សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ នៅថ្ងៃទី៨ សីហា ច្រានចោលពាក្យបណ្ដឹងរបស់មេធាវីរបស់លោក នី ចរិយា។ ពាក្យបណ្ដឹងនោះ គឺស្នើឲ្យសាលាឧទ្ធរណ៍ពិនិត្យសើរើនីតិវិធីសួរចម្លើយរបស់អង្គភាពប្រឆាំងអំពើពុករលួយលើលោក នី ចរិយា។
ស្របគ្នានេះ អង្គការសង្គមស៊ីវិលជាង ៥០អង្គការ នៅថ្ងៃទី៨ សីហា នេះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ទាមទារឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC)៤នាក់ និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូបដោយគ្មានលក្ខខណ្ឌ។
លោក សំ សុគង់ មេធាវីរបស់លោក នី ចរិយា ថ្លែងប្រាប់អ្នកសារព័ត៌មានថា ការបដិសេធពាក្យបណ្ដឹងរបស់លោក គឺខុសពីនីតិវិធីតុលាការ ហើយមិនអាចទទួលយកបានទេ។ មេធាវី សំ សុគង់ បញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយសួរចម្លើយកូនក្ដីលោកលើសម៉ោងរដ្ឋបាល ហើយដាក់សម្ពាធផ្លូវចិត្ត ដែលធ្វើឲ្យកូនក្ដីលោកមិនមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងការសាកសួរ៖ « ការធ្វើនីតិវិធីរបស់នគរបាលយុត្តិធម៌ គឺរំលោភលើរដ្ឋធម្មនុញ្ញត្រង់មាត្រា៣៨ ទាក់ទងនឹងការសួរយកចម្លើយគាត់ច្រើនដងក្នុងថ្ងៃតែមួយ ហើយសួរក្នុងម៉ោងរដ្ឋបាលផង ក្រៅម៉ោងរដ្ឋបាលផង សួរពេលយប់ទៀត »។
មេធាវី សំ សុគង់ អះអាងថា បណ្ដឹងមោឃភាពនេះមិនមែនជាបណ្ដឹងបដិសេធនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនោះទេ តែជាការសើរើលើនីតិវិធីមិនស្របច្បាប់ក្នុងការសួរចម្លើយកូនក្ដីលោក ដែលនាំឲ្យលោក នី ចរិយា ត្រូវបានគេនាំមកកាត់ក្ដីនៅតុលាការ។
លោក សំ សុគង់ នឹងដាក់បណ្ដឹងសារទុក្ខលើការច្រានចោលរបស់សាលាឧទ្ធរណ៍។ បណ្ដឹងមោឃភាពដូចគ្នានេះ នឹងត្រូវធ្វើឡើងដូចគ្នាសម្រាប់អ្នកការពារសិទ្ធិមនុស្ស ៤រូបផ្សេងទៀត ដែលកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្ដោះអាសន្ន និងក្រោមការស៊ើបអង្កេតរបស់តុលាការ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទសូកប៉ាន់។
ទាក់ទងនឹងរឿងនេះដែរ នៅថ្ងៃទី៨ សីហា អង្គការសង្គមស៊ីវិលចំនួន៥២ ចេញសេចក្តីថ្លែងការណ៍រួមសម្រាប់បើកយុទ្ធនាការ #ដោះលែងអ្នកទាំង៥ ដើម្បីទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្សទាំង ៥នាក់។ យុទ្ធនាការ គឺអំពាវនាវឲ្យប្រជាពលរដ្ឋផ្ញើកាតប៉ូស្តាល់ (Postal Card) ជូនអ្នកកំពុងជាប់ឃុំ ហើយការបង្ហោះសារគាំទ្រលើបណ្ដាញសង្គមដោយប្រើហាសថែក (Hashtags) #ដោះលែងអ្នកទាំង៥។
យុទ្ធនាការនេះ ធ្វើឡើងដើម្បីប្រមូលការគាំទ្រចំពោះអ្នកការពារសិទ្ធិមនុស្សទាំង៥ រួមមានអ្នកស្រី លឹម មុន្នី លោក នី ចរិយា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោក នី សុខា ដើម្បីរំឭកអ្នកកំពុងជាប់ឃុំទាំងនេះថា អ្នកគាំទ្រមិនបំភ្លេចចោលនូវការលះបង់របស់ពួកគាត់ទេ ហើយជំរុញទឹកចិត្តឲ្យមានស្មារតីរឹងមាំ ខណៈស្ថិតក្រោមការឃុំខ្លួន។
អង្គការសង្គមស៊ីវិលទាំងនេះ ហៅការចោទប្រកាន់លើសកម្មជនសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប គឺជាការធ្វើឡើងក្រោមហេតុផលនយោបាយ ដែលនេះជាការយាយីតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។