ពលរដ្ឋមានជម្លោះដីធ្លីតំបន់ពាមប៉ោអូរ៣នឹងត្រឡប់ទៅផ្ទៀងផ្ទាត់ដីនៅថ្ងៃ៣១ឧសភា
2014.05.30

តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីតំបន់ពាមប៉ោអូរ៣ ដែលកំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ គ្រោងនឹងត្រឡប់ទៅកាន់តំបន់មានជម្លោះដីធ្លីនោះវិញ ដើម្បីផ្ទៀងផ្ទាត់ដំណោះស្រាយផ្តល់អោយដោយអាជ្ញាធរខេត្តក្រចេះ។
គម្រោងនេះធ្វើឡើងក្នុងគោលបំណងចង់ដឹងថា ដីទំហំ ៧៥០ហិកតារដែលអាជ្ញាធរសម្រេចប្រគល់អោយពលរដ្ឋនោះ ពិតជាដីដែលពួកគាត់បានកាប់រានមែនឬមិនមែន?
ក្រុមអ្នកសង្កេតការណ៍ដីធ្លី ២០នាក់ រួមមាន តំណាងប្រជាពលរដ្ឋតវ៉ាដីធ្លីមកពីខេត្តក្រចេះ ព្រះសង្ឃ អ្នកសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែឧសភា នឹងចុះទៅពិនិត្យដីទំហំ ៧៥០ហិកតារ នៅតំបន់ពាមប៉ោអូរ៣ ក្នុងឃុំឃ្សឹម ស្រុកស្នួល ដែលអាជ្ញាធរខេត្តក្រចេះ សន្យាប្រគល់ឲ្យអ្នកភូមិពេលត្រឡប់ទៅវិញ។
តំណាងពលរដ្ឋ ៤០៥គ្រួសារ ដែលតវ៉ាបញ្ហាដីនៅឃុំឃ្សឹម លោក ងួន វិបុល ថ្លែងថា អាជ្ញាធរខេត្តក្រចេះ ប្រាប់ពួកគាត់ថា អ្នកភូមិ ១០៤គ្រួសារក្នុងចំណោម ៤០៥គ្រួសារ ដែលតវ៉ាសុំដីនៅពាមប៉ោអូរ៣ គឺសាលាខេត្តក្រចេះ បានដោះស្រាយប្រគល់ដីឲ្យហើយ នៅសល់ឲ្យតែអ្នកឡើងមកតវ៉ានៅភ្នំពេញទេ។ បញ្ហានេះ ពួកគាត់មិនទាន់ច្បាស់លាស់ សុំឲ្យអោយអាជ្ញាធរខេត្តបញ្ជាក់អោយច្បាស់ ថាតើដីទំហំ ៧៥០ហិកតារនោះ ប្រគល់អោយពលរដ្ឋទាំង ៤០៥គ្រួសារ ឬឲ្យតែជាង ៣០០គ្រួសារ ដែលឡើងមកតវ៉ានៅភ្នំពេញ។ ម្យ៉ាងទៀត អ្នកសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល ចង់ពិនិត្យឲ្យច្បាស់ពីកន្លែងដីទំនាស់ ទើបអ្នកភូមិសម្រេចនាំសាក្សី ចុះទៅជាមួយនៅថ្ងៃទី៣១ ខែឧសភា៖ «ព័ត៌មានដែលតំណាងយើងចុះទៅសិក្សានោះផ្តល់មកវិញវិជ្ជមាន ឬអវិជ្ជមាន។ អ៊ីចឹង យើងនឹងសម្រេចចិត្តថា ត្រូវត្រឡប់ទៅក្នុងរយៈពេលឆាប់ៗខាងមុខនេះ ឬមួយក៏សុំពេលវេលាធ្វើ ដើម្បីធ្វើការរៀបចំ ដើម្បីវិលត្រឡប់ទៅវិញ នៅពេលដែលតំណាង ២០រូបនោះវិលត្រឡប់មកវិញ»។
តំណាងជនជាតិស្ទៀង លោកស្រី អៀង នាង ឲ្យដឹងថា គាត់ទទួលយកការដោះស្រាយ ដរាបណាដីគាត់បានកាប់រាន ត្រូវអាជ្ញាធរខេត្តព្រមប្រគល់ឲ្យ ប៉ុន្តែបើឲ្យដីព្រៃផ្សេងឲ្យគាត់កាប់រានថ្មីនោះ គាត់មិនព្រមទេ៖ «ខ្ញុំសម្រេចយកដីនោះវិញហើយ ព្រោះថា គេប្រគល់ គេហ៊ានឲ្យតែ ២,៥ហិកតារ បើគេកំណត់តែប៉ុណ្ណឹងហើយ គេថាបើបានស្មើគ្នា ម៉េចយើងយកលើសម៉េចបាន ៥ហាត់ក៏បាន ២,៥ហាត់ដែរ ១០ហាត់ ក៏បាន ២,៥ដែរ»។
ចំណែកតំណាងជនជាតិខ្មែរ ខេត្តកំពង់ចាម លោក គង់ កឿន ឲ្យដឹងថា ការបែងចែកដី ៧៥០ហិកតារ ដែលប្រជាពលរដ្ឋនៅសេសសល់ ៣០១គ្រួសារ គឺក្នុង១គ្រួសារបានដីជាង ២ហិកតារ។ ហេតុនេះ ទើបអ្នកតវ៉ាទាំងអស់សុខចិត្តទទួលយកការដោះស្រាយរបស់អាជ្ញាធរខេត្តក្រចេះ។ ប៉ុន្តែ បើតំណាងម្ចាស់ដី និងសាក្សី ក្រោយចុះពិនិត្យដី ហើយប្រាប់មកវិញថា ដីដែលអាជ្ញាធរខេត្តរៀបចំទុកចែកឲ្យនោះ មិនមែនដីពួកគាត់កាប់រានទេ ពួកគាត់នឹងមិនត្រឡប់ទៅវិញឡើយ៖ «ឲ្យតែគេចែក គេមានប្លង់ឲ្យខ្ញុំ ដាច់ខាត គឺខ្ញុំមិនលក់ទេ ព្រោះខ្ញុំចង់បានដី ហើយបើលក់ដីទៀត យកលុយមកធ្វើស្អី វាបានអនាគតវែងឆ្ងាយទៅដល់កូន និងចៅខ្ញុំទៀតនោះ»។
កាលពីថ្ងៃទី២៩ ខែឧសភា ក្រុមការងារគណៈកម្មការដោះស្រាយដីធ្លី ដែលមានអាជ្ញាធរខេត្តក្រចេះ ខេត្តកំពង់ចាម ក្រសួងពាក់ព័ន្ធ ក្រោមការសម្របសម្រួលរបស់អាជ្ញាធររាជធានីភ្នំពេញជួបចរចា នៅវត្តសាមគ្គីរង្សី ដើម្បីសុំឲ្យអ្នកឡើងមកតវ៉ាដីពីឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ព្រមត្រឡប់ទៅខេត្តនោះវិញ ហើយឲ្យទៅដាក់ពាក្យស្នើសុំកាន់កាប់ដីឲ្យបានស្របច្បាប់ ក្នុងចំនួនដី ៧៥០ហិកតារ ដែលអាជ្ញាធរខេត្តក្រចេះ ព្រមប្រគល់ឲ្យកាន់កាប់។ ប៉ុន្តែ អ្នកភូមិខ្លះនៅរារែក ព្រោះពួកគាត់ទាមទារដីសរុបទំហំ ២.០២៥ហិកតារ ដែលបានព័ទ្ធទុក។
អ្នកតវ៉ាដីមកពីតំបន់ពាមប៉ោអូរ៣ បានឡើងមកតវ៉ានៅភ្នំពេញ និងស្នាក់នៅក្នុងវត្តសាមគ្គីរង្សី តាំងពីថ្ងៃទី៣ ខែឧសភា។ អាជ្ញាធរខេត្តក្រចេះ បានចុះចរចាឲ្យអ្នកភូមិត្រឡប់ទៅវិញ នៅសប្ដាហ៍មុន ទើបតែថ្ងៃទី២៩ ខែឧសភា អាជ្ញាធរខេត្តសម្រេចប្រគល់ដីទំហំ ៧៥០ហិកតារ នៅតំបន់ពាមប៉ោអូរ៣ ជូនអ្នកតវ៉ាវិញ តែបានដាក់កំណត់អោយពួកគាត់ទៅដាក់ពាក្យសុំកាន់កាប់ដីនោះ មិនឲ្យហួសល្ងាចម៉ោង ៥ និង ៣០នាទី ថ្ងៃទី៥ ខែមិថុនា ខាងមុខនេះឡើយ៕