អ្នក​កាសែត​ខេមបូឌា ដេលី ពីរ​នាក់​ចូល​បំភ្លឺ​រឿង​ក្ដី​ពាក់ព័ន្ធ​ការ​ចោទ​របស់​ពលរដ្ឋ​នៅ​រតនគិរី

ដោយ រដ្ឋា វិសាល
2017.08.23
ផែនទី​ខេត្ត​រតនគិរី ៨៥៥ ផែនទី​ខេត្ត​រតនគិរី។
Photo: RFA

អ្នក​យក​ព័ត៌មាន​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ចូល​មក​ការិយាល័យ​អយ្យការ​សាលាដំបូង​ខេត្ត​រតនគិរី រួច​ហើយ ដើម្បី​ឆ្លើយ​បំភ្លឺ​អង្គហេតុ​ពាក់ព័ន្ធ​បណ្ដឹង​របស់​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​បី​នាក់ ពី​បទ​ចោទ​ញុះញង់ និង​រំលោភ​សិទ្ធិ​រក្សា​ការសម្ងាត់​បោះឆ្នោត​ក្នុង​ពេល​គណបក្ស​នយោបាយ​កំពុង​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤។

អ្នក​យក​ព័ត៌មាន​កាសែត ឌឹ ខេមបូឌា ដេលី ពីរ​នាក់ ស្នើ​សុំ​ឲ្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី តម្កល់​មិន​ចាត់​ការ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​នៅ​ឃុំ​ប៉ាតេ បី​នាក់ ដែល​ចោទ​រូបគេ​ទាំង​ពីរ​ពី​បទ​ញុះញង់ និង​រំលោភ​សិទ្ធិ​រក្សា​ការសម្ងាត់​បោះឆ្នោត។ ការ​ស្នើ​សុំ​នេះ ធ្វើ​ឡើង​គ្រា​ដែល​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ រួម​ទាំង​មេធាវី​ការពារ​ក្ដី​បាន​ចូល​មក​​ការិយាល័យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ដើម្បី​ឆ្លើយ​បំភ្លឺ និង​បង្ហាញ​​អង្គហេតុ​ពាក់ព័ន្ធ​បណ្ដឹង​ចោទ​ប្រកាន់​នេះ។

មេធាវី​ការពារ​ក្ដី​អ្នក​កាសែត​គឺ​លោក សេក សោភ័ណ្ឌ បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ថា កូន​ក្ដី​លោក​ជម្រាប​អង្គហេតុ​ទាក់ទិន​ការ​ចោទ​ប្រកាន់​ទាំង​អស់​ទៅ​អយ្យការ​ដើម្បី​យក​ទី​ពិចារណា និង​ស្នើ​សុំ​ឲ្យ​តម្កល់​រឿង​មិន​ចាត់ការ។ លោក​បន្ត​ថា កូន​ក្ដី​លោក​បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​របស់​ដើម​ចោទ​ថា ជា​ការ​មិន​ពិត៖ «អត់​ទាន់​មាន​សេចក្ដី​សម្រេច​ខាង​តំណាង​អយ្យការ​ផង គាត់​អត់​ទាន់​ធ្វើ​ការ​សន្និដ្ឋាន​ផង ប៉ុន្តែ​ខាង​កូន​ក្តី​ខ្ញុំ គាត់​ស្នើ​សុំ​ឲ្យ​តម្កល់​ទុក​ឥត​ចាត់ការ ពីព្រោះ​គាត់​បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​ឲ្យ​គាំទ្រ​បក្ស​ប្រឆាំង​ហ្នឹង​វា​មិន​មែន​ជា​ការ​ពិត»

​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​គងយុ និង​ភូមិ​គងធំ រួម​ទាំង​អតីត​មេឃុំ​ប៉ាតេ បាន​ដាក់​​ពាក្យ​ប្ដឹង​អ្នក​យក​ព័ត៌មាន​កាសែត ឌឹ ខេមបូឌា ដេលី ពីរ​នាក់ គឺ​លោក អូន ខាំភាព និង​ជនជាតិ​​កាណាដា គឺ​លោក ភីតធ័រ ស៊ុមបឺរ (Pitter Zsomber) បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ចូល​មក​ក្នុង​ភូមិ ហើយ​សួរ​​អ្នក​ភូមិ និង​មន្ត្រី​ឃុំ​ដែល​ដើម​បណ្ដឹង​ចាត់​ទុក​ថា មាន​ចេតនា​ញុះញង់ និង​រំលោភ​សិទ្ធិ​រក្សា​ការ​​សម្ងាត់​បោះឆ្នោត​ក្នុង​ពេល​គណបក្ស​នយោបាយ​កំពុង​ឃោសនា​បោះឆ្នោត។ ពាក្យ​ប្ដឹង​នោះ​ធ្វើ​ឡើង​ពីរ​​ច្បាប់ មួយ​ច្បាប់​ដាក់​ជូន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ឃុំ​ប៉ាតេ និង​មួយ​ច្បាប់​ទៀត​ដាក់​ជូន​​ការិយាល័យ​អយ្យការ​អម​សាលាដំបូង​ខេត្ត។ ដោយ​ឡែក​បណ្ដឹង​នៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​​ឃុំ​ប៉ាតេ ដើម​បណ្ដឹង​យល់​ព្រម​បញ្ចប់​ការ​ប្ដឹង​នោះ​វិញ​ហើយ។

​ព្រះរាជអាជ្ញា​លោក ជា ពេជ្រ បញ្ជាក់​នៅ​ថ្ង​ទី​២៣ ខែ​សីហា ថា មន្ត្រី​លោក​បាន​សាកសួរ​ចុងចោទ​ទាំង​ពីរ​នាក់​ចប់​សព្វគ្រប់​ហើយ។ លោក​ថា នឹង​ពិនិត្យ​អង្គហេតុ​ឆ្លើយ​បំភ្លឺ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​ធ្វើ​ការ​សម្រេច​យ៉ាង​ណា​នោះ៖ «ខាង​អយ្យការ​ខ្ញុំ​បាន​សួរ​គាត់​ចប់​សព្វ​គ្រប់​អស់​ហើយ យើង​ចាំ​ពិនិត្យ​មើល​អង្គហេតុ​ហ្នឹង​ពាក់ព័ន្ធ​អង្គច្បាប់​ដែរ ឬ​ទេ»

​ទោះបីជា​យ៉ាង​នេះ​ក្ដី ព្រះរាជអាជ្ញា​លោក ជា ពេជ្រ ឲ្យ​ដឹង​ថា ដើម​ចោទ​គឺ​លោក រម៉ាម យួត សេវ បន និង រចំ យ៉ឺ ក៏​បាន​ចូល​ទៅ​បំភ្លឺ​នៅ​ការិយាល័យ​អយ្យការ​រួចរាល់​ដូច​គ្នា​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។