សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាល​ដីកា​រឿង ACU ឃុំ​មន្ត្រី​អាដហុក​លើស​នីតិវិធី​នៅ​ថ្ងៃ​ទី​២​កញ្ញា

ដោយ ប្រាជ្ញ ចេវ
2016-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា (រូប​កណ្ដាល) ពេល​បញ្ជូន​ចេញ​ពី​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Brach Chev
មន្ត្រី​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា (រូប​កណ្ដាល) ពេល​បញ្ជូន​ចេញ​ពី​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Brach Chev
Photo: RFA

សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា បាន​បើក​សវនាការ​អសាធារណៈ​មួយ​លើ​បណ្ដឹង​ស្នើសុំ​មោឃភាព​នៃ​ការ​ឃុំ​ខ្លួន​ក្រុម​មន្ត្រី​សមាគម​អាដហុក (ADHOC) ដោយ​ចោទ​ប្រកាន់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ឃាត់​ខ្លួន​ពួក​គេ​លើស​នីតិវិធី។ ចំណែក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឆ្លើយ​តប​ថា មេធាវី​ដែល​ការពារ​ក្តី​នេះ​ជា​មេធាវី​ស្ទើរ​ភ្លើង​ផ្នែក​ច្បាប់។

ក្រោយ​សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍​សួរ​ដេញដោល​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក ជាង ២​ម៉ោង​មក តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​សម្រេច​ថា នឹង​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ខាង​មុខ។

ក្នុង​ពេល​បើក​ជំនុំ​ជម្រះ​នោះ​ដែរ មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក ម្នាក់ គឺ​លោក ណៃ វ៉ង់ដា បាន​ដួល​សន្លប់​ដោយ​បញ្ហា​សុខភាព។

មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ពីរ​រូប​ដែល​ចូល​ការពារ​ក្តី គឺ​លោក ឡោ ជុនធី ឲ្យ​ដឹង​ថា នៅ​ក្នុង​សវនាការ​មិន​មាន​ការ​ដេញដោល​អ្វី​ទេ គឺ​ក្រុម​ចៅក្រម​ដែល​មាន​គ្នា​បី​នាក់ កត់ត្រា​សំណើ​របស់​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំងនោះ។ លោក​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុម​មេធាវី​ប្ដឹង​មក​សាលា​ឧទ្ធរណ៍​នៅ​ពេល​នេះ ព្រោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​លើស​នីតិវិធី ឬ​លើស ៤៨​ម៉ោង៖ «អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គាត់​ថា​គាត់​ឃាត់​ខ្លួន​កូន​ក្តី​របស់​យើង​ត្រឹមត្រូវ ប៉ុន្តែ​អ្វី​ដែល​យើង​ប្ដឹង បើ​កាលណា​កូន​ក្ដី​របស់​យើង​ចូល​ទៅ​ស្ថាប័ន​យុត្តិធម៌​នគរបាល គឺ​ចាប់​រាប់​ម៉ោង​ហើយ»

ឆ្មាំ​ពន្ធនាគារ​បាន​បញ្ជូន​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ទាំង ៤​រូប រួម​មាន អ្នកស្រី លឹម មុន្នី លោក យី សុខសាន្ត លោក នី សុខា និង​លោក ណៃ វ៉ង់ដា មក​សាកសួរ ដែល​ពួក​គេ​សព្វថ្ងៃ​កំពុង​ជាប់​ឃុំ​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​ក្នុង​សំណុំ​រឿង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​ជាប់​ចោទ​ថា​ជា​ស្រី​កំណាត់​ចិត្ត​របស់​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។ អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ដែល​កំពុង​ជាប់​ឃុំ​ដែរ​នោះ ក៏​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​នេះ​ដែរ។ ក្រោយ​ការ​សាកសួរ មន្ត្រី​អាដហុក ម្នាក់ គឺ​អ្នកស្រី លឹម មុន្នី ស្រែក​ថា នេះ​ជា​រឿង​អយុត្តិធម៌​ចំពោះ​អ្នកស្រី៖ «អយុត្តិធម៌​ចំពោះ​ពួក​ខ្ញុំ»

ទាក់ទង​រឿង​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ឲ្យ​អាស៊ីសេរី ដឹង​ថា ប្រសិន​បើ​លោក​ធ្វើ​ខុស​នីតិវិធី តុលាការ​នឹង​ទាត់​ចោល​សំណុំ​រឿង​បាត់​ទៅ​ហើយ មិន​មែន​តុលាការ​នៅ​តែ​បន្ត​ដំណើរ​ក្តី​ដូច​នេះ​ទេ៖ «មេធាវី​គាត់​ស្ទើរ​ភ្លើង​តិច​ខាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ បើ​សិន​យើង​ជា​នគរបាល​យុត្តិធម៌​នេះ​ធ្វើ​ខុស​នីតិវិធី តុលាការ​គេ​ទាត់​ចោល​រឿង​បាត់​ហើយ»

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ហៅ​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រី គ..ប គឺ​ជា​ការ​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ ដែល​នេះ​ជា​ការ​យាយី​តាម​ផ្លូវ​ច្បាប់។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​តាមដាន​ដំណើរ​រឿង​នេះ​និយាយ​ថា តាម​ច្បាប់ ប្រសិន​បើ​តុលាការ​រក​ឃើញ​ការ​ឃាត់​ខ្លួន​កន្លង​មក​របស់ ACU ខុស​នីតិវិធី តុលាការ​នឹង​ដោះលែង​អ្នក​ទាំងនោះ​ឲ្យ​នៅ​ក្រៅ​ឃុំ៖ «បើ​សិន​ជា​សាល​ដីកា​នេះ​សម្រេច​ឈរ​លើ​អង្គ​ហេតុ​អង្គ​ច្បាប់ នេះ​ជា​សាល​ដីកា​មួយ​ដែល​ជា​យុទ្ធសាស្ត្រ​នេះ ហើយ​នេះ​ជា​រឿង​មួយ​ដែល​សំខាន់​ដែរ បើ​តុលាការ​មោឃភាព​នីតិវិធី​នេះ​ហើយ អ៊ីចឹង​កូន​ក្តី​របស់​មេធាវី​នឹង​បាន​នៅ​ក្រៅ​ឃុំ»

យោង​តាម​មេធាវី មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ទាំង ៤​រូប ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឃាត់​ខ្លួន​មន្ត្រី​អាដហុក និង​អគ្គលេខាធិការ​រង គ..ប កាល​ពី​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ ខែ​មេសា ហើយ​ឃាត់​ខ្លួន​លើស​រយៈពេល ៤៨​ម៉ោង ដែល​ជា​ការ​ខុស​នឹង​នីតិវិធី។ ទោះ​ជា​លើស​បែប​នោះ​ក្តី ACU នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​មេធាវី​របស់​ជន​សង្ស័យ​ជួប​កូន​ក្តី​ទៀត។ ក្រុម​មេធាវី​បាន​ជួប​កូន​ក្តី​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ឧសភា គឺ​នៅ​ពេល​ឡើង​តុលាការ​ហើយ។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍ បាន​ច្រាន​ចោល​ពាក្យ​បណ្ដឹង​របស់​មេធាវី​របស់​លោក នី ចរិយា អគ្គលេខាធិការ​រង គ..ប ម្តង​ហើយ ដែល​ចោទ​ប្រកាន់​ថា ការ​ឃុំ​ខ្លួន​លោក​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ខុស​នីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល