តំណាងប្រជាពលរដ្ឋឈ្មោះ អ៊ីសា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី២៨ មិថុនា ថា ក្រសួងបរិស្ថានបានប្រគល់ដីចំនួន ៤០៣ហិកតារមកឲ្យប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយអគ្គីភ័យ នៅឯរាជធានីភ្នំពេញមករស់នៅ។ តែផ្ទុយទៅវិញលោក កែវ ហួរ ដែលប្រជាពលរដ្ឋអះអាងថា ជាអ្នកតំណាងឲ្យក្រសួងបរិស្ថានក្នុងការបែងចែកដីឲ្យប្រជាពលរដ្ឋ បែរជាយកដីនេះទៅលក់ឲ្យឈ្មួញយកលុយដាក់ហោប៉ៅខ្លួនឯង។
លោក អ៊ីសា បានបញ្ជាក់ថា ៖ «ខ្ញុំរងគ្រោះភ្លើងឆេះផ្ទះ! ជននោះចេះតែយកដីទៅលក់! ខ្ញុំក្នុងចំណោម ១៩៥គ្រួសារ គេឲ្យដីខ្ញុំ ហើយគេដកយកទៅវិញ ព្រោះគេត្រូវការលក់...»។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ មីង ស្រស់ បន្ថែម ៖ «ខ្ញុំជាជនរងគ្រោះ(ភ្លើងឆេះផ្ទះ) មកពីច្រាំងចម្រេះមក តែខ្ញុំមកនៅវាលវែងហ្នឹង។ គេចែកដីឲ្យខ្ញុំ ហើយឥឡូវគេដកយកទៅវិញ...»។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានបានផ្ដល់ដីសម្បទានសង្គមកិច្ចចំនួន ៤០៣ហិកតារនៅចំណុចសុខសាន្ត ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកឲ្យប្រជាពលរដ្ឋចំនួន ១៩៥គ្រួសារដែលក្រីក្ររងគ្រោះអគ្គីភ័យ នៅឯសង្កាត់ច្រាំងចម្រេះ១ សង្កាត់ច្រាំងចម្រេះ២ និងសង្កាត់ព្រែកតាសេក រាជធានីភ្នំពេញ។ លោក កែវ ហួរ ដែលជាតំណាងឲ្យក្រសួងបរិស្ថានក្នុងការបែងចែកនេះ បែរជាយកដីនេះទៅលក់ឲ្យឈ្មួញ។ ពួកគាត់ដែលជាជនរងគ្រោះពិតប្រាកដ ពុំទទួលបានដីសម្បទាននេះឡើយ។
លោក កែវ ហួរ ដែលជាតំណាងឲ្យក្រសួងបរិស្ថាន ក្នុងការបែងចែកដីសម្បទាននេះ បានបដិសេធការចោទប្រកាន់នេះ។ លោកមានប្រសាសន៍ថា មានជនខិលខូចខ្លះកំពុងបង្ខូចកិត្តិយសរបស់លោក ព្រោះពួកគេបានមកសុំដីនេះដែរ តែលោកមិនឲ្យ។
លោក កែវ ហួរ បានអះអាងថា ៖ «បើបងមិនជឿខ្ញុំ បងជួយសួរទៅអាជ្ញាធរដែនដីទៅ ដឹងហើយថា តើកិត្តិយសខ្ញុំ កេរ្តិ៍ឈ្មោះដែលខ្ញុំសុំដីបានពីរដ្ឋាភិបាល ពីក្រសួងមកបានហ្នឹង តើខ្ញុំបានលក់នៅកន្លែងណាខ្លះ? ហើយរកមើលភស្តុតាងអី! ខ្លះលក់ដូរអីហ្នឹងនៅឯណា! បងដឹងទេ អ្នកដែលថាហ្នឹងវាជាអ្នកដើរតែបោកប្រាស់គេទេ!»។
ពុំអាចទាក់ទងសុំការពន្យល់ពីលោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានទេ នៅរសៀលថ្ងៃទី២៨ មិថុនានេះ។ ឯនាយខុទ្ទកាល័យក្រសួងបរិស្ថាន គឺលោក អ៊ុង សេង មានប្រសាសន៍ថា លោកពុំបានដឹងបញ្ហានេះទេ។
អភិបាលស្រុកវាលវែងគឺលោក ឆេ ឈីវ មានប្រសាសន៍ថា លោកទើបតែចុះទៅចែកអំណោយជូនប្រជាពលរដ្ឋនៅទីនោះ កាលពីថ្ងៃទី២៦ មិថុនា។ តែលោកពុំទាន់ទទួលបានព័ត៌មាន ឬបណ្ដឹងប្រជាពលរដ្ឋពីករណីនេះនៅឡើយ។ លោកបន្តថា ប្រសិនបើមានករណីនេះមែន សូមប្រជាពលរដ្ឋដាក់បណ្ដឹងមក ទើបលោកមានមូលដ្ឋានក្នុងការស្រាវជ្រាវ និងដោះស្រាយជូន៕