ពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​តវ៉ា​លើក​ទី​៣៤​ទាមទារ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង

ដោយ ហ៊ុំ ចំរើន
2016.12.27
ជម្លោះ​ដីធ្លី​ផ្លូវ​រថភ្លើង ប៉ោយប៉ែត ២០១៦ ៨៥៥ ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ តវ៉ា​មុខ​សាលា​ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ប្រជាពលរដ្ឋ​ជាង ២០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៥០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ បន្ត​តវ៉ា​សាជាថ្មី​នៅ​មុខ​សាលា​ក្រុង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់ ប៉ុន្តែ​ពុំ​មាន​អាជ្ញាធរ​ណា​ចេញ​ទៅ​ជួប​ពួក​គាត់ ដើម្បី​ពិភាក្សា​ដោះស្រាយ​ឡើយ។

នេះ​ជា​លើក​ទី​៣៤ ហើយ​ដែល​ក្រុម​អ្នក​តវ៉ា ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ពាក់ព័ន្ធ ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង ជូន​ពួក​គាត់​នោះ។

តំណាង​អ្នក​តវ៉ា​ម្នាក់​រស់នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត លោក វន វ័ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ធ្នូ ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ពាក់ព័ន្ធ ហាក់​មិន​អើពើ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់ ដែល​ជា​ពលរដ្ឋ​ក្រីក្រ​នោះ​ទេ។ លោក​អំពាវនាវ​សាជាថ្មី សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ពាក់ព័ន្ធ ពន្លឿន​ដោះស្រាយ​សំណង​ប៉ះពាល់​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។

លោក​បន្ថែម​ថា ពួក​គាត់​មិន​ហ៊ាន​ចេញ​ទៅ​រក​ការងារ​ធ្វើ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​សង់​ផ្លូវ​រថភ្លើង ហើយ​រំលោភ​លើ​ដី និង​ផ្ទះ​របស់​ពួក​គាត់៖ «ពួក​គាត់ ខ្ញុំ​អត់​មាន​ភាព​កក់ក្ដៅ​ទេ ព្រោះ​អាជ្ញាធរ​មិន​បាន​ដោះស្រាយ​តាម​ការ​ទាមទារ។ ពួក​គាត់​តវ៉ា​ថ្ងៃ​នេះ​ដាក់​ឆ្នាំង​បាយ មាន​កន្ទេល មាន​ខ្នើយ ដាក់​រួម​គ្នា​ដើរ​អូស​តាម​ផ្លូវ​ទៅ​មក​មុខ​សាលា​ក្រុង គឺ​ឲ្យ​តំណាង​ឲ្យ​ជា​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ក្រោយ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​រង​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ម៉ែន សុភ័ណ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ធ្នូ។

កន្លង​មក លោក ម៉ែន សុភ័ណ ធ្លាប់​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​មិន​អាច​ដោះស្រាយ​ជូន​ពួក​គាត់​បាន​ទេ ដោយសារ​ពួក​គាត់​ភាគច្រើន​មិន​ស្ថិត​នៅ​ក្នុង​គម្រោង​ដែល​ត្រូវ​ដោះស្រាយ។ លោក​ថា ពលរដ្ឋ​បន្ត​រស់នៅ​លើ​ដី​នោះ​បណ្ដោះអាសន្ន​បាន ហើយ​ប្រសិន​បើ​សង់​ផ្លូវ​រថភ្លើង​ប៉ះពាល់ គឺ​អាជ្ញាធរ​នឹង​ពិនិត្យ​ដោះស្រាយ​នៅ​ពេល​ក្រោយ។

ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា ទាមទារ​ឲ្យ​អាជ្ញាធរ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ពួក​គាត់​ទុក​ជា​ឯកសារ​បង្ហាញ​នៅ​ថ្ងៃ​ក្រោយ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន កត់​សម្គាល់​ថា ពលរដ្ឋ​ដែល​តវ៉ា គឺ​ភាគច្រើន​រស់នៅ​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់។ លោក ភុន ឈិន បន្ថែម​ថា បញ្ហា​នេះ​ប្រសិន​បើ​អាជ្ញាធរ​ទុក​ចាំ​ដោះស្រាយ​ពេល​ក្រោយ គឺ​មិន​ល្អ​ឡើយ ព្រោះ​ជា​រឿង​ដែល​ត្រូវ​ដោះស្រាយ​ដូច​គ្នា៖ «កន្លង​មក​យើង​ឃើញ​ថា ខាង​សាលា​ក្រុង​តែងតែ​ធ្វើ​លិខិត​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ទាំងអស់​នោះ​រុះរើ​ផ្ទះ​ចាកចេញ ថ្វី​បើ​មិន​ប៉ះពាល់ តែ​គេ​ឲ្យ​ចាកចេញ។ អ៊ីចឹង​ការ​ជូន​ដំណឹង​មាន​ភាព​ជា​សាធារណៈ​ពេក ដែល​នាំ​ឲ្យ​អ្នក​រស់នៅ​នោះ​គាត់​នៅ​តែ​មាន​ការ​បារម្ភ និង​ភ័យ​ខ្លាច។ អ៊ីចឹង​ដើម្បី​ឲ្យ​បាន​ច្បាស់លាស់ សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចេញ​លិខិត​ឲ្យ​ចំៗ​ឈ្មោះ​បុគ្គល​ដែល​នៅ​ទីនោះ​តែ​ម្ដង​ទៅ ដើម្បី​ឲ្យ​ពួក​គាត់​នោះ​ដឹង​ថា ពួក​គាត់​រង​ផល​ប៉ះពាល់ ឬ​មិន​ប៉ះពាល់»

ក្រុម​អ្នក​តវ៉ា ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ទៅ​តាម​តម្លៃ​ដី​ទីផ្សារ ឬ​តាម​ការ​ជាក់ស្ដែង​ដែល​អាច​ទទួល​យក​បាន។ ពលរដ្ឋ​បាន​រំសាយ​ការ​តវ៉ា​ទៅ​វិញ បន្ទាប់​ពី​ពួក​គាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​នៅ​មុខ​សាលា​ក្រុង​ប្រមាណ​ជាង ១​ម៉ោង​កន្លះ ហើយ​ពុំ​ទទួល​បាន​លទ្ធផល។

ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​នឹង​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​ជូន​ពួក​គាត់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។