ពលរដ្ឋ​នៅ​បាវិត​៥​គ្រួសារ​ប្រតិកម្ម​នឹង​ការ​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ពី​ដី​រដ្ឋបាល​ព្រៃ​ឈើ

ដោយ ហ៊ុំ ចំរើន
2014.05.24

ប្រជាពលរដ្ឋ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ចំនួន ៥​គ្រួសារ ប្រតិកម្ម​នឹង​រដ្ឋបាល​ព្រៃ​ឈើ ដែល​ជូន​ដំណឹង​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ពី​ដី​ដោយ​គ្មាន​សំណង ធ្វើ​ឲ្យ​ជួប​ការ​លំបាក​គ្មាន​ជម្រក​ស្នាក់​នៅ។ ទាក់ទង​បញ្ហា​នេះ ចៅ​សង្កាត់​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​មក​តាំង​ទីលំនៅ​លើ​ដី​ព្រៃ​របស់​រដ្ឋបាល​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់។

ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​វិញ លើក​ឡើង​ថា ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដែល​តាំង​ទីលំនៅ​លើស​ពី ៥​ឆ្នាំ​ឡើង​ទៅ ជា​រឿង​ខុស​ច្បាប់។

ពលរដ្ឋ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ចំណាត់​ការ​របស់​អាជ្ញាធរ​រដ្ឋបាល​ព្រៃ​ឈើ បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ចុះ​ចេញ​ពី​ដី​ដោយ​អយុត្តិធម៌។ ពួក​គាត់​អះអាង​ថា ដី​ដែល​រដ្ឋបាល​ព្រៃ​ឈើ​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​លំនៅឋាន​ចេញ​នោះ មាន​ទំហំ​ទទឹង ៣០​ម៉ែត្រ ​បណ្ដោយ ៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ត្រពាំងផ្លុង សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

អ្នក​ភូមិ​ម្នាក់ លោក ញ៉ែម គា ថ្លែង​នៅ​ថ្ងៃ​ទី​២៤ ឧសភា ថា ប្រជាពលរដ្ឋ​រួម​ទាំង​លោក​ផង​ចំនួន ៥​គ្រួសារ បាន​មក​តាំង​ទីលំនៅ​លើ​ដី​ដែល​រដ្ឋបាល​ព្រៃ​ឈើ​ឲ្យ​រើ​ផ្ទះ​ចេញ​នោះ តាំង​ពី​ឆ្នាំ​១៩៩៩ មក​ម្ល៉េះ ពុំ​មែន​ទើប​តែ​មក​តាំង​ទីលំនៅ​នោះ​ទេ។ លោក ញ៉ែម គា ចាត់​ទុក​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ព្រៃ​ឈើ​នេះ ថា​ជា​ការ​បង្ខំ​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់៖ «មាន​ផ្ទះ​សម្បែង​ទាំងអស់​គ្នា​បង! បាទ! ខ្ញុំ​មិន​ពេញ​ចិត្ត​ត្រង់​ថា ដី​ខ្ញុំ​កាន់​កាប់​តាំង​៩៩ មក​ហើយ មក​ទល់​សព្វថ្ងៃ​ហ្នឹង។ ហើយ​ខ្ញុំ​ដាំ​ដំណែ​ដំណាំ​ខ្ញុំ​ច្រើន​ណាស់ ហើយ​ខ្ញុំ​មិន​ចេញ​ទេ អ៊ីចឹង​ហើយ​បាន​ខ្ញុំ​រាយការណ៍​ទៅ»

សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ព្រៃ​ឈើ ចុះ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៤ ឲ្យ​ប្រជាពលរដ្ឋ​រើ​ផ្ទះ​ចេញ​ពី​ដី​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៤ ជា​ធរមាន បើ​ពុំ​ដូច​នោះ​ទេ នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ឲ្យ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្វាយរៀង ដើម្បី​ពន្យល់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ឧសភា។

ប៉ុន្តែ ចៅ​សង្កាត់​បាទី លោក ចាន់ សារ៉ុន មាន​ប្រសាសន៍​ថា ដី​ដែល​ប្រជាពលរដ្ឋ​មក​តាំង​ទីលំនៅ​នោះ ជា​ដី​របស់​រដ្ឋបាល​ព្រៃ​ឈើ ពុំ​មែន​ជា​ដី​លំនៅឋាន​ទេ ហើយ​ប្រជាពលរដ្ឋ​ទាំង​នោះ​មក​សង់​លំនៅឋាន​លើ​ដី​នោះ​ដោយ​ខុស​ច្បាប់។ លោក​ថា អាជ្ញាធរ​ពុំ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​ដែល​មក​តាំង​ទីលំនៅ​លើ​ដី​របស់​រដ្ឋបាល​ព្រៃ​ឈើ​ដែល​ខុស​ច្បាប់​ទាំង​នោះ​ឡើយ៖ «ដេញ​គាត់​ចេញ​មិន​ឲ្យ​គាត់​នៅ ព្រោះ​ដី​ផ្ទះ​គាត់​ដី​គាត់​មាន​គាត់​លក់​អស់​រលីង មក​នៅ​ដី​ព្រៃ​ម៉េច។ ហើយ​មនុស្ស​នៅ​ណាៗ នៅ​ស្រុក​ស្វាយទាប ណា​ណោះ នរណា​គេ​ទទួល​ស្គាល់ លោក​ឯង​មក​នៅ​ហ្នឹង​លោក​ឯង​មិន​ផ្លាស់​ទីលំនៅ​ឲ្យ​គេ​ទទួល​ស្គាល់ ឲ្យ​ដឹង​ផង​ថា ឯង​មក​នៅ​ហ្នឹង។ ដើរ​អាវាសែ​មិន​ដឹង​កន្លែង​ណា​ជា​កន្លែង​ណា លក់​ដី​អស់​មក​នៅ​អ៊ីចឹង​នរណា​គេ​នៅ»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៊ូពិណារ័ត្ន មាន​ប្រសាសន៍​ថា ដី​របស់​រដ្ឋបាល​ព្រៃ​ឈើ បើ​ទោះ​ជា​ប្រជាពលរដ្ឋ​មក​តាំង​ទីលំនៅ​មុន​ច្បាប់​រដ្ឋបាល​ព្រៃ​ឈើ​ចេញ​ក៏ដោយ ក៏​ជា​ដី​របស់​រដ្ឋបាល​ព្រៃ​ឈើ​ដដែល ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ភ្លាម​ទេ គឺ​បណ្ដោយ​ឲ្យ​ពួក​គាត់​រស់​នៅ​លើ​ដី​នោះ​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់ តាំង​ពី​ឆ្នាំ​១៩៩៩ មក។ លោក​ថា ប្រជាពលរដ្ឋ​បាន​មក​រស់​នៅ​ដី​នោះ​លើស​ពី ៥​ឆ្នាំ​ទៅ​ហើយ ប្រសិន​បើ​ការ​រស់​នោះ​ពុំ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទេ អាជ្ញាធរ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​ដោយ​គ្មាន​សំណង​សមរម្យ​ថា​ជា​រឿង​ខុស​ច្បាប់៖ «ពេល​នេះ​យើង​គិត​ថា បើ​សិន​ជា​គាត់​នៅ​ហើយ ដី​ហ្នឹង​ជា​ដី​ព្រៃ​ជា​ដី​ឯកជន​របស់​រដ្ឋ គឺ​ជា​សិទ្ធិ​គ្រប់គ្រង​ស្រប​ច្បាប់​របស់ ហើយ​មិន​អាច​ដេញ​គាត់​បាន​ទេ តែ​បើ​ជា​រដ្ឋ​ត្រូវ​ការ​ដី​ហ្នឹង​យក​ទៅ​ធ្វើ​អី គួរ​តែ​រដ្ឋ​ហ្នឹង​ត្រូវ​អនុវត្ត​តាម​ផ្លូវ​ច្បាប់ គឺ​ដោះស្រាយ​សំណង​ឲ្យ​សមរម្យ​ទៅ​ឲ្យ​គាត់​ហ្នឹង​បាន​ត្រឹមត្រូវ។ តែ​បើ​សិន​ជា​មិន​បាន​ដោះស្រាយ​សំណង​ឲ្យ​គាត់​ទេ នេះ​ជា​ករណី​មួយ គឺ​ថា​ដេញ​គាត់​ចេញ​ពី​លំនៅឋាន​ដោយ​មិន​ត្រឹមត្រូវ​តាម​គតិ​ច្បាប់​ទេ​ណាស់!»

ប្រជាពលរដ្ឋ​ដែល​ត្រូវ​បណ្ដេញ​ឲ្យ​រើ​ផ្ទះ​ចេញ​ពី​ដី អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​បញ្ឈប់​ការ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី។ ប្រជាពលរដ្ឋ​បញ្ជាក់​ថា ពួក​គាត់​ក្រីក្រ គ្មាន​ដី​សម្រាប់​សង់​លំនៅឋាន​ទេ ប្រសិន​បើ​អាជ្ញាធរ​បណ្ដេញ​ដោយ​ពុំ​មាន​ផ្ដល់​សំណង​សមរម្យ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។