ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​កំណត់​ព្រំ​ដី​បង្កើត​សហគមន៍​ព្រៃឈើ

ដោយ ជិន ជេដ្ឋា
2017-06-25
Share
ផែនទី​ខេត្ត​កំពង់ឆ្នាំង ៨៥៥ ផែនទី​ខេត្ត​កំពង់ឆ្នាំង។
Photo: RFA

អ្នក​ភូមិ​នៃ​ឃុំ​ពេជចង្វារ និង​ឃុំ​អញ្ចាញរូង ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ស្នើ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ប្រញាប់​ចុះ​វាស់វែង​កំណត់​ព្រំប្រទល់​ដី​ព្រៃ​សហគមន៍ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ ឬ​អ្នក​មាន​លុយ និង​មាន​អំណាច ឆ្លៀត​ចូល​កាន់កាប់​បន្ថែម ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ស្មុគស្មាញ។ មន្ត្រី​ជំនាញ​យល់ស្រប​នឹង​ការ​ស្នើសុំ​របស់​តំណាង​ពលរដ្ឋ ហើយ​ថា​នឹង​ចុះ​វាស់វែង​ក្នុង​ពេល​ឆាប់ៗ។

តំណាង​ពលរដ្ឋ​ដែល​ចិញ្ចឹម​ចិត្ត​ចង់​បង្កើត​សហគមន៍​ព្រៃឈើ​ឈ្មោះ «ពេជចង្វារ​ធីតា​ល្អ​ឆើត» តាំង​ពី​ជាង ១០​ឆ្នាំ​មុន​នោះ ថ្លែង​ទាំង​ក្ដី​សង្ឃឹម​ថា សហគមន៍​នឹង​ចេញ​ជា​រូបរាង ហើយ​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​កសិកម្ម បើ​តំណាង​ពលរដ្ឋ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចុះ​វាស់វែង​ធ្វើ​បច្ចុប្បន្នភាព​ផ្ទៃដី​ជា​ថ្មី​នោះ។ សហគមន៍​ប៉ាន់ស្មាន​ថា ផ្ទៃដី​ព្រៃ​អាច​នៅ​សល់​ប្រមាណ ៤០០​ហិកតារ។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៧​នាក់​ដែល​ចេញ​មុខ​ទាមទារ​ដី​បង្កើត​សហគមន៍ លោកស្រី យិន ប៉ិច មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង និង​មន្ត្រី​ផ្សេង​ទៀត បាន​សន្យា​ជាមួយ​តំណាង​ពលរដ្ឋ ថា​នឹង​ចុះ​វាស់វែង​កំណត់​ព្រំប្រទល់​នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ ទើប​ធ្វើ​ឲ្យ​ពួក​គេ​ទន្ទឹង​រង់ចាំ។

លោកស្រី យិន ប៉ិច ជឿ​ថា នៅ​ពេល​ចុះ​វាស់វែង​កំណត់​ព្រំ​ជាក់ស្ដែង​នឹង​មាន​បញ្ហា​ខ្លះ តែ​សហគមន៍​នឹង​ដោះស្រាយ​បញ្ហា​ទាំងនេះ​ដោយ​សន្តិវិធី គឺ​មិន​បង្កើត​សហគមន៍​ធ្វើ​ឲ្យ​កើត​រឿង​នោះ​ទេ៖ «អ្វី​ដែល​ដាក់​ពាក្យ​បន្តបន្ទាប់​ធ្វើ​ឲ្យ​ពន្យារ​ពេល​ហ្នឹង ប៉ះពាល់​ដល់​មតិ​របស់​ពលរដ្ឋ​ខ្លះ ក៏ដូចជា​យើង​មើល​ឃើញ​ថា ការ​ពន្យារ​ហ្នឹង​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ​កាន់​តែ​ច្រើន​ឡើង។ និយាយ​ទៅ ដី​ហ្នឹង​ដី​មាន​ព្រៃ បើ​សិន​បង្កើត​បាន​ទៅ យើង​ការពារ​ទៅ​ព្រៃ​ហ្នឹង​កាន់​តែ​ចូល​អត់​ចុះ»

ទាក់ទង​នឹង​ការ​បង្កើត​ព្រៃ​សហគមន៍​នេះ អាជ្ញាធរ​ស្រុក​បរិបូរណ៍ និង​ឃុំ​ពេជចង្វារ ផ្ទៃដី​ព្រៃ​ដែល​នៅ​សេសសល់​តិចតួច​ពី​ក្រុម​និស្សិត​ចុះ​វាស់វែង​ជូន​ពលរដ្ឋ​កាល​ពី​ឆ្នាំ​២០១២ ត្រូវ​បាន​អ្នក​ភូមិ​ជាច្រើន​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ស្ទើរ​អស់ ឬ​ដូច​រណ្ដៅ​បាយខុំ​ទៅ​ហើយ។ ដូច្នេះ​ការ​បង្កើត​សហគមន៍​ព្រៃឈើ​លើ​តំបន់​ដែល​មាន​ព្រៃ​តិច ហើយ​ពលរដ្ឋ​កំពុង​កាន់កាប់​នោះ អាច​នឹង​មាន​បញ្ហា​ចម្រូងចម្រាស។

ឆ្លើយតប​បញ្ហា​នេះ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន ថ្លែង​ថា មន្ត្រី​ជំនាញ​នឹង​ចុះ​វាស់វែង​កំណត់​ព្រំប្រទល់​ដី​ព្រៃ​សហគមន៍​ដែល​នៅ​សេសសល់​នៅ​ចុង​ខែ​មិថុនា នេះ ឬ​នៅ​ក្នុង​សប្ដាហ៍​ទី​១ នៃ​ខែ​កក្កដា ឆ្នាំ​២០១៧។ លោក​យល់ស្រប​តាម​ការ​លើក​ឡើង​របស់​តំណាង​ពលរដ្ឋ​ដែល​ថា បើ​ពន្យារ​ពេល​ក្នុង​ការ​វាស់វែង​កំណត់​ព្រំប្រទល់​ទៀត អាច​នឹង​មាន​បញ្ហា​កាន់​តែ​ច្រើន៖ «ការពិត​គាត់​បាន​មក​ជួប​នឹង​រដ្ឋបាល​ព្រៃឈើ ជួប​ទាំង​ខ្ញុំ ហើយ​ខ្ញុំ​មាន​គម្រោង​ចុះ​ទៅ​ពេល​បោះឆ្នោត​ហើយ តែ​អត់​ទាន់​មាន​ពេល​ទំនេរ។ អ៊ីចឹង​នៅ​សប្ដាហ៍​ក្រោយ​អាច​នឹង​ចុះ​ហើយ ចុះ​ទៅ​ធ្វើ​ការ​ហើយ ព្រោះ​ពាក់ព័ន្ធ​នឹង​ដី​មាន​ទំនាស់»

តំណាង​ពលរដ្ឋ លោកស្រី យិន ប៉ិច ថា​នៅ​មុន​ឆ្នាំ​២០១២ ពលរដ្ឋ ៦​ភូមិ​ក្នុង​ឃុំ​ពេជចង្វារ និង ១​ភូមិ​ទៀត​នៅ​ឃុំ​អញ្ចាញរូង បាន​ប្រមូល​ស្នាម​មេដៃ​ជាង ៦០០​គ្រួសារ ដាក់​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ ស្នើសុំ​កាត់​ទុក​ដី​ព្រៃ​ជិត ២​ពាន់​ហិកតារ (.៨០៨​ហិកតារ) ឋិត​នៅ​ឃុំ​ពេជចង្វារ សម្រាប់​ប្រើប្រាស់​ជា​សមូហភាព ប៉ុន្តែ​សំណើ​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ណា​មួយ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល