បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ជាង៦០ ថា សេចក្តីព្រាង​ច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ នឹង​រឹត​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ និង​បង្ក​វិសមភាព​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង​

ដោយ មាន ឫទ្ធិ
2020-08-13
Share
ពលរដ្ឋ​តវ៉ា​រឿង​ដី​ប្រឈម​មុខនឹង​សមត្ថកិច្ច ៦២២ ពលរដ្ឋ​តវ៉ា​រឿង​ដី​ប្រឈម​មុខនឹង​សមត្ថកិច្ច ពេល​តវ៉ា កាល​ពី​ពេល​កន្លង​ទៅ។
RFA

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ ចំនួន​ជាង ៦០ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ ទម្លាក់​ចោល​ទាំងស្រុង​នូវ​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​សណ្ដាប់ធ្នាប់​សាធារណៈ។ អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ផ្តល់​អំណះអំណាង​ថា សេចក្តីព្រាង​ច្បាប់​នេះ មាន​លក្ខណៈ​គាបសង្កត់ និង​កាត់​បន្ថយ​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ ដែល​​នឹង​រឹតតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ទាំងមូល។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ទាំង ៦៥ ដែល​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​នៅ​ថ្ងៃទី១៣​ សីហា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​សេចក្តីព្រាង​ច្បាប់​នេះ មាន​ជាអាទិ៍​ដូចជា៖ អង្គការ​លើកលែង​ទោស​អន្តរជាតិ អង្គការ​សមាជិក​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អង្គការ​លីកាដូ និង​អង្គការ​សមធម៌​កម្ពុជា ជាដើម។

ដោយ​ហៅ​សេចក្តីព្រាង​ច្បាប់​នេះ ថា ពុំ​មាន​ភាពចាំបាច់​ បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ទាំង​៦៥​នេះ​សង្កត់​ធ្ងន់​ថា ច្បាប់​នេះ ប្រសិន​បើ​អនុម័ត នឹង​ក្លាយ​ជា​ច្បាប់​ដែល​មាន​លក្ខណៈ​គាបសង្កត់​បន្ថែម​ទៀត​ បង្ក​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​មនុស្ស។ បណ្តុំ​អង្គការ​សង្គមស៊ីវិល​ទាំងនេះ គូសបញ្ជាក់​ថា សេចក្តីព្រាង​ច្បាប់​នេះ ​នឹង​រឹត​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​ក្រីក្រ​ និង​បង្ក​ឲ្យ​មាន​វិសមភាព​សេដ្ឋកិច្ច​កាន់​តែ​កើន​ឡើង​ថែមទៀត ដោយសារ​តែ​សេចក្តីព្រាង​ច្បាប់​នេះ រើសអើង​ពលរដ្ឋ​ក្រីក្រ ពលរដ្ឋ​ងាយ​រង​គ្រោះ និង​ស្ត្រីភេទ​ជាដើម។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថា​ បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ហាក់​កំពុង​ប្រតិកម្ម​លឿន​ពេក ខណៈ​សេចក្តីព្រាង​ច្បាប់​នេះ​ក្រសួង​មហាផ្ទៃ​កំពុង​ពិចារណា​នៅឡើយ៖ «ខ្ញុំ​មើល​ទៅ​សង្គម​ស៊ីវិល​នៅ​​យើង ហាក់​ដូចជា​មាន​ជំងឺ​ចម្លែក​មួយ គឺ​ជំងឺ​អាឡែកស៊ី ឬ​ជំងឺ​ឆាប់​ប្រតិកម្ម​ទាំង​មិនទាន់​យល់ដឹង​ច្បាស់​គ្រប់​ជ្រុងជ្រោយ​ទៅលើ​ច្បាប់​នេះ។ មែនទែន​វា​នៅ​តែ​ជា​សេចក្តីព្រាង​ដែល​ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​មហាផ្ទៃ​នៅឡើយ​ទេ។ គេ​នៅ​មាន​នីតិវិធី​នៃ​ការជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ជាច្រើន​តទៅ​មុខ​ទៀត។ អញ្ចឹង បើ​យើង​មិន​ពេញចិត្ត​ ឬ​គិត​ថា​ចំណុច​ណា​គួរ​កែប្រែ នោះ​ចាំ​ចូលរួម​ផ្តល់​យោបល់​ទៅ​តាម​យន្តការ​នីតិវិធី​តាក់តែង​ច្បាប់​តទៅទៀត។ កុំ​ឆាប់​អាឡែកស៊ី ឬ​ភ័យ​ស្លន់ស្លោ​ពេក

ផ្ទុយ​ពី​ការអះអាង​របស់​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថា​គិត​រហូត​មកទល់​ពេលនេះ នៅ​មិនទាន់​មាន​ការពិគ្រោះ​យោបល់​ណាមួយ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នៅឡើយ​ទេ ជុំវិញ​ដំណើរការ​តាក់តែង​សេចក្តីព្រាង​ច្បាប់​នេះ។ លោក​ថា មាត្រា​ភាគ​ច្រើន​ក្នុង​សេចក្តីព្រាង​ច្បាប់​នេះ មាន​លក្ខណៈ​ជា​ការរឹតត្បិត​សិទ្ធិ​សេរីភាព​បន្ថែម​ទៀត ជា​ពិសេស​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ៖ «ឃើញថា​មាត្រា​មួយ​ចំនួន​គឺជា​រឿង​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ជាពិសេស​សិទ្ធិ​ក្នុង​ការជួប​ប្រជុំ ប្រមូល​ផ្តុំ​នៅ​តាម​មូលដ្ឋាន​ ដែល​ច្បាប់​នេះ​ប្រគល់​អំណាច​ទៅលើ​អាជ្ញាធរ​មូលដ្ឋាន គឺ​ធំធេង​ណាស់។ អញ្ចឹង​ គឺ​ទាក់ទង​នឹង​ការជួប​ជុំ​នៅ​តាម​មូលដ្ឋាន គឺ​ពិបាក​ណាស់។ កន្លងមក យើង​ឃើញ​ការឃាត់​ការឃាំង​មនុស្ស​មិន​ឲ្យ​ជិះកង់ មិន​ឲ្យ​ជួបជុំ​តាម​ផ្លូវ​សាធារណៈ​អី​ មិន​មាន​ច្បាប់​ណា​ដើម្បី​លើក​យក​មក​ធ្វើ​ជា​សម្អាង​ទេ។ អញ្ចឹង​បើ​សិន​ជា​ច្បាប់​នេះ​ចេញ គេ​អាច​យក​ច្បាប់​នេះ មក​ធ្វើ​ការសម្អាង»

បន្ថែម​ពី​លើ​នេះ បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ទាំង​៦៥ បាន​លើក​យក​ពី​ចំណុច​សំខាន់ៗ​ចំនួន៥ ​មក​ធ្វើ​ជា​អំណះអំណាង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការពិចារណា​ធ្វើ​ច្បាប់​នេះ។ ចំណុច​សំខាន់​ទាំង៥​នោះ រួមមាន សេចក្តីព្រាង​ច្បាប់​នេះ​មាន​វិសាលភាព​ទូលំទូលាយ​ពេក​ខ្វះ​ការកំណត់​និយមន័យ​ច្បាស់លាស់ មាន​លក្ខណៈ​រើសអើង រឹតត្បិត​សេរីភាព​ក្នុង​ការជួប​ប្រជុំ​ដោយ​សន្តិវិធី និង​ចងក្រង​សមាគម និង​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ ព្រមទាំង​ផ្ដល់​ឆន្ទានុសិទ្ធិ​ដល់​អាជ្ញាធរ​ក្នុង​ការកំណត់​ទោស។

ពួក​គេ​ថា សេចក្តីព្រាង​ច្បាប់​នេះ មាន​វិសាលភាព​ទូលំទូលាយ​ពេក ហើយ​ខ្វះ​ការកំណត់​និយមន័យ​ឲ្យ​បាន​ច្បាស់លាស់ ដែល​អាច​នាំ​ឲ្យ​មាន​ការបកស្រាយ​ផ្សេង​ៗ​គ្នា​បាន។ សេចក្តីព្រាង​ច្បាប់​នេះ​ក៏​មាន​បង្កប់​លក្ខណៈ​រើសអើង​ដែល​ពួកគេ​ថា​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ក្រុម​បុគ្គល​ងាយ​រងគ្រោះ ជាពិសេស​ពលរដ្ឋ​ក្រីក្រ និង​អ្នកធ្វើ​ការងារ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាដើម ព្រោះ​សេចក្តីព្រាង​ច្បាប់​នេះ បាន​ហាមឃាត់​ «ការតាំង ឬ​ការលក់​ដូរ​ទំនិញ​បំពាន​លើ​ទី​សាធារណៈ​គ្មាន​សណ្តាប់ធ្នាប់» ខណៈ​ប្រទេស​កម្ពុជា​នៅ​ខ្វះ​ប្រព័ន្ធ​កិច្ចគាំពារ​សង្គម​នៅឡើយ។

ទន្ទឹម​នឹង​នេះ សេចក្តីព្រាង​ច្បាប់​នេះ ​ក៏​តម្រូវ​ឲ្យ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាមុន​សិន ទើប​អាច​ប្រើប្រាស់​ទី​សាធារណៈ​បាន ដែល​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​ថា​ផ្ទុយ​ទាំងស្រុង​ពី​ច្បាប់​ស្តី​ពីការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដែល​គ្រាន់​តែ​តម្រូវ​ឲ្យ​ជូន​ដំណឹង​ជាមុន។ ច្បាប់​នេះ​ក៏​អាច​ឲ្យ​អាជ្ញាធរ​បដិសេធ ឬ​បញ្ឈប់​ព្រឹត្តិការណ៍​នានា ប្រសិនបើ​មាន​ការ «ប្រទូសរាយ​ជាមួយ​កង​កម្លាំង​សមត្ថកិច្ច» ឬ «បង្ក​ការប៉ះពាល់​ដល់​ផលប្រយោជន៍​សាធារណៈ» ដែល​មាន​អត្ថន័យ​ទូលំទូលាយ​ពេក។

ដោយឡែក មាត្រា ៣៣ នៃ​សេចក្តីព្រាង​ច្បាប់​នេះ ក៏​កំណត់​ចំនួន​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជួប​ប្រជុំ​មិន​ឲ្យ​លើស​ពី ២​នាក់ ក្នុង​ទំហំ​ជាង​១ម៉ែត្រ​ក្រឡា ដែល​បណ្តុំ​អង្គការ​ទាំងនេះ ថា​ជា​ការផ្តល់​សិទ្ធិ​អំណាច​ដល់​អាជ្ញាធរ​ក្នុងការ​រឹតត្បិត​ដោយ​ស្របច្បាប់​លើ​សកម្មភាព​នៃ​ការជួប​ប្រជុំ​ដោយ​សន្តិវិធី។

ពួកគេ​លើកឡើង​ថា សេចក្តីព្រាង​ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​មាន​ការរំលោភ​ដោយ​បំពាន​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ ដូចជា​ ហាម​ការប្រើ​ពាក្យ​សម្ដី​ឮ​ខ្លាំងៗ​ ហាម​ឃាត់​បុរស​ស្លៀក​តែខោ​អត់​ពាក់​អាវ និង​ហាម​ឃាត់​ស្ត្រី​ពី​ការស្លៀក​ពាក់​ខ្លី​ខើច​លើ​ខើច​ក្រោម ឬ​ស្លៀកពាក់​ស្តើង​មើល​ឃើញ​កេរ​ភេទ​ជាដើម។ បណ្តុំ​អង្គការ​ទាំងនេះ​ថា ការហាម​ប្រាម​ទាំងនេះ ជា​ការបំពាន​លើ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ ប៉ះពាល់​ដល់​ការសម្រេចចិត្ត​របស់​បុគ្គល និង​បង្កើន​ការរើសអើង​លើ​ស្ត្រី​ជាដើម។ ក្រៅពីនេះ ច្បាប់​នេះ ក៏​នឹង​រឹតត្បិត​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណែត ដោយ​ហាមប្រាម​ការដាក់​បង្ហាញ ឬ​ចែកចាយ​នូវ​សំណេរ ឬ​ប្រើ​ពាក្យ​សម្តី​មានខ្លឹមសារ​ជេរប្រមាថ​ ការបញ្ចេញ​អាកប្បកិរិយា​ច្រងេង​ច្រងាង​ជាដើម។

អង្គការ​ទាំងនេះ​ពន្យល់​ថា សេចក្តីព្រាង​ច្បាប់​នេះ​ ផ្តល់​សិទ្ធិ​អំណាច​ដល់​អាជ្ញាធរ​នៅ​គ្រប់​លំដាប់​ថ្នាក់​ ដើម្បី​អនុវត្ត​ច្បាប់​នេះ ក្រោម​ហេតុផល​រក្សា «សណ្តាប់ធ្នាប់​សាធារណៈ» និង​ធ្វើឲ្យ​ «សង្គម​កាន់តែ​មាន​ភាព​ស៊ីវិល័យ»។ ពួកគេ​បារម្ភ​យ៉ាង​ខ្លាំង​ថា បទប្បញ្ញត្តិ​ចែង​ក្នុង​សេចក្តីព្រាង​ច្បាប់​នេះ ភាគច្រើន​មាន​អត្ថន័យ​ទូលំទូលាយ និង​មាន​លក្ខណៈ​បំពាន ឬ​រើសអើង ផ្ទុយ​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន។

នាយករង​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International អ្នកស្រី មីង យូហាហ៍ (Ming Yu Hah) ថ្លែង​ថា សេចក្តីព្រាង​ច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ​នេះ គឺជា​ការបំពារ​បំពាន​ទៅលើ​ក្រុម​ពលរដ្ឋ​ក្រីក្រ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​ចាប់​ដាក់គុក​ពលរដ្ឋ​គ្មាន​ផ្ទះ​សម្បែង និង​អ្នកសុំទាន​តាម​ផ្លូវ​សាធារណៈ​ជាដើម។ អ្នកស្រី​ថា ក្នុង​ប្រទេស​មួយ​ដែល​ខ្វះ​ប្រព័ន្ធ​គាំពារ​សង្គម​ទូលំទូលាយ ស្របពេល​ដែល​ពលរដ្ឋ​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ដោយ​ជំងឺ​កូវីដ១៩​នោះ ការអនុម័ត​សេចក្តីព្រាង​ច្បាប់​នេះ​នឹង​រឹត​តែ​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​ឡើង​ថែមទៀត ទទួល​រង​ការអត់ឃ្លាន ក្នុង​ពេល​ដែល​​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ការរស់នៅ​ដោយ​សមស្រប​របស់​ពួកគេ ត្រូវ​បាន​បដិសេធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។