.០០០​ដុល្លារ។ ពលរដ្ឋ​ហៅ​ទង្វើ​របស់​សាលាក្រុង​ថា ជា​ការ​សម្លាប់​ពលរដ្ឋ​ក្រីក្រ​ដែល​ជា​ម្ចាស់​ដី ហើយ​បច្ចុប្បន្ន​ម្ចាស់​ដី​ទាំង​នោះ​កំពុង​ប្រឈមមុខ​ជីវភាព​ទីទ័លក្រ ព្រោះ​សំណង​ប៉ុណ្ណឹង នឹង​ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​លំបាក​វេទនា​ថែម​ទៀត។

​មន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ដ យល់​ថា បញ្ហា​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា កើត​មាន​បញ្ហា​ស្មុគស្មាញ ដោយសារ​តែ​អាជ្ញាធរ។ ដូច្នេះ​លោក​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​គួរ​តែ​ផ្ដល់​ដំណោះស្រាយ​ផ្ដល់​អគារ​រស់​នៅ​នៅ​នឹង​កន្លែង ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​មាន​ជីវភាព​សមរម្យ។ ម្យ៉ាង​ទៀត​លោក​យល់​ថា ឈ្មួញ​ដែល​ទទួល​បាន​ដី​នៅ​បុរីកីឡា ទទួល​បាន​ផល​ចំណេញ​ច្រើន​ណាស់​ពី​ការ​អភិវឌ្ឍ​នៅ​​ទី​នោះ ខណៈ​ដែល​អ្នក​មិនទាន់​ទទួល​សំណង​នៅ​តិចតួច​គ្រួសារ​ប៉ុណ្ណោះ៖ «»។

​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រាប់​ថា ដោយសារតែ​ស្ថានការណ៍​នយោបាយ​ឡើង​កម្ដៅ​ខ្លាំង ធ្វើ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល មិន​អាច​ជួយ​អន្តរាគមន៍​បញ្ហា​ជម្លោះដីធ្លី​នៅ​សហគមន៍​បុរីកីឡា​បាន ក៏​ព្រោះតែ​ខ្លាច​ការ​ចោទ​ថា ជា​ក្រុម​ធ្វើ​បដិវត្តន៍​ពណ៌។

​ចំណែក​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​វិញ ផ្ដល់​យោបល់​ថា សាលាក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន គួរ​ដោះស្រាយ​វិបត្តិ​ដីធ្លី​តំបន់​បុរីកីឡា ឲ្យ​ដូច​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​អគារ​ប៊ូឌីង កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ពលរដ្ឋ​ចាក​ចេញពី​អគារ​ទាំង​ញញឹម និង​គ្មាន​ការ​តវ៉ា​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល