អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​រិះគន់​ការ​ផ្ដន្ទាទោស​អ្នកកាសែត​អូស្ត្រាលី​ថា​ជា​រឿង​នយោបាយ

ទីន ហ្សាការីយ៉ា
2018-09-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ស្ដាំ) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក មុខគុណដា ខាត់ថេល (Mukunda Kattel) នាយក​អង្គការForum Asia អ្នកស្រី កេតថៀ ឈៀស្សី (Katia Chirzzi) នាយករង​នៃ​ឧត្តមស្នងការ​សហប្រជាជាតិ​សិទ្ធិមនុស្ស​ប្រចាំ​ការិយាល័យ​តំបន់​អាស៊ីអាគ្នេយ៍ និង​លោក ឃីងស្លី អាបុត្ត (Kingsley Abbott) ទីប្រឹក្សា​ច្បាប់​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) និង​ធ្លាប់​ធ្វើ​មន្ត្រី​ច្បាប់​ក្នុង​សាលាក្ដី​ខ្មែរក្រហម ក្នុង​សន្និសីទ​មួយ ក្នុង​ក្លឹប​អ្នកឆ្លើយឆ្លង​សារព័ត៌មាន​បរទេស (FCCT) នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៧។
(ពី​ស្ដាំ) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក មុខគុណដា ខាត់ថេល (Mukunda Kattel) នាយក​អង្គការForum Asia អ្នកស្រី កេតថៀ ឈៀស្សី (Katia Chirzzi) នាយករង​នៃ​ឧត្តមស្នងការ​សហប្រជាជាតិ​សិទ្ធិមនុស្ស​ប្រចាំ​ការិយាល័យ​តំបន់​អាស៊ីអាគ្នេយ៍ និង​លោក ឃីងស្លី អាបុត្ត (Kingsley Abbott) ទីប្រឹក្សា​ច្បាប់​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) និង​ធ្លាប់​ធ្វើ​មន្ត្រី​ច្បាប់​ក្នុង​សាលាក្ដី​ខ្មែរក្រហម ក្នុង​សន្និសីទ​មួយ ក្នុង​ក្លឹប​អ្នកឆ្លើយឆ្លង​សារព័ត៌មាន​បរទេស (FCCT) នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៧។
Photo of Forum Asia

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់អំណាច​អះអាង​ថា ការ​ផ្ដន្ទាទោស​អ្នកកាសែត​អូស្ត្រាលី​លោក ជេមស៍ រីកខិតសិន (James Ricketson) នោះ គឺ​ជា​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា ដែល​មិន​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​អង្គការ​បរទេស​ណាមួយ​ឡើយ។ អ្នកកាសែត និង​ជា​ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកខិតសិន ត្រូវ​បាន​តុលាការ​របប​លោក ហ៊ុន សែន កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៦​ឆ្នាំ ពី​បទ​ចារកម្ម ក៏ប៉ុន្តែ​តុលាការ​មិន​បាន​រក​ឃើញ​ថា តើ​លោក​ធ្វើ​ចារកម្ម​ឱ្យ​ប្រទេស​ណា​នោះ​ឡើយ។

មន្ត្រី​នាំ​ពាក្យ​កាន់អំណាច​នៃ​របប​ក្រុងភ្នំពេញ លោក សុខ ឥសាន ថ្លែង​នៅ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី២ សីហា ថា លោក ជេមស៍ រីកខិតសិន (James Ricketson) បាន​រំលោភច្បាប់​បោះឆ្នោត​របស់​កម្ពុជា។ លោក​បាន​ចោទប្រកាន់​លោក ជេមស៍ ថា បាន​ចូលរួម​ឃោសនា​ឱ្យ​គណបក្ស​សង្គ្រោះជាតិ ដោយ​បង្ហោះដ្រូន (Drone) ពីលើ​ក្បួន​ឃោសនា​របស់​គណបក្ស​នេះ។ លោក​ក៏បាន​ឆ្លើយតប​នឹង​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border) ដែរ​ថា ការ​ផ្ដន្ទាទោស​លោក ជេមស៍ នេះ ជា​សិទ្ធ​សម្រេច​របស់​តុលាការ​កម្ពុជា មិនមែន​ធ្វើតាម​ការ​ចង់បាន​របស់​អង្គការ​ណាមួយ​ឡើយ។ លោក​បន្ថែម​ថា អង្គការ​នេះ​គួរតែ​ប្រៀនប្រដៅ​អ្នក​សារព័ត៌មាន​ឱ្យ​គោរព​ច្បាប់​កម្ពុជា បើ​ចង់​ចៀសវាង​ការ​ប្រឈម​ផ្លូវច្បាប់​បែបនេះ។

កាលពី​ថ្ងៃទី៣១ សីហា កន្លង​ទៅ អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ការ​ផ្ដន្ទាទោស​លោក ជេមស៍ រីកខិតសិន ដាក់​ពន្ធនាគារ​រយៈពេល ៦​ឆ្នាំ ដោយ​តុលាការ​របប​លោក ហ៊ុន សែន។ អង្គការ​នេះ​ចាត់​ទុក​សាលក្រម​នេះ​ថា ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​លោក ជេមស៍ ជា​បន្ទាន់។

ប្រធាន​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក ដានីញែល បាស្តាដ (Daniel Bastard) ថ្លែង​ថា សំណុំ​រឿង​នេះ​គ្មាន​ការ​ពិនិត្យ​ពិច័យ​ឱ្យ​បាន​ល្អិតល្អន់​ឡើយ។ លោក​បន្ត​ថា លោក ជេមស៍ ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ពុំ​មាន​មូលហេតុ​ត្រឹមត្រូវ និង​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល ១៤​ខែ មុន​នឹង​ត្រូវ​បាន​កាត់​ទោស។ លោក​សង្កត់ធ្ងន់​ថា អង្គ​ជំនុំជម្រះ​មិន​បាន​បង្ហាញ​ភស្តុតាង​គ្រប់គ្រាន់​ឡើយ ដែល​បញ្ជាក់​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា​ខ្វះ​ឯករាជ្យភាព​ក្នុង​សំណុំរឿង​ទាក់ទង​នឹង​សេរីភាព​សារព័ត៌មាន​នេះ។ លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោល​សាលក្រម​ផ្ដន្ទាទោស​នេះ ដោយ​គ្មាន​ការ​ពន្យារ​ពេល ប្រសិន​របប​ក្រុងភ្នំពេញ​ចង់​រក្សា​មុខមាត់​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ។

តុលាការ​ក្រុង​ភ្នំពេញ បាន​រង​ការរិះគន់ និង​ថ្កោលទោស​ពី​អង្គការ​សិទ្ធ​មនុស្សជាតិ និង​អន្តរជាតិ​ជុំវិញ​ការ​ផ្ដន្ទាទោស​លោក ជេមស៍ រីកខិតសិន នេះ។

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា ដែល​បាន​តាមដាន​ករណី​នេះ​ថ្លែង​ថា ភស្តុតាង​ដែល​តំណាង​អយ្យការ​យក​មក​ប្រើ​ដើម្បី​ដាក់​បន្ទុក​លើ​លោក ជេមស៍ សុទ្ធសឹងតែ​ជា​ភស្តុតាង​ដែល​មិន​ច្បាស់លាស់។ លោក​បន្ត​ថា ការ​ផ្ដន្ទាទោស​លោក ជេមស៍ នេះ​ជា​រឿង​អយុត្តិធម៌ ព្រោះ​សកម្មភាព​របស់​ផលិតករ​ភាពយន្ត​រូប​នេះ មិនមែន​ជា​អំពើ​ចារកម្ម ដូច​ការ​ចោទ​របស់​តំណាង​អយ្យការ​ឡើយ៖ «ភស្តុតាង​ផ្សេងៗ​ដែល​តំណាង​អយ្យការ​បាន​ដាក់​ភ្ជាប់​មក​នោះ សុទ្ធសឹងតែ​ជា​វិមតិសង្ស័យ​ទាំងអស់ មានន័យថា ភស្តុតាង​ទាំងអស់​នោះ​មិន​មាន​ប្រាកដប្រជា​ណាមួយ​យក​មក​ដាក់ទោស​លើ​លោក ជេមស៍ ទេ។ ដូច្នេះ​វា​ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​សោកស្ដាយ​មែនទែន​ដែល​លោក ជេមស៍ ត្រូវ​បាន​ផ្ដន្ទាទោស​រហូតដល់ ៦​ឆ្នាំ ក្នុង​ន័យ​ថា បទល្មើស ឬក៏​អំពើ​របស់​លោក​មិន​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ដែល​តំណាង​អយ្យការ​យក​ទៅ​ចោទប្រកាន់​លោក​នោះ​ទេ»

លោក ជេមស៍ រីកខិតសិន អាយុ ៦៩​ឆ្នាំ ត្រូវ​បាន​​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់ខ្លួន កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៧ កន្លងទៅ ក្រោយ​ពេល​លោក​បាន​ប្រើប្រាស់​ឧបករណ៍​ថតរូប​លើ​អាកាស ឬ​ហៅថា​ដ្រូន (Drone) ដើម្បី​ថត​វីដេអូ​សកម្មភាព​ឃោសនា ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​សង្គ្រោះជាតិ ក្នុង​រាជធានី​ភ្នំពេញ។

លោក ជេមស៍ បាន​បដិសេធ​នៅ​ក្នុង​សវនការ​ថា សកម្មភាព​ដែល​លោក​បាន​ធ្វើ​កាល​ពី​ពេល​កន្លង​ទៅ​នោះ មិនមែន​ជា​ការ​ធ្វើ​ចារកម្ម​ឡើយ ប៉ុន្តែ​គឺជា​ការអនុវត្ត​វិជ្ជាជីវៈ​អ្នកកាសែត​ទៅវិញ​ទេ។ លោក​បញ្ជាក់​ថា គោលបំណង​នៃ​ការ​ធ្វើ​ភាពយន្ត​ឯកសារ​នោះ គឺ​ដើម្បី​កៀរគរ​រក​ថវិកា​ជួយ​ដល់​ពលរដ្ឋ និង​កុមារ​ក្រីក្រ​កម្ពុជា​ដែល​រស់​នៅ​លើ​គំនរ​សំរាម​តែប៉ុណ្ណោះ ហើយ​លោក​ក៏បាន​សុំទោស​លោក ហ៊ុន សែន រួចហើយ​ដែរ ប្រសិនបើ​ការងារ​ដែល​លោក​បាន​ធ្វើ​កន្លងមក​ប៉ះពាល់​ដល់​មុខមាត់​របស់​រដ្ឋាភិបាល​កម្ពុជា។ ទោះជា​យ៉ាងណា ហេតុផល​របស់​លោក​នេះ មិន​មាន​ឥទ្ធិពល​អ្វី​ដល់​ការសម្រេច​របស់​អង្គ​ជំនុំជម្រះ​ឡើយ ដោយ​ចៅក្រម​បាន​កាត់ទោស​ឱ្យ​លោក​ជាប់ពន្ធនាគារ ៦​ឆ្នាំ ពី​បទ “​ប្រមូលផ្ដុំ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ” តាម​មាត្រា ៤៤៦ និង ៤៣៩ នៃ​ក្រមព្រហ្មទណ្ឌ។ តុលាការ​កាត់ទោស​លោក ជេមស៍ ពី​បទ​ធ្វើ​ចារកម្ម ប៉ុន្តែ​ស្ថាប័ន​យុត្តិធម៌​ដែល​រង​ការ​រិះគន់​ថា ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​នេះ មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ទេ​ថា តើ​លោក ជេមស៍ ធ្វើ​ចារកម្ម​ឱ្យ​ភ្នាក់ងារ​បរទេស ឬ​ប្រទេស​ណា​ឱ្យ​ពិតប្រាកដ​នោះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាង​ថា នេះ​ជា​កំហុស​ឆ្គង​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា ពីព្រោះ​បទ​ចោទ​លើ​លោក​លោក ជេមស៍ ខុស​ពី​ការពិត​ទាំងស្រុង តំណាង​អយ្យការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​ពី​ពិរុទ្ធភាព​របស់​លោក ជេមស៍ ហើយ​ចៅក្រម​វិញ​ធ្វើ​តាមតែ​បញ្ជា​នយោបាយ ជាជាង​ការប្រើប្រាស់​ឆន្ទានុសិទ្ធិ​របស់​ខ្លួន។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែង​ថា តុលាការ​កម្ពុជា​កាត់ទោស​ដោយ​មិន​ចាំបាច់​មាន​អង្គហេតុ​ពិតប្រាកដ​ឡើយ ហើយ​សាលក្រម​ផ្ដន្ទាទោស​លោក ជេមស៍ រីកខិតសិន ជា​រឿង​នយោបាយ​ដែល​គេ​គិតទុក​រួច​ជាមុន​ទៅ​ហើយ។ លោក​បន្ថែម​ថា ក្នុង​សំណុំរឿង​នយោបាយ​បែបនេះ តុលាការ​កម្ពុជា​គ្មាន​ខុស​អ្វី​ពី​តុលាការ​ប្រទេស​វៀតណាម ឬ​កូរ៉េខាងជើង​ឡើយ ហើយ​លោក​ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ​បញ្ឈប់​ការ​ធ្វើ​ទារុណកម្ម​លោក លោក ជេមស៍ និង​ក្រុម​គ្រួសារ ដោយ​ដោះលែង​រូប​គាត់​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ព្រមទាំង​លុបចោល​សាលក្រម​ផ្ដន្ទាទោស​នេះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល