ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​បាត់ដំបង​ខក​ចិត្ត​នឹង​អាជ្ញាធរ​មិន​ឲ្យ​ជួប​លោក ហ៊ុន សែន

ដោយ ហ៊ុំ ចំរើន
2016.07.21
ជម្លោះ​ដីធ្លី បាត់ដំបង ២០១៦ ៨៥៥ មិថុនា-២០១៦៖ ទីតាំង​ដី​ទំនាស់​ដែល​ប្រជាពលរដ្ឋ​អះអាង​ថា​ជា​ដី​បឹង​បុរាណ​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ Photo Provided
Photo Provided

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ៩​នាក់​តំណាង​ឲ្យ​ជាង ១០០​គ្រួសារ​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ត្រូវ​បាន​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ចូល​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ អ្នក​ភូមិ​ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​ដោះស្រាយ​យក​ដី​ទំនាស់​ស្ដារ​ធ្វើ​ជា​ស្រះ​ទឹក ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​នៅ​ក្នុង​មូលដ្ឋាន។

ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​ស្រុក​សង្កែ ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​បាន​រារាំង​មិន​ឲ្យ​ចូល​ជួប​លោក​នាយក​រដ្ឋមន្ត្រី ថា​ជា​រឿង​មួយ​មិន​យល់​អំពី​ទុក្ខ​លំបាក​របស់​ពួក​គាត់។

លោក ហ៊ុន សែន ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន នៅ​ក្រុង​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា។

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង ថ្លែង​ថា ពួក​គាត់​មាន​បំណង​នាំ​ឯកសារ​ប្រគល់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ពោធ​ប្រព័ន្ធ​ចម្រោះ​ទឹក​នៅ​ក្រុង​បាត់ដំបង ដើម្បី​ជួយ​ដោះស្រាយ​ទំនាស់​ដី​របស់​ពួក​គាត់។ អ្នក​ភូមិ​អះអាង​ថា ផ្ទៃ​ដី​ទំនាស់​ទទឹង​ប្រមាណ ៥០​ម៉ែត្រ និង​បណ្ដោយ ៧០​ម៉ែត្រ​ស្ថិត​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់ព្រៀង មាន​ទំនាស់​ជាមួយ​អ្នក​មាន​ទ្រព្យ​ធន​ម្នាក់​ក្នុង​ខេត្ត​បាត់ដំបង ប៉ុន្តែ​ពួក​គាត់​មិន​ចាំ​ឈ្មោះ​នោះ​ទេ និង​មាន​ទំនាស់​តាំង​ពី​ឆ្នាំ​២០១០ មក។

អ្នក​ភូមិ​បញ្ជាក់​ថា ដើម​ឡើយ​ដី​នោះ​ជា​ដី​បឹង​បុរាណ ដែល​ពួក​គាត់​ជាង ១០០​គ្រួសារ​យក​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ក្រោយ​មក ពួក​គាត់​មាន​គម្រោង​ស្ដារ​បឹង​នេះ​ឲ្យ​ជ្រៅ ដើម្បី​បាន​ទឹក​ស្រោចស្រព​ផល​ដំណាំ។ អ្នក​ភូមិ​បន្ថែម​ថា ភាគី​ទំនាស់​អះអាង​ថា ដី​នោះ​ជា​របស់​ខ្លួន ហើយ​បាន​រារាំង​មិន​ឲ្យ​ពួក​គាត់​ស្ដារ​បឹង​នោះ​ឡើយ៖ «បាទ! មូលហេតុ​ដោយ​ពួក​ខ្ញុំ​ចង់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ព្រោះ​ពួក​យើង​ត្រូវ​ការ​ទឹក​ប្រើប្រាស់។ បើ​សិន​ជា​យើង​បណ្ដោយ​ឲ្យ​គេ​យក​ដី​នោះ គេ​ចាក់​ដី​នៅ​លើ​ដី​ទំនាស់​នោះ ហើយ​ទឹក​វា​នឹង​ឡើង​លិច​ផ្លូវ​ជាតិ និង​លិច​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ទាំង​ភូមិ​តែ​ម្ដង»

អ្នក​ភូមិ​ព្រួយ​បារម្ភ​ខ្លាច​ដី​បឹង​បុរាណ​នោះ​ធ្លាក់​ទៅ​ជា​កម្មសិទ្ធិ​ឯកជន និង​ធ្វើ​ឲ្យ​ពួក​គាត់​គ្មាន​ទឹក​ប្រើប្រាស់ និង​ស្រោចស្រព​ផល​ដំណាំ នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ភាគី​ទំនាស់ គឺ​អ្នកស្រី ម៉ាក់ ចាន់ថន ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ កក្កដា។

រីឯ​អភិបាល​ស្រុក​សង្កែ លោក គឹម វណ្ណៈ មាន​ប្រសាសន៍​ថា ភាគី​ទំនាស់​ឈ្មោះ ម៉ាក់ ចាន់ថន ជា​ពលរដ្ឋ​រស់នៅ​ខេត្ត​បាត់ដំបង។ លោក​បញ្ជាក់​ថា រឿង​ទំនាស់​នេះ​កើត​ឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​លោក​ថា លោក​ទើប​ឡើង​កាន់​តំណែង​អភិបាល​ស្រុក​ជិត​មួយ​ឆ្នាំ​ទេ។ លោក​អះអាង​ថា អាជ្ញាធរ​ស្រុក​បាន​បង្កើត​គណៈកម្មការ​ចុះ​ស្រាវជ្រាវ​លើ​ការងារ​នេះ​រួច​មក​ហើយ៖ «យើង​ធ្វើ​នេះ​គឺ​អនុវត្ត​តាម​នីតិវិធី​គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក ហើយ​បាន​ដំណើរ​ការ​បាន​មួយ​ជំហាន​ហើយ។ ឥឡូវ​ភាគី​ម្ខាង​ទៀត​គាត់​បាន​ប្ដឹង​មក​ខាង​ស្រុក​ហើយ។ ម្យ៉ាង​ទៀត ខាង​ស្រុក​ក៏​បាន​ទទួល​សំណើ​របស់​ប្រជាពលរដ្ឋ​ហើយ​ដែរ គឺ​យើង​នៅ​តែ​រង់ចាំ​ពេលវេលា​ដោះស្រាយ​ជូន​ពួក​គាត់​ទេ»

ទោះ​បី​ជា​យ៉ាង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ចង់​ចូល​ជួប​លោក​នាយក​រដ្ឋមន្ត្រី ដោយសារ​ពួក​គាត់​គ្មាន​ជំនឿ​នឹង​ការ​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន៖ «យើង​សង្កេត​ឃើញ​រឿង​ទំនាស់​ដីធ្លី និង​ទំនាស់​ទ្រព្យ​សម្បត្តិ​សាធារណៈ​ក្នុង​ខេត្ត​បាត់ដំបង តាំង​ពី​ឆ្នាំ​២០០០ មក នៅ​សល់​ស្ទើរ​ទាំងអស់ គឺ​អាជ្ញាធរ​បាន​ត្រឹម​តែ​សន្យា​ដោយ​ពុំ​បាន​ដោះស្រាយ​នៅ​ឡើយ»

កន្លង​មក ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ស្រុក​សង្កែ និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង ឲ្យ​ជួយ​ដោះស្រាយ​ពួក​គាត់​ជាច្រើន​លើក​មក​ហើយ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល។ សមត្ថកិច្ច​បាន​នាំ​ពលរដ្ឋ​មាន​ទំនាស់​ដី​ទាំង ៩​នាក់​ចេញ​ពី​វេទិកា ដោយ​បញ្ជូន​ពួក​គាត់​ទៅ​ដោះស្រាយ​នៅ​សាលា​ខេត្ត​វិញ។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​រង់ចាំ​មិន​ឃើញ​អាជ្ញាធរ​មក​ជួប​ពួក​គាត់​ជិត​មួយ​ម៉ោង​នៅ​មុខ​សាលា​ខេត្ត​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។