អ្នកកាសែត​អូស្ត្រាលី​​រំពឹង​ថា លោក​អាច​នឹង​ត្រូវ​បាន​ដោះ​លែង​ដូច​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត​

ដោយ តាំង សារ៉ាដា
2018-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកឃិតសិន (James Ricketson) នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ហោះ​ដ្រូន ថត​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​៣ មិថុនា។
ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកឃិតសិន (James Ricketson) នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ហោះ​ដ្រូន ថត​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​៣ មិថុនា។
រូបថតគេ​ផ្ដល់​ឲ្យ

តុលាការ​របប​លោក​ ហ៊ុន សែន ​នឹង​បើក​​សវនាការ​បន្ត​លើ​អង្គសេចក្តី​ក្នុង​សំណុំ​រឿង​ចារកម្ម​របស់​​អ្នក​កា​សែត​​​អូស្ត្រាលី លោក​ ជេមស៍ រីកខិតសិន​ (James Ricketson) នៅ​ថ្ងៃ​ទី២៩ សីហា ក្រោយ​បញ្ចប់​ការ​សួរដេញ​ដោល​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី២៨ សីហា។ សវនាការ​ថ្ងៃ​ទី៦ នេះ អង្គជំនុំ​ជម្រះ​បាន​ផ្តោត​សំខាន់​លើ​ការ​រិះគន់​របស់​អ្នក​កាសែត​បរទេស​រូប​នេះ​លើ​របប​លោក​ ហ៊ុន សែន និង​សារ​​ឆ្លើយ​ឆ្លង​គ្នា​រវាង​រូប​លោក​ និង​​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ។

ចៅក្រម​ជំនុំ​ជម្រះ​បាន​ចោទ​សួរ​​​អំពីខ្លឹមសារ​នៃ​​លិខិត​ព្រាង​មួយ​ដែល​លោក​ ជេមស៍ រីកខិតសិន (James Ricketson) បាន​ផ្ញើ​​ទៅឱ្យ​​មិត្ត​ភក្តិ និង​មេធាវី​របស់​លោកតាម​រយៈ​អ៊ីមែល​ ដើម្បី​​បញ្ជូន​​ទៅឱ្យ​អតីត​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull។ នៅ​ក្នុង​អ៊ីមែល​នោះ​មាន​សរសេរ​ថា លោក​ ហ៊ុន សែន មាន​កង​អង្គរក្ស​ផ្ទាល់​ខ្លួន​ចំនួន ១ម៉ឺន​នាក់ និង​បាន​ចោទ​លោក ហ៊ុន សែន ថា បាន​លួច​បន្លំ​ការ​បោះ​ឆ្នោត។ នៅ​ក្នុង​អ៊ីមែល​នោះ បាន​ចោទ​សួរ​ទៀត​ថា តើ​ហេតុ​អ្វី​បាន​ជា​អូស្ត្រាលី​នៅ​តែ​បន្ត​អត់​ឱន​ឱ្យ​របប​ផ្តាច់​ការ​យោធានិយម​មួយ​នេះ ហើយ​ក៏​បាន​បន្ទោស​លោក Malcolm Turnbull ដែល​បាន​ទទួល​ស្វាគមន៍​លោក ហ៊ុន សែន ដោយ​ក្តីរាក់​ទាក់​ទៅ​កាន់​អូស្ត្រាលី​ទៀត​ផង។

សារព័ត៌មាន​អូស្ត្រាលី The Sydney Morning Herald ចុះ​ផ្សាយ​ថា ចៅក្រម កុយ សៅ បាន​ថ្លែង​ទៅ​កាន់​លោក ជេមស៍ រីកខិតសិន (James Ricketson) ថា នេះ​មិន​មែន​ជា​រឿង​លេង​សើច​ទេ ដែល​លោក​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ លោក​ ហ៊ុន សែន ដែល​ជា​ថ្នាក់​ដឹក​នាំ​ប្រទេស និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ ចៅក្រម​ដដែល​ថ្លែង​ទៀត​ថា លិខិត​បែប​នេះ​បង្ហាញ​ថា លោក ជេមស៍ រីកខិតសិន (James Ricketson) គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​ជា​អ្នក​សារព័ត៌មាន​ពិត​ប្រាកដ​ឡើយ ហើយ​លោក​បាន​ចោទ​សួរ​លោក ជេមស៍ រីកខិតសិន ថា តើ​អ្វី​ជា​បំណង​ជាក់លាក់​​របស់​លោក?

អ្នក​កាសែត​អូស្ត្រាលី​រូប​នេះ​ បាន​ឆ្លើយ​តប​វិញ​ថា ​ការ​រិះគន់​រដ្ឋាភិបាល​ណា​ក៏​ដោយ​នៅ​លើ​ពិភព​លោក ទោះ​បី​ជា​ការ​រិះគន់​បែប​ស្ថាបនា ឬ​ការ​រិះគន់​បែប​វាយ​ប្រហារ​ក្តី​ មិន​អាច​រាប់​ថា ជា​អំពើ​ចារកម្ម​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា សំណួរ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​នេះ សុទ្ធសឹង​ជា​រឿង​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​លោក​ទាំ​ងអស់​ ហើយ​ក្តីក្តាំ​នេះ​ ទំនង​ជា​ដោយ​សារ​របប​ក្រុង​ភ្នំពេញ​​មិន​សប្បាយ​ចិត្ត​នឹង​អត្ថបទ​ព័ត៌មាន​របស់​លោក។

លោក ជេមស៍ រីកខិតសិន ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ពី​ក្នុង​រថយន្ត​នៃ​មន្ទីរ​ឃុំ​ឃាំង​អំឡុង​ពេល​សម្រាក​អាហារ​ថ្ងៃ​ត្រង់​ថា ភស្តុតាង​ទាំង​ឡាយ​បង្ហាញ​ច្បាស់​ថា លោក​ជា​អ្នក​ទោស​នយោបាយ​ ដូច្នេះ​លោក​រំពឹង​ថា លោក​នឹង​ត្រូវ​បាន​ដោះលែង​ដូច​ទោស​នយោបាយ​ដទៃ​ទៀត​នៅ​ពេល​ឆាប់ៗ ខាង​មុខ​នេះ។

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​​​​ថា បទ​ចោទធ្វើ​ចារកម្ម​លើ​អ្នក​កាសែត​អូស្ត្រាលី​រូប​នេះ ជា​បទ​ចោទ​ធ្ងន់ធ្ងរ ​មិន​ស៊ីគ្នា​នឹង​អង្គហេតុ​ដែល​រូប​គាត់​បាន​ប្រព្រឹត្ត​ឡើយ។ លោក​បន្ថែម​ថា លោក​នឹង​តាម​ដាន​សវនាការ​នេះ​បន្ត​ទៀត ដើម្បី​ចង់​ដឹង​ថា តើ​តុលាការ​នឹង​មាន​ការ​សម្រេច​បែប​ណា​លោក ជេមស៍ រីកខិតសិន។

ចំណែក​អ្នក​នាំពាក្យ​សមាគម អាដហុក​ លោក​ សឺង សែន​ករុណា វិញ​ ថ្លែ​ងថា ការ​សួរដេញ​ដោល​របស់​អង្គ​ជំនុំ​​ជម្រះ​ត្រង់​ចំណុច​ខ្លះ ហាក់​ដូច​ជា មិន​ផ្តោត​លើ​អង្គហេតុ​ដែល​បាន​កើត​ឡើង​ឡើយ។ ផ្ទុយ​ទៅវិញ បែរ​ជា​មាន​លក្ខណៈ​រីក​រាលដាល​ទៅ​ដល់​វិជ្ជាជីវៈ​ជា​អ្នក​កាសែត​របស់​​​លោក ជេមស៍ រីកខិតសិន ទៅ​វិញ។ លោក​ជំរុញ​ឱ្យ​តុលាការ​កាត់​ក្តី​រឿង​នេះ​ដោយ​យុត្តិធម៌​ ដើម្បី​បញ្ចៀស​ការ​រិះគន់​ទាំង​ឡាយ ដែល​អាច​នឹង​កើត​មាន​ក្រោយ​បញ្ចប់​ការ​ជំនុំ​ជម្រះ«ពេល​តំណាង​អយ្យការ​ចោទ​សួរ​លើ​បទ​ចោទ​ណា​មួយ​ហើយ ចៅក្រម​ប៉ុន្មាន​រូប​ទៀត​សួរបន្ទរទៅ​លើ​​បទ​ចោទ​ហ្នឹង​ដូច​គ្នា​អ៊ីចឹង​ទៅ ប៉ុន្តែ​ជា​អង្គ​សវនាការ​មិន​គួរ​ណា​មើល​រំលង​សំណួរ​មួយ​ចំនួន​ដែល​ជា​សំណួរ​​​ដោះ​បន្ទុក​សម្រាប់​ជន​ជាប់​ចោទ​ទេ។ អ៊ីចឹង​យើង​គួរ​តែ​ពិនិត្យ​មើល​ចំណុច​នេះ​ផង​ដែរ ហើយ​អង្គហេតុ​មួយ​ចំនួន​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទ​ចោទ​ហ្នឹង យើង​គួរ​តែ​កុំ​ភ្ជាប់​វែង​អន្លាយ​បន្ត​បែប​នេះ។ យើង​ឃើញ​ហើយ​ថា ករណី​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​ជាង​នេះ​មួយ​ចំនួន​ត្រូវ​បាន​ដោះ​លែង​ជា​បន្ត​បន្ទាប់​ទៅ​ហើយ ហើយ​ករណី​លោក ជេមស៍ នេះ​ក៏​ជា​ការ​តាម​ដាន​ពិនិត្យ​មើល​ពី​សហគមន៍​អន្តរជាតិ​ផង​ដែរ»

អ្នក​កាសែត​ជន​ជាតិ​អូស្ត្រាលី លោក ជេមស៍ រីកខិតសិន ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​​ខ្លួន​កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ ២០១៧ កន្លង​ទៅ ក្រោយ​ពេល​លោក​បាន​ថត​វីដេអូ​សកម្មភាព​ឃោសនា​ថ្ងៃ​ចុង​ក្រោយ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​ឧបករណ៍​ដ្រូន (Drone)។ លោក​ត្រូវ​បាន​តុលាការ​របបលោក​ ហ៊ុន សែន ចោទ​ប្រកាន់​ពី​បទ "ប្រមូលផ្ដុំ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើ​ឲ្យ​អន្ត​រាយ​ដល់​​ការ​ការពារ​ជាតិ" តាម​មាត្រា ៤៤៦ នៃ​ក្រម​ព្រហ្មទណ្ឌ​ ធ្វើ​ឱ្យ​លោក​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនា​គារ​​រហូតដល់ ១០ឆ្នាំ ប្រសិន​បើ​តុលាការ​សម្រេច​ថា លោក​ពិត​មាន​ទោស​មែន​នោះ។

ទោះ​ជា​យ៉ាង​ណា អ្នក​ច្បាប់ និង​សហគមន៍​អន្តរជាតិ​ បាន​រិះគន់​ថា បទ​ចោទ​ប្រកាន់​លើ​អ្នក​កាសែត​អូស្ត្រាលី​រូប​​នេះ ជា​រឿង​អយុត្តិធម៌ និង​មិន​សម​ហេតុផល​ ហើយ​បាន​ទាម​ទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នេះ និង​​ដោះ​លែង​លោក ជេមស៍ រីកខិតសិន ឱ្យ​មាន​សេរីភាព​ឡើង​​វិញ។

លោក ជេមស៍ រីកខិតសិន បាន​ថ្លែង​នៅ​ក្នុង​អង្គសវនាការ​ថា លោក​គ្រោង​ប្តឹង​ព្រះរាជ​អាជ្ញា​​រងអម​តុលាការ​ក្រុង​ភ្នំពេញ​លោក សៀង សុខ ជុំ​វិញ​ការ​ចោទ​ប្រកាន់​រូប​លោក​​ដោយ​គ្មាន​ភស្តុតាង​ និង​ការ​ឃុំ​ខ្លួន​លោក​ដោយ​ខុស​ច្បាប់

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល