ពលរដ្ឋ​នៅ​កំពង់ចាម​ចោទ​មេ​ប៉ុស្តិ៍​នគរបាល​ថា​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ

ដោយ សូត សុខប្រាថ្នា
2015.01.01
ចោទ​មេ​ប៉ុស្តិ៍​នគរបាល​យក​ដី​ផ្លូវ កំពង់ចាម ៦២០ ពលរដ្ឋ​ចង្អុល​ផ្លូវ​ដែល​ពួក​គាត់​ចោទ​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ថា​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ នា​ឃុំ​សូរគង ស្រុក​កងមាស ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៥។
RFA/Saut Sokprathna

ប្រជាពលរដ្ឋ​នៅ​ឃុំ​សូរគង ស្រុក​កងមាស ខេត្ត​កំពង់ចាម ចោទ​ប្រកាន់​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ ថា​បាន​រំលោភ​ដី​ផ្លូវ​សាធារណៈ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ប្រើប្រាស់​ផ្លូវ​នោះ​ចំនួន ៦​ភូមិ។ ចំណែក​មេ​ប៉ុស្តិ៍​នគរបាល​វិញ បាន​បដិសេធ​ថា លោក​មិន​បាន​រំលោភ​ដី​ផ្លូវ​ទេ ហើយ​កាល​លោក​ទិញ​នោះ គឺ​មាន​ការ​ទទួល​ស្គាល់​ពី​ឃុំ​ទៀត​ផង។

ពលរដ្ឋ ៦​ភូមិ​នៅ​ក្នុង​ឃុំ​សូរគង ស្រុក​កងមាស នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​អាជ្ញាធរ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​មេ​ប៉ុស្តិ៍​ឃុំ ឲ្យ​បើក​ផ្លូវ​សាធារណៈ​ដើម្បី​ឲ្យ​ពួក​គាត់​ធ្វើ​ដំណើរ​បាន​ដូច​ដើម​វិញ។ ការ​ស្នើសុំ​នេះ បន្ទាប់​ពី​មេ​ប៉ុស្តិ៍​ឃុំ​សូរគង បាន​ធ្វើ​របង​រំលោភ​លើ​ដី​ផ្លូវ​ជាច្រើន​ម៉ែត្រ ដោយ​ទុក​ដី​ផ្លូវ​ជាង ៣​ម៉ែត្រ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​បរ​រទេះគោ​ដឹក​ដំណាំ​មិន​អាច​ជៀស​គ្នា​រួច។

តំណាង​ពលរដ្ឋ​ឃុំ​សូរគង លោក ទិត ភឿន អាយុ ៦៧​ឆ្នាំ មាន​ប្រសាសន៍​ថា ពី​ដើម​ឡើយ​ផ្លូវ​ដែល​ពលរដ្ឋ​ទាមទារ​ឲ្យ​បើក​វិញ​នោះ គឺ​មាន​ទំហំ​ជាង ១០​ម៉ែត្រ ដែល​អាច​ឲ្យ​អ្នក​ស្រុក​បរ​រទេះគោ​ជៀស​គ្នា​បាន​យ៉ាង​ងាយ​ស្រួយ ប៉ុន្តែ​ចាប់​ពី​ពេល​មេ​ប៉ុស្តិ៍​ទិញ​ដី​នោះ ហើយ​ធ្វើ​របង​លួស​ដោយ​ទុក​ផ្លូវ​ជាង​បី​ម៉ែត្រ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​ពិបាក​ធ្វើ​ដំណើរ៖ «បើក​ឲ្យ​ហ្នឹង​ទៅ​ខាង​ស្រុក ​គេ​សម្រួល​ឲ្យ​បើក ៨​ម៉ែត្រ​លើ ៨​ម៉ែត្រ​ក្រោម តែ​វាៗ​ឲ្យ​ដី​ប្រជាពលរដ្ឋ​បើក​ពីរ​ម៉ែត្រ វា​បើក​ពីរ​ម៉ែត្រ»។

លោក​បន្ត​ថា ពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​រហ័ស ពីព្រោះ​ពេល​នេះ​ជា​រដូវ​ដែល​ពលរដ្ឋ​ត្រូវ​ការ​ដឹក​ស្រូវ​ចេញ​ចូល​ឲ្យ​បាន ​ស្រួល ហើយ​ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ទេ ពលរដ្ឋ​នឹង​ឡើង​ទៅ​ដល់​ស្ថាប័ន​ជាតិ​ធំៗ​បន្ត​ទៀត។

ពាក្យ​បណ្ដឹង​ដាក់​ចូល​ទៅ​អាជ្ញាធរ​ឃុំ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ អម​ដោយ​ស្នាម​មេដៃ​ពលរដ្ឋ ៦​ភូមិ ក្នុង​ឃុំ​សូរគង ​ដែល​មាន​ពលរដ្ឋ ២០៨​គ្រួសារ គឺ​បាន​ប្ដឹង​មេ​ប៉ុស្តិ៍​ថា​បាន​រំលោភ​ដី​ផ្លូវ​រទេះ។ ក្នុង​ពាក្យ​បណ្ដឹង​នោះ ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ធ្វើ​យ៉ាង​ណា​បើក​ផ្លូវ​ឲ្យ​បាន​ទទឹង ១៥​ម៉ែត្រ​តាម​លំនាំ​ដើម​វិញ។ ប៉ុន្តែ​ក្រោយ​ពេល​តំណាង​ពលរដ្ឋ​បាន​ទៅ​សម្រប​សម្រួល​នៅ​ថ្នាក់​ស្រុក ហើយ​ពួក​គាត់​ក៏​យល់​ព្រម​ថា​ឲ្យ​បើក​ផ្លូវ​ប្រវែង ៨​ម៉ែត្រ តាម​ការ​លើក​ឡើង​របស់​អាជ្ញាធរ ប៉ុន្តែ​ត្រឡប់​មក​វិញ មេ​ប៉ុស្តិ៍​មិន​បាន​អនុវត្ត​តាម​ឡើយ។

ឆ្លើយ​តប​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​សូរគង លោក ហ៊ិន ម៉ារ៉ា មាន​ប្រសាសន៍​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ ពីព្រោះ​លោក​ថា​លោក​មិន​បាន​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ​ដូច​ការ​ចោទ​នោះ​ទេ គឺ​លោក​ធ្វើ​របង​លើ​ដី​នោះ​ទៅ​តាម​លិខិត​ទិញ​លក់​ដែល​មាន​អាជ្ញាធរ​ឃុំ​ទទួល ​ស្គាល់។ លោក​បន្ត​ថា ពលរដ្ឋ​ដែល​ប្រឆាំង​នឹង​លោក​ខ្លាំង គឺ​មាន​ចេតនា​ឈ្នានីស​លោក​ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណា​លោក​ថា រឿង​នេះ​ក៏​មាន​ការ​សម្រប​សម្រួល​នៅ​ថ្នាក់​ស្រុក ដើម្បី​ឲ្យ​បើក​ផ្លូវ ហើយ​លោក​ក៏​យល់​ព្រម​បើក​ដល់ ៧​ម៉ែត្រ ដោយ​យល់​ថា ៧​ម៉ែត្រ​រទេះគោ​អាច​ជៀស​គ្នា​បាន ប៉ុន្តែ​ការ​ស្នើ​លើស​ពី​នេះ លោក​មិន​យល់​ព្រម​ទេ៖ «បង​ឲ្យ​យោបល់​ខ្ញុំ​ម៉ា​ម៉ាត់​មើល! របង​ខ្ញុំ​ធ្វើ​ជា​មធ្យម​ថា ៤​ឆ្នាំ​ចុះ បើ​ខ្ញុំ​ធ្វើ​ខុស​ម្ដេច​មិន​ប្រាប់​ខ្ញុំ។ ដល់​ពេល​ខ្ញុំ​ធ្វើ​របង​ព័ទ្ធ​លួស​បាន​ស្រែក»

យ៉ាង​ណា មេ​ភូមិ​អន្លង់​អក​ខាង​កើត លោក ប៉ិល ពៅ មាន​ប្រសាសន៍​ថា មេ​ប៉ុស្តិ៍​រូប​នោះ​ពិត​ជា​ធ្វើ​របង​ចូល​លើ​ដី​ផ្លូវ​មែន។ លោក​ថា ពលរដ្ឋ​ត្រូវ​ការ​ដី​ផ្លូវ​ឲ្យ​បាន​សមរម្យ​សម្រាប់​ធ្វើ​ដំណើរ ហើយ​ការ​យល់​ព្រម​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​ពួក​គាត់៖ «២​ឆ្នាំ​ហើយ ប៉ុន្តែ​ប្រជាជន​ប្រាប់​ទៅ​គាត់​មិន​ស្តាប់ គាត់​ថា​ម៉េច​គេ​រាន​ដី​បឹង​ម៉ា​គ្នោ​ពី​គ្នោ​ហើយ​មក​យក​តោង​ទាម​ខ្ញុំ»

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​កងមាស លោក មឿន ផា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​អស់​លទ្ធភាព​សម្រប​សម្រួល​ហើយ ពីព្រោះ​អាជ្ញាធរ​បាន​សម្រប​សម្រួល​បី​ដង ប៉ុន្តែ​នៅ​មិន​អាច​រក​ចំណុច​រួម​បាន។ ដូច្នេះ សំណុំ​រឿង​នេះ​លោក​ថា​មាន​តែ​បញ្ជូន​ទៅ​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ។

ដោយ​ឡែក​មន្ត្រី​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​កំពង់ចាម លោក វ៉ន សេងធុយ ឲ្យ​ដឹង​ថា ការ​ទាមទារ​របស់​ពលរដ្ឋ គឺ​ជា​រឿង​ត្រឹមត្រូវ ពីព្រោះ​ពួក​គាត់​មាន​សិទ្ធិ​ទាមទារ​តាម​បណ្ដឹង​ទៅ​តុលាការ។ តាម​ការ​អង្កេត​របស់​លោក​ឃើញ​ថា ករណី​នេះ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​រវាង​ទំហំ​ក្បាល​ដី​របស់​មេ​ ប៉ុស្តិ៍ និង​ឯកសារ​របស់​ប្រធាន​ក្រុម​បែង​ចែក​ដី​មាន​ជម្លោះ​នោះ កាល​ពី​សម័យ​រដ្ឋ​កម្ពុជា។ លោក​បញ្ជាក់​ថា ខាង​លោក​គ្រោង​ដាក់​ពាក្យ​បណ្ដឹង​បញ្ហា​នេះ​ទៅ​តុលាការ​តាម​ការ​ស្នើសុំ​ របស់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។