សង្គមស៊ីវិលរិះគន់អាជ្ញាធរខេត្តព្រៃវែងដែលអសកម្មលើបទល្មើសព្រហ្មទណ្ឌ
អង្គការសង្គមស៊ីវិលប្រចាំខេត្តព្រៃវែង រិះគន់អាជ្ញាធរ ថាហាក់មិនបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវឡើយ ពោលគឺពួកគេហាក់អសកម្មច្រើនក្នុងរឿងព្រហ្មទណ្ឌមួយចំនួន ដែលបណ្ដាលឲ្យជនបង្ករួចខ្លួនពីសំណាញ់ច្បាប់ ឬសម្របសម្រួលបញ្ចប់រឿងមុនដល់ដៃតុលាការ។ ជាក់ស្តែងដូចជាករណីម៉ាស៊ីនច្រូតស្រូវ កិនស្ត្រីក្រីក្រម្នាក់ស្លាប់កាលពីថ្ងៃទី១៤ មីនា កន្លងទៅ អាជ្ញាធរហាក់យឺតយ៉ាវចាត់ការលើជនបង្ក រហូតដល់ជននោះរត់គេចខ្លួនបាត់។ ចំណែកស្នងការខេត្តព្រៃវែង ច្រានចោលការចោទប្រកាន់នេះ។
ភាពអសកម្មរបស់មន្ត្រីអាជ្ញាធរពីថ្នាក់ក្រោមដល់ថ្នាក់លើនៅកម្ពុជា នៅតែជាប្រធានបទដ៏សំខាន់ ដែលក្រុមអង្គការសង្គមស៊ីវិល និងប្រជាជន នៅតែរិះគន់ និងស្នើឲ្យមានការកែលំអឡើងវិញ។
អ្នកសម្របសម្រួលនៃអង្គការអាដហុក (ADHOC) ប្រចាំខេត្តព្រៃវែង អ្នកស្រី អ៊ាង គឹមលី មានប្រសាសន៍ថា មានសំណុំរឿងព្រហ្មទណ្ឌជាច្រើនករណីក្នុងមួយៗឆ្នាំ ដែលអាជ្ញាធរមិនបានចាត់ការ ហើយមានករណីផ្សេងៗទៀតត្រូវបានអាជ្ញាធរ ព្យាយាមសម្របសម្រួលបញ្ចប់រឿងមិនបញ្ជូនទៅតុលាការឡើយ៖ «អាដហុក យើងធ្វើការលើរឿងដែលអាជ្ញាធរមិនចាត់ការ ហើយមិនថាករណីចរាចរណ៍ ករណីរំលោភ ឬករណីហិង្សាផ្សេងទៀតដែលកើតឡើង គឺអាជ្ញាធរមួយចំនួនព្យាយាមសម្របសម្រួល ព្រោះនៅពេលគាត់សម្របសម្រួល គឺគាត់បានផលប្រយោជន៍»។
ការលើកឡើងនេះ បន្ទាប់ពីមានហេតុការណ៍ម៉ាស៊ីនច្រូតស្រូវ ថយក្រោយមិនប្រយ័ត្នកិនស្ត្រីម្នាក់ស្លាប់នៅភូមិសំបួរ ឃុំព្រៃសំបួរ ស្រុកពាមជ័រ ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅ។ គ្រួសារជនរងគ្រោះអះអាងថា មេប៉ុស្តិ៍ព្រៃសំបួរ មិនបានចាត់ការឡើយ ហើយបណ្តោយឲ្យជនបង្ករត់គេចខ្លួន។
រីឯស្នងការខេត្តព្រៃវែង លោក ស្រេង ជា មានប្រសាសន៍ថា ការចោទប្រកាន់នេះ គឺមិនមានមូលដ្ឋានច្បាស់លាស់ឡើយ។ លោកអះអាងថា បទល្មើសជាក់ស្តែង ឬបទល្មើសព្រហ្មទណ្ឌនោះ គឺប៉ូលិសតែងតែចាត់ការមិនដែលឲ្យរំលងមួយករណីនោះទេ៖ «រាល់ថ្ងៃ គឺអនុវត្តតាមកំណែទម្រង់ហើយ អត់មានអ្នកណាមិនសកម្មទេ ពិសេសការងារបម្រើសេវាជូនប្រជាពលរដ្ឋ គិតតាំងពីការងារសុវត្ថិភាពចរាចរណ៍ គិតតាំងពីការអត្តសញ្ញាណប័ណ្ណ រួមទាំងការងារសន្តិសុខផង។ អ៊ីចឹងថាតើចំណុចត្រង់ណាដែលថាមិនសកម្មនោះ។ គាត់លើកឡើងហេតុផលនោះមិនច្បាស់លាស់»។
របាយការណ៍របស់សមាគមអាដហុក បង្ហាញថា បទល្មើសព្រហ្មទណ្ឌនៅខេត្តព្រៃវែង ដែលអាជ្ញាធរមិនបានចាត់ការ ហើយត្រូវបានជនរងគ្រោះបញ្ជូនឲ្យសមាគមអាដហុក ជួយអន្តរាគមន៍នោះមាន ៦០ករណី កាលពីឆ្នាំ២០១៥ ហើយនៅឆ្នាំ២០១៦ នេះមាន ៨ករណីផ្សេង។ សំណុំរឿងទាំងនោះ ភាគច្រើនករណីរំលោភ ហិង្សា គ្រោះថ្នាក់ចរាចរណ៍ បញ្ហាដីធ្លី និងបញ្ហាចំណាកស្រុក ជាដើម។ ការមិនចាត់ការលើសំណុំរឿងព្រហ្មទណ្ឌនោះ ទំនងជាអាជ្ញាធរទទួលបានផលប្រយោជន៍ ឬបញ្ហាពុករលួយ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក បន្តថា អាកប្បកិរិយាបែបអសកម្មដែលកើតចេញពីមន្ត្រីដឹកនាំ នឹងធ្វើឲ្យអំពើនិទ្ទណ្ឌភាពកាន់តែច្រើន និងការធ្វើឲ្យរាំងស្ទះដល់ការកសាងច្បាប់សម្រាប់ប្រទេស៖ «នៅពេលមានបទល្មើសកើតឡើងអ៊ីចឹង ហើយអាជ្ញាធរមិនចាត់ការ មិនចាប់ជនល្មើស អ៊ីចឹងវានឹងអាចធ្វើឲ្យកើតមានបទល្មើសដូចគ្នាទៀតនៅលើកក្រោយ»។
សង្គមស៊ីវិលថា អំណាចគឺជាដាវមុខពីរ ដែលអំណាចមានឥទ្ធិពលនាំមកអត្ថប្រយោជន៍ដល់ប្រជាជន នៅពេលណាមានការអនុវត្តតាមនីតិរដ្ឋ ប៉ុន្តែអំណាចក៏មានឥទ្ធិពលបង្កជាគ្រោះមហន្តរាយចំពោះប្រជាជន និងប្រទេសជាតិដែរ នៅពេលអំណាចនោះត្រូវបានប្រព្រឹត្តក្រៅពីរង្វង់ច្បាប់។
នីតិរដ្ឋដែលល្អ គឺត្រូវធ្វើឲ្យមានសកម្មភាព និងការប្រព្រឹត្តពង្រឹងច្បាប់ជាប្រចាំ ព្រោះវាមិនមែនទទួលបានជោគជ័យដោយគ្រាន់តែមានបទបញ្ជា ឬពាក្យសម្ដី ឬឯកសារច្បាប់នៅលើក្រដាសទេ។
មន្ត្រីទាំងអស់មានតួនាទីសំខាន់ណាស់ដើម្បីជំរុញអភិបាលកិច្ចល្អ ដោយអនុលោមតាមច្បាប់ ដើម្បីផ្តល់ឲ្យមានភាពរុងរឿង ថ្កុំថ្កើង និងសង្គមទទួលបានសុខដុមនីយកម្ម និងមានស្ថិរភាព៕