ពលរដ្ឋមានជម្លោះដីធ្លីតំបន់ពាមប៉ោអូ៣ជាង១០០នាក់ត្រឡប់ទៅតំបន់ដីជម្លោះវិញ
ដោយ អ៊ុក សាវប៊ូរី
2014.05.31
2014.05.31

RFA/Den Ayuthyea
ប្រជាពលរដ្ឋដែលតវ៉ាបញ្ហាដីធ្លីមកពីខេត្តក្រចេះ ជាង ១០០នាក់ បានវិលត្រឡប់ទៅតំបន់ជម្លោះដីធ្លីនៅតំបន់ពាមប៉ោអូរ៣ ក្នុងឃុំឃ្សឹម វិញហើយនៅថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីទទួលដំណឹងថា នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចប្រគល់ដីឲ្យពួកគាត់បានរស់នៅតាមការទាមទារ។
ព្រះចៅអធិការវត្តសាមគ្គីរង្សី ព្រះនាម សៀង សុវណ្ណារ៉ា មានថេរដីកាថា ពលរដ្ឋមកពីខេត្តក្រចេះ នៅសល់ជាង ២០០នាក់ទៀត កំពុងបន្តស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញ ដោយខ្វះមធ្យោបាយធ្វើដំណើរត្រឡប់ទៅវិញ។ ប៉ុន្តែនៅថ្ងៃទី១ ខែមិថុនា ប្រជាពលរដ្ឋមកពីឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ទាំងអស់ដែលនៅសល់ក្នុងវត្ត នឹងត្រឡប់ទៅវិញ ដើម្បីកាន់កាប់ដីដែលបានកាប់រានតាមការយល់ព្រមពីថ្នាក់ដឹកនាំ៕