ពលរដ្ឋ ៥ភូមិ នៅ​ឃុំ​ដូង ខេត្ត​កំពង់ធំ ទាមទារ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​បង្ខំ​យក​ដី​ស្រែ​ពួកគេ ដាក់​ជា​ដី​សម្បទាន​សង្គម​កិច្ច

ដោយ ហេង រស្មី
2019.02.04
ផែនទីខេត្តកំពង់ធំ ផែនទីខេត្តកំពង់ធំ
Screenshot

តំណាង​ពលរដ្ឋ​ចំនួន ៥​ភូមិ នៅ​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់​ធំ ទាមទារ​ឲ្យ​អាជ្ញាធរ​​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ដើម្បី​បង្ខំ​ឲ្យ​ពលរដ្ឋ​ប្រគល់​ដី​​ស្រែ​ពួកគេ​ឲ្យ​អាជ្ញាធរ​ ធ្វើ​ជា​ដី​សម្បទាន​សង្គម​កិច្ច។ អាជ្ញាធរ​ឃុំ​ថា ការ​ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​ចូលរួម​ផ្ដល់​ដី​មួយ​ផ្នែក​ឲ្យ​អាជ្ញាធរ​នោះ គឺ​ជា​គម្រោង​របស់​រដ្ឋាភិបាល ដើម្បី​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​គម្រោង​ដី​សម្បទាន​សង្គម​កិច្ច សម្រាប់​បែងចែក​ជូន​ពលរដ្ឋ​ពលរដ្ឋ​ក្រីក្រ​។

ពលរដ្ឋ​អះអាង​ថា ជម្លោះ​ដីស្រែ​នៅ​ឃុំ​ដូង កើត​ឡើង​នៅ​​កំឡុង​ឆ្នាំ​២០១៦ គឺ​ក្រោយ​ពេល​ដែល​អាជ្ញាធរ​ឃុំ បាន​បោក​បញ្ឆោត​ពលរដ្ឋ​​ឲ្យ​ផ្ដិត​មេដៃ ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន។ ប៉ុន្តែ​ពលរដ្ឋ​ថា នៅ​ឆ្នាំ​២០១៨ ពលរដ្ឋ​ស្រឡាំងកាំង ដោយសារតែ​អាជ្ញាធរ​បាន​បញ្ជូន​គ្រឿង​ចក្រ​ចូល​ឈូស​ឆាយ​ដី​​ស្រែ​ពលរដ្ឋ និង​ប្រាប់​ថា ពួកគេ​បាន​ផ្ដិត​មេដៃ​ប្រគល់​ទៅ ឲ្យ​អាជ្ញាធរ​ធ្វើ​ជា​ដី​សម្បទាន​សង្គម​កិច្ច​រួច​ហើយ គឺ​តាំង​ពី​ឆ្នាំ​២០១៦។

តំណាង​ពលរដ្ឋ​ម្នាក់​សុំ​លាក់​ឈ្មោះ ប្រាប់​ថា ​តំណាង​ពលរដ្ឋ​យ៉ាង​ហោច​ណាស់​ចំនួន ​៦២៦​គ្រួសារ​បាន​នាំ​គ្នា​ធ្វើ​ញត្តិ​ដាក់​ជូន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​ កាល​ពី​ថ្ងៃ​ទី​២ មករា តែ​គ្មាន​ដំណោះ​ស្រាយ​​ទេ​មក​ទល់​ពេល​នេះ។ លោក​ថា មិន​តែ​ប៉ុណ្ណោះ នៅ​ថ្ងៃ​ទី​២៩ មករា សមត្ថកិច្ច​ចម្រុះ​បាន​ចាប់​ខ្លួន​ពលរដ្ឋ​២នាក់ បង្ខំ​ឲ្យ​បញ្ឈប់​សកម្មភាព​តវ៉ា​ទាមទារ​ដីធ្លី​ទាំងនោះ​មកវិញ ដោយ​ម្នាក់ ក្នុង​នោះ​មាន​ស្ត្រី​ទើប​សម្រាល​កូន​រួច ឈ្មោះ ម៉ុក ហេង និង​ បុរស​ម្នាក់ ឈ្មោះ ជឹម ជឿន ដោយ​វាយ​ធ្វើ​ទារុណកម្ម ហើយ​ដោះលែង​វិញ នៅ​ព្រលប់​ថ្ងៃ​ដដែលនោះ៖ «ទាល់តែម៉ោង៦ ម៉ោង ៦ល្ងាច បាន​គេ (សមត្ថកិច្ច)​ ដោះ​លែង ​២នាក់​ហ្នឹង​មកវិញ។ បន្ទាប់​មក​ទៀត​ហ្នឹង មក​ដល់​សព្វ​ថ្ងៃ​ គាត់​ (អាជ្ញាធរ)​ នៅ​តែ​គំរាម។ គាត់​នៅ​ទម្លាក់​កំហុស​ថា ប្រជាពលរដ្ឋ​ហ្នឹង ឃាត់​ឡាន​អាជ្ញាធរ ឃាត់​អ្វី​ហ្នឹង ហើយ​មក​ដល់​ពេល​នេះ គាត់​នៅ​តែ​គំរាម​កំហែង​ប្រជាពលរដ្ឋ ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ផ្ដិត​មេដៃ ដាក់​ដី(​មាន​ជម្លោះ) មិន​ឲ្យ​តវ៉ា​ទេ ហើយ​ឥឡូវ​ប្រជាពលរដ្ឋ​ភ័យខ្លាច។ គាត់ ​(ប្រជាពលរដ្ឋ) រត់​រប៉ាត់រប៉ាយ ​ចេញពី​ភូមិ​អស់ហើយ។ ឥឡូវ​មាន​អ្នកខ្លះ​ទៅ​ពួន​ក្នុង​ព្រៃ​ទៅ អ្នក​ខ្លះ​មក​ភ្នំពេញ​ទៅ អ្នកខ្លះ(​ទៅ​​ខេត្ត) សៀមរាប អ៊ីចឹង​ទៅ​ណា»

ពលរដ្ឋ​អះអាង​ថា ដី​មាន​ជម្លោះ​ មាន​ទំហំ សរុប​ប្រមាណ ២ពាន់ ៧រយ (.៧០០) ហិកតារ​ ជា​ប្រភេទ​ដី​ស្រែ លាត​សន្ធឹង​លើ​ភូមិ​ចំនួន​៥ នៃ​ឃុំ​ដូង ស្រុក​ប្រាសាទបល្ល័ង្គ គឺ​ភូមិ​គ្រួស ភូមិ​ដង​ផ្ដៀក ភូមិ​ក្របៅ ភូមិ​តា​មុំ និង​ភូមិ​ដង​តា​ឯក។

តំណាង​ពលរដ្ឋ​​ដដែល ប្រាប់​ថា ជាង​១ឆ្នាំ​មក​ហើយ អាជ្ញាធរ​បាន​កោះហៅ​ពលរដ្ឋ​ឲ្យចូល​ទៅ​ដោះ​ស្រាយ​ជាច្រើន​ដង នៅ​សាលា​ឃុំ​ដូង សាលា​ស្រុក​ប្រាសាទបល្ល័ង្គ សាលា​ខេត្ត​ កំពង់ធំ ជាដើម ប៉ុន្តែ​គ្មាន​​ដំណោះស្រាយ​ទេ។ ពលរដ្ឋ​ប្រាប់​ថា ពួកគាត់​ មិន​ដែល​​ហ៊ាន​ផ្ដល់​ព័ត៌មាន​ ឲ្យ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ ដោយសារ​ខ្លាច​អាជ្ញាធរ​មិន​ដោះស្រាយ​ឲ្យ។ ពលរដ្ឋ​ព្រួយ​បារម្ភ​ថា ការ​ដក​ហូត​ដី​ស្រែ​ពី​ពលរដ្ឋ​ទៅ​ធ្វើ​ជា​ដី​សម្បទាន​សង្គម​កិច្ច​នោះ អាច​គ្រាន់តែ​ជា​លេស ព្រោះ​ដី​ក្បែរ​នោះ ជាច្រើន​ហិកតារ​ ជា​ចម្ការ​កៅស៊ូ របស់​អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មិន​ត្រូវ​បាន​រដ្ឋ​ដក​ហូត ធ្វើ​ជា​ដី​សម្បទាន​សង្គម​កិច្ច​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ ដូច​ដី​ស្រែ​អ្នកភូមិ​ទេ៖ «បាទ! អ្វី​ដែល​សំខាន់​នៅ​កុំ​ជិះជាន់​ពួកគាត់ (ប្រជាពលរដ្ឋ​មាន​ដី​ជម្លោះ) បង្ខំ​ឲ្យ​ពួកគាត់​ផ្ដិត​មេដៃ​ជូន ហើយ​ដល់​ផ្ដិត​មេដៃ​ជូន​ហើយ ដល់​ពេល​តវ៉ា​លើក​ក្រោយ គេ​ (អាជ្ញាធរ)​មាន​លេស​ថា ប្រជាពលរដ្ឋ អត់​តវ៉ា​ទេ ប្រជាពលរដ្ឋ​ផ្ដិត​មេដៃ​ជូន​គេ​(អាជ្ញាធរ)​រួចហើយ។ អ៊ីចឹង​ទៅ ដល់​ពេល​ឥឡូវ​នេះ លឺ​ប្រជាពលរដ្ឋ​ផ្ដល់​ព័ត៌មាន​ឲ្យ​ខ្ញុំ​ថា អត់មាន​អ្នកភូមិ​ទៅ​ផ្ដិត​មេដៃ​ ក៏​ (អាជ្ញាធរ) យក​កូន​ក្មេង​ទៅ​ផ្ដិត​មេដៃ​ជំនួស​ឈ្មោះ​អ្នកភូមិ​ អ៊ីចឹង​ទៅ អាជ្ញាធរ​ចម្រុះ ៧០​នាក់ ដែល​ចុះ​ទៅ​(បង្ក្រាប​ពលរដ្ឋ​) យក​ផ្ដិត​មេដៃ​ជំនួស​ អ៊ីចឹង​ទៅ»

មេឃុំ​ដូង នៃ​ស្រុក​ប្រាសាទបល្ល័ង្គ លោក ជុត ចេន ប្រាប់​អាស៊ី​សេរី​ថា គម្រោង​ដី​សម្បទាន​សង្គម​កិច្ច​នោះ ត្រូវ​បាន​រដ្ឋ​ចេញ​គម្រោង​តាំង​ពី​មេឃុំ​ជំនាន់​មុន​លោក ចូល​កាន់​តំណែង។ មេឃុំ​រូប​នេះ ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​ឈប់​តវ៉ា និង​ចូលរួម​ជាមួយ​គម្រោង​របស់​រដ្ឋ ដើម្បី​រដ្ឋ​ធ្វើការ​បែង​ចែង​ដីស្រែ​ទាំង​នោះ​ផ្ដល់​ឲ្យ​ពលរដ្ឋ​វិញ ប៉ុន្តែ​មិន​បាន​ច្រើន​ដូច​ពួកគាត់​ធ្លាប់​​អាស្រ័យ​ផល​​ទេ ព្រោះ​ត្រូវ​ទុក​ចំណែក​ខ្លះ ផ្ដល់​​ឲ្យ​ពលរដ្ឋ​ទី​ទាល់​ក្រ។ តែ​យ៉ាងណា​ក្ដី មេឃុំ​ដូង លោក ជុត ចេន អះអាង​ថា នេះ​ជា​គម្រោង​​របស់​រដ្ឋ​​សុទ្ធ​សាធ គ្មាន​ក្រុមហ៊ុន​ឯក​ជន​ណា​នៅ​ពី​ក្រោយ​ទេ៖ «ដី​ប្រជា​ពលរដ្ឋ​គាត់​ធ្វើ​មែន​។ គាត់​ធ្វើ​នៅ​ទី​នោះ​​មែន ប៉ុន្តែគាត់​​ធ្វើ​​មិន​​ពិត​​ប្រាកដ​​ទេ គាត់​ធ្វើ​ខានៗ អ៊ីចឹង​ណា គាត់​មិន​អាស្រ័យ (ផល) ពិត​ប្រាកដ​ទេ។ គាត់​ធ្វើ​ (ស្រែ)​ ខានៗ។ យើង​ចង់​ថា ឲ្យ​គាត់​ចូល​គម្រោង។ គាត់​បាន​ផល​ពី​គម្រោង​ ព្រោះ​តែ​គម្រោង​គេ (អាជ្ញាធរ) ត្រូវ​ការ​អភិវឌ្ឍន៍ គេ​នឹង​អភិវឌ្ឍន៍​ហើយ ឲ្យ​គាត់​យោគយល់ មាន​ការ​អភិវឌ្ឍន៍ មាន​ផល​ប៉ះពាល់​ហើយ មិន​អត់​ទេ។ ប៉ុន្តែ​គ្រាន់​ថា បើ​មាន​ផល​ប៉ះពាល់​គាត់ ឲ្យ​គាត់​ចូល​ក្នុង​គម្រោង​មក គម្រោង​នឹង​ផ្ដល់​ជូន​គាត់​វិញ។ គម្រោង​នេះ​គឺ​គម្រោង​របស់​រដ្ឋាភិបាល អត់មាន​គម្រោង​ឯក​ជន​ទេ»

ពលរដ្ឋ​២​នាក់ រង​ការ​ចាប់​ខ្លួន កាលពី​ថ្ងៃ​ទី​២៩ មករា​ គឺ អ្នកស្រី ម៉ុក ហេង និង​លោក ជឹម ជួន ប្រាប់​ថា ក្នុង​ពេល​ចាប់​ខ្លួន​សមត្ថកិច្ច​បាន​វាយ​ និង​អូស​ពួកគេ​បញ្ចូល​ឡាន ដល់​ស្នងការ​ខេត្ត​កំពង់ធំ។

ស្ត្រី​កូន​ខ្ចី​អាយុ ៩ខែ ដែល ធ្លាប់​អាជ្ញាធរ​ចាប់​ខ្លួន គឺ​អ្នកស្រី ម៉ុក ហេង រៀប​រាប់​ថា នៅ​មុន​ថ្ងៃ​ទី២៩ មករា អាជ្ញាធរ​​បាន​បង្គាប់​ឲ្យ​អ្នកស្រី​ផ្ដិត​មេដៃ ដើម្បី​ប្រគល់​ដីស្រែ និង​ឈប់​តវ៉ា ប៉ុន្តែ​អ្នកស្រី មិន​ព្រម។ អ្នក​ស្រី​រៀប​រាប់​ថា នៅ​ថ្ងៃ​ទី២៩ មករា សមត្ថកិច្ច​ច្រើន​នាក់ បាន​នាំ​គ្នា​មក​ចាប់​អូស​អ្នកស្រី ទាំង​ដែល​គ្មាន​សំលៀក​បំពាក់​ត្រឹម​ត្រូវ និង​កំពុង​ឱប​កូន​ខ្ចី​នៅ​ក្នុង​ដៃ ដាក់​បញ្ចូល​ឡាន យក​ទៅ​ស្នងការ​ខេត្ត​កំពង់​ធំ ដោយ​គ្មាន​ប្រាប់​ហេតុផល​ទេ។​ នៅ​ពេល​ទៅ​ដល់​​ស្នងការ​ខេត្ត​ អ្នកស្រី​អះអាង​ថា អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មិន​បាន​និយាយ​ច្រើន​ទេ គ្រាន់​តែ​បាន​ព្រមាន​ថា តើ​ព្រម​បញ្ឈប់​សកម្ម​ភាព​តវ៉ា ដីធ្លី ឬ ចង់​ជាប់​ពន្ធនាគារ៖ «គឺ​ខ្ញុំ​ទឹក​ភ្នែក​យ៉ាង​ខ្លាំង ដោយសារ​ពួក​គាត់ (សមត្ថកិច្ច) អូស​ខ្ញុំ​ទៅ​ដូច​សត្វ​ អ៊ីចឹង ហើយ​កូន​របស់​ខ្ញុំ ទើប​អាយុ​ ៩ខែ​ លោកគ្រូ។ (អូស) ​ទៅ​អត់​មាន​សំលៀក​បំពាក់​ទេ លោកគ្រូ។ ចា! រួច​ទៅ​ខ្ញុំ​ក៏​មិន​ដឹង​មាន​ពាក្យ​អ្វី និយាយ​ទេ ដោយសារ​គេ (អាជ្ញាធរ) មក​សុទ្ធ​តែ​កាំភ្លើង សុទ្ធតែ​អ្វី​អ៊ីចឹង​ លោកគ្រូ។ អត់​មាន​ទេ! អត់​មាន​សំលៀក​បំពាក់​ទេ។ ខ្ញុំ​ទើប​ងើប​ពី​ដេក គឺ​ធម្មតា​សំលៀក​បំពាក់​ដេក ដែល​មាន​អ្វី​ស្អាត។ យើង​ស្លៀក​ខោ​អាវ​ធម្មតា។ អាវ​ទ្រនាប់​ក៏​គ្មាន​ដែរ។ ទៅ​សឹង​តែ​ខ្លួន​ទទេ​ហ្មង​ណា​ លោកគ្រូ។ ចា! ទៅ​ដល់​ណោះ (ស្នងការដ្ឋាន​ខេត្ត​កំពង់ធំ) គឺ​ពួក​គាត់ (អាជ្ញាធរ) បាន​គំរាម​មក​ខ្ញុំ។ គំរាម​ខ្ញុំ សម្លុត​​ឲ្យ​ខ្ញុំ​ថា ព្រម​ផ្ដិត​មេដៃ ឬ​ក៏​ព្រម​ជាប់​គុក។ ខ្ញុំ​ថា ឥឡូវ​បើ​យក​ខ្ញុំ​ទៅ​ដាក់​គុក ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​យ៉ាង​ម្ដេច​ដែរ ព្រោះ​ខ្ញុំ​អត់​បាន​ទៅ​លួច​អ្វី​ អស់​លោក (អាជ្ញាធរ) ទេ»

ចំណែក បុរស​ឈ្មោះ ជឹម ជួន រស់​នៅ​ភូមិ​តាមុំ រៀប​រាប់​ថា សមត្ថកិច្ច​បាន​ចូល​ទៅ​ចាប់​ខ្លួន​លោក ទាំង​​កំរោល និង​វាយ ទាត់ ធាក់​ ​បណ្ដើរ ចូល​ឡាន​​ឯក​ជន​មួយ ផ្លាក​លេខ​កំពង់ធំ 2A-4344 ដឹក​ទៅ​ស្នងការ​ខេត្ត​កំពង់ធំ។​ លោក​ថា នៅ​ពេល​ទៅ​ដល់​ស្នងការ​ខេត្ត សមត្ថកិច្ច​មិន​បាន​ប្រាប់​ហេតុផល​នៃ​ការ​ចាប់​ខ្លួន​ទេ គឺ​មាន​តែ​គំរាម​ឲ្យ​ពលរដ្ឋ​បញ្ឈប់​សកម្មភាព​តវ៉ា​ដីធ្លី​ដដែល៖ «ពេល​ចូល​ចាប់​ខ្ញុំ​ក្នុង​ផ្ទះ​​ទៅ គាត់​ (សមត្ថកិច្ច)​ វាយ​ខ្ញុំ​តែ​ម្ដង។ ខ្ញុំ​សួរ​គាត់​ថា គាត់​មក​វាយ មក​ចាប់​ ហេតុផល​អ្វី​និយាយ​គ្នា​បាន។ គាត់​ អត់​និយាយ​តែ​ម្ដង​បង។ គាត់​គិត​តែ​ចាប់​ ហើយ​វាយ​ទៀត។ ពី​ផ្ទះ​ទៅ​រហូត​ចូល​ឡាន​ទៅ ដល់​កន្លែង (ស្នងការដ្ឋាន) ខេត្ត​តែ​ម្ដង។ ចូល​ឡាន​ហើយ អត់​វាយ​ទេ មក​ដល់​កន្លែង​ខេត្ត​បាន​សួរ​ខុស​ត្រូវ។ ពី​ផ្ទះ​នេះ វាយ​រហូត ​ដល់​ចូល​ឡាន។ ចូល​ឡាន​ហើយ អត់​វាយ​ទេ។ គេ (សមត្ថកិច្ច) ថា តែ​មាន​ការ​ចាប់​ មាន​ការ​ប៉ះ​ទង្គិច​គ្នា​តាក់​តិច (តិចតួច)។ ខ្ញុំ​ថា​មិន​មែន​តាក់​តិច ឯណា វាយ​ខ្ញុំ​ដល់​ឈាម​ច្រមុះ​ ឈាម​អី​ទៅ​ហើយ... ឈឺ​ដើម​ទ្រូង រហូត​ដល់​ស្ពឹក​ដៃ។ គេ​ដាក់​ខ្នោះ​ដៃ មិន​ទាន់​បាត់​ស្ពឹក​ដៃ​ទេ»

ជន​រងគ្រោះ​រូប​នេះ បន្ត​ថា នៅ​ព្រលប់​ថ្ងៃ​ទី​២៩ មករា​ដដែល​ សមត្ថកិច្ច ​បាន​ដោះលែង​ពួកគេ​ទាំង​ពីរ​នាក់​ត្រលប់​មក​ផ្ទះ​វិញ។ លោក ជឹម ជួន បាន​ទៅ​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ។ លោក​ថា មក​ដល់​ថ្ងៃ​ទី​០៣ កុម្ភៈ លោក​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ ប៉ុន្តែ​នៅ​ស្ពឹក​ដៃ​ទាំងពីរ ព្រោះ​ប៉ូលិស​បាន​ដាក់​ខ្នោះ​លោក ឈឺ​ដើមទ្រូង តែ​អាច​ស្រួល​ដក​ដង្ហើម​បាន​ស្រួល​ជាង​មុន​បន្តិច។ លោក ជឹម ជួន ថា ​ក្រោយ​ការ​វាយ​ដំ ធ្វើ​ទារុណ​កម្ម​បែបនេះ​ លោក លែង​ហ៊ាន​ប្រឈម​មុខ​ ដោយ​ផ្ទាល់​ ទាមទារ​ដីស្រែ​មក​វិញ​ហើយ ខណៈ​ពលរដ្ឋ​ជាច្រើន​នាក់ ​កំពុង​រត់​គេច​ខ្លួន ​ចូល​ព្រៃ ខ្លះ​រត់​ទៅ​ខេត្ត​ផ្សេង​ជាប់​នោះ និង​ខ្លះ​ទៀត រត់​ទៅ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ជាមួយ​នឹង​ផ្ទះ​បងប្អូន ឯ​ទីក្រុង​ភ្នំពេញ ខ្លាច​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ឬ អាជ្ញាធរ​ចាប់​ខ្លួន។

នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដូង លោក ហ៊ុន សឿន ប្រាប់​អាស៊ី​សេរី​ថា ពិត​ជា​មាន​ករណី​ចាប់​ខ្លួន​ពលរដ្ឋ​២​នាក់​នៅ​ឃុំ​ដូង កាល​ពី​ថ្ងៃ​ទី​២៩ មករា​មែន។ ប៉ុន្តែ​ហេតុផល​យ៉ាងណា​នោះ លោក មិន​បាន​ដឹង​ទេ ដោយសារ​ ជា​ការ​អន្តរាគមន៍​ពី​ថ្នាក់​លើ។ អាស៊ី​សេរី គ្មាន​ប្រភព​អាច​ទាក់​ទង​ស្នង​ការ​ខេត្ត​កំពង់ធំ លោក អ៊ុក កុសល និង​អភិបាល​ខេត្ត​ លោក សុខ លូ បាន​ទេ នៅ​ថ្ងៃ​ទី៣ កុម្ភៈ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​កំពង់ធំ លោក សុខ រដ្ឋា ប្រាប់​ថា ជា​គោល​ការណ៍​ច្បាប់ ​ការ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​មាន​ពីរ​ គឺ​ស្នើ​ដោយ​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ជាតិ ​សម្រាប់​ករណី​បន្ទាន់ ដូចជា យោធិន​ពិការ ឬ​សម្រាប់​ពលរដ្ឋ​ចំណាក​ពី​ស្រុក​ផ្សេង ដោយសារ​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ។​ ប៉ុន្តែ​សម្រាប់​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ដូង សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា មិន​ចូល​ក្នុង​ចំណុច​ទាំង​នេះ​ឡើយ៖ «បាន​ន័យ​ថា​រូបភាព​បច្ចុប្បន្ន អាជ្ញាធរ​ធ្វើ​ជា​រូប​ភាព​នៃ​ការ​ផ្ដល់​ដី​សម្បទាន ​មក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ដូង​ហ្នឹង វា​មើល​ទៅ វា​ដូចជា មិន​សូវ​ល្អ​មើល អ៊ីចឹង​​ណា ដោយសារ​តែ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ដូង ពួកគាត់​មិន​មែន​ជា​អ្នក​ចំណាកស្រុក​ទេ។ ពួកគាត់ ជា​អ្នក​រស់នៅ​ក្នុង​ភូមិ ឃុំ ហ្នឹង​ស្រាប់។ អ៊ីចឹង​ ដីស្រែ​ចម្ការ​ពួកគាត់ ត្បិត​តែ​ពួកគាត់​មិន​បាន​មាន​ប័ណ្ណ កម្មសិទ្ធិ​បញ្ជាក់​ឲ្យ​ច្បាស់លាស់ អ្វី​ត្រឹមត្រូវ។ ប៉ុន្តែ​អាជ្ញាធរ ពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់ គាត់​ដឹង​ហើយ​ថា ប្រជាពលរដ្ឋ​គាត់​រស់​នៅ​តាំង​ពី​ពេល​ណា ពេល​ណា មក​អ៊ីចឹង​ណា»

លោក សុខ រដ្ឋា យល់ថា​ អាជ្ញាធរ​​មិន​​គួរ​ប្រើ​វិធី​សាស្ត្រ​ចាប់​ពលរដ្ឋ និង​បំភិតបំភ័យ​តំណាង​ពលរដ្ឋ​ឲ្យ​រត់​ចោល​ផ្ទះ​សម្បែង​បែប​នេះ​ឡើយ ព្រោះ​នេះ​ជា​ទង្វើ​អមនុស្ស​ធម៌។ លោក ទទូច​ឲ្យ​អាជ្ញាធរ​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​ប្រើ​សិទ្ធិ​ដាក់​ញត្តិ​ជូន​ស្ថាប័ន​ពាក់​ព័ន្ធ​ ដោយ​ធានា​គ្មាន​ការ​ចាប់​ខ្លួន ឬ​ធ្វើ​ទុក​បុក​ម្នេញ។

ទោះ​បែប​ណា ​ពលរដ្ឋ​ អះអាង​ថា អ្នក​តំណាង​ភាគ​ច្រើន នាំគ្នា​រត់​ទៅ​ភ្នំពេញ ដើម្បី​ត្រៀម​ដាក់​ញត្តិ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ឲ្យ​ជួយ​អន្តរាគមន៍។ ពួក​គេ​អំពាវនាវ​ឲ្យ​ មន្ត្រី​ទទួល​ញត្តិ​រួច​ សុំ​ជួយ​ដោះ​ស្រាយ​ឲ្យ​ពលរដ្ឋ​ផង ព្រោះ​ពួកគេ​គ្មាន​ជំនឿ​លើ​មន្ត្រី​ នៅ​មូលដ្ឋាន​ទៀត​ទេ។ តំណាង​ពលរដ្ឋ​ទាំង​នោះ អំពាវនាវ​ កុំ​ឲ្យ​មន្ត្រី​ថ្នាក់​ជាតិ ​ចូលរួម​ជួយ ឬ​ឃុបឃិត​គ្នា​ ជាមួយ​មន្ត្រី​នៅ​មូលដ្ឋាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។