ពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅ​ពោធិ៍សាត់​គ្រោង​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​រឿង​ដីធ្លី

ដោយ ជិន ជេដ្ឋា
2014.12.24
ជម្លោះ​ដីធ្លី ពោធិ៍សាត់ ៦២០ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ភូមិ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ពិភាក្សា​ច្បាប់​ជាមួយ​មន្ត្រី​សមាគម​អាដហុក (Adhoc) រឿង​បញ្ហា​ដីធ្លី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo Adhoc

ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ រស់នៅ​ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ គ្រោង​តវ៉ា​ដោយ​ដាក់​ញត្តិ​ចូល​សាលា​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​សុំ​អន្តរាគមន៍​ដោះស្រាយ​រឿង​ដីធ្លី។

ពលរដ្ឋ​អះអាង​ថា ក្រុម​និស្សិត​ចុះ​វាស់វែង​ដីធ្លី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ភូមិបាល​ស្រុក​ភ្នំក្រវាញ មិន​បាន​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​លើ​ដី​ដែល​អ្នក​ភូមិ​ធ្លាប់​កាន់​កាប់​តាំង​ពី​ដូនតា​មក​ទេ ប៉ុន្តែ​បច្ចុប្បន្ន​បែរ​ជា​មាន​អ្នក​មាន​លុយ និង​មាន​អំណាច ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ទៅ​វិញ។

មន្ត្រី​ជំនាញ​សុរិយោដី​ថ្នាក់​ស្រុក និង​អាជ្ញាធរ​ខ្លះ ត្រូវ​ពលរដ្ឋ​រិះគន់​ថា កំពុង​បំផ្លិច​បំផ្លាញ​ដី​ព្រៃ​របស់​រដ្ឋ ដោយ​ដាក់​គ្រឿងចក្រ​ធំៗ​ឈូស​ឆាយ​ទាំង​យប់​ទាំង​ថ្ងៃ និង​គ្មាន​ការ​ទប់ស្កាត់ ខណៈ​ពួក​គេ​មិន​បាន​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​អ្នក​ភូមិ​រស់នៅ ដោយ​យក​លេស​ថា​ជា​ប្រភេទ​ដី​ព្រៃ។ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ពួក​គាត់​នឹង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​ញត្តិ​ដាក់​ជូន​អ្នក​ពាក់ព័ន្ធ ហើយ​សង្ឃឹម​ថា​នឹង​មាន​ដំណោះស្រាយ។

តំណាង​ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​សន្ទ្រែ លោក រ៉េត រី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ថា រូប​លោក និង​អ្នក​ភូមិ​ខ្លះ​ទៀត​មិន​ហ៊ាន​ចូល​កាប់​ឆ្ការ ឬ​បង្កបង្កើនផល​លើ​ដី​ដែល​មាន​ព្រៃ​របោះ​តិចៗ ហើយ​ក្រុម​និស្សិត​មិន​វាស់​ឲ្យ​នោះ​ទេ ពីព្រោះ​ខ្លាច​ខុស​ច្បាប់។ លោក​បន្ត​ថា សព្វថ្ងៃ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ខាង​ត្បូង​ភូមិ​សន្ទ្រែ មាន​ទាំង​យប់​ទាំង​ថ្ងៃ ដែល​សកម្មភាព​នេះ​អាច​ពាក់ព័ន្ធ​មន្ត្រី​ជំនាញ៖ «គ្រឿងចក្រ​ធំៗ​គេ​ឈូស​យក (ដី) ដល់​ពេល​ដី​របស់​យើង​ចាស់​ហ្នឹង​គេ​អត់​ធ្វើ​ប្លង់​ឲ្យ ខ្ញុំ​ចង់​តវ៉ា​ឲ្យ​គេ​ធ្វើ​ប្លង់​ដី​ចាស់​យើង​ផង ហើយ​ចង់​ឲ្យ​គេ​ដក​គ្រឿង ព្រោះ​គេ​ឈូស​ទៅ​ដាំ​ដំណាំ​អី​ទៅ យើង​ពិបាក​មើល​គោ​ក្របី»

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​ប្រធាន​សុរិយោដី និង​ភូមិបាល​ស្រុក​ភ្នំក្រវាញ លោក ព្រាប សុផាត ដើម្បី​បំភ្លឺ​តប​ចំពោះ​ការ​រិះគន់​របស់​ពលរដ្ឋ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ។

ប៉ុន្តែ អភិបាល​ស្រុក​ភ្នំក្រវាញ លោក សូរ សាហុង ថ្លែង​ថា រូប​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​ឈូស​ឆាយ​ដី​ព្រៃ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច នឹង​ទប់ស្កាត់​មិន​ថា​ចំពោះ​ឈ្មួញ​មាន​លុយ ឬ​មាន​អំណាច និង​ពលរដ្ឋ​សាមញ្ញ​នោះ​ទេ ឲ្យ​តែ​មាន​ការ​ឈូស​ឆាយ​រំលោភ​លើ​ដី​របស់​រដ្ឋ។ លោក​ថា ការ​ទាមទារ​វាស់វែង​ដីធ្លី​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ គឺ​ពុំ​មាន​ទៀត​ឡើយ ព្រោះ​ក្រុម​និស្សិត​បាន​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​កាល​ពី​ឆ្នាំ​២០១២ រួច​រាល់​អស់​ហើយ៖ «ស្រុក​ណា​ដែល​មាន​តំបន់​ដី​ព្រៃ បញ្ហា​ដីធ្លី​កើត​មាន​ជា​បន្តបន្ទាប់ គឺ​ប្រជាពលរដ្ឋ​ទៅ​កាប់​រុក​រាន​ដី​ព្រៃ ហើយ​អង្គការ​មួយ​ចំនួន​គាំទ្រ​ពួក​គាត់»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​ថា សង្គម​ស៊ីវិល​មិន​កាន់​ជើង ឬ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់​នោះ​ទេ គឺ​គ្រាន់​តែ​ស៊ើប​អង្កេត និង​ពាំនាំ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ជូន​អាជ្ញាធរ​ដោះស្រាយ។ ប៉ុន្តែ​ករណី​នេះ លោក​រក​ឃើញ​ថា មាន​ការ​រឹតត្បិត និង​គំរាម​កំហែង​មិន​ឲ្យ​ពលរដ្ឋ​បញ្ចេញ​មតិ ឬ​តវ៉ា​ឲ្យ​មាន​ការ​ដោះស្រាយ​រឿង​ដីធ្លី​ជូន​ពួក​គាត់​ពី​សំណាក់​អាជ្ញាធរ៖ «ពួក​គាត់​នៅ​ត្រង់​ហ្នឹង​អត់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ ប៉ុន្តែ​ពួក​គេ​មិន​ដឹង​មក​ពី​ណា​ពី​ណី ឲ្យ​តែ​គេ​មាន​លុយ​អាច​ទទួល​បាន ហើយ​ដី​ព្រៃ​ប៉ុណ្ណា​ណី​គេ​អាច​ដាក់​គ្រឿងចក្រ​ឈូស»

លោក​បន្ថែម​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អាច​កំពុង​ឃុបឃិត​គ្នា​ដើម្បី​បំផ្លាញ​ព្រៃ​ឈើ ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ និង​ស្វែងរក​អ្នក​ជួយ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។