ភរិយា​អតីត​មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង​រក​មេធាវី​ឱ្យ​ការពារ​ក្ដី​ស្វាមី​ដែល​កំពុង​ជាប់​ឃុំ

ដោយ ថន ថារ៉ូ
2019-01-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឆាយ រ័ត្ន អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​នេះ​ឃាត់​ខ្លួន​នៅ​តំបន់​ក្បាល​ឆាយ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០១៩។
លោក ឆាយ រ័ត្ន អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​នេះ​ឃាត់​ខ្លួន​នៅ​តំបន់​ក្បាល​ឆាយ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ សហភាព​ការងារ​កម្ពុជា

ភរិយា​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ព្រះសីហនុ សម្រេច​ពឹង​មេធាវី​ដើម្បី​ការពារ​ក្តី​ឱ្យ​ស្វាមី​របស់​ខ្លួន។ លោកស្រី សំ សារ៉ាត់ ឱ្យ​ដឹង​ថ្ងៃ​ទី​២៦ ខែ​មករា ថា លោកស្រី​បាន​ធ្វើ​ដំណើរ​ឡើង​មក​ភ្នំពេញ​ដើម្បី​ជួប​លោក​មេធាវី សំ សុគង់ សុំ​ឱ្យ​លោក​ជួយ​ការពារ​ក្ដី​ឱ្យ​ស្វាមី​លោកស្រី។

ការ​ស្វះ​ស្វែងរក​មេធាវី​ពី​សំណាក់​ក្រុម​គ្រួសារ​អតីត​មន្ត្រី​បក្ស និង​សាច់ញាតិ​សកម្មជន​សិទ្ធិ​ការងារ​ដែល​ត្រូវ​តុលាការ​ខេត្ត​ព្រះសីហនុ​ឃុំខ្លួន​នោះ ត្រូវ​បាន​ពួកគេ​រំពឹង​ថា មេធាវី​នឹង​អាច​ការពារ​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ដើម្បី​ប្ដឹង​ជំទាស់​ការចោទប្រកាន់​លើ​អ្នក​ទាំងពីរ និង​ស្នើសុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

ភរិយា​របស់​លោក ឆាយ រដ្ឋ លោកស្រី សំ សារ៉ាត់ ឱ្យ​ដឹង​ថា មូលហេតុ​ដែល​លោកស្រី​ពឹង​ពាក់​លោក​មេធាវី សំ សុគង់ ព្រោះ​លោកស្រី​យល់ថា លោក សំ សុគង់ ជា​មេធាវី​ដែល​អាច​ជួយ​ការពារ​យុត្តិធម៌​ដល់​ស្វាមី​លោកស្រី​បាន។ លោកស្រី​នៅតែ​អះអាង​ថា ស្វាមី​លោកស្រី​ជា​មនុស្ស ស្អាតស្អំ ដូច្នេះ​លោកស្រី​រំពឹង​ថា ស្វាមី​ខ្លួន​នឹង​ទទួល​បាន​យុត្តិធម៌៖ «ខ្ញុំ​ជឿជាក់​ច្រើន បើ​បាន​លោក​មេធាវី សំ សុគង់ គាត់​ជួយ​ការពារ​ក្តី​បាន​ល្អ​គាត់​នឹង​ជួយ​រក​ដំណោះស្រាយ​បាន​ច្រើន»

ការ​ស្នើ​សុំ​នេះ​ត្រូវ​បាន​លោក​មេធាវី សំ សុគង់ ឱ្យ​ដឹង​ថា ភរិយា​លោក ឆាយ រដ្ឋ គ្រោង​ពឹង​ពាក់​លោក​ឱ្យ​ជួយ​ការពារ​ក្តី ប៉ុន្តែ​លោក​មិន​ទាន់​បាន​ជួប​ភរិយា​លោក ឆាយ រដ្ឋ ដើម្បី​ចុះ​ហត្ថលេខា​ធ្វើ​មេធាវី​ការពារ​ក្ដី​ជា​ផ្លូវការ​នៅឡើយ​ទេ។ លោក​មេធាវី សំ សុ គង់ ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​លោក​ទទួល​បាន​ការ​ការពារ​ក្តី​ឱ្យ​អតីតមន្ត្រី​បក្ស​ប្រឆាំង​ជា​ផ្លូវការ លោក​នឹង​ជួប​លោក ឆាយ រដ្ឋ នៅ​ពន្ធនាគារ​បន្ទាប់​មក​នឹង​ស្នើសុំ​ថតចម្លង​សំណុំ​រឿង​នេះ​ពី​តុលាការ ហើយ​លោក​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យ​លោក ឆាយ រដ្ឋ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន៖ «យើង​នឹង​រៀបចំ​ឯកសារ​ការពារ​គាត់ ចង់​ដឹង​ថា​តើ​ការចោទប្រកាន់​ហ្នឹង​ពាក់ព័ន្ធ​នឹង​អង្គហេតុ​អី? មាន​ភស្តុ​តា​អី​ខ្លះ? ខ្ញុំ​ធ្លាប់​ជួយ​ការពារ​ម្ដង​ទៀតហើយ»

ក្រៅពី​ភរិយា​លោក ឆាយ រដ្ឋ កំពុង​ស្វះ​ស្វែងរក​មេធាវី​ការពារ​ក្ដី បុគ្គលិក​ក្រៅ​ម៉ោង ឬ​សកម្មជន​សិទ្ធិ​ការងារ​នៃ​សម្ព័ន្ធ​សហជីព​ស៊ីខៅដូ (C.CAWDU) លោក ទេព សុផា ក៏​ទទួល​បានការ​ជួយ​ផ្តល់​មេធាវី​ការពារ​ក្ដី ពី​សម្ព័ន្ធ​សហជីព​ស៊ីខៅដូ​របស់​លោក អាត់ ធន់ ដែរ។ អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​​​​​​​​បន្ថែម​ពី​មេធាវី​ការពារ​ក្ដី​លោក ទេព សុផា បាន​នៅ​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា។

តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ឃុំខ្លួន​អតីតមន្ត្រី​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិ​ការងារ​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​២៣ មករា ដោយ​ចោទប្រកាន់​អ្នក​ទាំងពីរ​ថា បាន​បោះ​បង្គោល​ហ៊ុមព័ទ្ធ​ដី ដាក់​សញ្ញា​សម្គាល់​ក្នុង​គោលបំណង​កាន់កាប់​ជា​កម្មសិទ្ធិ និង​រារាំង​បង្ក​គ្រោះថ្នាក់​របួស​ស្នាម​ដល់​មន្ត្រី​ការពារ និង​អភិរក្ស​ធម្មជាតិ​ក្នុង​ការ​ចុះ​អនុវត្ត​មុខ​នាទី និង​ភារកិច្ច​របស់​ខ្លួន​តាម​មាត្រា​៦១ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ។

កាលពី​ទី​២១ មករា អភិបាលរង​ខេត្ត​ព្រះសីហនុ​លោក ស្រ៊ុន ស្រ៊ន ជា​អ្នកបញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក ឆាយ រដ្ឋ ក្នុង​ពេល​ដែល​អតីត​ចៅ​សង្កាត់​រង​ទី​២ គណបក្សប្រឆាំង​ដើរមក​ពី​ដី​របស់​ខ្លួន​ទៅ​មើល​កន្លែង​កើត​ហេតុ ក្នុង​ពេល​នោះ​ដែល​សមត្ថកិច្ច​ក៏​ចាប់ខ្លួន​លោក ទេព សុផា ម្នាក់ទៀត​ដែល​ជា​សកម្មជន​សិទ្ធិ​ការងារ​នៃ​សហជីព​របស់​លោក អាត់ ធន់។

អ្នក​សម្របសម្រួល​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក (Adhoc) នៅ​ក្រុងព្រះសីហនុ លោកស្រី ជៀប សុធារី ប្រាប់​ថា នៅ​ពេល​នេះ​មន្ត្រី​អង្គការសហប្រជាជាតិ​ទទួល​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កំពុង​ចុះ​អង្កេត​ករណី​ជម្លោះដីធ្លី​នៅ​ក្នុង​ខេត្ត​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​នៅតែ​យល់ថា តុលាការ​គួរ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​បុគ្គល​ទាំងពីរ ព្រោះ​លោកស្រី​មើល​ឃើញ​ថា ពួកគេ​ទាំងពីរ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល