ទាហានឡាវបាញ់ពលរដ្ឋខ្មែរបាក់ជើង២នាក់
2011.08.12
លោក រដ្ឋា វីសាល រាយការណ៍នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១១ ឲ្យដឹងថា ពលរដ្ឋខ្មែរដែលត្រូវតម្រួតឡាវបាញ់ឲ្យរបួសនោះ រស់នៅភូមិកាចាញទឹក ឃុំស្រែសម្បូរ ឈ្មោះ ទារបឿន អាយុ២១ និងម្នាក់ទៀតរស់នៅឃុំព្រៃមាស ឈ្មោះ ធិន អាយុ១៨ឆ្នាំ។
ជំទប់ទីពីរឃុំស្រែសម្បូរ លោក ឌី សន មានប្រសាសន៍បញ្ជាក់ថា បងប្រុសរបស់ប្រជាពលរដ្ឋ ដែលតម្រួតឡាវបាញ់បាក់ជើង ឈ្មោះ ទា មួន ជាអ្នកនៅក្នុងហេតុការណ៍បាញ់ប្រហារបានរត់រួចពីការស្ទាក់បាញ់ពលរដ្ឋខ្មែរទាំងនោះ បានអះអាងប្រាប់អាជ្ញាធរឃុំស្រែសម្បូរថា អ្នកភូមិជាក្រុមៗ បានលូចចូលទៅដីឡាវ ហើយនៅវេលាម៉ោងប្រមាណ១១ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ ក៏បានជួបហេតុការណ៍ស្ទាក់បាញ់ និងចាប់ខ្លូងនោះ ចំណែកប្រជាពលរដ្ឋផ្សេងទៀត បានរត់រួចចូលមកដីខ្មែរវិញ ចំណែកអ្នករងរបួសមិនដឹងជោគវាសនាបែបណានៅឡើយ ៖ "ខាងព្រំដែនប្រហែលមិនទាន់បានទទួលដំណឹងទេ វាបាក់ជើងនៅកន្លែងដែលគេបាញ់ហ្នឹង ប៉ុន្តែគ្នាគេប្រុងចូលទៅយកដែរ ប៉ុន្តែមកសួរខ្ញុំថា តើចូលយកបានអត់? ប៉ុន្តែខ្ញុំថាមិនទាន់ដឹងហ៊ានសន្និដ្ឋានទេ ក្រែងលោគេយាមនៅនោះណា។ ប្រហែលម៉ាស្រុកសៀមប៉ាង ទៅគ្នាច្រើនណាស់ ប៉ុន្តែដល់គេបាញ់ៗ បានតែម្នាក់ហ្នឹង ហើយគេចាប់បានម្នាក់"។
មេបញ្ជាការប៉ូលិសការពារព្រំដែន វរ៧០១ នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង លោក ហ៊ុន បាន មានប្រសាសន៍ថា តម្រួតព្រំដែនខ្មែរទាំងប៉ូលិស និងយោធា មិនទាន់ទទួលបានព័ត៌មាននេះពីភាគីឡាវនៅឡើយ ក៏ប៉ុន្តែបានទទួលព័ត៌មានដូចគ្នាពីប្រជាពលរដ្ឋស្រុកសៀមប៉ាង។ លោកបន្តថា នឹងចាត់ការស្រាវជ្រាវករណីនេះ៕