ពលរដ្ឋនៅបន្ទាយមានជ័យជាង១០០គ្រួសារតវ៉ាឲ្យអាជ្ញាធរបញ្ឈប់ក្រុមហ៊ុនធ្វើថ្មកំបោរលើដីអ្នកភូមិ
2014.12.29

ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រមាណជាង ១០០នាក់ តំណាងឲ្យជាង ១០០គ្រួសារ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្តដើម្បីឲ្យអាជ្ញាធរខេត្តបញ្ឈប់ក្រុមហ៊ុនផលិតថ្មកំបោរ ស៊ី.ហ្វាយ.អិល (C.Y.L) ចេញពីដីរបស់អ្នកភូមិនៅព្រឹកថ្ងៃទី២៩ ធ្នូ។ អ្នកភូមិបញ្ជាក់ថា ក្រុមហ៊ុននេះបានបោះបង្គោលលើដីរបស់ប្រជាពលរដ្ឋអស់ជាច្រើនហិកតារ ដោយពុំមានការអនុញ្ញាតនោះទេ។
បន្ទាប់ពីការតវ៉ារបស់ប្រជាពលរដ្ឋប្រមាណ ១ម៉ោងមក មន្ត្រីសាលាខេត្តបន្ទាយមានជ័យ អនុញ្ញាតឲ្យតំណាងអ្នកតវ៉ាចំនួន ៦នាក់ ចូលជួបពិភាក្សារកដំណោះស្រាយនៅខាងក្នុងសាលាខេត្ត។ ប៉ុន្តែការចរចានោះពុំទទួលបានលទ្ធផលនៅឡើយទេ។
តំណាងប្រជាពលរដ្ឋម្នាក់ឈ្មោះ អ្នកស្រី ណែម ឈុន រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្លែងនៅថ្ងៃទី២៩ ធ្នូ ថា ក្រុមហ៊ុនផលិតថ្មកំបោរ ឈ្មោះ ស៊ី.ហ្វាយ.អិល បោះបង្គោលលើផ្ទៃដីប្រមាណ ៥០ហិកតារ របស់ប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅចំណុចភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ អ្នកស្រីបន្តថា ក្រុមហ៊ុននេះបោះបង្គោលវាតទីលើដីរបស់អ្នកភូមិក្នុងបំណងយកដីនៅតំបន់ផលិតថ្មកំបោរ ធ្វើឡើងដោយពុំមានការអនុញ្ញាតពីប្រជាពលរដ្ឋនោះទេ៖ «ដល់ពេលបោះបង្គោលមិនប្រាប់ប្រជាពលរដ្ឋអ៊ីចឹង ក៏នាំគ្នាទៅសួរមេភូមិគាត់ថា យកដីហ្នឹងឲ្យក្រុមហ៊ុនវិនិយោគធ្វើថ្មកំបោរ តែពួកខ្ញុំមិនព្រមឲ្យធ្វើទេ ព្រោះអីដីនោះជាដីកសិកម្មដែលជាឆ្នាំងបាយរបស់អ្នកភូមិ។ដូច្នេះហើយបានជាពួកយើងខ្ញុំនាំគ្នាមកតវ៉ានេះ ដើម្បីឲ្យអាជ្ញាធរដកអាជ្ញាប័ណ្ណក្រុមហ៊ុនចេញ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងមន្ត្រីក្រុមហ៊ុនផលិតថ្មកំបោរ ស៊ី.ហ្វាយ.អិល ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះបានទេនៅថ្ងៃទី២៩ ធ្នូ។ ប៉ុន្តែប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ លោក សុត វឌ្ឍនា មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនផលិតថ្មកំបោរ ស៊ី.ហ្វាយ.អិល មានអាជ្ញាប័ណ្ណពីក្រសួងរ៉ែនិងថាមពល ធ្វើអាជីវកម្មថ្មកំបោរដោយស្របច្បាប់។ លោកបន្តថា ក្រុមហ៊ុនពុំបានទៅរំលោភយកដីរបស់ប្រជាពលរដ្ឋនោះទេ គឺគ្រាន់តែទៅបោះបង្គោលនៅលើដីនោះមួយរយៈ ដើម្បីធ្វើការស្រាវជ្រាវ ហើយប្រសិនប៉ះពាល់ដីរបស់អ្នកភូមិក្រុមហ៊ុននឹងពិភាក្សាជាមួយពួកគាត់ពេលក្រោយ៖ «បើសិនជាការសិក្សាទៅប៉ះទៅលើដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋណា នោះក្រុមហ៊ុនហ្នឹងធ្វើអាជីវកម្មកន្លែងហ្នឹង ហើយដោះស្រាយជាមួយប្រជាពលរដ្ឋម្ចាស់ដីនោះ ហើយប្រសិនបើប្រជាពលរដ្ឋណាដែលរុករកហើយតែពុំមានថ្មកំបោរទេ គឺរក្សាទុកដីនោះនៅដដែល»។
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធមិនគួរអនុញ្ញាតឲ្យក្រុមធ្វើអាជីវកម្មរុករកថ្មកំបោរនៅតំបន់ក្រុងសិរីសោភ័ណ នោះទេ ពីព្រោះថា ការរុករកនេះគឺពុំបានផ្ដល់ផលចំណេញអ្វីដល់ប្រជាពលរដ្ឋនោះឡើយ៖ «សូមកុំឲ្យទឹកភ្នែកប្រជាពលរដ្ឋមានបន្តទៀត ទី២ សូមអំពាវនាវឲ្យអ្នកមានលុយមានអំណាចទាំងអស់សូមបញ្ចប់នៅទង្វើការស្រមើស្រមៃ ដែលធ្វើឲ្យប្រជាពលរដ្ឋទឹកភ្នែកនោះ សុំឲ្យបញ្ឈប់សកម្មភាពហ្នឹងទៀតតទៅ ព្រោះថា កន្លងមកសង្កេតឃើញការវិនិយោគទុនផ្សេងៗ ច្រើនតែក្រុមហ៊ុនរំលោភលើដីរបស់ប្រជាពលរដ្ឋជានិច្ច»។
តំណាងប្រជាពលរដ្ឋ បន្ទាប់ពីចូលជួបពិភាក្សាជាមួយមន្ត្រីសាលាខេត្តបន្ទាយមានជ័យ ដោយសមត្ថកិច្ចខេត្តសម្រួលឲ្យអ្នកតវ៉ាវិលត្រឡប់ទៅផ្ទះវិញ ហើយសន្យាថា នឹងតាមដានលើការងារនេះ។ ទោះជាយ៉ាងនេះក្ដី ក្រុមប្រជាពលរដ្ឋឲ្យដឹងថា ប្រសិនបើអាជ្ញាធរមិនបញ្ឈប់ក្រុមហ៊ុនធ្វើអាជីវកម្មនៅលើដីរបស់អ្នកភូមិទេ ពួកគេនឹងនាំគ្នាមកតវ៉ាជាថ្មីទៀត៕