ប៉ូលិស​ខេត្ត​កំពង់ស្ពឺ​ចាប់​សកម្មជន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ម្នាក់

ដោយ យន់ សាមៀន
2014.05.14

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ឃាត់​ខ្លួន​សកម្មជន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ក្រោយ​ពេល​សកម្មជន​រូប​នេះ​បាន​ចែក​ចាយ​សៀវភៅ​មួយ​ចំនួន ដែល​បាន​ចង​ក្រង​ពី​ប្រវត្តិ​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ការ​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​តុលាការ​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៤ បាន​កាត់​ទោស​សមាជិក​រណសិរ្ស​នេះ​ចំនួន ១៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ៩​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី ចាត់​ទុក​ការ​ចាប់​ឃាត់​ខ្លួន​សកម្មជន​រណសិរ្ស លោក ហេន ចាន់ថា ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

ប៉ូលិស​ខេត្ត​កំពង់ស្ពឺ បាន​ឃាត់​ខ្លួន លោក ហេន ចាន់ថា កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ពេល​លោក​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ ទៅ​ចែក​ចាយ​សៀវភៅ​ដែល​មាន​ចំណង​រឿង​ថា "ឫស​គល់​ថ្ងៃ ៧​មករា" ជា​សៀវភៅ​ចង​ក្រង​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រើប្រាស់​ហិង្សា​របស់​សមត្ថកិច្ច​រដ្ឋាភិបាល ការ​ទន្ទ្រាន​យក​ដីធ្លី​ពលរដ្ឋ និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៀត ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន។

លោក សម សេរី បច្ចុប្បន្ន​រស់​នៅ​ប្រទេស​ដាណឺម៉ាក ត្រូវ​បាន​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៩​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ ចូល​រួម​ក្នុង​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ធ្លាប់​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​តុលាការ ដោយ​អះអាង​ថា រណសិរ្ស​របស់​លោក​ធ្វើ​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​ផ្លាស់​ប្ដូរ​ការ​ដឹក​នាំ​នៅ​កម្ពុជា។ លោក សម សេរី អះអាង​ថា សកម្មជន​របស់​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​មួយ​ធ្ងន់ធ្ងរ​ឡើយ ដោយ​គ្រាន់​តែ​ចែក​ចាយ​សៀវភៅ​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់​លោក​តែ​ប៉ុណ្ណោះ។

លោក សម សេរី៖ «អ្វី​ដែល​យើង​ជា​ការ​ចែក​ចាយ​សៀវភៅ ខិត្តប័ណ្ណ ជា​ការ​ផ្តល់​ព័ត៌មាន​ដល់​ប្រជាជន​បាន​ដឹង ហេតុ​អ្វី​បាន​គេ​តាម​ធ្វើ​បាប​សមាជិក​រណសិរ្ស។ សំណូមពរ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ យក​ចិត្ត​ទុក​ដាក់​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ និង​ការពារ​សិទ្ធិ​សមាជិក​រណសិរ្ស​កំពុង​បំពេញ​បេសកកម្ម​រក​សិទ្ធិ​សេរីភាព និង​សន្តិភាព​ឲ្យ​ខ្មែរ»

សាលក្រម​តុលាការ​ភ្នំពេញ ចេញ​កាល​ពី​ខែ​មេសា ក៏​បាន​កាត់​ទោស​មនុស្ស ១២​នាក់​ផ្សេង​ទៀត ពី​បទ​រួម​គំនិត​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ទាំង ១៣​នាក់។ អង្គការ​នេះ​កត់​សម្គាល់​ថា អាជ្ញាធរ​កម្ពុជា មិន​បាន​បង្ហាញ​ភស្តុតាង​គួរ​ឲ្យ​ជឿ​ជាក់​បាន​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ឡើយ ហើយ​ថា ការ​ចោទ​ប្រកាន់​អំពី​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល លោក ហ៊ុន សែន ជា​ការ​ចោទ​ប្រកាន់​នយោបាយ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ចាន់ថារិទ្ធិ កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ប៉ូលិស​ខេត្ត ជុំវិញ​ការ​ចាប់​ខ្លួន​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បដិសេធ​ថា សមត្ថកិច្ច​មិន​បាន​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ការ​ចាប់​ខ្លួន​មនុស្ស៖ «ចង់​បញ្ជាក់​ថា នគរបាល​ធ្វើ​អ្វី​ក៏ដោយ យោង​ទៅ​តាម​ច្បាប់។ ថា​បើ​សិន​ជា​ពលរដ្ឋ​មិន​ធ្វើ​អ្វី​ខុស​ច្បាប់ នគរបាល​មិន​ទៅ​ចាប់​ទេ នគរបាល​មាន​តែ​ការពារ។ នគរបាល​ប្រតិបត្តិ​ច្បាប់»

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៤ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​រឿង​ក្តី​ជន​ជាប់​ចោទ​ទាំង ១៣​នាក់ ក្នុង​នោះ​ជន​ជាប់​ចោទ ៧​នាក់ បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ ចំណែក​ជន​ជាប់​ចោទ ៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​កាត់​ទោស​កំបាំង​មុខ។

តុលាការ​បាន​បង្ហាញ​ឯកសារ​ផ្សេងៗ​ដែល​គេ​ប្រមូល​បាន និង​បោះពុម្ព​ចេញ​ពី​កុំព្យូទ័រ និង​បាន​អាន​ចម្លើយ​សារភាព​ដែល​ជន​ជាប់​ចោទ​បាន​ឆ្លើយ​សារភាព កាល​ពី​ខែ​មីនា និង​ខែ​មេសា ឆ្នាំ​២០១៣។ ប៉ុន្តែ ជន​ជាប់​ចោទ​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ ហើយ​ក៏​បាន​ច្រាន​ចោល​ចម្លើយ​សារភាព។ ពួក​គេ​អះអាង​ថា ចម្លើយ​សារភាព​ទាំង​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​បំភិត​បំភ័យ គំរាម​កំហែង និង​ពេល​ខ្លះ​ត្រូវ​នគរបាល​ធ្វើ​ទារុណកម្ម ដើម្បី​បាន​ចម្លើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។