"ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​លើ​បក្ស​ប្រឆាំង​ជា​ធាតុ​ផ្សំ​បទល្មើស​នៅ​តុលាការ ICC”

ដោយ មួង ណារ៉េត
2017.11.03
រីឆាត រ៉ូជើរ (Richard Rogers) ៦២០ មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។
RFA/Yun Samean

អ្នក​ច្បាប់​អន្តរជាតិ ចាត់​ទុក​អំពើ​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​មក​លើ​បក្ស​សង្គ្រោះ​ជាតិ ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​គឺ​ជា​ធាតុ​ផ្សំ​គ្រប់គ្រាន់​នៃ​បទល្មើស​ប្រឆាំង​មនុស្ស​ជាតិ ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) មាន​ដែន​សមត្ថកិច្ច​ដើម្បី​ចាត់ការ​បាន។ ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ថា តុលាការ​អន្តរជាតិ គ្មាន​សិទ្ធិ​អំណាច​លើ​តុលាការ​កម្ពុជា បាន​នោះ​ទេ។

មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) ដែល​ទើប​តែ​ជួប​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កាល​ពី​ខែ​មុន ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ថា​ភស្តុតាង​នៃ​ការ​ប្រព្រឹត្តិ​រំលោភសិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពី​សំណាក់​មន្ត្រី​បក្ស​កាន់​អំណាច​មក​លើ​សំឡេង​ប្រឆាំង កាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ និង​កើន​ឡើង​ច្រើន​ជាង​មុន សម្រាប់​ជា​មូលដ្ឋាន​ពិចារណា​របស់​តុលាការ​អន្តរជាតិ៖ «បទឧក្រិដ្ឋ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បក្ស​ប្រឆាំង​ក្នុង​ពេល​ថ្មីៗ​នេះ គឺ​ជា​ធាតុ​ផ្សំ​នៃ​បទល្មើស​ក្នុង​ចំណាត់​ថ្នាក់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ បើ​យើង​ពិនិត្យ​មើល​បទឧក្រិដ្ឋ​ដែល​ផ្សំ​បញ្ចូល​គ្នា​តាំង​ពី​ការ​បណ្ដេញ​ពលរដ្ឋ​ពី​លំនៅឋាន ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ប្រឆាំង ការ​ធ្វើ​ឃាត​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល និង​ការ​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​សកម្មជន​បក្ស​ប្រឆាំង ដែល​ទាំង​អស់​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដែល​ស្ថិត​ក្នុង​ប្រភេទ​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ទាំង​នេះ​ឯង​ហើយ ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC មាន​យុត្តាធិការ​លើ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា»

លោក រីឆាត រ៉ូជើរ លើក​ឡើង​បន្ថែម​ថា រឿង​ក្ដី​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​ពិចារណា គឺ​រួម​មាន​ករណី​ដូច​អ្វី​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា ដែល​ក្រុម​អ្នក​មាន​អំណាច​ជិះជាន់​សង្កត់​សង្កិន និង​ធ្វើ​បាប​អ្នក​ប្រឆាំង​ទោះ​ក្នុងតម្លៃ​ណា​ក៏ដោយ ដើម្បី​បន្ត​ក្រាញ​អំណាច។ លោក​អះអាង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​នេះ កំពុង​តែ​បង្កើន​សន្ទុះ​យ៉ាង​ខ្លាំង​រហូត​ដល់​រដ្ឋាភិបាល​បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ប៉ុនប៉ង​រម្លាយ​គណបក្ស​ប្រឆាំង​ចោល​ទាំង​ស្រុង ដែល​ស្ដែង​ឲ្យ​ឃើញ​អំពី​គោលបំណង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា តាម​បែប​ឯកបក្ស និង​ផ្តាច់ការ​ដ៏​សាហាវ​បំផុត។

រឿង​ដែល​សំខាន់​មួយ​ទៀត​ដែល​លោក រីឆាត រ៉ូជើរ មើល​ឃើញ​ថា តម្រូវ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ធ្វើ​អន្តរាគមន៍​ដែរ​នោះ គឺ​ដោយសារ​សហគមន៍​អន្តរជាតិ និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​បន្ត​ថ្កោលទោស​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​យក​ប្រព័ន្ធ​តុលាការ​មក​ធ្វើ​ជា​ឧបករណ៍​បម្រើ​នយោបាយ​បក្ស​កាន់​អំណាច។

លោក​បញ្ជាក់​ថា នៅ​ពេល​ប្រព័ន្ធយុត្តិធម៌​ជាតិ មិន​អាច​បំពេញមុខ​ងារ​ក្នុង​ការ​ថែរក្សា និង​ការពារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ខ្លួន​ឯង​បាន គឺ​ទាល់​តែ​អន្តរជាតិ​ជួយ៖ «នៅ​ក្នុង​ប្រទេស​កម្ពុជា សព្វ​ថ្ងៃ​នេះ កុំ​សង្ឃឹម​សូម្បី​តែ​ប៉ុន​សរសៃ​សក់ ថា​នឹង​មាន​យុត្តិធម៌​ចំពោះ​ឧក្រិដ្ឋកម្ម​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​សំឡេង​ប្រឆាំង​ឲ្យ​សោះ ព្រោះ​អី​រដ្ឋាភិបាល​មាន​ឥទ្ធិពល​បញ្ជា​លើ​ប្រព័ន្ធ​តុលាការ។ តុលាការ​កម្ពុជា លែង​មាន​មុខងារ​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​បាន។ តុលាការ​កម្ពុជា ជា​តុលាការ​បម្រើ​បក្ស​កាន់​អំណាច ហើយ​ចៅក្រម និង​ព្រះរាជអាជ្ញា​សុទ្ធតែ​ជា​តួអង្គ​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋ​រួម​នេះ»

​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​តុលាការ​អចិន្ត្រៃយ៍​អន្តរជាតិ ដែល​មាន​សមត្ថកិច្ច​ស៊ើប​អង្កេត និង​ផ្ដន្ទាទោស​អ្នក​ដែល​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ រួមមាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ធាតុ​ផ្សំ​មួយ​ក្នុង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ គឺ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដូចជា​ការ​ធ្វើ​បាប​បក្ស​ប្រឆាំង​នេះ​ជាដើម។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​រដ្ឋាភិបាល​យល់​ឃើញ​ថា អ្វី​ដែល​ជា​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា មក​លើ​សំឡេង​ប្រឆាំង គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ការពារ​ចំណាត់ការ​ទាំង​នេះ ថា​ជា​ការ​ត្រឹមត្រូវ និង​មិន​អាច​ឲ្យ​អន្តរជាតិ​មក​ជ្រៀត​ជ្រែក​បាន​ឡើយ៖ «ករណី​របស់​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ មិន​មែន​ជា​រឿង​ស្ថិត​នៅ​ក្នុង​ដែន​យុត្តាធិការ​របស់​អន្តរជាតិ​ទេ។ កម្ពុជា តុលាការ​គឺ​វិនិច្ឆ័យ​ក្នុង​ផលប្រយោជន៍​កម្ពុជា។ កម្ពុជា​នៅ​តែ​គោរព និង​ឲ្យ​តម្លៃ​តុលាការ ជា​តុលាការ​របស់​កម្ពុជា អនុវត្ត វិនិច្ឆ័យ​ក្ដី​ទៅ​តាម​ច្បាប់ និង​អង្គ​សេចក្ដី​នៅ​ក្នុង​កម្ពុជា»

ចំណែក​ឯ​ក្រុម​​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោក ហែម សុជាតិ ក៏​សម្លឹង​មើល​ឃើញ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​អាច​​ជួយ​អន្តរាគមន៍​ផង​ដែរ ប្រសិនបើ​កូន​ក្ដី​របស់​ពួកគាត់​នៅ​តែ​រង​ភាព​អយុត្តិធម៌​ដោយ​ប្រព័ន្ធតុលាការ​ជាតិ និង​បក្ស​កាន់​អំណាច​ដូច​សព្វថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។