ពលរដ្ឋ​ជាង​៧០​គ្រួសារ​ត្រៀម​ចូល​រួម​សិក្ខាសាលា​រឿង​ដីធ្លី​នៅ​ឧត្ដរមានជ័យ

ដោយ ហង្ស សាវយុត
2014.04.27

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្តរមានជ័យ គ្រោង​នឹង​រៀបចំ​ធ្វើ​សិក្ខាសាលា​រឿង​ទំនាស់​ដីធ្លី​មួយ ដោយ​មាន​ប្រជាពលរដ្ឋ​ជា​អ្នក​ប៉ះពាល់​ដោយសារ​ទំនាស់​ដីធ្លី​ជាង ៧០​គ្រួសារ​ត្រៀម​ខ្លួន​ចូល​រួម។

ក្នុង​គម្រោង​សិក្ខាសាលា​នោះ ក៏​បាន​ស្នើ​សុំ​កិច្ច​សហការ​ពី​អភិបាល​ខេត្ត ប្រធាន​តុលាការ ព្រះរាជអាជ្ញា និង​មន្ទីរ​ដែនដី​នគរូបនីយកម្ម ឱ្យ​ចូល​រួម​ជា​វាគ្មិន​ដែរ ក៏ប៉ុន្តែ​គម្រោង​នោះ​កំពុង​មាន​ឧបសគ្គ ដោយសារ​តែ​សាលាខេត្ត​ឧត្តរមានជ័យ មិន​ចូល​រួម​សហការ​លើ​គ្រប់​អ្វី​ទាំង​អស់​ទៅ​តាម​សង្គម​ស៊ីវិល​ចង់​បាន។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ឱ្យ​ដឹង​ថា សិក្ខាសាលា​មួយ​ស្ដីពី​សិទ្ធិ​ដីធ្លី និង​ការ​អនុវត្ត​ច្បាប់ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខេត្ត​ឧត្តរមានជ័យ នា​ថ្ងៃ​ទី​២៩ ខែ​មេសា ខាង​មុខ ទំនង​ជា​មិន​អាច​ដំណើរការ​បាន​ទេ។ ការ​ខកខាន​នោះ ដោយសារ​តែ​មន្ត្រី​សាលា​ខេត្ត​ឧត្តរមានជ័យ មិន​បាន​អនុញ្ញាត​ច្បាប់ និង​មិន​ធ្វើ​កិច្ច​សហការ​បញ្ជូន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឱ្យ​ចូល​រួម​ដោះស្រាយ​ទៅ​លើ​បញ្ហា​នានា ដែល​ប្រជាពលរដ្ឋ​គ្រោង​នឹង​លើក​ឡើង។

អ្នក​សម្របសម្រួល​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ គឺ​លោក ស្រី ណារ៉េន។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មេសា ថា លោក​បាន​ដាក់​លិខិត​ទៅ​សាលា​ខេត្ត​ឧត្តរមានជ័យ តាំងតែ​ពីមុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ម្ល៉េះ ដើម្បី​សុំ​ការ​អនុញ្ញាត​ធ្វើ​សិក្ខាសាលា​ស្ដីពី​ជម្លោះ​ដីធ្លី ព្រម​ទាំង​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​បញ្ជូន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចូល​រួម​សហការ ដើម្បី​រក​ដំណោះស្រាយ​ជាមួយ​គ្នា។ ក៏ប៉ុន្តែ​កាល​ពី ២-៣ ថ្ងៃ​មុន​នេះ អភិបាល​រង​ខេត្ត​ឧត្តរមានជ័យ លោក វ៉ាត ប៉ារ៉ានីន បាន​ឆ្លើយ​តប​លើ​លិខិត​ស្នើ​សុំ​នោះ​វិញ​ថា វា​ហួស​សមត្ថភាព​និង​សិទ្ធិ​សម្រេច​របស់​ថ្នាក់​ខេត្ត។

លោក ស្រី ណារ៉េន៖ «ខ្ញុំ​ដាក់​ស្នើសុំ​ធ្វើ​សិក្ខាសាលា សិទ្ធិ​ដីធ្លី​និង​ការ​អនុវត្ត​ច្បាប់ ហើយ​ខាង​សាលា​ខេត្ត​ហ្នឹង​គេ​ឆ្លើយ​តប​មក​វិញ គេ​ថា វា​ហួស​សមត្ថភាព ហួស​សិទ្ធិ​របស់​ខេត្ត អ៊ីចឹង​គេ​នឹង​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ ហើយ​គេ​នឹង​ឆ្លើយ​តប​នៅ​ពេល​ក្រោយ។ គ្រាន់តែ​ស្នើ​សុំ​កិច្ច​សហការ​ធ្វើ​សិក្ខា​សាលា ហើយ​ចាំ​ដល់​ក្រសួង​មហាផ្ទៃ មើល​ទៅ​អាជ្ញាធរ​ខេត្ត​នេះ ហាក់​បី​ដូច​ជា​មិន​បើក​ចិត្ត​ឱ្យ​ទូលាយ​ដូច​ខេត្ត​គេ​ដទៃ​ទៀត​ទេ»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​រង​លោក វ៉ាត ប៉ារ៉ានីន និង​នាយក​រដ្ឋបាល​សាលាខេត្ត​ឧត្តរមានជ័យ លោក ហោ ជិនវិរៈយុទ្ធ ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​ការ​រិះគន់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា សាលា​ខេត្ត​ឧត្តរមានជ័យ ដែល​ធ្វើ​ការ​តាម​បែបបទ​រដ្ឋបាល​ក្នុង​រឿង​នោះ​ពិតជា​ត្រឹមត្រូវ ពីព្រោះ​ក្នុង​ករណី​ខ្លះ​ដែល​សាលា​ខេត្ត​យល់​មិន​ច្បាស់​លើ​ការ​សម្រេច គឺ​ត្រូវ​ធ្វើ​លិខិត​បញ្ជូន​បន្ត​មក​ក្រសួង​មហាផ្ទៃ នេះ​រឿង​ម្យ៉ាង ឯ​រឿង​ម្យ៉ាង​ទៀត ប្រសិនបើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចង់​ធ្វើ​អ្វី​ខ្លះ​នៅ​ខេត្ត​ណា​នោះ គួរ​តែ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ឱ្យ​ក្រសួង​បាន​ពិគ្រោះ​ជាមួយ​ខេត្ត​នោះ​ជាមុន។

ខៀវ សុភ័គ៖ «ក្នុង​ករណី​យល់​ថា វា​ត្រឹមត្រូវ​ហើយ វា​ច្បាស់លាស់​ហើយ ខេត្ត​សម្រេច​ខ្លួន​ឯង បើ​សិន​ជា​គាត់​ថា ដូចជា​មិន​ច្បាស់លាស់ ចង់​បាន​បញ្ជាក់​ថែម​ទៀត ខេត្ត​គួរ​ទទួល​ពាក្យ​អង្គការ ហើយ​លើក​យោបល់​មក​ក្រសួង​មហាផ្ទៃ»

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ទទួល​ស្គាល់​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថា ជា​រឿង​ត្រឹមត្រូវ បើ​និយាយ​ពី​ឋានានុក្រម​របស់​ខេត្ត​នីមួយៗ​ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​មហាផ្ទៃ ក៏ប៉ុន្តែ​បើ​និយាយ​អំពី​សិទ្ធិ​ដីធ្លី និង​ការ​ជួប​ប្រជុំ​នៅ​តាម​មូលដ្ឋាន​វិញ គឺ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ចុះ​បញ្ជី និង​តម្កល់​លក្ខន្តិកៈ​របស់​ខ្លួន​នៅ​ឯ​ក្រសួង​មហាផ្ទៃ រួច​ហើយ ដូច្នេះ​មិន​ចាំបាច់​ទៅ​សុំ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ ទៀត​ទេ គឺ​គ្រាន់តែ​ជូន​ដំណឹង​ថា នឹង​ត្រូវ​ធ្វើ​អ្វី​នៅ​កន្លែង​ណា​និង​ពេល​ណា​ប៉ុណ្ណោះ។

អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ទទួល​បន្ទុក​ដីធ្លី លោក ចាន់ សុវ៉េត បាន​ហៅ​ចំណាត់ការ​របស់​សាលា​ខេត្ត​ឧត្តរមានជ័យ ដែល​មិន​អនុញ្ញាត​ឱ្យ​ធ្វើ និង​បញ្ជូន​វាគ្មិន​ឱ្យ​ចូលរួម​សិក្ខាសាលា​នោះ ថា វា​ហាក់​ដូចជា​អន្ទង់​វែង​ឆ្នាំង​វែង ឬ​ក៏​សាលាខេត្ត​មាន​ភាព​ទន់​ខ្សោយ​ផ្នែក​រដ្ឋបាល។

លោក ចាន់ សុវ៉េត បាន​រិះគន់​ទៀត​ថា បើ​ពិនិត្យ​មើល​លើ​ខ្លឹមសារ​របស់​សាលា​ខេត្ត​ឧត្តរមានជ័យ ដែល​បង្ក​ឧបសគ្គ​ដល់​ដំណើរការ​សិក្ខាសាលា​ដីធ្លី​នោះ ហាក់​ដូច​ជា​មិន​ទាន់​មាន​កិច្ចសហការ​ទូលំទូលាយ​ជាមួយ​សង្គម​ស៊ីវិល​នៅ​ឡើយ ហើយ​ហាក់​ដូច​ជា​មាន​ចេតនា​បិទ​បាំង​រឿង​ទំនាស់​ដីធ្លី​មួយ​ចំនួន ដែល​កើត​ឡើង​ដោយ​សាលា​ខេត្ត​ក៏​បរាជ័យ​ជា​ច្រើន​ក្នុង​ការ​ដោះស្រាយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។