លោក គង់ គាំ អះអាង​ថា វត្តមាន​របស់​លោក​នៅ​តុលាការ​ដើម្បី​រក​យុត្តិធម៌​ជូន​លោក កឹម សុខា

ដោយ សុ ជីវី
2019.01.23
គង់ គាំ ៦២២ អតីត​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
Photo: RFA

លោក គង់ គាំ អតីត​មនុស្ស​ជំនិត​របស់​លោក សម រង្ស៊ី និង​ជា​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ក្រុងភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​មករា ក្នុង​នាម​ជា​សាក្សី ដើម្បី​រក​យុត្តិធម៌​ជូន លោក កឹម សុខា។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា មិន​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​វត្តមាន​លោក គង់ គាំ ទេ​ដោយ​យល់​ថា នេះ​ជា​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ។

លោក គង់ គាំ អះអាង​ថា លោក​បាន​ស្បថ​តាម​សំណើ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ក្រុងភ្នំពេញ លោក គី ឬទ្ធី ដោយ​ដឹង​អី​និយាយ​ហ្នឹង មិន​បំភ្លៃ​បំផ្លើស ឬ​មួរ​បង្កាច់​លោក កឹម សុខា។

លោក គង់ គាំ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចូល​បំភ្លឺ​នៅ​តុលាការ​ថា ចៅក្រម​ស៊ើបសួរ បាន​សួរ​ពី​ជីវិត​នយោបាយ​របស់​លោក។ លោក​បន្ត​ថា លោក​បាន​ឆ្លើយតប​នឹង​ចៅក្រម​ស៊ើប​ដែល​បាន​សួរ ទាក់ទង​សំណុំរឿង​លោក កឹម សុខា ដោយ​ឱ្យ​បញ្ជាក់ ប្រាប់​ពី​របៀប​នៃ​ការ​រួបរួម​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​បង្កើត បាន​មក​ជា​គណបក្ស​សង្គ្រោះជាតិ​។ ចៅក្រម​ដដែល​សួរ​លោក​ទៀត​ថា ក្នុង​ពេល​លោក​ជាទី​ប្រឹក្សា​គណបក្ស​នេះ បាន​ដឹង និង​រួមចំណែក​អ្វីខ្លះ​ជាមួយ​លោក សម រង្ស៊ី និង​លោក កឹម សុខា៖ «ការ​បំភ្លឺ​របស់ខ្ញុំ​គ្រាន់តែ​ជា​ជំនួយ​ដើម្បី​ប្រភព​ជាច្រើន​ដល់​តុលាការ​ពិចារណា​ផ្ដល់​យុត្តិធម៌​ដល់​ជន​ត្រូវ​ចោទ (លោក កឹម សុខា​) ប៉ុន្តែ​អ្វីៗ​អាស្រ័យ​លើ​លោក កឹម សុខា ខ្លួនឯង»

លោក គង់ គាំ ក៏​ទទួលស្គាល់​ថា លោក​ធ្លាប់​ធ្វើជា​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​មែន ប៉ុន្តែ​លោក​មិនបាន​ដឹង​រឿងរ៉ាវ​គណបក្ស​សង្គ្រោះជាតិ​ច្រើន​ដូច​លោក សម រង្ស៊ី ទេ។ លោក​បន្ត​ថា វត្តមាន​របស់​លោក​នៅ​តុលាការ​ក្នុង​ពេលនេះ​មិនមែន​ជា​អ្នក​ដាក់​បន្ទុក ឬ​ដោះបន្ទុក​ឱ្យ​លោក កឹម សុខា ទេ ប៉ុន្តែ​លោក​ទៅ​ឆ្លើយបំភ្លឺ​នេះ​ដើម្បី​ឱ្យ​លោក កឹម សុខា ទទួល​បាន​យុត្តិធម៌៖ «ដូចដែល​សម រង្ស៊ី លើកឡើង​ថ្មីៗ​ចុងក្រោយ​នេះ​គាត់​ថា ​ចូល​មក​បំភ្លឺ​នេះ មិនសូវ​ដឹង រឿង អី​ច្រើន​ទេ មានតែ​សម រង្ស៊ី ទេ ដឹង​រឿង​គ្រប់យ៉ាង ប៉ុន្តែ​អ្នកដឹង​តិច​ក៏​ត្រូវ​មាន​ព័ត៌មាន អ្វី​ជូន​ចៅក្រម​បាន ហើយ​អ្នកដឹង​ច្រើន​ក៏​មាន​ព័ត៌មាន​អី​ជូន​ចៅក្រម​បាន ដើម្បី​គោលដៅ​តែមួយគត់​រក​យុត្តិធម៌​ឱ្យ​អ្នក​ត្រូវ​ចោទ»

លោក គង់ គាំ មិនមែន​មនុស្ស​ទីមួយ​ដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ក្រុងភ្នំពេញ​កោះហៅ​មក​ឆ្លើយ​បំភ្លឺ​ក្នុងនាម​ជាសាក្សី​នោះ​ទេ កន្លងមក​ចៅក្រម​បាន​កោះហៅ​អ្នក​ធ្លាប់​ធ្វើ​ការងារ​ជាមួយ​លោក កឹម សុខា ដូចជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា លោក ផែង ហេង ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក​មិនទាន់​ដឹង​ថា ចម្លើយ​របស់​លោក គង់ គាំ ជា​ការ​ដាក់​បន្ទុក ឬ​ដោះ​បន្ទុក​ឱ្យ​លោក កឹម សុខា នោះ​ទេ ព្រោះ​នៅ​ពេល​នេះ មិនទាន់​ឃើញ​ចម្លើយ​លោក គង់ គាំ ឆ្លើយ​បំភ្លឺ​នៅមុខ​ចៅក្រម​ស៊ើបសួរ​នៅឡើយ​ទេ។ មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា តាម​នីតិវិធី​ក្រោយពេល​ចៅក្រម​ស៊ើប សួរ​ចប់​សព្វគ្រប់​រួចហើយ ចៅក្រម​នឹង​ចេញ​ដីកា​សន្និដ្ឋាន​ចុងក្រោយ​មួយ​បញ្ជាក់​ថា នឹង​លើកលែង​ការចោទប្រកាន់ ឬ​ត្រូវ​បញ្ជូន​សំណុំរឿង​លោក កឹម សុខា ទៅ​ជំនុំជម្រះ ប៉ុន្តែ​លោក​មិនទាន់​ដឹង​ថា​ចៅក្រម​នឹង​បន្ត​ស៊ើបអង្កេត​ដល់ពេល​ណា​នោះ​ទេ៖ «ខ្ញុំ​មិន​មានអី​អត្ថាធិប្បាយ​ទេ ព្រោះ​គាត់​ហៅ​អ្នក​ណាៗ​ជា​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ​គ្រាន់តែ​ដឹង ថា​ការ​កោះ​ហៅ​ឯកឧត្ដម គង់ គាំ ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​បំពេញ​កិច្ច​របស់​តំណាង​អយ្យការ»

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចូល​ឆ្មក់​ចាប់ខ្លួន និង​បញ្ជូន​ទៅ​ឃុំខ្លួន​ភ្លាមៗ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ តុលាការ​ចោទប្រកាន់​លោក​ពី​បទ ក្បត់ជាតិ។ កាលពី​ថ្ងៃទី​១០ កញ្ញា ឆ្នាំ​២០១៨ លោក​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ពី​ពន្ធនាគារ មក​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ​រហូត​មក​ដល់​ពេល​នេះ។ ការ​ចោទ​ប្រកាន់​លោក កឹម សុខា គឺ​តុលាការ សំអាង​លើ​វីដេអូ​ឃ្លិប​មួយ​មាន​រយៈពេល​ជាង ១៣​នាទី ដែល​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ ឃោសនា​នៃ​របប​ក្រុងភ្នំពេញ ពី​សកម្មភាព​របស់​លោក កឹម សុខា បាន​ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី​តាំងពី​ខែ​ធ្នូ ឆ្នាំ​២០១៣។ ក្នុង​វីដេអូ​ឃ្លិប​នោះ​លោក កឹម សុខា និយាយ​ថា បាន​តស៊ូ ២០​ឆ្នាំ​ហើយ​ដើម្បី​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់លាស់។

ប៉ុន្តែ​លោក​មេធាវី ផែង ហេង និយាយ​ថា ការ​កាត់​ច្បិច​យក​សម្តី​លោក កឹម សុខា តែ​បន្តិច​បន្តួច​មក​ចោទប្រកាន់​បែបនេះ​ធ្វើ​ឱ្យ​មាន​ច្រឡំ​ទៅ​នឹង​អត្ថន័យ​នៃ​ខ្លឹមសារ​សន្ទរកថា​របស់ លោក កឹម សុខា ដែល​មាន​រយៈ​ជាង​ពីរ​ម៉ោង។

លោក​បន្ត​ទៀត​ថា ទោះ​តុលាការ​បាន​ចោទ​ប្រកាន់​ថា លោក កឹម សុខា មាន​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ឬ​ត្រូវរ៉ូវ​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិនទាន់​ឃើញ​ចៅក្រម​កោះហៅ​បរទេស​ណាមួយ​មក​បំភ្លឺ​ទេ។

មេធាវី​ការពារ​ក្ដី​ឱ្យ​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​នៅតែ​មាន​សង្ឃឹមថា តុលាការ​នឹង​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា ចោល ព្រោះ​លោក​បាន​សិក្សា​ឯកសារ​នៅ​ក្នុង​សំណុំរឿង​ពិនិត្យ​ឃើញ​ថា គ្មាន​អង្គហេតុ ឬ​ធាតុ​ផ្សំ​ណាមួយ​សម្រាប់​ធ្វើ​ការចោទប្រកាន់​លើ​លោក កឹម សុខា នោះ​ទេ។ លើស​ពី​នេះ សហគមន៍​អន្តរជាតិ រួម​ទាំង​សមាជិកសភា​អឺរ៉ុប​ទាំងមូល​ដែល​បាន​ឃើញ​ឃ្លិប​វីដេអូ​ទាំងមូល​ដែល​លោក កឹម សុខា និយាយ​នៅ​ប្រទេស​អូស្ត្រាលី​នោះ បាន​និយាយ​បញ្ជាក់​ថា ពួកគេ​គ្មាន​ឃើញ​ចំណុច​ណាមួយ​ជា​សកម្មភាព​ក្បត់ជាតិ ឬ​ជា​ការ​ឃុបឃិត​ជាមួយ​បរទេស​របស់​លោក កឹម សុខា ដូច​របប​ក្រុងភ្នំពេញ​ចោទប្រកាន់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។