តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​បន្ត​ឃុំ​ខ្លួន​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ

ដោយ ម៉ម មុនីរតន៍
2017.06.16
ធុយ វី ៨៥៥ ២០១៧ សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក ធុយ វី (កណ្ដាល) ត្រូវ​បាន​បញ្ជូន​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​សាកសួរ​រួច នៅ​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មិថុនា ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សេង ឬទ្ធី បាន​បង្គាប់​ឲ្យ​សង្ស័យ​ក្នុង​សំណុំរឿង​ក្ដី​ដែល​ចោទ​ប្រកាន់​ថា ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ មក​សាកសួរ​បន្ថែម។ សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​រង​ការ​ចោទ​ប្រកាន់​ថា ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ក្រោម​ហេតុផល​ថា មាន​ចេតនា​ចង់​បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន អះអាង​ថា ការ​នាំ​ខ្លួន​មក​សាកសួរ​ជា​ថ្មី​ទៀត​នេះ ពុំ​មាន​អ្វី​ថ្មី​ក្រៅ​ពី​អង្គហេតុ​ចាស់​នោះ​ទេ។

លោក ធុយ វី ជា​សមាជិក​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​ព្រៃស បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​មណ្ឌល​កែប្រែ​ម១ វិញ​ភ្លាមៗ តាមរយៈ​រថយន្ត​ទ្រុង​ធំ ដែល​ដឹក​អ្នក​ទោស​ចម្រុះ​គ្នា​ឆ្ពោះ​ទៅ​គុក​ព្រៃស​វិញ យ៉ាង​តក់ក្រហល់ ក្រោយ​បញ្ចប់​ការ​សាកសួរ។

ថ្លែង​ប្រាប់​អាស៊ីសេរី បន្ទាប់​ចេញ​ពី​បន្ទប់​ចៅក្រម លោក ធុយ វី ដែល​មាន​ដៃ​ជាប់​ខ្នោះ អម​ដោយ​សំលៀកបំពាក់​ពណ៌​ស្លា​ទុំ ឬ​ពណ៌​​ទឹក​ក្រូច​ផង​ស្រែក​ថា នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក។ សម្បុរ​ខ្មៅ និង​កាត់​សក់​ខ្លី លោក ធុយ វី អះអាង​ថា តុលាការ​ព្យាយាម​សួរ​នាំ​ឡើង​វិញ ទាក់ទង​អង្គហេតុ​កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា កន្លង​ទៅ នៅ​ពេល​ធ្វើ​សន្និសីទកាសែត។

ឆ្លើយ​តប​ទៅ​នឹង​ថា តើ​តុលាការ​នឹង​ចាត់​វិធានការ​បែប​ណា​ទៀត​នោះ ត្រូវ​បាន​ជន​សង្ស័យ​រូប​នេះ​បដិសេធ​ថា ខ្លួន​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ដោយ​តុលាការ​បញ្ជូន​រូប​គេ​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ឡើង​វិញ៖ «គេ​អត់​ទាន់​កាត់​ទោស​ខ្ញុំ​ទេ គេ​គ្រាន់​តែ​ស៊ើបសួរ​ពី​បទ​ញុះញង់»

លោក ធុញ វី និង​ជា​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ និង​មនុស្ស ២​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ក្នុង​ពេល​ខ្លួន​កំពុង​ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​ជំហរ​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។ ក្រោយ​ការ​ចាប់​ខ្លួន មនុស្ស ២​នាក់​ក្នុង​ចំណោម​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ដោះលែង​វិញ ក្រោម​ហេតុផល​ថា រក​មិន​ឃើញ​ធាតុផ្សំ​នៃ​បទល្មើស។

អាស៊ីសេរី ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​មន្ត្រី​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា អំពី​នីតិវិធី​នៃ​ការ​សាកសួរ​របស់​ចៅក្រម​នៅ​ពេល​នេះ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​អយ្យការ​រូប​នេះ មិន​ឆ្លើយ​តប​នោះ​ឡើយ តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា។

បើ​ទោះ​ជា​បែប​ណា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា អ្នក​នាំ​ពាក្យ​របស់​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន បញ្ជាក់​ថា លោក ធុយ វី ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​លោក សេង ឬទ្ធី ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រ ៤៩៤ និង មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

ទាក់ទិន​រឿង​នេះ ប្រធាន​ការិយាល័យ​ឧត្ដម​ស្នងការ​អន្តរ​សាសន៍ លោក ឃុន សាវៈខែត ដែល​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​ជាមួយ​លោក ធុយ វី នោះ ប្រាប់​អាស៊ីសេរី នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ថា លោក​មិន​បារម្ភ​ទេ​ចំពោះ​វាសនា​លោក ធុយ វី នេះ។

លោក ឃុន សាវៈខែត ដែល​មើល​ទៅ​ទំនង​ហាក់​ដឹង​រឿង​តិចតួច​ពី​នីតិវិធី​របស់​តុលាការ និង​មិន​សូវ​បារម្ភ​អំពី​ជោគវាសនា​របស់​លោក ធុយ វី បាន​ស្ដីបន្ទោស​ច្រើន​ទៅ​អង្គការ​សហប្រជាជាតិ​វិញ និង​ថ្លែង​ការពារ​រដ្ឋាភិបាល​ថា មាន​ភាព​ត្រឹមត្រូវ​ក្នុង​រឿង​ក្ដី​នេះ​ច្រើន​ជាង៖ «មក​បំផុស​បំផុល​ខ្មែរ​អំពី​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​ខ្មែរ​ជាប់​គុក​រញ៉េរញ៉ៃ​ហើយ​វា​អត់​ជួយ។ ខ្ញុំ​អត់​មាន​បន្ទោស​លោក ហ៊ុន សែន អង្គការ​សហប្រជាជាតិ​អសមត្ថភាព»

នៅ​ថ្ងៃ​នាំ​ខ្លួន​ជន​ជាប់​សង្ស័យ​ក្នុង​រឿង​ក្តី​ក្រោម​បទ​ចោទ​ថា រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​នេះ លោក សម សេរី ដែល​ជា​ប្រធាន​ចលនា​នេះ បាន​ថ្លែង​ការពារ​ជំហរ​រណសិរ្ស​របស់​លោក​ថា ជា​អង្គភាព​មាន​ច្បាប់​ត្រឹមត្រូវ ហើយ​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​ផង។ ផ្ទុយ​ទៅ​វិញ មាន​តែ​ការិយាល័យ​ឧត្ដម​ស្នងការ​អន្តរសាសន៍​របស់​លោក ឃុន សាវៈខែត ទេ ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​ក្ដី​នេះ ដោយសារ​អង្គភាព​នេះ ផ្ដួចផ្ដើម​គំនិត​នាំ​ឲ្យ​មាន​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា។

គិត​មក​ដល់​ពេល​នេះ មាន​សមាជិក​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ប្រមាណ ១០​នាក់​មក​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ។ ពួក​គេ​ទាំង​នោះ​រង​ការ​ចោទ​ប្រកាន់​ថា មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។