ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA) ចូលបំភ្លឺតាមដីកាកោះរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៥ ធ្នូ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ត្រូវបានតុលាការកោះហៅទៅសាកសួរក្នុងសំណុំរឿងកម្មករអូសរទេះធ្វើបាតុកម្មនៅមុខទីស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។
តុលាការខេត្តបន្ទាយមានជ័យ ចេញដីកាសម្រេចមិនឃុំខ្លួនបណ្ដោះអាសន្នប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA) ប៉ុន្តែបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA) លោក ឌិន ពុទ្ធី មានប្រសាសន៍នៅថ្ងៃទី៥ ធ្នូ ថា ដីកាសម្រេចរបស់តុលាការ គឺជារឿងអយុត្តិធម៌។ លោកថាមិនអាចទទួលយកការសម្រេចនេះបានឡើយ។ លោកអះអាងថា លោកពុំមានពាក់ព័ន្ធអំពីការធ្វើបាតុកម្មតវ៉ារបស់ក្រុមកម្មករអូសរទេះនៅមុខទីស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត នោះទេ។ លោកស្នើឲ្យតុលាការ ទម្លាក់ការចោទប្រកាន់លើលោក៖ « ប៉ុន្តែគ្រាន់តែថាចាំមើលបន្តទៅទៀត តើតុលាការនឹងយ៉ាងណាទៀត ព្រោះយើងមិនទាន់ដឹងថាតុលាការមាននីតិវិធីជំនុំជម្រះយ៉ាងម៉េចទៀតទេ ? ប៉ុន្តែការដាក់ក្រោមការត្រួតពិនិត្យនេះ វាហាក់ធ្ងន់ធ្ងរណាស់ » ។
ដីកាសម្រេចដែលចុះហត្ថលេខាដោយចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក ឯក ប៉ូលីហ្វីល ចុះថ្ងៃទី៥ ធ្នូ សម្រេចមិនឃុំខ្លួនលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ សមគំនិតធ្វើឲ្យខូចខាតដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនៅមុខទីស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ ចៅក្រមស៊ើបសួរបានបង្គាប់លោក ឌិន ពុទ្ធី ត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត នៅថ្ងៃទី១ រៀងរាល់ខែ មិនត្រូវផ្លាស់ប្ដូរទីលំនៅដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ និងត្រូវឆ្លើយតបការកោះហៅពីគ្រប់បុគ្គល ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ដីកាសម្រេចរបស់ចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តបន្ទាយមានជ័យ គឺជាការដាក់បន្ទុកធ្ងន់ធ្ងរលើមន្ត្រីអង្គការសង្គមស៊ីវិល។ លោកបន្ថែមថា ដីកានេះបានប៉ះពាល់ដល់ការបំពេញការងាររបស់អង្គការសង្គមស៊ីវិល និងធ្វើឲ្យពិបាកចុះឃ្លាំមើលក្រែងមានការរំលោភសិទ្ធិមនុស្ស ដែលពលរដ្ឋតវ៉ាបញ្ចេញមតិឲ្យអាជ្ញាធរដោះស្រាយករណីផ្សេងៗរបស់ពួកគាត់នៅថ្ងៃក្រោយទៀត៖ « អ៊ីចឹងយើងថាមន្ត្រីមានប៉ូលិស កងរាជអាវុធហត្ថ និងអភិបាលក្រុងប៉ោយប៉ែត តុលាការគួរតែចោទប្រកាន់ពួកគាត់ដែរ ព្រោះពួកគាត់ខ្លះបានវាយដំទៅលើកម្មករថែមទៀតផង ហើយបែរជាអត់មានអ្នកដាក់ទោសទៅវិញ។ នេះជារឿងមួយហាក់ដូចជាអយុត្តិធម៌ទៅលើមន្ត្រីសង្គមស៊ីវិល » ។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ក្រុមកម្មករអូសរទេះប្រមាណ ១៥០នាក់ ធ្វើបាតុកម្មទាមទារឲ្យមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បញ្ឈប់យកពន្ធតម្លៃខ្ពស់ចំពោះលើការដឹកទំនិញចេញចូលតាមរទេះរបស់ពួកគាត់បន្តទៀត។ ការតវ៉ានេះ បង្កឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមកម្មករអូសរទេះ និងកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យខូចរថយន្តរបស់គយ និងរដ្ឋាករក្រុងប៉ោយប៉ែត ចំនួន ៧គ្រឿង ព្រមទាំងកញ្ចក់ របង ទ្វារបង្អួចស្នាក់ការគយ ខូចខាតមួយចំនួនទៀត។
ការតវ៉ាបង្កហិង្សាដាក់គ្នានេះ ដោយសារក្រុមកម្មករឃើញសមត្ថកិច្ចចាប់តំណាងអ្នកតវ៉ាម្នាក់វាយធ្វើទារុណកម្ម ហើយពួកគាត់ខឹង ក៏ផ្ទុះហិង្សាដាក់គ្នាតែម្ដង។ រហូតមកទល់ពេលនេះ សមត្ថកិច្ចពុំទាន់ដោះស្រាយបញ្ហានេះបានចប់សព្វគ្រប់នៅឡើយ។ ចំណែកអ្នកជាប់បណ្ដឹងក្នុងសំណុំរឿងនេះ កន្លងទៅ មានក្រុមកម្មករអូសរទេះចំនួន ១៥នាក់ លោក ឌិន ពុទ្ធី និងលោក ចៅ វាសនា ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត មកពីគណបក្ស សម រង្ស៊ី។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធនៅក្រុងប៉ោយប៉ែត ពុំមាននៅក្នុងបណ្ដឹងនេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។