លោក ជូង ជូងី ចាត់ទុកការសម្រេចរបស់សាលាដំបូងខេត្តកណ្តាលថាអយុត្តិធម៌
2015.03.14

លោកមេធាវី ជូង ជូងី នៅថ្ងៃទី១៤ ខែមីនា ចាត់ទុកការសម្រេចរបស់សាលាដំបូងខេត្តកណ្ដាល ថាអយុត្តិធម៌ បន្ទាប់ពីតុលាការនេះផ្ដន្ទាទោសរូបលោក និងមន្ត្រីគណបក្សនយោបាយពីររូប ឲ្យជាប់ពន្ធនាគារពីបទលួចរត់ពីពន្ធនាគារ និងផ្តល់មធ្យោបាយលួចរត់។
ទាំង លោក ជូង ជូងី និងមេធាវីការពារក្តីឲ្យជនជាប់ចោទជាមន្ត្រីគណបក្សសង្គ្រោះជាតិ គ្រោងនឹងបន្តបណ្ដឹងសារទុក្ខជំទាស់សេចក្តីសម្រេចនេះ។
បើទោះជាមកទល់នឹងថ្ងៃទី១៤ ខែមីនា លោក ជូង ជូងី មិនទាន់ទទួលបានសាលក្រមលាយលក្ខណ៍អក្សរផ្លូវការពីសាលាដំបូងខេត្តកណ្ដាល ក្តី ប៉ុន្តែលោកថា ការសម្រេចរបស់សាលាដំបូងខេត្តកណ្ដាល ក្នុងសំណុំរឿងក្តីរបស់លោក គឺជាចេតនារបស់តុលាការក្នុងការកាច់បំបាក់លោកមិនឲ្យហ៊ានចេញមុខតវ៉ា ឬការពារក្តីឲ្យសកម្មជនគណបក្សប្រឆាំង។ លោកថា វាក៏ជាការព្រមានដល់មេធាវីដទៃទៀត មិនឲ្យហ៊ានចេញមុខដូចលោក។
លោក ជូង ជូងី ដែលគេធ្លាប់ស្គាល់ថាជាមេធាវីម្នាក់តែងហ៊ានចេញមុខការពារក្តីឲ្យសកម្មជនដីធ្លី សកម្មជនគណបក្សប្រឆាំង រួមទាំង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែរនោះ ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធទៅនឹងការជួយរបស់លោកដល់ លោក មាស ប៉េង ជំទប់ទី២ គណបក្ស សម រង្ស៊ី ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លីកាលពីខែកញ្ញា ឆ្នាំ២០១១។
ក្រោយមក ពោលគឺនៅខែកក្កដា ឆ្នាំ២០១៤ សាលាដំបូងខេត្តកណ្ដាល បានបើកសវនាការកាត់ទោស លោក ជូង ជូងី ហើយការសម្រេចទើបតែត្រូវបានតុលាការប្រកាសនៅថ្ងៃទី១៣ មីនា។ ក្រោមបទចោទនេះ លោក ជូង ជូងី ត្រូវតុលាការកាត់ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ ៣លានរៀល។
យ៉ាងណាក៏ដោយ លោក ជូង ជូងី អះអាងថា ការចោទប្រកាន់របស់តុលាការលើរូបលោក ថាបានផ្តល់មធ្យោបាយឲ្យ លោក មាស ប៉េង ដែលជាកូនក្តីរបស់លោកលួចរត់នេះ មិនសមហេតុផលឡើយ៖ «តាមពិតកូនក្តីខ្ញុំមិនបានលួចរត់ទេ ដើរចេញតាមសម្រួល មិនមានអ្នកណាឃាត់ឃាំង ហើយក៏គ្មានអ្នកណាចាប់ទៅវិញដែរ បើពន្ធនាគារគេឃាត់ឃាំងវិញ បើទោះជាកូនក្តីខ្ញុំមានស្លាបវិញ ក៏ហោះចេញមិនរួចដែរ»។
លោក ជូង ជូងី មានប្រសាសន៍បន្តថា បើតុលាការចោទលោកថាជាអ្នកផ្តល់មធ្យោបាយលួចរត់មែន លុះណាតែនៅពេលនោះ លោកមានសោចាក់ ឬមានកាំភ្លើងគំរាមមន្ត្រីពន្ធនាគារ ប៉ុន្តែលោកថា ពេលនោះលោកបានប្រើប្រាស់តែពាក្យសម្ដីដើម្បីនិយាយការពារកូនក្តីប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោក ជូង ជូងី បញ្ជាក់ថា ការសម្រេចរបស់តុលាការនៅពេលនេះ មិនបានធ្វើឲ្យលោកចុះចាញ់នោះទេ ហើយលោកប្ដេជ្ញាថានឹងតវ៉ារហូតដល់ទីបញ្ចប់។
ចំណែកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកណ្ដាល លោក ចាន់ ចេង ក៏ត្រូវបានសាលាដំបូងខេត្តកណ្ដាល ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំពីបទផ្តល់មធ្យោបាយលួចរត់ដូចគ្នា។ លោក ចាន់ ចេង នៅថ្ងៃទី១៤ មីនា មិនអាចធ្វើអត្ថាធិប្បាយអំពីការសម្រេចរបស់តុលាការបានទេ ដោយលោកមានប្រសាសន៍ថា លោកមិនសូវស្រួលខ្លួន។ ចំពោះសកម្មជនគណបក្សសង្គ្រោះជាតិ លោក មាស ប៉េង វិញ ក៏ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ១៨ខែពីបទលួចរត់ចេញពីមន្ទីរឃុំឃាំង។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យ លោក ចាន់ ចេង មានប្រសាសន៍ថា លោក ចាន់ ចេង គ្រោងនឹងប្ដឹងជំទាស់ទៅនឹងសាលក្រមរបស់តុលាការ។ លោក សំ សុគង់ ក៏អះអាងដែរថា ការសម្រេចរបស់តុលាការផ្ដន្ទាទោស លោក ចាន់ ចេង ដែលជាតំណាងរាស្ត្រ គឺជាការរំលោភទៅលើមាត្រា៨០ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងអំពីការការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ៖ «បើតាមស្មារតីនៃមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ មានន័យថា តំណាងរាស្ត្រពុំត្រូវបានគេចោទប្រកាន់ ឃុំខ្លួន ឬកាត់ទោសឡើយ»។
ភ្លាមៗបន្ទាប់ពីការប្រកាសសាលក្រមរបស់សាលាដំបូងខេត្តកណ្ដាល មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរិះគន់ចំពោះការសម្រេចនេះ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាត់ទុកសវនាការកាត់ទោស លោក ជូង ជូងី និងលោក ចាន់ ចេង ថាជាសវនាការដ៏អយុត្តិធម៌។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អះអាងថា ដោយសារសវនាការកាត់ទោស លោក ជូង ជូងី កាលពីខែកក្កដា ឆ្នាំ២០១៤ ធ្វើឡើងដោយពុំមានវត្តមាន លោក ជូង ជូងី ឬក៏មេធាវីការពារក្តីរបស់លោក ហើយក៏ពុំមានសាក្សីផ្តល់ភស្តុតាងតទល់ ឬគាំទ្របទចោទទៅលើលោកទៀតនោះ វាបង្ហាញឲ្យឃើញថា នេះជាការរំលោភកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធានាសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌ ឲ្យស្របតាមរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលកម្ពុជា ជារដ្ឋភាគី។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ពួកគេនឹងបន្តឃ្លាំមើលស្ថានភាពនេះតទៅទៀត៕