អ្នក​ស្រុក​ចុងកាល់​ជាង​១៥០​គ្រួសារ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​សង​សំណង

ដោយ ហង្ស សាវយុត
2017.05.23
ផែនទី​ខេត្ត​ឧត្ដរមានជ័យ ៨៥៥ ផែនទី​ខេត្ត​ឧត្ដរមានជ័យ។
Photo: RFA

រហូត​មក​ដល់​ពេល​នេះ អ្នក​ភូមិ​ស្រះកែវ នៃ​ឃុំ​ពង្រ ស្រុក​ចុងកាល់ ដែល​ប៉ះពាល់​ដីស្រែ​ចម្ការ​រាប់​រយ​ហិកតារ​ដោយសារ​តែ​ក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ (Sino Hydro) អនុវត្ត​គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែងទី២ នោះ គឺ​មិន​ទាន់​បាន​ទទួល​សំណង​ជា​ដីស្រែ​ចម្ការ​មក​ប្រកប​របរ​កសិកម្ម​វិញ​នៅ​ឡើយ​ទេ។

អ្នក​ភូមិ​និយាយ​ថា រយៈពេល​បី​ឆ្នាំ​ហើយ គឺ​ពួកគេ​គ្មាន​ដី​ធ្វើស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​ទេ បន្ទាប់ពី​ក្រុមហ៊ុន​ចិន បាន​ទៅ​ធ្វើ​ទំនប់ទឹក​បង្ក​ឱ្យ​ប៉ះពាល់ ហើយ​មន្ត្រី​អន្តរក្រសួង​របស់​រដ្ឋាភិបាល​បាន​សន្យា​ថា នឹង​ផ្ដល់​ដីស្រែ​ចម្ការ​ថ្មី​មក​ឱ្យ​ពួកគេ​វិញ​នោះ។

អ្នក​ភូមិ​ស្រះកែវ ឃុំ​ពង្រ ជាង ១០០​នាក់ បាន​ធ្វើ​ដំណើរ​តាម​គោយន្ត និង​ម៉ូតូ​ជាច្រើន​គ្រឿង​សំដៅ​ទៅ​ទី​រួម​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​ឧសភា បំណង​ជួប​ជាមួយ​អភិបាល​ខេត្ត ព្រម​ទាំង​ជំរុញ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​សំណង​ដី​ស្រែ និង​ចម្ការ​មក​ឱ្យ​ពួកគេ​ឱ្យ​បាន​ឆាប់រហ័ស។ ក៏ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ទៅ​ទី​រួម​ខេត្ត​ឧត្តរមានជ័យ នោះ មិន​បាន​សំរេច​ឡើយ ដោយសារ​តែ​កម្លាំង​សមត្ថកិច្ច មាន​ប៉ូលិស និង​កងរាជអាវុធហត្ថ​របស់​ស្រុក​ចុងកាល់ ដាក់​រារាំង​ជា​ច្រើន​កន្លែង​មិន​ឱ្យ​ធ្វើ​ដំណើរ​ត​ទៅ​ទៀត​បាន។

បុរស​អ្នក​ភូមិ​ស្រះកែវ ម្នាក់ ក្នុង​ចំណោម​គ្នីគ្នា​ជា​ច្រើន​ទៀត ដែល​នាំ​គ្នា​ធ្វើ​ដំណើរ​សំដៅ​ទៅ​ទី​រួម​ខេត្ត​ឧត្តរមានជ័យ នោះ គឺ​លោក លី សារិទ្ធ។ លោក​អះអាង​ថា រយៈពេល ៣​ឆ្នាំ​ហើយ ដែល​រូប​លោក ក៏​ដូចជា​អ្នក​ភូមិ​ជាង ១៥០​គ្រួសារ​ផ្សេង​ទៀត បាន​រង​ការ​ប៉ះពាល់​ដី​ស្រែ​ចម្ការ ដោយសារ​តែ​ក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ ទៅ​សាងសង់​ទំនប់ទឹក​ស្ទឹងស្រែងទី២។ ដោយសារ​ការ​ប៉ះពាល់​នេះ គឺ​រដ្ឋាភិបាល​តម្រូវ​ឱ្យ​អ្នក​ភូមិ​របស់​គាត់​ផ្លាស់ប្ដូរ​ទីលំនៅ​ចេញ​ពី​កន្លែង​ដែល​ធ្លាប់​រស់​នៅ ដោយ​រដ្ឋាភិបាល​បាន​សន្យា​ថា នឹង​ចែក​ដី​ស្រែ​ចម្ការ​ថ្មី​សង​មក​ឱ្យ​អ្នកភូមិ​នោះ​វិញ ក៏​ប៉ុន្តែ​រយៈពេល ៣​ឆ្នាំ​មក​នេះ រូប​លោក​និង​អ្នក​ភូមិ​គ្មាន​ដី​ធ្វើ​កសិកម្ម​សម្រាប់​ចិញ្ចឹម​ជីវិត​នៅ​ឡើយ។

លោក លី សារិទ្ធ បញ្ជាក់​ថា ដោយសារ​តែ​ចាំ​មើល​សំណង​របស់​រដ្ឋាភិបាល​យូរ​ពេក អ្នក​ភូមិ​ក៏​នាំ​គ្នា​ឡើង​ទៅ​ខេត្ត​ឧត្តរមានជ័យ បំណង​រក​ជួប​ចៅហ្វាយ​ខេត្ត ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច រារាំង​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​បាន​ឡើយ៖ «សមត្ថកិច្ច ប៉េអឹម ប៉ូលិស គេ​កាក់​តាម​ផ្លូវ​ច្រើន​កន្លែង​ណាស់ គេ​អត់​ឱ្យ​មក​រួច។ ដី​របស់​ខ្ញុំ​ដែល​ប៉ះពាល់ ហើយ​មិន​ទាន់​បាន​សំណង​ប្រហែល​ជា ៧​ហិកតារ​ដែរ»

អ្នក​ភូមិ​ស្រះកែវ ម្នាក់​ទៀត លោកស្រី ប៉ាង លួង មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ អនុវត្ត​គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែងទី២ មក គឺ​ដីស្រែ​ចម្ការ​របស់​គាត់​បាន​ប៉ះពាល់ ដោយ​រដ្ឋាភិបាល​បាន​ចេញ​សំណង​រួច​ហើយ ក៏ប៉ុន្តែ​អ្នក​ភូមិ​របស់​គាត់​ជា​ច្រើន​ទៀត​នៅ​មិន​ទាន់​បាន​ទទួល​សំណង​ដី​ស្រែ​ចម្ការ​វិញ​នៅ​ឡើយ​ទេ។

ស្ត្រី​ដដែល​បញ្ជាក់​ថា កសិករ ដូច​អ្នក​ភូមិ​របស់​គាត់ គឺ​ទី​ពឹង​ទៅ​លើ​ដីស្រែ​ចម្ការ​សម្រាប់​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​ពុំ​ទាន់​ឃើញ​ដី​ស្រែ​ថ្មី​នៅ​កន្លែង​ណា តើ​ឱ្យ​ទីពឹង​លើ​អ្វី៖ «ដល់​ខែ​ធ្វើ​ស្រែ​ទៅ​ហើយ ប៉ុន្តែ​ចៅហ្វាយ​ខេត្ត​ថា ចែក​ដី​ស្រែ​ថ្មី ឱ្យ ១​គ្រួសារ​ទំហំ ២​ហិកតារ មិន​ដឹង​ថា​ដី​នោះ នៅ​ទី​ណា​នៅ​ឡើយ? គ្នា​អត់​ដីស្រែ​ធ្វើ ខំ​នាំ​គ្នា​ឡើង​ទៅ​ខេត្ត ប៉ុន្តែ​អភិបាល​ស្រុក​ចុងកាល់​គេ​កាក់»

អាជ្ញាធរ​ស្រុក​ចុងកាល់ បដិសេធ​ថា គេ​ពុំ​បាន​កាក់​ដំណើរ​របស់​អ្នក​ភូមិ​ស្រះកែវ មិន​ឱ្យ​ឡើង​ទៅ​សាលា​ខេត្ត​ឧត្តរមានជ័យ នោះ​ទេ។

អភិបាល​ស្រុក​ចុងកាល់ លោក រិទ្ធី ប៉ាក មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា នៅ​ពេល​ដែល​លោក​ឃើញ​អ្នក​ភូមិ​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​គោយន្ត និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​នោះ គឺ​លោក​គ្រាន់​តែ​ឱ្យ​កម្លាំង​សមត្ថកិច្ច​កាក់​សាកសួរ​រក​បញ្ហា​ប៉ុណ្ណោះ។ លោក រិទ្ធី ប៉ាក បញ្ជាក់​ថា បញ្ហា​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​អ្នក​ភូមិ​ស្រះកែវ ដោយសារ​តែ​ក្រុមហ៊ុន​ចិន សាងសង់​ទំនប់ទឹក​នេះ តាម​លោក​ដឹង​គឺ​មន្ត្រី​អន្តរក្រសួង បាន​ធ្វើ​ការងារ​ជា​ច្រើន​មក​ហើយ ដូចជា​ចេញ​សង​ដី​សម្រាប់​សង់​លំនៅឋាន​ថ្មី ព្រម​ទាំង​ចុះ​ទៅ​វាស់វែង​ទំហំ​ដីស្រែ​ចម្ការ​ដែល​ប៉ះពាល់​រួច​ហើយ ក៏ប៉ុន្តែ​គ្រាន់តែ​ថា ការ​សង​សំណង​ត្រូវ​ធ្វើ​ជា​ជំហានៗ។

លោក រិទ្ធី ប៉ាក បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ស្រុក​ចុងកាល់ មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​អ្នក​ភូមិ​ស្រះកែវ ប៉ុន្មាន​គ្រួសារ​ទៀត ដែល​នៅ​មិន​ទាន់​បាន​ទទួល​សំណង​ទាំង​នោះ ហើយ​លោក​ក៏​បាន​បញ្ជា​ទៅ​ថ្នាក់​ឃុំ​ឱ្យ​ចុះ​ស្រង់​ស្ថិតិ​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​សំណង​ទាំង​នោះ​ដែរ៖ «យើង​ចេះ​តែ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទទួល​សំណង​លឿន​ហើយ ក្នុង​នាម​អាជ្ញាធរ​ស្រុក​ចុងកាល់ និង​ខេត្ត​ឧត្តរមានជ័យ មិន​ដែល​ចង់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​រង់ចាំ​យូរ​ទេ ប៉ុន្តែ​រឿង​នេះ​មិន​មែន​ជា​ការងារ​ថ្នាក់​ស្រុក និង​ខេត្ត​ទេ គឺ​ជា​ការងារ​របស់​ក្រសួង»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ប្រជាពលរដ្ឋ​ភាគ​ច្រើន ដែល​រស់​នៅ​ភូមិ​ស្រះកែវ គឺ​ជា​អ្នក​ក្រីក្រ​ដែល​ទីពឹង​តែ​លើ​មុខ​របរ​ធ្វើស្រែ​ចម្ការ ប្រសិនបើ​រដ្ឋាភិបាល​យឺតយ៉ាវ​ក្នុង​ការ​សង​ដីស្រែ​ចម្ការ​មក​ឱ្យ​ពួកគាត់​នោះ គឺ​អ្នក​ភូមិ​នឹង​មិន​មាន​អ្វី​ផលិត​ស្បៀង​អាហារ​សម្រាប់​ទទួល​ទាន​ទេ៖ «គួរ​តែ​ផ្ដល់​ដីស្រែ ចម្ការ​ឱ្យ​ពួក​គាត់​ឆាប់​រហ័ស​ហើយ ពីព្រោះ​ប្រជាពលរដ្ឋ​គាត់​ទីពឹង​តែ​លើ​ដី​កសិកម្ម​ហ្នឹង ហើយ​បើ​មិន​ទាន់​ផ្ដល់​ឱ្យ​គាត់​រយៈពេល​ជាង ២​ឆ្នាំ​ហើយ តើ​គាត់​បាន​អ្វី​រស់?»

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា ចាប់​តាំង​តែ​ពី​ក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ ចូល​ទៅ​អនុវត្ត​គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែងទី២ កាល​ពី​អំឡុង​ឆ្នាំ​២០១៤ មក បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ច្រើន​រយ​គ្រួសារ នៅ​ក្នុង​ភូមិ​ចំនួន​៤ ដូចជា​ភូមិ​ស្រះកែវ ឃុំ​ពង្រ នៃ​ស្រុក​ចុងកាល់ នៅ​ភូមិ​បាក់នឹម នៃ​សង្កាត់​កូនក្រៀល ក្រុង​សំរោង និង​នៅ​ភូមិ​ចារ ព្រម​ទាំង​ភូមិ​គោកសំព័រ នៃ​ឃុំ​លំទង របស់​ស្រុក​អន្លង់វែង​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។