អ្នកភូមិនៅរតនគិរីប្រឆាំងនឹងគម្រោងធ្វើព្រំដីសម្បទាន
2011.01.21
អ្នកភូមិកាហល់ ឃុំម៉ាលិច ស្រុកអណ្ដូងមាស ខេត្តរតនគិរី មានគ្នាជាង ៣០នាក់ បានលើកគ្នាទៅរារាំងបុគ្គលិកក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ចាង លី ឲ្យបញ្ឈប់សកម្មភាពធ្វើព្រំដីសម្បទាន ក្ដោបទៅលើដីស្រែចម្ការពួកគាត់កំពុងប្រើប្រាស់ប្រចាំថ្ងៃ។
ការរារាំងនេះធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១១ ខណៈពេលក្រុមបុគ្គលិកកម្មករក្រុមហ៊ុនកំពុងធ្វើការបាញ់ថ្នាំពណ៌នៅចំណុចថ្នល់ទឹកធ្លាក់ទៅទល់នឹងភ្នំតាទុះ ក្នុងឃុំម៉ាលិច ក៏ប៉ុន្តែមិនមានអំពើហិង្សាធំដុំអ្វីក្នុងហេតុការណ៍នោះទេ។
តំណាងអ្នកភូមិ លោក រចំ តេវ មានប្រសាសន៍ថា បុគ្គលិកក្រុមហ៊ុនមិនបានគោរពសិទ្ធិគ្រប់គ្រងដីធ្លីរបស់អ្នកភូមិ ហើយប្រើពាក្យគំរាមអ្នកភូមិមិនឲ្យធ្វើការតវ៉ា។ លោកបន្តថា អ្នកភូមិទាមទារឲ្យក្រុមហ៊ុនបញ្ឈប់ការបាញ់ថ្នាំហ៊ុមព័ទ្ធដី ហើយកាត់ចេញដីស្រែចម្ការពួកគាត់ ដើម្បីបញ្ចៀសផលប៉ះពាល់ចំពោះអ្នកភូមិក្នុងគម្រោងការផ្ដល់ដីសម្បទានសម្រាប់ក្រុមហ៊ុន ៖ «កាលពីប្រជុំហ្នឹងគេថា អត់អីទេបងប្អូនដកចេញ កាត់ចេញឲ្យបងប្អូនប្រជាពលរដ្ឋយើងអត់មានដីស្រែ។ឥឡូវកាន់ថែមពីហ្នឹងទៀត គេថាដីនេះជាដីរបស់រដ្ឋ»។
អាជ្ញាធរស្រុកអណ្ដូងមាស ខេត្តរតនគិរី ឲ្យដឹងថា ក្រុមហ៊ុន ចាង លី បានស្នើសុំដីសម្បទានសេដ្ឋកិច្ចប្រមាណ ២.៩០០ហិកតារនៅឃុំចំនួនពីរ ក្នុងស្រុកអណ្ដូងមាស ដើម្បីធ្វើការវិនិយោគចម្ការកៅស៊ូ។
ដីទាំងអស់នោះមួយផ្នែកស្ថិតក្នុងឃុំម៉ាលិច និងមួយផ្នែកទៀតស្ថិតក្នុងឃុំញ៉ាង ហើយរហូតបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានសម្រេចប្រគល់ដីតែ ១.៩០០ហិកតារប៉ុណ្ណោះទៅឲ្យក្រុមហ៊ុន ដើម្បីដាំកៅស៊ូ ដោយកាត់ចេញដី ១.០០០ហិកតារដែលជាផ្នែកប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងនោះមានដីចម្ការ ដីព្រៃ និងតំបន់អូរធម្មជាតិសម្រាប់អ្នកភូមិរស់ចិញ្ចឹមជីវិត។
មេការរបស់ក្រុមហ៊ុន ចាង លី ឈ្មោះ ម៉ុន បដិសេធមិនធ្វើអធិប្បាយជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០១១ ទាក់ទិនការប្រឈមមុខដាក់គ្នានោះទេ។
អភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ មានប្រសាសន៍បញ្ជាក់ថា ថ្វីត្បិតការធ្វើព្រំហ៊ុមព័ទ្ធទាំងដីអ្នកភូមិ ក៏ប៉ុន្តែអាជ្ញាធរមានគម្រោងកាត់ចេញដីស្រែចម្ការនោះតាមតួលេខចំនួនដីរបស់អ្នកភូមិដែលអាជ្ញាធរឃុំផ្ដល់មក។ លោកបន្តថា កំហុសមួយផ្នែករបស់អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ និងឈ្មួញអ្នកចូលមកទិញដីនៅតំបន់នោះ គឺមិនបានចុះស្ថិតិត្រឹមត្រូវពីចំនួនដីធ្លីរបស់ពួកគាត់មកសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីសិក្សាពីលទ្ធភាពកាត់ចេញពីគម្រោងផ្ដល់ដីសម្បទានទើបកើតចេញបញ្ហានេះ។
លោក នង ដារិទ្ធ បន្ថែមថា ៖ «ខ្មែរយើងដែលទៅទិញដីពីបងប្អូនជនជាតិធ្វើចម្ការ ៥០-៦០ហិកតារ ភូមិឃុំអត់បានស្រង់ឈ្មោះគាត់ទេដែលចុះធ្វើហ្នឹង។ ម្ចាស់ចម្ការខ្មែរមួយមានដីដល់ ៥០ហិកតារនៅក្នុងហ្នឹង ប៉ុន្តែកាលឆ្លើយគាត់ដាក់តែ ៥ហិកតារទេ»។
សមាគមអាដហុក ខេត្តរតនគិរី បានអង្កេតទៅលើដីធ្លីនៅតំបន់មានទំនាស់នោះឃើញថា ដីមួយផ្នែកធំគឺជាតំបន់ព្រៃឈើដែលត្រូវបានគេកាប់រានហើយលក់ដូរ។ បច្ចុប្បន្ននេះដីទាំងនោះរាប់រយហិកតារស្ថិតក្នុងការគ្រប់គ្រងដោយអ្នកទិញដីខុសច្បាប់នេះ។
យ៉ាងនេះក្តី មន្ត្រីស្រុកដដែលឲ្យដឹងថា ក្រុមអាជ្ញាធរមិនអាចបញ្ឈប់គម្រោងធ្វើព្រំដីសម្បទាននេះបានទេ ពីព្រោះក្រុមហ៊ុនមានការអនុញ្ញាតពីក្រសួងកសិកម្ម។ លោកបន្តថា ការកំណត់ធ្វើព្រំដីសម្បទាននេះ នឹងជួយរកឲ្យឃើញថា តើមានដីអ្នកភូមិ ឬក្រុមអ្នកទិញដីនៅតំបន់នោះចំនួនប៉ុន្មានទៀត ដែលមិនទាន់មានក្នុងបញ្ជីអ្នកមានផលប៉ះពាល់ ដើម្បីអាជ្ញាធរធ្វើរបាយការណ៍ជូនស្ថាប័នពាក់ព័ន្ធសម្រេចកាត់ចេញបន្ថែមទៀត ឬយ៉ាងណានោះ៕