មន្ត្រី​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្ដឹង​ទាស់​ករណី​ប៉ូលិស​ដួល​សន្លប់​មុខ​ឡាន​នៅ​ប៉ោយប៉ែត

ដោយ ជាតិ ចំណាន
2019.01.22
ឌិន ពុទ្ធី ២០១៦ ៨៥៥ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ម៉ង់ ពុទ្ធី ឬ​ហៅ ឌិន ពុទ្ធី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

មន្ត្រី​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី បាន​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ លើ​សំណុំរឿង​បើកឡាន​បុក​មន្ត្រី​ប៉ូលិស​អន្តោ​ប្រវេសន៍​ម្នាក់ ដែល​បាន​ធ្វើ​ពុត​ដួល​សន្លប់​នៅមុខ​ឡាន កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៦។ ការ​ប្ដឹង​ទាស់​នេះ បន្ទាប់​ពី​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​នេះ ដោយ​ផ្ដន្ទាទោស​លោក ឌិន ពុទ្ធី ដាក់គុក​មួយ​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស ២១​ថ្ងៃ និង​ព្យួរទោស​ដែល​នៅ​សេសសល់។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​២២ មករា ថា តុលាការ​ខេត្ត​បន្ទាយមានជ័យ​ជម្រះក្ដី​លើ​សំណុំ​នេះ​ដោយ​អយុត្តិធម៌​មិន​អាច​ទទួលយក​បានទេ ព្រោះ​លោក​មិនបាន​បើកឡាន​ទៅ​បុក​មន្ត្រី​ប៉ូលិស​ដូច​ការចោទប្រកាន់​នោះ​ទេ។ លោក​អះអាង​ថា មន្ត្រី​ប៉ូលិស​រូប​នោះ​ទៅវិញ​ទេ ដែល​បាន​ធ្វើ​ពុត​ជា​ដួល​សន្លប់​នៅមុខ​ឡាន​របស់​លោក​ដោយ​ខ្លួនឯង។ លោក​បន្ថែម​ទៀត​ថា ការ​ប្ដឹង​ទាស់​នេះ ដើម្បី​ទាមទារ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​ខ្លួន​ឡើងវិញ ព្រោះ​លោក​គ្មាន​កំហុស​នោះ​ទេ ដូច្នេះ​បើ​ទោះ​បី​ជា​តុលាការ​បាន​ព្យួរ​ទោស​ដែល​នៅ​សេសសល់​ក៏ដោយ ក៏​មិនទាន់​គ្រប់គ្រាន់​ដែរ គឺ​តុលាការ​ត្រូវ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់​តែម្ដង៖ «ហើយ​ដល់ពេល​ពលរដ្ឋ និង​កម្មករ​អូស​រទេះ​ស្រែក​ថា ប៉ូលិស​ធ្វើ​ពុត​ជា​ដួល​ទេៗ ឡាន​អត់​បាន​បុក​ទេ ហើយ​ស្រាប់តែ​ឈ្មោះ ឈាន ពិសិដ្ឋ គាត់​ទប់​សំណើច​មិនបាន ចង់​និយាយ​ថា គាត់​អស់សំណើច​ខ្លួនឯង ហើយ​មួយទៀត សោរ និង​វិទ្យុ​ទាក់ទង​កាន់​ជាប់ដៃ មួយទៀត​បើកាលណា​ឡាន​បុក​ពីមុខ​ទៅ​ក្រោយ​ហើយ តែ​នេះ​គាត់​ដេក​ជិត​ឡាន​តែម្ដង។ ហើយ​យើង​បាន​ឃ្លិប​វីដេអូ​គឺ​ឡាន​នៅ​ស្ងៀម​ទេ នៅ​ពេល​ប៉ូលិស​ធ្វើ​ដួល​នោះ ព្រោះ​ខ្ញុំ​បាន​ពន្លត់​ម៉ាស៊ីន និង​បាន​ដោះ​សោរ​ចេញ​ហើយ ខ្ញុំ​ក៏បាន​ចុះ​ពីលើ​ឡាន​ហើយ​ស្រាប់តែ​គាត់​ធ្វើ​ដួល​គឺ វា​អយុត្តិធម៌​ហួសហេតុ»

លោក​បន្ត​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ឧទ្ធរណ៍​រួចហើយ កាលពី​ថ្ងៃ​ទី​១៧ មករា ហើយ​លោក​មាន​ជំនឿ​ថា សាលាឧទ្ធរណ៍​នឹង​ទម្លាក់​អង្គសេចក្ដី​នៃ​ការសម្រេច​របស់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​មក​លោក​វិញ​ជាមិនខាន។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​អតីតមន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​ព្រំដែន​ប៉ោយប៉ែត​បានទេ​នៅ​ថ្ងៃ​ទី​២២ មករា។

កាល​ពី​ថ្ងៃ​ទី​២៨ ធ្នូ កន្លង​ទៅ សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​នេះ ដោយ​ចោទប្រកាន់​លោក ឌិន ពុទ្ធី ពី​បទ​ហិង្សា​ដោយ​ចេតនា ដោយ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ ប៉ុន្តែ​ឱ្យ​អនុវត្ត​ទោស​២១​ថ្ងៃ ហើយ​ឱ្យ​ព្យួរទោស​ដែល​នៅ​សេសសល់។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន ដែល​បាន​តាមដាន​លើ​សំណុំ​រឿង​នេះ មាន​ប្រសាសន៍​ថា យោង​តាម​ភស្តុតាង ដែល​បាន​បង្ហាញ​ក្នុង​វីដេអូ ឃ្លិប គឺ​ចុងចោទ លោក ឌិន ពុទ្ធី មិន​សម​ទទួលទោស​ព្រហ្មទណ្ឌ​នោះ​ឡើយ ដូច្នេះ​ចុងចោទ​មាន​សិទ្ធិ​ក្នុង​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ទាមទារ​ឱ្យ​តុលា​ការ​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្លួន​បាន៖ «យើង​ឃើញ​ហើយ​តាម​ធម្មតា​តុលាការ​ថ្វីបើ​មានអំណាច​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត ប៉ុន្តែ​ក៏​ត្រូវ​មាន​មូលដ្ឋាន​ធ្វើ​ឱ្យ​សាធារណជន​គេ​អស់ចិត្ត​ដែរ។ ដូច្នេះ​ករណី​បែប​នេះ​សាធារណជន​នឹង​តាមមើល​បន្ត​ទៀត ហើយ​ប្រហែល​ពួកគាត់​នឹង​សាទរ​ចំពោះ​ចុងចោទ​ដែល​គាត់​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌ ដោយសារ​ពួកគាត់​ថា អំពើ​នេះ​មិនមែន​ជា​ការពិត»

លោក ឌិន ពុទ្ធី ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១៧។ ប៉ុន្តែ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​របស់​តុលាការ គឺ​ហាម​មិន​ឱ្យ​លោក​ផ្លាស់​ទីលំនៅ​ថ្មី ឬ​ធ្វើដំណើរ​ចេញទៅ​ក្រៅ​ប្រទេស និង​ត្រូវ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ក្រុង​ប៉ោយប៉ែត​រៀងរាល់​ថ្ងៃ​ទី​១។

សាក្សី​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ផ្ទាល់​ជាច្រើន​នាក់ អះអាង​ថា ឡាន​លោក ឌិន ពុទ្ធី មិន​បាន​បុក​ប៉ូលិស ឈ្មោះ ឈាន ពិសិដ្ឋ ដូច​ការចោទប្រកាន់​នោះ​ទេ។ លោក ឌិន ពុទ្ធី អះអាង​ថា សំណុំ​រឿង​នេះ​ប្រសិនបើ​សាលាឧទ្ធរណ៍​មិន​អាច​រក​យុត្តិធម៌​ជូន​លោក​បាន​ទេ លោក​នឹង​ប្ដឹងតវ៉ា​ទៅ​សាលា​កំពូល​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។