ពលរដ្ឋភូមិទ្រា៤រងផលប៉ះពាល់ពីទឹកស្អុយលិចផ្ទះទាមទារសំណងពីក្រុមហ៊ុនចាក់ដីលុបបឹង
2016.02.07
ប្រជាពលរដ្ឋ ៤គ្រួសាររស់នៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទាមទារឲ្យអាជ្ញាធរជួយដោះស្រាយប្រាក់សំណង ដែលក្រុមហ៊ុនឯកជនចាក់ដីលុបបឹងក្រពើ បណ្ដាលឲ្យទឹកស្អុយ និងភក់លិចចូលផ្ទះ បាក់បែកខូចខាតផ្ទះ និងទ្រព្យសម្បត្តិរបស់ពួកគាត់។
ឆ្លើយតបបញ្ហានេះ សាលាក្រុងភ្នំពេញ ជំរុញឲ្យក្រុមហ៊ុន សូនី របស់ លោក ណឹម ម៉េង ដោះស្រាយសំណងជូនពលរដ្ឋទាំងនោះ។
ប្រជាពលរដ្ឋ ៣គ្រួសារដែលមានផ្ទះ និងម្ចាស់រោងចក្រដែក ដាក់គើ (Dake) នៅអមសងខាងប្រឡាយបង្ហូរទឹកស្អុយបឹងក្រពើ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ទាមទារឲ្យក្រុមហ៊ុន សូនី របស់លោកឧកញ៉ា ណឹម ម៉េង ផ្តល់សំណងលើការបាក់ផ្ទះ និងខូចខាតសំណង់រោងចក្រ។
ប្រជាពលរដ្ឋរងផលប៉ះពាល់អះអាងថា ការចាក់ដីលុបបឹងក្រពើដោយ លោក ណឹម ម៉េង នេះ បណ្ដាលឲ្យដីភក់ដីល្បាប់ច្រាល់បាក់ផ្ទះលោកស្រីទាំងស្រុង និងខូចខាតសម្ភារៈជាច្រើនផ្សេងទៀត។ លោកស្រីបន្តថា លោកស្រីទាមទារសំណង ៨ពាន់ដុល្លារលើការខូចខាត និងបាក់ផ្ទះនោះ ប៉ុន្តែក្រុមហ៊ុន សូនី មិនព្រមនោះទេ៖ «ប្ដឹងទៅនេះចង្អុលទៅនោះ ទៅខណ្ឌទៅបង ទៅក្រុងទៅបង។ ខ្ញុំអត់ហ៊ានទេ គេខ្នងធំណាស់ ខ្លាំងណាស់ បងឯងគិតមើល គេចាក់ដីធំប៉ុណ្ណឹង តើគេខ្នងធំប៉ុណ្ណា? ដល់អាជ្ញាធរនិយាយចឹង តើប្រជាពលរដ្ឋទៅពឹងអីវិញ ទៅពឹងពីណា? ដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ អត់ហ៊ានផងហ្នឹង»។
ពលរដ្ឋទាំងនោះបន្តថា អាជ្ញាធរ និងក្រុមហ៊ុន ពុំបានជូនដំណឹង និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋជាមុននោះទេ ហើយថែមទាំងបញ្ជាឲ្យពួកគាត់រុះរើផ្ទះចេញ ដោយផ្តល់សំណងត្រឹម ៥ពាន់ដុល្លារ។
ពលរដ្ឋមួយរូបទៀត លោកស្រី ផាន់ ណា និយាយថា ប្រជាពលរដ្ឋដែលរងការបណ្ដេញចេញពីលំនៅឋានដោយសារការអភិវឌ្ឍនោះមាន ៦គ្រួសារ។ លោកស្រីបន្តថា អាជ្ញាធរបង្ខំឲ្យពួកគាត់ទទួលយកសំណងចំនួន ៥ពាន់ដុល្លារនៅថ្ងៃទី៣ ខែកុម្ភៈ ហើយថាបើមិនទទួលយកនៅថ្ងៃនេះទេ ពួកគាត់នឹងពុំបានអ្វីទាំងអស់៖ «ធ្វើម៉េចទេ គេអត់ខ្វល់សោះចឹង សុំតែ ៨ពាន់ដុល្លារសោះហ្នឹង។ ពិបាកដល់ហើយ ផ្ទះពាក់កណ្ដាលក្រោយដាច់អស់អាលីង ហូរទៅតាមទឹកអស់ ដឹងធ្វើម៉េច បើគេអត់ព្រមអ្វីសោះចឹង»។
អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ឡុង ឌីម៉ង់ និយាយថា សាលាក្រុងកំពុងសិក្សាដោះស្រាយបញ្ហានេះ និងតម្រូវឲ្យក្រុមហ៊ុន សូនី របស់ លោក ណឹម ម៉េង ទទួលខុសត្រូវលើផលប៉ះពាល់ចំពោះប្រជាពលរដ្ឋនៅទីនោះ។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការពន្យល់ពីក្រុមហ៊ុន សូនី បានទេនៅថ្ងៃទី៦ ខែកុម្ភៈ ដោយមន្ត្រីអាជ្ញាធរមូលដ្ឋានបដិសេធថា មិនស្គាល់ លោក ណឹម ម៉េង នោះទេ។
នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា លោក អៀ វុទ្ធី លើកឡើងថា រដ្ឋាភិបាលត្រូវតែគោរពសិទ្ធិពលរដ្ឋ និងត្រូវកំណត់ស្តង់ដារតម្លៃមួយឲ្យបានសមស្របទៅតាមស្ថានភាពជាក់ស្តែង និងទំហំផ្ទះ ដី និងការខូចខាតផ្សេងៗ។ លោកបន្តថា ការចាក់ដីលុបបឹងបណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ និងប៉ះពាល់បរិស្ថាននេះ គឺជាការរំលោភសិទ្ធិប្រជាពលរដ្ឋ និងច្បាប់កម្ពុជា៖ «បើមើលស្ថានភាពជាក់ស្តែង ៥ពាន់ ៨ពាន់ដុល្លារ សួរថាអាចទិញផ្ទះបានទេ? យោបល់ខ្ញុំ គឺមិនអាចទិញបានទេ។ យើងគិតមើល ពលរដ្ឋនៅបឹងកក់ ៨ពាន់ដុល្លារ គឺជួលផ្ទះគេនៅហ្នឹង។ យើងមិនឃើញរដ្ឋាភិបាលដោះស្រាយបញ្ហាដដែលនោះទេ»។
លោកបន្តថា រដ្ឋាភិបាលគួរតែសិក្សាឲ្យបានច្បាស់លាស់លើផលប៉ះពាល់លើប្រជាពលរដ្ឋ មុនសម្រេចចិត្តផ្តល់កន្លែងណាមួយឲ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍ៕