ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ថា​ច្បាប់​ស្ដីពី​សហជីព​ដែល​បាន​អនុម័ត​គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ

ដោយ សុ ជីវី
2016.05.07
ច្បាប់​អង្គការ សហជីព ៦២០ យុទ្ធនាការ​តវ៉ា​ប្រឆាំង​ច្បាប់​អង្គការ សមាគម និង​ច្បាប់​សហជីព​នៅ​ខាង​មុខ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Uon Chhin

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ថា ច្បាប់​ស្ដីពី​សហជីព​ដែល​រដ្ឋសភា និង​ព្រឹទ្ធសភា បាន​អនុម័ត​ក្នុង​ពេល​ថ្មីៗ​នោះ គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ ពុំ​មែន​អធម្មនុញ្ញភាព​ដូច​ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ក្រុម​សហជីព​ឡើយ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​បើក​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ដើម្បី​ពិនិត្យ​ធម្មនុញ្ញភាព​លើ​ច្បាប់​ស្ដីពី​សហជីព​ទៅ​តាម​សំណើ​របស់​​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដែល​បាន​ស្នើ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា។

ចំពោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​មួយ​ចំនួន នៅ​តែ​យល់​ថា ច្បាប់​នេះ​ពុំ​បាន​ធានា​សិទ្ធិ​សេរីភាព​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ។

អង្គការ​សង្គម​ស៊ីវិល និង​សហជីព លើក​ឡើង​ថា ច្បាប់​ថ្មី​ដែល​មិន​បាន​ធានា​សិទ្ធិ​សេរីភាព​របស់​កម្មករ​និយោជិត នឹង​នាំ​ឲ្យ​បញ្ហា​មួយ​ចំនួន​កើត​ឡើង​នៅ​ក្រោយ​ការ​អនុវត្ត​ច្បាប់​នេះ។ បញ្ហា​ទាំង​នោះ​រួម​មាន ផល​ប៉ះពាល់​ដល់​សិទ្ធិ​របស់​កម្មករ​និយោជិត សេរីភាព​ខាង​ការ​បង្កើត​សមាគម ការ​ចរចា​ជា​សមូហភាព ការ​ប្រមូល​ផ្ដុំ និង​ការ​បញ្ចេញ​មតិ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​ទី​៥ ឧសភា បញ្ជាក់​ថា ច្បាប់​ស្ដីពី​សហជីព​ដែល​មាន ១៧​ជំពូក និង ១០០​មាត្រា គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​សម្រេច​បែប​នេះ គឺ​ជា​សិទ្ធិ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ប៉ុន្តែ​មាន​មាត្រា​មួយ​ចំនួន​បាន​ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការ​បង្កើត និង​ការ​បំពេញ​ការងារ​របស់​សហជីព៖ «បើ​ពួក​ហ្នឹង​មិន​មាន​លក្ខណៈ​សម្បត្តិ​អ្វី​ទៅ​តាម​ច្បាប់​ថ្មី​ហ្នឹង​ទេ គឺ​មិន​អាច​បង្កើត​សហជីព​បាន​ទេ។ ទី​២ ចំពោះ​សហជីព​ដែល​មាន​ស្រាប់​ហ្នឹង ក៏​នឹង​ត្រូវ​រៀបចំ​ដើម្បី​ពិនិត្យ​ឡើង​វិញ​ដែរ។ នៅ​ពេល​នោះ នឹង​អាច​បាត់បង់ ជាច្រើន ហើយ​នៅ​ពេល​ដែល​​មិន​បាន​ស្រប​នឹង​ច្បាប់​ថ្មី»

លោក អាត់ ធន់ បញ្ជាក់​ថា កន្លង​ទៅ ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ រួម​ទាំង​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា អាយឡូ (ILO) ផង បញ្ជាក់​រួច​ហើយ​ថា ច្បាប់​នេះ​រឹតត្បិត​សេរីភាព និង​មិន​ស្រប​តាម​បទដ្ឋាន​ច្បាប់​អន្តរជាតិ​ឡើយ។

មិន​ខុស​គ្នា​នេះ​ដែរ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រើប្រាស់​ជំនាញ​ច្បាប់ ដើម្បី​វិភាគ​ច្បាប់​នេះ នឹង​អាច​ពិនិត្យ​ឃើញ​ថា មាន​មាត្រា​ខ្លះ​នៃ​ច្បាប់​នេះ​ពុំ​បាន​ធានា​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ឡើយ៖ «បញ្ហា​ទៅ​លើ​សហជីព គឺ​ជា​រឿង​មួយ។ សិទ្ធិ​ក្នុង​ការ​បង្កើត​ហ្នឹង សិទ្ធិ​ក្នុង​ការ​ចរចា​ជា​សមូហភាព​ក៏​ពិបាក ដោយសារ​តែ​សិទ្ធិ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ហ្នឹង​ត្រូវ​បាន​ដក​ហូត។ បើ​សិទ្ធិ​ទាំង​បី​ហ្នឹង​មិន​អាច​អនុវត្ត​បាន គឺ​ធ្វើ​ឲ្យ​យន្តការ​នៃ​ការ​កែប្រែ​លក្ខខណ្ឌ​ការងារ ជាពិសេស​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ដែល​ជា​ការ​ជំរុញ​ឲ្យ​កម្មករ​មាន​ជីវភាព​សមរម្យ ដោយ​ទាមទារ​តាម​រយៈ​សហជីព​ហ្នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ»

បើ​ទោះ​ជា​យ៉ាង​ណា ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​លើក​យក​មក​បង្ហាញ​ឲ្យ​ឃើញ​ថា មាត្រា​ទាំង​ឡាយ​នៃ​ច្បាប់​ស្ដីពី​សហជីព គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ។ លើស​ពី​នេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​បញ្ជាក់​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គឺ​ជា​ការ​សម្រេច​ស្ថាពរ បិទ​ផ្លូវ​តវ៉ា។

ទាំង​សង្គម​ស៊ីវិល និង​សហជីព នៅ​មាន​ក្ដី​រំពឹង​ថា នៅ​ក្រោយ​ពេល​ដែល​ច្បាប់​ថ្មី​នេះ​ដាក់​ឲ្យ​អនុវត្ត រដ្ឋាភិបាល​នឹង​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​ដែល​នឹង​អាច​នាំ​ទៅ​ឲ្យ​មាន​វិសោធនកម្ម​ច្បាប់​នេះ។

បើ​ទោះ​ជា​យ៉ាង​ណា កន្លង​ទៅ​មាន​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​មួយ​ចំនួន​ផ្សេង​ទៀត ដែល​គេ​ដឹង​ថា មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​បាន​ប្រកាស​ជំហរ​គាំទ្រ​ច្បាប់​ស្ដីពី​សហជីព និង​ធ្លាប់​ជំរុញ​ឲ្យ​ឆាប់​អនុម័ត​ច្បាប់​នេះ​ផង។

ចំពោះ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ក៏​ធ្លាប់​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​មាត្រា​មួយ​ចំនួន​ដែល​សមាគម​គិត​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​និយោជក និង​សហជីព និង​សង្វាក់​ផលិតកម្ម។

ចំណែក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចាត់​ទុក​ការ​អនុម័ត​ច្បាប់​នេះ​ថា​ជា​ការ​ធានា​សង្វាក់​ផលិតកម្ម​រវាង​កម្មករ និង​ថៅកែ និង​ជា​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម​ទៀត៕

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក សាន សែល ជាមួយ​លោក មឿន តុលា ទាក់ទង​នឹង​ច្បាប់​ស្ដីពី​សហជីព​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។