អ្នក​ភូមិ​នៅ​ស្ទឹងត្រែង​ចោទ​មេការ​ក្រុមហ៊ុន​ចិន​ថា​យក​កាំភ្លើង​ភ្ជង់​បណ្ដេញ​ចេញ​ពី​ដី

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ភូមិ​ក្របីជ្រុំ ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ចោទ​ប្រកាន់​មេការ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន ឈ្មោះ អ៊ុន អិន សឿ និង​បក្សពួក មាន​គ្នា ១០​នាក់ ថា​បាន​យក​កាំភ្លើង​ម៉ាក អាកា ៤៧ ស្វ័យបត់​ភ្ជង់​ចំ​ដើម​ទ្រូង​គាត់ ហើយ​បណ្ដេញ​ចេញ​ពី​ដី​ស្រែ​របស់​គាត់។
ដោយ រដ្ឋា វីសាល
2012.12.16

រឿង​រ៉ាវ​នេះ​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ នៅ​ចំណុច​អូរគគីរ ឃុំ​ក្បាលរមាស បន្ទាប់​ពី​ប្រជាពលរដ្ឋ ៨​គ្រួសារ បាន​ចុះ​ទៅ​កាប់​ឆ្ការ​ស្មៅ​រក​ព្រំដី​ស្រែ​របស់​ពួកគាត់ ដើម្បី​ទុក​ឲ្យ​ក្រុម​និស្សិត​ចុះ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ។

អ្នក​ភូមិ​ឈ្មោះ លី បាវ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​រាយការណ៍ និង​ប្ដឹង​ករណី​នេះ​ជូន​អាជ្ញាធរ​ឃុំ និង​សមត្ថកិច្ច​ប៉ូលិស​កង​រាជ​អាវុធហត្ថ​តាំង​ពី​ថ្ងៃ​កើត​ហេតុ ប៉ុន្តែ​រហូត​ថ្ងៃ​នេះ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ឡើយ។

លោក​បន្ត​ថា លោក​បាន​ប្ដឹង​ទៅ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង ជួយ​អន្តរាគមន៍​រឿង​នេះ​បន្ត​ទៀត៖ «ចិន ២​នាក់ ខ្មែរ ៨​នាក់។ ឡាន​គេ​មក​ដល់​សួរ​ខ្ញុំ​ថា អ្នក​ណា​ដុត​ភ្លើង​នេះ?ខ្ញុំ​ក៏​ឆ្លើយ​ដាក់​ខ្លួន​ខ្ញុំ ថា ខ្ញុំ! ហើយ​ខ្ញុំ​ដុត​ដី​ស្រែ​ខ្ញុំ។ ដូច្នេះ​អា​ចិន មួយ​គេ​ទៅ​កន្ទ្រាក់​កាំភ្លើង​ពី​អា​មួយ​នោះ​មក ចិនៗ​គ្នា​គេ ភ្ជង់​ខ្ញុំ​ជាប់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន សុំ​បំភ្លឺ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ប៉ុន្តែ​មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក មៀន ព្រហ្មមុនី ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​ប្រើប្រាស់​អាវុធ​រំលោភ​សិទ្ធិ​មនុស្ស ប្រសិន​សេចក្ដី​រាយការណ៍​របស់​អ្នក​ភូមិ​ជា​ការ​ពិត។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្រាវជ្រាវ​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។