អ្នក​ភូមិ​បឹងឈូក​៤​នាក់​ត្រូវ​​​តុលាការ​ហៅ​មក​សាកសួរ​ជា​លើក​ទី​៣

អ្នក​ភូមិ​បឹងឈូក ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ៤​នាក់ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​មក​សាកសួរ​ជុំវិញ​បទ​ចោទ​ថា ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលនទ្រព្យ​ដោយ​សុចរិត​ជា​លើក​ទី​៣។ មន្ត្រី​សិទ្ធិ​មនុស្ស​ថា ករណី​នេះ​ចម្លែក។

សវនាការ​សាកសួរ​អ្នក​ភូមិ​បឹងឈូក ៤​នាក់ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ព្រឹក ចាប់​តាំង​ពី​ម៉ោង ៨ រហូត​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់ ​ថ្ងៃ​ទី​៥ មករា។

អ្នក​ភូមិ​បឹងឈូក មួយ​រូប ដែល​ចូលរួម​សវនាការ​សួរ​ដេញដោល​របស់​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ គឺ​លោក កុល សោភា ថ្លែង​ថា អស់​រយៈ​ពេល​មួយ​ព្រឹក ក្រុម​ចៅក្រម​មិន​ទាន់​សម្រេច​សេចក្ដី​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ដែល​ធ្វើ​ឱ្យ​ពួក​លោក​នៅ​តែ​ជា​ជន​ជាប់​ចោទ​ដដែល។

លោក​មាន​មន្ទិល​ខ្លាំង​ក្នុង​ករណី​នេះ ព្រោះ​ខាង​លោក​មិន​ដែល​ជួប​ភាគី​ម្ខាង​ទៀត​សោះ៖ «ខ្ញុំ​នៅ​តែ​ឆ្ងល់ ព្រោះ​អី​ខ្ញុំ​ឡើង​សវនាការ​បី​ដង​ហើយ អត់​ដែល​ឃើញ​ម្ចាស់​ដើម​បណ្ដឹង​ម្ចាស់​ដី​នោះ​យ៉ាង​ម៉េច​ទាល់​តែ​សោះ។ យើង​មក​តែ​ភាគី​ម្ខាង ហើយ​ការ​ចោទ​ប្រកាន់​គឺ​ដដែលៗ។ ខ្ញុំ​យល់​ថា ម្ចាស់​ដី​ហ្នឹង​ហាក់​ដូច​ជា​សិប្បនិមិត្ត។ អ៊ីចឹង​បាន​ន័យ​ថា គាត់​ក្លែងក្លាយ គាត់​មិន​មាន​កម្មសិទ្ធិ​ជា​ម្ចាស់​ដី​ហ្នឹង​ផ្ទាល់ ព្រោះ​អី​បើ​សិន​ជា​គាត់​ម្ចាស់​ដី​ហ្នឹង​ផ្ទាល់​មែន ខ្ញុំ​គិត​ថា នរណា​ក៏​ដូច​នរណា​ដែរ បើ​ខ្លួន​ឯង​ជា​ម្ចាស់​កម្មសិទ្ធិ​ហ្នឹង​ច្បាស់​ជា​នឹង​ចេញ​មុខ​ហើយ ព្រោះ​អី ៣​ដង​ហើយ គាត់​អត់​ចេញ​មុខ។ នៅ​ពី​ក្រោយ​ខ្នង​គេ​មាន​លុយ​មាន​អំណាច​ចង់​បាន​កន្លែង​ហ្នឹង គេ​ធ្វើ​ដោយ​រំលោភ​លើ​យើង​ជា​អ្នក​ក្រីក្រ ដែល​អសមត្ថភាព​មិន​អាច​តតាំង​ជាមួយ​គេ​បាន»

លោក​ឱ្យ​ដឹង​ថា ពួក​លោក​ជាប់​ចោទ​ក្នុង​អំពើ​ហិង្សា​ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១២ មក។ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​ម្ដង​ទៀត ដោយ​មិន​បាន​បញ្ជាក់​ពេល​វេលា​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ដែល​តាម​ដាន​សវនាការ​នេះ គឺ​លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​លើក​ពេល​សម្រេច​សេចក្ដី​នេះ​ក៏​ជា​ការ​ប្រសើរ ព្រោះ​ករណី​ចោទ​ប្រកាន់​អ្នក​ភូមិ​បឹង​ឈូក នៅ​មាន​មន្ទិល​ច្រើន៖ «យើង​មើល​ទៅ​លើ​លិខិត​ខាង​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​គេ​ថា​ដី​ហ្នឹង​ជា​ដី​ស្រែ ប៉ុន្តែ​វា​ខុស ព្រោះ​ដី​គាត់​នៅ​ហ្នឹង គឺ​ដី​បឹង។ បឹង​សឹង​តែ​លិច​ក្បាល​ទៅ​ទៀត ហើយ​អ្នក​ផ្ទេរ​កម្មសិទ្ធិ​ទៅ​ឱ្យ​លោក ឡៅ តុងងី សុទ្ធតែ​ជា​ដីស្រែ​បង្កបង្កើន​ផល ហើយ​សួរ​ថា ពួក​គាត់​រស់​នៅ​តាំង​ពី​ឆ្នាំ ៩៥ មក ក្នុង​បឹង​លើ​បឹង​បច្ចុប្បន្ន​ទៅ​ដល់​ក៏​នៅ​ជា​បឹង​ដែរ។ វា​មិន​មែន​ជា​ដី​ស្រែ​ដូច​ការ​អះអាង​ទេ។ អ៊ីចឹង​ដោយ​សារ​តែ​យើង​ឃើញ​ភាព​មិន​ប្រក្រតី​ច្រើន ហើយ​សង្ស័យ​ច្រើន​ដូច្នេះ​ហើយ បាន​ជា​លោក​ព្រះ​រាជអាជ្ញា​សុំ​ទៅ​ចៅក្រម​ជំនុំជម្រះ​ពន្យារ​ពេល​សវនាការ ដើម្បី​កោះហៅ​តំណាង​របស់​ម្ចាស់​ដី ម្ចាស់​ដី ឬ​អ្នក​ពាក់ព័ន្ធ ព្រម​ទាំង​អាជ្ញាធរ ដែល​ចេញ​ឯកសារ​ទាំង​អស់​ហ្នឹង​មក​សាកសួរ​បន្ថែម​ទៀត នៅ​ក្នុង​សវនាការ​លើក​ក្រោយ»

លោក​ថ្លែង​បន្ត​ថា ការ​ចោទ​ប្រកាន់​អ្នក​ភូមិ​បឹង​ឈូក​ទាំង​នេះ ក៏​មិន​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​បញ្ហា​ពិត​ទេ៖ «ពីព្រោះ​ការ​ចោទ​ប្រកាន់ និង​ការ​ឆ្លើយ​បំភ្លឺ​របស់​តំណាង​សហគមន៍​ទាំង​បួន​នាក់​នេះ វា​អត់​ពាក់ព័ន្ធ​គ្នា​សោះ។ ចោទ​ប្រកាន់​គាត់​ពី​ការ​ប្រើប្រាស់​អំពើ​ហិង្សា គាត់​អត់​ដែល​ស្គាល់​ម្ចាស់​ដី​ហ្នឹង​ថា ជា​អ្នក​ណា​ផង ហើយ​ក៏​មិន​ដែល​ឃើញ​ម្ចាស់​ដី​ហ្នឹង​ទៅ​តតាំង​ជា​មួយ​គាត់​ផង។ តើ​គាត់​ទៅ​ប្រើ​ហិង្សា​ជា​មួយ​អ្នក​ណា? នេះ​ជា​ការ​ចោទ​ប្រកាន់​មួយ​ផ្ទុយ​ស្រឡះ​ពី​ការ​ពិត។ ការ​សាកសួរ​ទៅ គឺ​អត់​មាន​អី​ទាំង​អស់។ ផ្ទុយ​ទៅ​វិញ គាត់​អះអាង​ថា មាន​តែ​អាជ្ញាធរ​ទៅ​រុះរើ​ផ្ទះ​របស់​គាត់ ៦​ខ្នង។ បំផ្លាញ​ផ្ទះ​គាត់ ៦ ខ្នង នៅ​ឆ្នាំ ២០០៩។ ក្រោយ​មក​មិន​មាន​ហេតុការណ៍​អី​កើត​ឡើង​ទៀត​ទេ ហើយ​សំខាន់​បំផុត អ្នក​ដែល​ប្ដឹង​គាត់​ប្រើ​អំពើ​ហិង្សា​លើ​ខ្លួន ដូច​ជា​លោក​ម្ចាស់​ដី ឡៅ តុងងី គាត់​អត់​ដែល​ស្គាល់ ហើយ​មិន​ដែល​ឃើញ​មុខ​ទៀត។ អ៊ីចឹង​គាត់​ទៅ​ប្រើ​អំពើ​ហិង្សា​យ៉ាង​ម៉េច​កើត​ទៅ?»

តំណាង​អ្នក​ភូមិ​បឹង​ឈូក​ម្នាក់ ដែល​ថា រស់​នៅ​ទី​នោះ​ជាង ១០​ឆ្នាំ​មក​ហើយ គឺ​លោកស្រី ខៀវ ចិន្ដា ហៅ​ករណី​ចោទ​ប្រកាន់​នេះ​ថា ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គាប​សង្កត់​ពួក​គាត់​កុំ​ឱ្យ​ហ៊ាន​ចេញ​មុខ​ទាមទារ​សិទ្ធិ​លំនៅឋាន។

អ្នក​ភូមិ​បឹង​ឈូក​អះអាង​ថា ពួក​គាត់​ចំនួន ៣៥​គ្រួសារ រស់​នៅ និង​អាស្រ័យផល​លើ​ទីតាំង​ដី​សព្វថ្ងៃ​នេះ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥ មិន​ដែល​ឃើញ​មាន​នរណា​ម្នាក់​មក​អះអាង​ថា​ជា​ដី​របស់​ខ្លួន​ទេ ស្រាប់​តែ​នៅ​ឆ្នាំ​២០១២ ពួក​គាត់ ៤​រូប ត្រូវ​តុលាការ​ហៅ​មក​សាកសួរ​អំពី​ការ​ចោទ​ប្រកាន់​ថា ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលនទ្រព្យ​ដោយ​សុចរិត ដែល​គាត់​ថា មាន​តែ​ឈ្មោះ​ថា ឡៅ តុងងី។ ពួក​គាត់​ថា នេះ​ជា​លើក​ទី​៣ ហើយ​ដែល​តុលាការ​ហៅ​មក​សាកសួរ។

អ្នក​ភូមិ​បឹង​ឈូក ៤​រូប ដែល​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ហៅ​មក​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មករា គឺ​មាន​ឈ្មោះ កុល សុភា កាង ណារ៉េន ខៀវ ចិន្ដា និង ប៊ូ ម៉េង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។