មន្ត្រី​អង្គការ អាដហុក ​​ដែល​ជាប់​បណ្ដឹង​ក្នុង​តុលាការ មិន​ទាន់​មាន​ចំណាត់​ពី​តុលាការ​បើ​ទោះ​បី​ជា​មាន​បញ្ជា​ពី​លោក​ហ៊ុន សែន​ក្ដី


2018.12.04
ស៊ឹង សែនករុណា ៦២២ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ​ ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣ ធ្នូ ​ក្រសួង​យុត្តិធម៌ ​មិន​ទាន់​បង្ហាញ​ចំណាត់​ការ​ដោះស្រាយ​បញ្ចប់​សំណុំ​រឿង​ប្ដឹងផ្ដល់​សកម្មជន​សិទ្ធិមនុស្ស​នៅ​ឡើយ​ទេ។ កាល​ពី​ថ្មីៗ នេះ​​លោក​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​ក្រសួង​យុត្តិធម៌​និង​ក្រសួង​ការងារ​ប្រញាប់​​ដោះស្រាយ​សំណុំរឿង​មេ​ដឹក​នាំ​សហជីព​និង​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ជាប់​បណ្ដឹង​ក្នុង​តុលាការ​ឲ្យ​បាន​ឆាប់ ដើម្បី​ពួកគេ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) ឲ្យ​ដឹង​ថា​ សំណុំ​រឿង​របស់​មន្ត្រី​ អាដហុក​ ទាំង ៤​រូប ​ដែល​ជាប់​បណ្ដឹង​ក្នុង​តុលាការ​ គឺ​បាន​ដាក់​ប្ដឹងទៅ​សាលាឧទ្ធរណ៍ តាំង​ពី​ខែ​តុលា​មក​ ប៉ុន្តែ​មិន​ទាន់​មាន​ចំណាត់​ការ​តាម​នីតិវិធី​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក​ (Adhoc) លោក សឹង សែន​ករុណា មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ធ្នូ​ថា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ខាង​ស្ថាប័ន​របប​លោក ហ៊ុន សែន ណា​មួយ​ទាក់ទង​មក​សមាគម​ អាដហុក​ ដើម្បី​ដោះស្រាយ​បញ្ចប់​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ។ លោក ​បន្ថែម​ទៀត​ថា ខាង​អាដហុក​នឹង​មិន​ស្នើ​សុំ​ទៅ​ក្រសួង​យុត្តិធម៌​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​លើ​សំណុំរឿង​នេះ​​ឡើយ​ ព្រោះ​ជា​ការ​រំលោភ​សិទ្ធិ​តុលាការ​ ហើយ​ម្យ៉ាង​ទៀត​សមាគម​អាដហុក​យល់​ឃើញ​ថា​ មន្ត្រី​របស់​ខ្លួន​គ្មាន​កំហុស​ទេ ហើយ​តុលាការ​អាច​ដោះស្រាយ​បិទ​បញ្ចប់​សំណុំ​រឿង​បាន​ ប្រសិន​បើ​តុលាការ​ជម្រះក្ដី​ដោយ​ឯករាជ្យ​​មិន​​ពាក់ព័ន្ធ​រឿង​នយោបាយ​នោះ «ព្រោះ​បើ​សិន​ជា​រដ្ឋាភិបាល​មាន​ឆន្ទៈ​ដោះស្រាយ​ពិតប្រាកដ​មែន​រដ្ឋាភិបាល​អាច​ពិនិត្យ​មើល​នៅ​ក្នុង​សំណុំ រឿង ដែល​យើង​បាន​តាំង​រួច​ហើយ​នៅ​សាលឧទ្ធរណ៍​ដើម្បី​ទម្លាក់​បទ​ចោទ​នឹង​អាច​ធ្វើ​ការ​បញ្ចប់​នីតិវិធី​តុលាការ​ទៅ​ ព្រោះ​សមាគម​អាដហុក​យើង​មិន​ចង់​ឃើញ​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ប្រើ​ឥទ្ធិពល​ទៅ​លើ​ស្ថាប័ន​តុលាការ​ដែល​យើង​ដឹង​ថា​ជា​ស្ថាប័ន​ឯករាជ្យ»

កាលពី​ឆ្នាំ​២០១៦ អ្នកការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក ចំនួន ​៤​រូប គឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ព្រមទាំង​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម អាដហុក លោក នី ចរិយា ផង បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​ក្នុង​សំណុំរឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នោះ និង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ហើយ​ដែល​ត្រូវ​បាន អាជ្ញាធរ និង​តុលាការ ចោទប្រកាន់​ដាក់​ទោស ដោយ​សំអាង​ទៅ​លើ​ភស្តុតាង ដែល​ជន​អនាមិក លួច​ថត​សំឡេង ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជន​អនាមិក និង​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​នឹង​របប​ក្រុងភ្នំពេញ ហ្វ្រេសញូវ (Freshnews)។

អ្នក​ទាំង ៥ ត្រូវបាន​តុលាការ​នៃ​របប​លោក ហ៊ុន សែន ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ មុននឹង​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ កាល​ពី​ចុងខែ​មិថុនា ឆ្នាំ​២០១៧។ សំណុំ​រឿង​នេះ​ត្រូវ​បាន​ផ្អឹប​ទុក​អស់​រយៈពេល​ជាង ១​ឆ្នាំ​ថែមទៀត មុននឹង​ត្រូវ​បាន​លើក​យក​មក​ជម្រះ​អង្គសេចក្ដី​នៅ​ថ្ងៃ​ទី​២៧ សីហា ក៏ប៉ុន្តែ​សវនាការ​នេះ​មិន​អាច​ដំណើរ​ការ​បាន​ដូច​ការ​គ្រោងទុក​ឡើយ ព្រោះ​អវត្តមាន​តួអង្គ​សំខាន់ៗ ក្នុង​សំណុំរឿង។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន ដើម្បី​សុំ​អត្ថាធិប្បាយ​​​ជុំ​វិញ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣ធ្នូ ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។

កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា​លោក ហ៊ុន សែន​ បញ្ជា​ទៅ​ក្រសួង​ការងារ និង​ក្រសួង​យុត្តិធម៌​សហការ​ជាមួយ​តុលាការ​ដោះស្រាយ​បញ្ចប់​សំណុំ​រឿង​មេ​ដឹក​នាំ​សហជីព​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​បណ្ដឹង​ជាប់​ក្នុង​តុលាការ​ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​ពួកគាត់​បាន​បំពេញ​ការងារ​របស់​ខ្លួន​បាន​ពេញ​លេញ ដោយ​​មិន​មាន​ការ​រិះ​គន់​ថា​របប​លោក​រឹតត្បិត​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​និង​សហជីព«ឥឡូវ​តាម​ដឹង​តុលាការ​បន្ទាប់​ពី​រដ្ឋមន្ត្រី​បាន​ធ្វើ​ទៅ​តុលាការ​កំពុង​ពន្លឿន​ការ​ស៊ើបអង្កេត​ដើម្បី​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​ ហើយ​ពេល​ចប់​តុលាការ​គេ​នឹង​ធ្វើ​ការ​សន្និដ្ឋាន​ឬ​មួយ​គេ​ចាត់​ការ​យក​ទៅ​ជម្រះ​ បើ​យក​ទៅ​ជម្រះ​សូម​ជម្រះ​ឲ្យ​រហ័ស ឬ​មួយ​គេ​ទម្លាក់​ចោល​គេ​មិន​ចាត់​ការ​តែ​ម្ដង​ដូច្នេះ​វា​ចប់​ហើយ កុំ​ឲ្យ​ស្ថានភាព​ដូច​សព្វ​ថ្ងៃ​មេ​ដឹក​នាំ​សហជីព​ខ្លះ​ធ្វើ​មិន​កើត​ដោយសារ​នៅ​ក្រោម​ឥទ្ធិពល​នៃ​បណ្ដឹង​ជា​រឿង​មិន​ល្អ​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី​លោក សឹង សែន​ករុណា​ លើក​ឡើង​ថា​ ការ​បញ្ជា​របស់​លោក​ហ៊ុន​ សែន​នៅ​ពេល​នេះ គឺ​ជា​រឿង​នយោបាយ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ សហជីព​និង​ប្រជាពលរដ្ឋ​នោះ​ទេ ព្រោះ​អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ជា​យូរ​មក​ហើយ​ មិន​មែន​ទើប​តែ​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ បាន​ជា​មាន​ការ​បើក​ទូលាយ​សិទ្ធិ​សេរីភាព​នោះ​ទេ«ព្រោះ​ការ​អនុវត្ត​ច្បាប់​យើង​ត្រូវ​យក​ច្បាប់​ជា​គោល ដើម្បី​គោរព​ឲ្យ​បាន​ទាំង​អស់​គ្នា​ជៀសវាង យើង​ធ្វើ​ការ​ដោយ​មាន​ច្បាប់​ហើយ​បែរ​ជា​រង់ចាំ​បទ​បញ្ជា​តាម​ស្ថានការណ៍​នយោបាយ​ប្រែប្រួល​មិន​មែន​ជា​រឿង​មួយ​ដែល​អនុវត្ត​ទៅ​ជា​ប្រព័ន្ធ​មួយ​ដែល​ល្អ​សម្រាប់​ទាំង​ពលរដ្ឋ​អ្នក​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​មិន​មែន​ជា​ស្ថានភាព​មួយ​ល្អ​នោះ​ទេ»

លោក សឹង សែន​ករុណា បន្ថែម​ទៀត​ថា ប្រសិន​លោក​ហ៊ុន សែន​ចង់​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ពិតប្រាកដ​គួរតែ​ពិនិត្យ​មើល​ការ​អនុវត្ត​ច្បាប់​​កន្លង​មក ហើយ​ប្រសិន​បើ​រក​ឃើញ​កំហុស​​ឆ្គង​ណា​មួយ​​ត្រូវ​មាន​ការ​កែប្រែ​រឿង​នេះ​ឡើង​វិញ​ឲ្យ​បាន​ត្រឹមត្រូវ​​​ ដើម្បី​​មិន​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ខុសឆ្គង​សាំដែល​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។