មេធាវី​របស់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ព្រះសីហនុ​ដាក់ពាក្យ​ស្នើ​ឱ្យ​កូន​ក្ដី​របស់​ខ្លួន​នៅ​ក្រៅ​ឃុំ

ដោយ ថន ថារ៉ូ
2019-02-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឆាយ រ័ត្ន អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​នេះ​ឃាត់​ខ្លួន​នៅ​តំបន់​ក្បាល​ឆាយ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០១៩។
លោក ឆាយ រ័ត្ន អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​នេះ​ឃាត់​ខ្លួន​នៅ​តំបន់​ក្បាល​ឆាយ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ សហភាព​ការងារ​កម្ពុជា

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រះសីហនុ បាន​ដាក់​ពាក្យ​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ស្នើសុំ​ឱ្យ​កូន​ក្តី​របស់​ខ្លួន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ សង្គម​ស៊ីវិល​ដែល​តាមដាន​ដំណើរ​រឿង​នេះ​យល់ថា តុលាការ​គួរ​អនុញ្ញាត​ឱ្យ​អតីត​ចៅ​សង្កាត់​រង​គណបក្សប្រឆាំង​លោក ឆាយ រដ្ឋ អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ព្រោះ លោក​មាន​ទីលំនៅ និង​មុខរបរ​ពិតប្រាកដ​នៅ​ក្នុង​ខេត្ត​នេះ។

មេធាវី​ការពារ​ក្តី​លោក ឆាយ រដ្ឋ លោក​មេធាវី ឡោ ជុនធី ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី២ ខែ​កុម្ភៈ ថា លោក​បាន​ទៅ​ជួប​កូន​ក្តី​របស់​លោក​នៅ​ពន្ធនាគារ និង​ដាក់ពាក្យ​ស្នើសុំ​ឱ្យ​កូន​ក្តី​របស់​លោក​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​រួចហើយ។ លោក​បន្ត​ទៀត​ថា ពេលនេះ​លោក​កំពុង​ពិនិត្យ​លើ​សំណុំ​រឿង​នេះ និង​បាន​ពិភាក្សា​ជាមួយ​លោក​មេធាវី សំ សុគង់ ដែល​ជួយ​ការពារ​ក្តី​លោក​ឱ្យ​លោក ឆាយ រដ្ឋ ដែរ​នោះ៖ «នៅ​ដំណាក់កាល​ទីមួយ​យើង​សុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​សិន ទៅណា​ម៉ិចៗ​ចាំ​យើង​មើល​រឿង​បន្ត​ទៀត​ថា​ការចោទប្រកាន់​ត្រឹមត្រូវ​អត់ ការ​ចាប់ខ្លួន​ហ្នឹង​យ៉ាងម៉ិច​? ព្រោះ​គាត់​ទៅ​ជម្រាប​សួរ​គេ​ត្រូវ​គេ​ចាប់»

លោក ឆាយ រដ្ឋ ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​អស់​រយៈពេល​១៣​ថ្ងៃ​មក​ហើយ និង​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា បាន​បោះ​បង្គោល​ហ៊ុមព័ទ្ធ​ដី ដាក់​សញ្ញា​សម្គាល់​ក្នុង​គោលបំណង​កាន់កាប់​ជា​កម្មសិទ្ធិ និង​រារាំង​បង្ក​គ្រោះថ្នាក់​របួស​ស្នាម​ដល់​មន្ត្រី​ការពារ និង​អភិរក្ស​ធម្មជាតិ​ក្នុង​ការ​ចុះ​អនុវត្ត​មុខ​នាទី​និង​ភារកិច្ច​របស់​ខ្លួន​តាម​មាត្រា​៦១ នៃ​ច្បាប់​ស្ដី​តំបន់​ការពារ​ធម្មជាតិ។

តុលាការ​ក៏បាន​ឃុំខ្លួន និង​ចោទប្រកាន់​បុគ្គលិក​ក្រៅ​ម៉ោង ឬ​សកម្មជន​សិទ្ធិ​ការងារ​នៃ​សម្ព័ន្ធ​សហជីព​ស៊ីខៅដូ (C.CAWDU) លោក ទេព សុផា ម្នាក់​ដែរ។

អ្នក​ទាំងពីរ​ត្រូវ​អភិបាលរង​ខេត្ត​ព្រះសីហនុ​លោក ស្រ៊ុន ស្រ៊ន ជា​អ្នកបញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​ពេល​ពលរដ្ឋ​ដ​កំពុង​តវ៉ា​បញ្ហា​ដីធ្លី​នៅ​តំបន់​ជម្លោះដីធ្លី​មួយ​កន្លែង​ស្ថិតនៅ​ក្រុម​១៨ ភូមិ​០១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​២១ មករា។

អ្នក​សម្របសម្រួល​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក (Adhoc) នៅ​ក្រុងព្រះសីហនុ​លោកស្រី ជៀប សុធារី យល់ថា តុលាការ​គួរ​អនុញ្ញាត​ឱ្យ​លោក ឆាយ រដ្ឋ និង​លោក ទេព សុផា អាច​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ព្រោះ​ពួកគេ​មាន​ទីកន្លែង​រស់នៅ​ពិតប្រាកដ​ក្នុង​ខេត្ត​នេះ។ មន្ត្រី​សង្គម​ស៊ី វិល​ដែល​តាមដាន​ដំណើរ​រឿង​នេះ បន្ត​ទៀត​ថា តុលាការ​គួរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​បុគ្គល​ទាំងពីរ ព្រោះ​លោកស្រី​មើល​ឃើញ​ថា ពួកគេ​ទាំងពីរ​មិនបាន​ប្រព្រឹត្ត​ដូច​ការ​បទ​ប្រកាន់​នោះ​ទេ៖ «តាមពិត​រឿង​ហ្នឹង​ខ្ញុំ​នៅ​តែ​មាន​សំណូមពរ​ដដែល​ហ្នឹង​រឿង​ដីធ្លី​មិនមែន​ទើបតែ​កើត​ឥឡូវនេះ​ទេ យើង​មិន​ចង់​ឱ្យ​មានការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ទេ ព្រោះ​លោក​ឆាយ​រដ្ឋ​មាន​ទីលំនៅ​ជាក់ស្ដែង​នៅ​ទី​នេះ​ហើយ មួយ​ក៏​មិនមែន​បទឧក្រិដ្ឋ​ដែរ»

ភរិយា​លោក ឆាយ រដ្ឋ លោកស្រី សំ សារ៉ាត់ យល់ថា បើ​តុលាការ​ពិនិត្យ​លើ​អង្គហេតុ​និង​អង្គច្បាប់​ត្រឹមត្រូវ​នឹង​អនុញ្ញាត​ឱ្យ​ស្វាមី​លោកស្រី​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ លោកស្រី នៅតែ​អះអាង​ថា ស្វាមី​លោកស្រី​មិន​ជាប់​ទាក់ទង​ការ​ទាមទារ​ករណី​ជម្លោះដីធ្លី​នៅ​តំបន់​ក្បាលឆាយ​នេះ​ទេ៖ «អ៊ីចឹង​បង​មាន​ភាព​កក់ក្ដៅ​ច្រើន និង​ក្ដី​សង្ឃឹម​ច្រើន»

ចំណែក មេធាវី​មកពី​សហភាព​ការងារ​កម្ពុជា សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​ការពារ​ក្តី​ឱ្យ​សកម្មជន​សិទ្ធិ​ការងារ លោក ទេព សុផា បាន​ឱ្យ​អាស៊ីសេរី​ដឹង​ដែរ​ថា ក្រោយ​លោក​បាន​ជួប​កូន​ក្តី​របស់​ខ្លួន​នៅ​ពន្ធនាគារ​រួចហើយ លោក​ក៏​មាន​គម្រោង​ដាក់ពាក្យ​ស្នើ​ឱ្យ​កូន​ក្តី​លោក​នៅ​ក្រៅ​ឃុំ​ដែរ។

ការ​ចាប់ខ្លួន និង​ចោទប្រកាន់ អតីតមន្ត្រី​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិ​ការងារ នៅ​ខេត្ត​ព្រះសីហនុ​នេះ ក្រោយ​លោក ហ៊ុន សែន ព្រមាន​ថា លោក​នឹង​កម្ទេច​បក្ស​ប្រឆាំង​បន្ថែម​ទៀត​បើ​សហគមន៍​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​របប​លោក។ ក្រៅពី​អ្នក​ទាំង​ពីរ​រូប​ក៏​មាន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង​ម្នាក់ លោក គង់ ម៉ាស់ ត្រូវ​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បទ​ប្រមាថ ហើយ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​។ អ្នក​សម្របសម្រួល​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក នៅ​ក្រុងព្រះសីហនុ លោកស្រី ជៀប សុធារី ប្រាប់​ថា មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​កំពុង​តាមដាន​ដំណើរ​រឿង​នេះ យ៉ាង​យក​ចិត្តទុកដាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល