ពលរដ្ឋ​ឃុំ​ជាំក្រវៀន​ប្ដឹង​ក្រុមហ៊ុន ម៉ែន សារុន ករណី​ជីក​ប្រឡាយ​ផ្ដាច់​ផ្លូវ​ទៅ​កាន់​ស្រែ​ចម្ការ

ដោយ សូត សុខប្រាថ្នា
2017.01.17
ជម្លោះ​ដីធ្លី ម៉ែន សារុន ត្បូងឃ្មុំ ២០១៧ ៨៥៥ ប្រជា​សហគមន៍​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​ពិភាក្សា​ដើម្បី​រៀបចំ​ពាក្យ​បណ្ដឹង​ប្ដឹង​ក្រុមហ៊ុន ម៉ែន សារុន ទៅ​តុលាការ ជុំវិញ​ករណី​ជីក​ផ្តាច់​ផ្លូវ​សាធារណៈ​ទៅ​កាន់​ដី​ស្រែ​ចម្ការ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ សម្រេច​ប្ដឹង​តំណាង​ក្រុមហ៊ុន ម៉ែន សារុន ទៅ​តុលាការ ជុំវិញ​ការ​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​សាធារណៈ​មិន​ឲ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​ដី​ស្រែ​ចម្ការ។ ការ​សម្រេច​ដាក់​ពាក្យ​ប្ដឹង​នេះ ក្រោយ​ពេល​ពលរដ្ឋ​បាន​ដាក់​ពាក្យ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​គ្មាន​ចំណាត់ការ​ឡើយ។ តំណាង​ក្រុមហ៊ុន​លើក​ឡើង​ថា ទីតាំង​ដែល​ក្រុមហ៊ុន​ជីក​នោះ ពុំ​មែន​ជា​ផ្លូវ​សាធារណៈ​ដូច​ការ​លើក​ឡើង​ទេ ប៉ុន្តែ​ជា​ការ​ជីក​ប្រឡាយ​កំណត់​ព្រំ​ដី​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។

អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ជម្លោះ​ជីក​ផ្តាច់​ផ្លូវ​សាធារណៈ​នៅ​ឃុំ​ជាំក្រវៀន នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​បាន​ដាក់​លិខិត​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ។

ប្រជា​សហគមន៍​សម្រេច​ប្ដឹង​ភាគី​ក្រុមហ៊ុន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៦ មករា ដោយ​ស្នើ​ឲ្យ​ភាគី​ក្រុមហ៊ុន​ផ្តល់​សំណង​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ និង​ទាមទារ​ឲ្យ​ខាង​ក្រុមហ៊ុន​ជីក​លុប​ប្រឡាយ​នោះ​វិញ។ ក្រៅ​ពី​នេះ តំណាង​សហគមន៍​ក៏​ត្រៀម​បញ្ជូន​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ចាត់​វិធានការ​លើ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែល​អសកម្ម មិន​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់។

ប្រជា​សហគមន៍​នៅ​ឃុំ​ជាំក្រវៀន លោក កម ស្រស់ មាន​សាសន៍​ថា ពួក​គាត់​សម្រេច​ប្ដឹង​ភាគី​ក្រុមហ៊ុន ម៉ែន សារុន ទៅ​តុលាការ ពីព្រោះ​តែ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់​បាន។ បញ្ហា​ប្រឈម​ទាំងនោះ​ដូចជា ដំណាំ​ស្រូវ ដំឡូងមី ជ័រ​កៅស៊ូ​រង​ការ​ខូចខាត​អស់​មួយ​ចំនួន ដោយសារ​គ្មាន​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ចេញ​ទៅ​ផ្ទះ​សម្បែង​បាន៖ «អ៊ីចឹង​បាន​ជា​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រួម​មតិ​គ្នា​ប្ដឹង​ក្រុមហ៊ុន ម៉ែន សារុន ប្ដឹង​អាជ្ញាធរ​ឃុំ ដែល​គាត់​អសកម្ម​មិន​អាច​ដោះស្រាយ​បាន»

ករណី​ជីក​ផ្តាច់​ផ្លូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ដី​ក្រុមហ៊ុន ម៉ែន សារុន ទៅ​កាន់​ដី​ចម្ការ​របស់​ពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ គឺ​កើត​ឡើង​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦។ រហូត​ដល់​ថ្ងៃ​ទី​៨ វិច្ឆិកា ពលរដ្ឋ​បាន​ដាក់​លិខិត​អន្តរាគមន៍​មួយ​ច្បាប់​ទៅ​អាជ្ញាធរ​ឃុំ​ជាំក្រវៀន ហើយ​អាជ្ញាធរ​បាន​ចុះ​មើល​សកម្មភាព​កាត់​ផ្តាច់​ផ្លូវ​នោះ​ដែរ ប៉ុន្តែ​មិន​ឃើញ​មាន​ចំណាត់ការ​លើ​ក្រុមហ៊ុន​ឡើយ។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​ដាក់​ចូល​ទៅ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៦ មករា គឺ​បញ្ជាក់​ថា ភាគី​ក្រុមហ៊ុន​ជីក​ផ្តាច់​ផ្លូវ​នោះ​មាន​បំណង​ធ្វើ​បាប​ប្រជាពលរដ្ឋ​មិន​ឲ្យ​ពួក​គាត់​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​ទៅ​កាន់​ដី​ចម្ការ​របស់​ខ្លួន​តែ​ម្តង។ ទង្វើ​នេះ គឺ​ផ្ទុយ​ទៅ​នឹង​សេចក្តី​ជូន​ដំណឹង​របស់​រាជ​រដ្ឋាភិបាល ព្រម​ទាំង​ប្រកាស​របស់​ទេសរដ្ឋមន្ត្រី ថា​នឹង​កាត់​ដី​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន ម៉ែន សារុន ជិត ២​ពាន់​ហិកតារ​ជូន​ពលរដ្ឋ​ជាង ៦០០​គ្រួសារ ក្នុង​ទម្រង់​ដី​សម្បទាន​សង្គមកិច្ច​ថែម​ទៀត។

ស្រដៀង​គ្នា​នេះ តំណាង​ពលរដ្ឋ​នៅ​ឃុំ​ទន្លូង មួយ​រូប​ទៀត លោក យ៉ែម គង់ មើល​ឃើញ​ថា អាជ្ញាធរ​ឃុំ គឺ​មិន​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​ឡើយ ហើយ​ចេះ​តែ​ពន្យារ​ពេល​រហូត​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​របស់​ពួក​គាត់​ខូចខាត​អស់​ជាច្រើន។ ស្រូវ​ពលរដ្ឋ​ខ្លះ​ដុះ​នៅ​វាល​ស្រែ​តែ​ម្តង ដំឡូង​ត្រូវ​រលួយ​មើម ហើយ​កៅស៊ូ​ចៀរ​ជ័រ​រួច ត្រូវ​ខូចខាត​ជាដើម៖ «ខ្ញុំ​យល់​ឃើញ​ថា អាជ្ញាធរ​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ឡើយ»

ប្រជា​សហគមន៍​ទាំងនេះ​សង្ឃឹម​ថា តុលាការ​នឹង​អាច​រក​យុត្តិធម៌​ជូន​ពួក​គាត់ ម្យ៉ាង​សង្ឃឹម​ថា​រឿង​ក្តី​នេះ​អាច​នឹង​ត្រូវ​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ។

ទីតាំង​ដី​ក្រុមហ៊ុន ម៉ែន សារុន នៅ​ចំណុច​ឃុំ​ជាំក្រវៀន ជាប់​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ប្រជា​សហគមន៍​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​ធ្វើ​ដំណើរ។ រូបថត​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ Photo Provided
ទីតាំង​ដី​ក្រុមហ៊ុន ម៉ែន សារុន នៅ​ចំណុច​ឃុំ​ជាំក្រវៀន ជាប់​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ប្រជា​សហគមន៍​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​ធ្វើ​ដំណើរ។ រូបថត​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ Photo Provided
Photo Provided


ទាក់ទង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ មករា ថា តំបន់​ដែល​ក្រុមហ៊ុន​ជីក​ប្រឡាយ គឺ​ជា​ទីតាំង​ដែល​អាជ្ញាធរ​កំណត់​ព្រំ​ដី​ជូន​ក្រុមហ៊ុន ហើយ​ពុំ​មែន​ជា​ផ្លូវ​សាធារណៈ​ដូច​ការ​លើក​ឡើង​ទេ។ បន្ថែម​ពី​នេះ ការ​ជីក​ប្រឡាយ គឺ​ដើម្បី​បង្ការ​មិន​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​ចូល​ទីតាំង​ក្រុមហ៊ុន ឬ​ចម្ការ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ចំពោះ​ការ​ដាក់​ពាក្យ​ប្ដឹង​របស់​ប្រជា​សហគមន៍​វិញ លោក វាសនា បញ្ជាក់​ថា នៅ​មិន​ទាន់​ទទួល​ព័ត៌មាន​នៅ​ឡើយ​ទេ៖ «តាម​ពិត​ទៅ យើង​កាយ​ទៅ​តាម​ខេត្ត​កំណត់​ព្រំ​ដី​ឲ្យ​យើង​ទេ មិន​មែន​ដើម្បី​ផ្តាច់​ផ្លូវ​គាត់​ទេ»

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​ជាំក្រវៀន និង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ មករា។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ មេ​ឃុំ​ជាំក្រវៀន លោក អ៊ួច យឿន ធ្លាប់​មាន​ប្រសាសន៍​ថា លោក​នឹង​កោះ​ហៅ​ភាគី​ក្រុមហ៊ុន​មក​ជួប​គ្នា​ដោះស្រាយ​ជុំវិញ​ករណី​នេះ ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​តាម​ការ​អះអាង​របស់​ខ្លួន​ឡើយ។ កាលណោះ លោក​បញ្ជាក់​ដែរ​ថា សកម្មភាព​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​សាធារណៈ​ពី​សំណាក់​ក្រុមហ៊ុន គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។

ក្រោយ​ពេល​ភាគី​ក្រុមហ៊ុន​បាន​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​កាល​ពី​ខែ​កញ្ញា រួច​មក អ្នក​ភូមិ​នាំ​គ្នា​ដឹក​ផលិតផល​កសិកម្ម​ឆ្លង​កាត់​តំបន់​នោះ ដោយ​មធ្យោបាយ​តម្រៀប​កំណាត់​ឈើ ឬ​កំណាត់​ឫស្សី ដើម្បី​ឆ្លង ហើយ​ពេល​ខ្លះ​ពួក​គាត់​ត្រូវ​លី​សែង​ផលិតផល​របស់​ខ្លួន​ឆ្លង​ឲ្យ​ផុត​ប្រឡាយ​នោះ​ទៀត​ផង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) នៅ​ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ការ​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន គឺ​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​អ្នក​ដែល​មិន​បាន​ដោះស្រាយ​បណ្ដឹង​របស់​ពលរដ្ឋ​ទៅ​វិញ​ទេ ទើប​ជា​អ្នក​ខុស៖ «គាត់​អាច​ប្ដឹង​បាន! អា​ហ្នឹង​វា​ស្រប​តាម​ច្បាប់ ច្បាប់​គេ​សរសេរ​អ៊ីចឹង ហើយ​គាត់​ធ្វើ​តាម​ហ្នឹង គឺ​មិន​មាន​អី​ខុស​ទេ។ លើកលែង​តែ​តុលាការ ឬ​សមត្ថកិច្ច​ដោះស្រាយ​រឿង​ហ្នឹង​អត់​ធ្វើ អា​ហ្នឹង​បាន​ជា​អ្នក​ខុស»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​ក៏​មាន​សិទ្ធិ​ប្ដឹង​អាជ្ញាធរ​ទាំងឡាយ​ណា​ដែល​អសកម្ម ឬ​ព្រងើយ​កន្តើយ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់​ដែរ។ ជាង​នេះ​ទៀត ពលរដ្ឋ​មាន​សិទ្ធិ​កាត់​សេចក្តី​ចំពោះ​មន្ត្រី​អសកម្ម​ទាំងនោះ នៅ​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ ឬ​សង្កាត់ ដែល​នៅ​សល់​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត។

លោក នាង សុវ៉ាត យល់​ថា វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន ម៉ែន សារុន ជាមួយ​ប្រជាពលរដ្ឋ អាជ្ញាធរ​មួយ​ចំនួន​អាច​នឹង​ពិបាក​ដោះស្រាយ ពីព្រោះ​ខ្លាច​ប៉ះពាល់​ផល​ប្រយោជន៍​របស់​ខ្លួន។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ រាជ​រដ្ឋាភិបាល​ត្រូវ​ចៀរ​សាច់​ស្អុយ ឬ​សាច់​រលួយ​របស់​ខ្លួន​ចោល ហើយ​ដាក់​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ពលរដ្ឋ​ជំនួស​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។