វៀតណាម​៧​នាក់​ទៀត​និង​ខ្មែរ​២​នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ពី​បទ​កាប់​ឈើ​ដោយ​ខុស​ច្បាប់

ដោយ រដ្ឋា វិសាល
2017.03.29
ជនជាតិ​វៀតណាម​កាប់​ឈើ​ខេត្ត​រតនគិរី ៦២០ សហគមន៍​ភូមិ​ឃ្វែង ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ចុះ​ល្បាត​ព្រៃ​នៅ​ចំណុច​អូរតាង៉ត ជិត​ប៉ុស្តិ៍​តម្រួត​ការពារ​ព្រំដែន​ខ្មែរ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៥។
Photo ADHOC

សមត្ថកិច្ច​នគរបាល​ខេត្ត​រតនគិរី ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ៧​នាក់​បន្ថែម​ទៀត ដែល​បាន​ឆ្លង​ដែន​ចូល​កាប់​ឈើ​ក្នុង​ទឹក​ដី​ខ្មែរ​ក្នុង​ស្រុក​លំផាត់។ ក្នុង​ពេល​ជាមួយ​គ្នា សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ ២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ផ្តល់​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ទៅ​ឲ្យ​ជនជាតិ​វៀតណាម ទាំងនោះ។

មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី សម្រេច​បញ្ជូន​ជនជាតិ​វៀតណាម ៧​នាក់ និង​ខ្មែរ ២​នាក់​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ករណី​ឆ្លង​ដែន​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ដោយ​គ្មាន​ការ​អនុញ្ញាត។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រតនគិរី បាន​ឃាត់​ខ្លួន​ពលរដ្ឋ​វៀតណាម ទាំងនោះ​ក្នុង​ភូមិសាស្ត្រ​តំបន់​ព្រៃ​សហគមន៍​ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​មូល​ក្នុង​ព្រៃ។ សមត្ថកិច្ច​ក៏​បាន​រឹប​អូស​ម៉ាស៊ីន​កាត់​ឈើ ៨​គ្រឿង និង​រថយន្ត​ដឹក​ជញ្ជូន​ឈើ​មួយ​គ្រឿង​ផង​ដែរ។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោក ជា ប៊ុនធឿន បញ្ជាក់​ថា នេះ​ជា​បទល្មើស​ព្រៃ​ឈើ​ជាក់ស្តែង ហេតុ​នេះ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ពួក​គេ​ចំនួន ៧​នាក់ ក្នុង​នោះ​មាន​ពលរដ្ឋ​វៀតណាម មួយ​ចំនួន​ទៀត​បាន​រត់​គេច​ខ្លួន​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប។ លោក​បន្ត​ថា ជនជាតិ​ខ្មែរ​ពីរ​នាក់​ក៏​ត្រូវ​ឃាត់​ខ្លួន​ក្នុង​បទ​ផ្តល់​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ ក្នុង​នោះ​ម្នាក់​ជា​ម្ចាស់​គោយន្ត​ច្នៃ និង​ម្នាក់​ទៀត​ជា​អ្នក​បើកបរ«វា​មក​អារ​ឈើ​កំពុង​តែ​អារ​កាប់​ឈើ មាន​គោយន្ត​កែច្នៃ​មួយ​គ្រឿង​របស់​ខ្មែរ​យើង​ដែល​ស៊ី​ឈ្នួល​ដឹក​សម្ភារ​ដឹក​កម្លាំង​ណា! កម្លាំង​យើង​ចុះ​ទៅ​ហ៊ុមព័ទ្ធ​ចាប់​បាន ៧​នាក់ ហើយ​មាន​បួន​ប្រាំ​នាក់​ទៀត​រត់​គេច​ខ្លួន»

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រតនគិរី បាន​ចាប់​ឃាត់​ខ្លួន​ពលរដ្ឋ​វៀតណាម ចំនួន ៨​នាក់​ក្នុង​បទល្មើស​ជាក់ស្តែង​ចូល​ក្នុង​ភូមិសាស្ត្រ​តំបន់​ព្រៃ​សហគមន៍ ក្នុង​ឃុំ​យ៉ាទុង និង​រឹប​អូស​ម៉ាស៊ីន​កាត់​ឈើ ៥​គ្រឿង រួម​ទាំង​ត្រាក់ទ័រ ៣​គ្រឿង ខណៈ​ពួក​គេ​គ្មាន​លិខិត​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។

ចំណែក​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​រតនគិរី សម្រេច​ឃុំ​ខ្លួន​ជនជាតិ​វៀតណាម ទាំងនោះ​នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្ដោះអាសន្ន ដើម្បី​បំពេញ​នីតិវិធី​ស៊ើប​អង្កេត​ទៅ​លើ​ជន​ជាប់​ចោទ​ទាំងនោះ ក្រោយ​ពេល​មន្ត្រី​អយ្យការ​សម្រេច​ចោទ​ប្រកាន់​ជនជាតិ​វៀតណាម ពី​បទ​ឆ្លង​ដែន​គ្មាន​លិខិត​ស្នាម និង​ប្រើប្រាស់​គ្រឿង​យន្ត​កាប់​ឈើ​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា។

អ្នក​នាំ​ពាក្យ និង​ជា​ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត​រតនគិរី លោក សារ៉ា បូរ៉ាន់ឌី បញ្ជាក់​ថា មន្ត្រី​ស្នងការដ្ឋាន​ប៉ូលិស​បាន​បញ្ជូន​ជន​សង្ស័យ​ទាំង ៩​នាក់​មក​ដល់​ដៃ​អយ្យការ​ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា។ លោក​ថា ជន​ជាប់​ចោទ​ទាំងអស់​កំពុង​ឋិត​ក្រោម​ការ​សាកសួរ​របស់​មន្ត្រី​អយ្យការ ទាក់ទិន​ការឆ្លង​ដែន​ខុស​ច្បាប់ និង​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ«យើង​នឹង​បើក​ការ​ស៊ើបសួរ​ឥឡូវ​ល្ងាច​ហើយ យើង​រៀបចំ​អត់​ទាន់។ យើង​នឹង​រៀបចំ​នៅ​ថ្ងៃ​ស្អែក»

ចាប់​ពី​ដើម​ឆ្នាំ​២០១៧ បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រំដែន​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម កើត​មាន​ឡើង​វិញ​ស្រប​ពេល​ដែល​សមត្ថកិច្ច​ចាត់​វិធានការ​បង្ក្រាប​បាន​ជា​បន្តបន្ទាប់។

មន្ត្រី​ឃ្លាំ​មើល​ព្រៃ​ឈើ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឌិន ខុន្នី កត់​សម្គាល់​ថា ការ​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឆ្លង​ដែន​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ព្យាយាម​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​បាន​ត្រឹមត្រូវ និង​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន។

លោក​សំណូមពរ​ឲ្យ​មន្ត្រី​តុលាការ អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​ជន​ទាំងឡាយ រួម​ទាំង​អ្នក​ផ្សំ​គំនិត​ទាក់ទិន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បើ​ទោះ​បី​ជន​នោះ​ជា​ជន​បរទេស​ក៏ដោយ«យើង​សាទរ​ដែរ​ចំពោះ​មន្ត្រី​អាជ្ញាធរ​ដែល​គាត់​ចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ដែល​គាត់​មាន​តួនាទី និង​កាតព្វកិច្ច​ចំពោះ​ជនជាតិ​ណា​ក៏ដោយ ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង កុំ​ឲ្យ​គាត់​ចេះ​តែ​ចូល​មក​ទន្ទ្រាន​ព្រៃ​ខ្មែរ​តទៅទៀត»

រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនា ជន​ជាប់​ចោទ​ទាំង ៩​នាក់ ឋិត​ក្នុង​នីតិវិធី​សាកសួរ​របស់​មន្ត្រី​អយ្យការ មិន​ទាន់​ចប់​នៅ​ឡើយ។ ការ​សាកសួរ​នឹង​គ្រោង​ធ្វើ​បន្ត​ទៅ​ថ្ងៃ​ទី​៣០ ខែ​មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។