ក្រសួង​យុត្តិធម៌​ស្នើ​លើកលែង​ទោស​ទណ្ឌិត​៣​នាក់​និង​បន្ធូរបន្ថយ​ទោស​៧៧​នាក់

ដោយ អ៊ុង សេរីវុទ្ធ
2016-04-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ទោស​ដេក​រង់ចាំ​តុលាការ​បើក​សវនាការ​នៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។
អ្នក​ទោស​ដេក​រង់ចាំ​តុលាការ​បើក​សវនាការ​នៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Brach Chev

ក្រសួង​យុត្តិធម៌​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​លើកលែង​ទោស​ទណ្ឌិត​៣​នាក់ និង​បន្ធូរបន្ថយ ៧៧​នាក់ នៅ​ក្នុង​ឱកាស​ថ្ងៃ​ពិសាខបូជា​ខាង​មុខ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៩ មេសា ថា ការ​សម្រេច​ស្នើ​លើកលែង​ បន្ធូរបន្ថយ​ទោសនេះ ធ្វើ​ឡើងបន្ទាប់​ពី​​គណៈកម្មាធិការ​ជាតិ​លើកលែង និង​បន្ធូរបន្ថយ​ទោស បាន​ប្រជុំ​សម្រេច​កាល​ពី​ថ្ងៃ​ទី​២៧ មេសា៖ «យើង​គិត​ពី​ស្ថានភាព សណ្ដាប់ធ្នាប់ សន្តិសុខ​សង្គម ទី២​គឺ​ថា គណៈកម្មការ​ជាតិ​បាន​ផ្លាស់ប្ដូរ​នីតិវិធី​ពិនិត្យ​ឯកសារ​មួយ​ចំនួន ដូច្នេះ​ហើយ​មាន​ការ​តឹងរ៉ឹង​លើ​ការ​ពិនិត្យ​សំណុំ​ឯកសារ ដែល​បញ្ជូន​ពី​ថ្នាក់​រាជធានី​ខេត្ត វា​ធ្វើ​ឲ្យ​ចំនួន​បន្ធូរបន្ថយ​ទោស និង​លើក​លែង​ទោស​មាន​ចំនួន​តិច​ឆ្នាំ​នេះ»។

យ៉ាងណាក៏ដោយ​អ្នកនាំពាក្យ​រូប​នេះ មិន​បញ្ជាក់​ថា ទណ្ឌិត​ដែល​នឹង​ត្រូវ​លើកលែង ជា​អ្នក​ទោស​ប្រភេទ​ណា​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា ជា​អ្នក​ទោស​ដែល​ជិត​ផុត​ទោស នៅ​ខ្វះ​ពីរ បី​ខែ​ទៀត និង​ជា​អ្នក​ទោស​ដែល​ពុំ​ធ្លាប់​បន្ធូរបន្ថយ​ទោស​ពី​មុន​មក​ទេ។

កាល​ពី​ដើម​ខែ មេសា ទណ្ឌិត​ពី​៧០០ ទៅ ៨០០​នាក់ ត្រូវ​បាន​ស្នើ​ឲ្យ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ និង​ពិធី​បុណ្យ​វិសាខបូជា។

ប៉ុន្តែ​ការ​លើក​លែង និង​បន្ធូរបន្ថយ​ទោស​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​រឹត​បន្តឹង ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​មុខ​រិះគន់​ការ​ដោះលែង​ទណ្ឌិត​ថា ភាគ​ច្រើន​នៃ​ជនល្មើស​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន ជា​មុខ​សញ្ញា​ចាស់ ហើយ​លោក​តម្រូវ​ឲ្យ​ផ្ញើ​បញ្ជី​រាយ​នាម​អ្នក​​លើក​លែង​ទោស​ទាំងអស់​ឲ្យ​លោក​ពិនិត្យ​ម្ដង​ៗ​មួយ មុន​ស្នើ​ទៅ​ព្រះមហាក្សត្រ។

ជាទូទៅ​ព្រះមហាក្សត្រ​ធ្វើ​ការ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​ក្នុង​១ឆ្នាំ​ចំនួន​៣ដង គឺ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ បុណ្យ​វិសាខបូជា និង​បុណ្យអុំទូក។ ទណ្ឌិត​ដែល​អនុវត្ត​ទោស​បាន​២ ភាគ​៣​នៃ​ទោស​សរុប អាច​ទទួល​បាន​ការ​លើកលែង​ទោស ខណៈ​ទណ្ឌិត​អនុវត្ត​ទោស​បាន​១ ភាគ​៣​នៃ​ទោស​សរុប អាច​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស ប្រសិន​បើ​គេ​រក​ឃើញ​ថា ទណ្ឌិត ទាំងនោះ​បាន​កែ​ខ្លួន​ពេល​នៅ​ក្នុង​ពន្ធនាគារ។

បច្ចុប្បន្ន​កម្ពុជា​មាន​ពន្ធនាគារ​ទាំងអស់​ចំនួន​២៧​កន្លែង និង​មាន​អ្នក​កំពុង​ជាប់​ឃុំ​ជិត​១ម៉ឺន ៨ពាន់​នាក់ ប៉ុន្តែ ក្នុង​ចំណោម​នោះ មាន​អ្នក​ជាប់​ឃុំ​ប្រហែល​៣០ភាគរយ ឬ​ស្មើ​ប្រមាណ៥៤០០ នៃ​អ្នក​ជាប់​ឃុំ សរុប ដែល​ទទួល​បាន​សាលក្រម​ស្ថាពរ​ពី​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

មើលអោយច្បាស់ ប្រយ័ត្នដុល្លារ ចាក់ភ្នែក លែងចោរ អោយមក ប្លន់ ទៀត ណា អស់លោក !

Apr 29, 2016 08:54 AM

គេហទំព័រ​ទាំងមូល