ពលរដ្ឋ​រស់នៅ​អម​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត​តវ៉ា​លើក​ទី​៤២​ទាមទារ​សំណង​ផល​ប៉ះពាល់

ដោយ ហ៊ុំ ចំរើន
2017-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​ផ្លូវ​រថភ្លើង​តវ៉ា​លើក​ទី​៤២ នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​ផ្លូវ​រថភ្លើង​តវ៉ា​លើក​ទី​៤២ នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ប្រជាពលរដ្ឋ​ប្រមាណ ១០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៥០​គ្រួសារ ដែល​រស់នៅ​អម​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មករា បន្ត​តវ៉ា​សាជាថ្មី​នៅ​មុខ​សាលា​ក្រុង ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ប៉ះពាល់​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់។

នេះ​ជា​លើក​ទី​៤២ ហើយ​ដែល​ក្រុម​អ្នក​តវ៉ា ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត។

តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​រស់នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត លោក វន វ័ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មករា ថា អាជ្ញាធរ​សង់​ផ្លូវ​រថភ្លើង​កាន់​តែ​ខិត​កៀក​ដល់​ផ្ទះ​របស់​ពួក​គាត់​ហើយ ក៏ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​ផ្ដល់​សំណង​ជូន​ពួក​គាត់​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ថា ពួក​គាត់​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​សំណង​ជូន​ពួក​គាត់​ទៅ​តាម​តម្លៃ​ដី​ផ្សារ និង​ឲ្យ​បាន​ឆាប់ ដើម្បី​យក​ប្រាក់​ទៅ​ទិញ​ដី​នៅ​ទីតាំង​ផ្សេង​សង់​ទីលំនៅ​ថ្មី៖ «ខ្ញុំ​មិន​សុខ​ចិត្ត​ដោយសារ​ពួក​ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​ជា​មុន​សិន ហើយ​ខ្ញុំ​មិន​ពេញចិត្ត​ដែល​អាជ្ញាធរ​មក​បាញ់​ថ្នាំ​ឲ្យ​រុះរើ​ផ្ទះ​សម្បែង​ពួក​ខ្ញុំ​ដែរ»

លោក​បន្ថែម​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​ដែល​អាច​ទទួល​យក​បាន​ទេ ពួក​គាត់​នឹង​តវ៉ា​ប្រឆាំង​មិន​ឲ្យ​សង់​ផ្លូវ​រថភ្លើង​កាត់​មុខ​ផ្ទះ​ឡើយ។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​រង​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ម៉ែន សុភ័ណ ដើម្បី​ឆ្លើយតប​នឹង​ការ​ទាមទារ​របស់​ក្រុម​អ្នក​តវ៉ា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ មករា។ ប៉ុន្តែ​លោក ម៉ែន សុភ័ណ ធ្លាប់​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​តវ៉ា​មិន​ស្ថិត​ក្នុង​គម្រោង​ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​នោះ​ទេ។ លោក​បន្ថែម​ថា អាជ្ញាធរ​ក្រុង​ក៏​មិន​អាច​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​ពួក​គាត់​ទាំងនោះ​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​តវ៉ា​ដោយសារ​ពួក​គាត់​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​នៅ​ពេល​ដែល​អាជ្ញាធរ​សង់​ផ្លូវ​រថភ្លើង ហើយ​ប៉ះ​ចំ​ផ្ទះ និង​ដី​របស់​ពួក​គាត់ ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​ធ្វើ​ដំណើរ និង​គ្មាន​ទី​ស្នាក់​អាស្រ័យ។ លោក​កត់​សម្គាល់​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ហាក់​មាន​ចេតនា​មិន​ចង់​ដោះស្រាយ​ឲ្យ​ក្រុម​អ្នក​តវ៉ា ហើយ​ចង់​ឲ្យ​ពួក​គាត់​អង្វរ​សុំ​អាជ្ញាធរ ជា​ជាង​ជ្រើស​យក​ការ​តវ៉ា៖ «ព្រោះ​ថា​នៅ​ពេលខាង​មុខ​ត្រូវ​ការ​បោះឆ្នោត អ៊ីចឹង​បើ​សិន​ជា​អាជ្ញាធរ​ដេញ ខ្លាច​ប៉ះពាល់​ខូច​សន្លឹក​ឆ្នោត​របស់​គណបក្ស​ខ្លួន។ ហើយ​ទី​២ ប្រសិន​ជា​ប្រជាពលរដ្ឋ​អង្វរករ​ដោយ​គាំទ្រ​ខាង​បក្ស​ខ្លួន​អ៊ីចឹង​ទៅ ប្រហែល​ជា​មាន​ការ​ខ្នះខ្នែង​ដោះស្រាយ​ច្រើន។ តែ​អ្វី​ដែល​សំខាន់ អ្នក​ដែល​រងគ្រោះ គឺ​ប្រជាពលរដ្ឋ»

ពលរដ្ឋ​តវ៉ា​លើក​ទី​៤២ នេះ ក៏​មិន​ខុស​ពី​ពេល​មុនៗ​ដែរ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ចេញ​ទៅ​ជួប​ដោះស្រាយ​ជាមួយ​ពួក​គាត់​ឡើយ។ ប្រជាពលរដ្ឋ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​តវ៉ា​អស់​ជាង ១​ម៉ោង​នៅ​មុខ​សាលា​ក្រុង។ ក្រុម​អ្នក​តវ៉ា​អះអាង​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ដោះស្រាយ​ផ្ដល់​សំណង​ជូន​ពួក​គាត់ ដែល​អាច​ទទួល​យក​បាន​ទេ នោះ​ពួក​គាត់​នឹង​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល