ភរិយាលោក ចៅ វាសនា ត្អូញត្អែរលំបាកទៅសួរសុខទុក្ខស្វាមីបន្ទាប់ពីតុលាការបញ្ជូនទៅឃុំនៅព្រៃស
2018.12.11
ភរិយាចៅសង្កាត់ប៉ោយប៉ែតសង្គ្រោះជាតិដែលរបបលោក ហ៊ុន សែន រំលាយចោល គឺលោក ចៅ វាសនា មិនបានទៅសួរសុខទុក្ខស្វាមីជិត២ខែ ដោយសារខាងពន្ធនាការខេត្តបន្ទាយមានជ័យបញ្ជូនទៅឃុំខ្លួននៅគុកព្រៃស រាជធានីភ្នំពេញ។ មន្ត្រីសង្គមស៊ីវិលខេត្តបន្ទាយមានជ័យ លើកឡើងថា តុលាការគួរតែបិទបញ្ចប់សំណុំរឿងនេះតាំងពីយូរមកហើយ ព្រោះលោក ចៅ វាសនា គ្មានកំហុសដូចការចោទទេ។
ភរិយាមន្ត្រីគណបក្សប្រឆាំងក្រុងប៉ោយប៉ែត លើកឡើងថា លោក ចៅ វាសនា កំពុងតែនៅកណ្ដោចកណ្ដែង គ្មានសាច់ញាតិណាទៅសុខទុក្ខនោះទេ ហើយកំពុងខ្វាយខ្វល់អំពីសុខទុក្ខរបស់ស្វាមី មិនដឹងទៅយ៉ាងជាយ៉ាងណាទេ ព្រោះចាប់តាំងពីលោក ចៅ វាសនា បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសមក មិនដែលបានទៅសួរសុខទុក្ខស្វាមីនោះឡើយ។
អ្នកស្រី វង្ស គឹមហុង ឲ្យដឹងនៅថ្ងៃទី១១ ធ្នូ ថា មូលហេតុដែលអ្នកស្រីមិនបានទៅសួរសុខទុក្ខ ដោយសារខ្វះខាតថវិកា ហើយជាប់រវល់ធ្វើការដើម្បីរកប្រាក់យកទៅជួយផ្គត់ផ្គង់ស្វាមី ព្រោះលោកចៅ វាសនា ជាប់ពន្ធនាការនៅរាជធានីភ្នំពេញ ត្រូវចំណាយពេលស្នាក់នៅច្រើនថ្ងៃ ធ្វើឲ្យខាតការងារមិនអាចរកប្រាក់ដោះស្រាយជីវភាពគ្រួសារបានទេ។ អ្នកស្រី វង្ស គឹម ហុង បន្ថែមទៀតថា សព្វថ្ងៃលោក ចៅ វាសនា បានទូរស័ព្ទមករកអ្នកស្រីប្រមាណ ៥ថ្ងៃម្ដងដែរ នៅពេលដែលលោកត្រូវការថវិកាប៉ុណ្ណោះ៖ «ព្រោះនីតិវិធីនៅសាលាដំបូងខេត្តបន្ទាយមានជ័យបានចប់ហើយ បើយើងទទួលយកជាប់គុក ៥ឆ្នាំទៅ យើងត្រូវទៅខេត្តបន្ទាយមានជ័យវិញ តែយើងអត់ទទួល យើងត្រូវទៅជាប់ពន្ធនាគារនៅភ្នំពេញវិញ ហើយយើងអត់ត្រូវបានបន្ទាយមានជ័យទេ។ គាត់ជាប់នៅទីនោះមិនមានពេទ្យពិនិត្យសុខភាពគាត់ទេ ហើយគាត់ចេះតែទ្រាំទៅព្រោះមិនដឹងធ្វើមិច បើគ្មានសេរីភាព ហើយឈឺលំបាកក៏នៅតែឈឺនឹងទៅ»។
អ្នកស្រីបន្តទៀតថា លោក ចៅ វាសនា ត្រូវមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស តាំងពីថ្ងៃទី១៤ ខែតុលា មកមិនទាន់បញ្ជូនត្រឡប់មកវិញនៅឡើយទេ ដោយមន្ត្រីពន្ធនាគារប្រាប់អ្នកស្រីថា ដើម្បីងាយស្រួលក្នុងការធ្វើនីតិវិធីនៅសាលាឧទ្ធរណ៍។
ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ មិថុនា ឆ្នាំ២០១៨ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក ចៅ វាសនា និងកម្មករអូសរទេះចំនួន៧នាក់ផ្សេងទៀតដាក់ពន្ធនាគារម្នាក់ ៥ឆ្នាំ។ ភ្លាមៗក្រោយពីប្រកាសសាលក្រមមេធាវីការពារក្ដីលើសំណុំរឿងនេះបានដាក់ពាក្យប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ ដើម្បីតុលាការទម្លាក់ការចោទប្រកាន់នេះ និងស្នើសុំឲ្យលោក ចៅ វាសនា បាននៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែរហូតដល់ថ្ងៃទី១១ធ្នូ សាលាឧទ្ធរណ៍មិនទាន់ជម្រះក្ដីរឿងនេះឲ្យបានចប់សព្វគ្រប់នៅឡើយ។ លោក ចៅ វាសនា ជាចៅសង្កាត់ប៉ោយប៉ែតជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ដើមកំណើតខ្មែរក្រោម។ ចៅសង្កាត់រូបនេះត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តនេះ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ២០១៧ គឺនៅមុនពេលបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា ដែលបានតាមដានសំណុំរឿងនេះតាំងពីដើមមកលើកឡើងថា ការឃុំខ្លួនលោក ចៅ វាសនា គឺជារឿងអយុត្តិធម៌បំផុត ព្រោះលោកបំពេញការងារក្នុងនាមអាជ្ញាធរដែនដី ក្នុងតំណែងចៅសង្កាត់រងទី២ គណបក្សប្រឆាំងកាលពីសម័យនោះ មិនមែនជាអ្នកប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការនោះ ព្រោះលោកមានសិទ្ធិទៅពិនិត្យមើលការតវ៉ារបស់ក្រុមកម្មករបានដោយមិនមានកំហុសនោះឡើយ៖ «ហើយប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតអីក្ដី គាត់តាមមើលរឿងនេះ គាត់គិតថាមិនគួរណាតុលាការចាប់គាត់ដាក់ពន្ធនាគារទេ។ ចំណែកការផ្លាស់ប្ដូរពន្ធនាការវិញ តាមរយៈការប្ដឹងទាស់ទៅសាលាឧទ្ធរណ៍នៅភ្នំពេញគួរតែឆាប់បញ្ជូនគាត់ត្រឡប់មកវិញ បើសិនឆ្លើយក្នុងសវនាការរួចអស់ហើយ ព្រោះទុកគាត់នៅគុក ព្រៃសលំបាកបំផុតគឺ ប្រពន្ធលោក ចៅ វាសនា ត្រូវចំណាយលុយកាក់ច្រើន ដើម្បីយកទៅឲ្យប្ដីប្រើប្រាស់នៅក្នុងពន្ធនាគារ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមទៀតថា ការឃុំខ្លួនលោក ចៅ វាសនា មានរយៈពេលយូរ មិនផ្ដល់ផលចំណេញដល់របបលោក ហ៊ុន សែន ទេ ព្រោះគណបក្សសង្គ្រោះជាតិបានរំលាយបាត់ទៅហើយ ម្យ៉ាងទៀតតុលាការក៏បានដោះលែងសកម្មជនគណបក្សប្រឆាំងដែលតុលាការផ្ដន្ទាទោសបទឧក្រិដ្ឋធំៗអស់ហើយ ដូច្នេះតុលាការគួរតែទម្លាក់ការចោទប្រកាន់ហើយដោះលែងលោក ចៅ វាសនា ឲ្យមានសេរីភាពឡើងវិញឲ្យបានឆាប់ដែរ ដើម្បីលោកបានទៅរស់នៅជួបជុំក្រុមគ្រួសារដូចដើមវិញ។
អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព ជុំវិញបញ្ហានេះបានទេ ដោយលោកទទួលទូរស័ព្ទហើយប្រាប់ថា វិទ្យុអាស៊ីសេរីក៏បានចុចផ្ដាច់ទូរស័ព្ទទៅវិញ។ ចំណែកអ្នកនាំពាក្យក្រសួងម្នាក់លោក ជិន ម៉ាលី មិនលើកទូរស័ព្ទ៕